ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​គាំ​ទ្រ​ការ​ស្ទង់មតិ​ដ៏ចម្រូង​ចម្រាស​ក្នុង​ការ​កម្ទេច​កូន​កោះ​តូចៗក្នុង​ទន្លេ​មេគង្គ


រូប​ឯកសារ៖កាប៉ាល់​ដឹក​ទំនិញ​របស់​ចិន​ធ្វើ​ដំណើរ​នៅ​ក្នុង​ទន្លេ​មេគង្គ​ក្បែរ​តំបន់​ Golden Triangle នៅ​ព្រំប្រទល់​រវាង​ប្រទេស ឡាវ មីយ៉ាន់ម៉ា និង​ថ្ងៃ កាលពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ២០១៦។
រូប​ឯកសារ៖កាប៉ាល់​ដឹក​ទំនិញ​របស់​ចិន​ធ្វើ​ដំណើរ​នៅ​ក្នុង​ទន្លេ​មេគង្គ​ក្បែរ​តំបន់​ Golden Triangle នៅ​ព្រំប្រទល់​រវាង​ប្រទេស ឡាវ មីយ៉ាន់ម៉ា និង​ថ្ងៃ កាលពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ២០១៦។

អ្នកស្រី Pianporn Deetes​ ​ប្រធាន​យុទ្ធនា​ការ​ថៃ​សម្រាប់​អង្គការ​ International Rivers ​បាន​ប្រាប់ ​VOA ​ថា៖«ឥឡូវ​នេះ​ពួក​យើង​ឃើញ​ថា​ ទន្លេមេគង្គ​ក្លាយ​ទៅ​ជា​ម្ហូបញ៉ាំ​សេរី ឬ​ម្ហូប​ប៊ូហ្វេ​​ សម្រាប់​ក្រុមហ៊ុន​និង​ទី​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ ក្នុង​ការ​សាងសង់​គម្រោង​នានា​របស់​ពួកគេ​ ហើយ​ទទួល​ផលចំណេញ​រៀងៗ​ខ្លូន​ដោយ​មិន​គិត​ពិត​​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សម្បូរបែប​នៅ​ក្នុង​ទន្លេ​នោះ​ទេ»។

រដ្ឋាភិបាល​ថៃ​កំពុង​គាំទ្រ​ផែនការ​របស់​ប្រទេស​ចិន​ក្នុង​ការ​កម្ទេច​កូន​កោះតូចៗ​និង​ផ្ទាំង​ថ្ម​ធំៗ​នៅ​ក្នុង​ទន្លេមេគង្គ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​មាន​រយៈពេល​មួយ​ទសវត្សរ៍ ដើម្បី​បង្កើន​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ពី​ខេត្ត​យូណាន​ប្រទេស​ចិន​ ទៅ​កាន់​ទីក្រុង ហ្លួង​ព្រះ​បាង​(Luang Prabang) ប្រទេស​ឡាវ។ គម្រោង​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផែនការ​អភិវឌ្ឍន៍​សម្រាប់​នាវាចរណ៍​អន្តរជាតិ​ពីទន្លេ​ឡានឆាង ទៅ​កាន់​ទន្លេ​មេគង្គ​(Lancang-Mekong River) ឆ្នាំ​២០១៥​-២០២៥​ មានបី​ជំហាន ​រួមមាន​ការ​ស្ទង់​មតិ​ជំហាន​បឋម​ ការរៀប​ចំប្លង់ ​និង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​និង​សង្គម។

គម្រោង​ដើម្បី​ធ្វើ​ឲ្យ​ការ​ធ្វើ​នាវាចរណ៍​មាន​ភាព​ប្រសើ​រឡើង​នេះ​ មាន​ចម្ងាយ​៦៣០​ គីឡូម៉ែត្រ​ គឺ​ចាប់​ពី​បង្គោលព្រំដែន​លេខ ២៤៣ រវាង​ប្រទេស​ចិន​និង​ប្រទេស​មីយ៉ាន់ម៉ា​ ទៅ​កាន់​ទីក្រុង​ហ្លួង​ព្រះ​បាង​(Luang Prabang) ប្រទេស​ឡាវ។ គម្រោងនេះ​ មាន​គោលបំណង​ផ្តល់​លទ្ធភាពឲ្យ​នាវា​ដែល​ផ្ទុក​ទំនិញ​ទម្ងន់​៥០០តោនចរាចរ​ក្នុង​ទន្លេ​បាន។

ជំហាន​ទី​ពីរ​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២០​ រួម​ទំាង​ការ​ធ្វើឲ្យ​ប្រសើ​រឡើង​ដល់​ផ្លូវ​នាវាចរណ៍​ដែល​មាន​ចម្ងាយជាង​២៥៩គីឡូម៉ែត្រ​ និង​ការ​កសាង​កំពង់​ផែ​នានា​សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ​ផងដែរ។​

ក៏​ប៉ុន្តែ​គម្រោង​ដែល​បាន​យល់ព្រម​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ​កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ​នេះ បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ជា​ច្រើន​ពី​ក្រុម​អភិរក្ស​និយម​ ដែល​បាន​និយាយ​ថា​ការ​កម្ទេច​កូន​កោះតូចៗ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​មាន​ ​«ផលប៉ះ​ពាល់​ដ៏​មហន្តរាយ»​ មួយ​ដល់​ពពួក​សត្វ​ដ៏​មាន​សារៈ​សំខាន់​ដែល​រស់​នៅ​ក្នុង​ទឹក​និង​សហគមន៍​មូលដ្ឋាន​នា​នា។

​នៅ​ក្នុង​ឆ្នាំ​២០១៥ គេប៉ាន់​ប្រមាណ​ថា​មាន​នាវា​ពាណិជ្ជកម្ម​ជាង​៣.៥០០ គ្រឿង​ដែល​មាន​ទម្ងន់​ពី​១០០​ទៅ​៣០០តោន​ បាន​ដឹកទំនិញឆ្លងកាត់​ទៅ​កាន់​ប្រទេសថៃ។

ឧបការី​រដ្ឋ​មន្ត្រី​ប្រចាំ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ លោក​ Kobsak Pootrakool ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃថា​ ប្រទេស​ចិន​ ឡាវ​ មីយ៉ាន់ម៉ា​ និង​ថៃ​បាន​រៀបចំ​ក្រុម​ការងារ​មួយ​ដើម្បី​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​លើ​ទន្លេ​នេះ ហើយ​បាន​យល់​ស្រប​គ្នា​ថា​ត្រូវ​កែលម្អ​ផ្លូវនាវាចរណ៍​នេះ។​

​លោក​ Kobsak បាន​និយាយថា៖ ​«ដើម្បី​សុវត្ថិភាព​ទំនិញ​និង​ការ​ដឹកជញ្ជូន​អ្នក​ដំណើរ ក៏ដូច​ជា​ការ​កាត់​បន្ថយ​ហានិភ័យនានា​និង​ផល​ប៉ះពាល់បរិស្ថាន​នោះ វា​ជា​ការ​ចាំបាច់​ក្នុង​ការ​កសាង​ផ្លូវ​សម្រាប់ការ​ធ្វើ​នាវាចរណ៍​ឲ្យ​បាន​ប្រសើរ​ឡើង​ក្នុង​ទន្លេ​នេះ​ ដើម្បី​ឲ្យ​នាវា​ដែល​មាន​ចំណុះ​៥០០តោន​ឆ្លងកាត់​បាន»។

លោកនាយក​រដ្ឋ​មន្ត្រី​ចិន​ Li Keqiang ​បាន​រៀបចំ​ផែនការ​ក្នុងការធ្វើឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​អន្តរ​ជាតិ​និង​សហប្រតិបត្តការ​ រវាង​ប្រទេស​ទាំង​៦​នៃ​ការផ្តួចផ្តើម​កិច្ច​សហ​ប្រតិ​បត្តិការ​ឡានឆាង​-មេគង្គ ​Lancang-Mekong Cooperation (LMC)​ រួមមានប្រទេស​ចិន​ កម្ពុជា​ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​និង​វៀតណាម។​

​ប្រទេសចិន​ត្រូវបាន​គេ​រាយការណ៍​ថា​នឹង​ផ្តល់​ប្រាក់​ជាង​១.៥៤ពាន់លាន​ដុល្លារ​ជា​ប្រាក់​កម្ចី​និង​ប្រាក់​ ១០ពាន់លាន​ដុល្លារ​ជា​ឥណទាន​ ​ក្នុង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​តំបន់​ទន្លេ​មេគង្គ​មាន​ភាព​ប្រសើរ​ឡើង។

ក្រុម​អ្នក​អភិរក្ស​បាន​ថ្លែង​ថា ផែនការ​ចុង​ក្រោយ​ទំាងនេះ​កើត​ឡើង​ស្រប​ពេល​ដែល​ទន្លេ​មេគង្គ​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​រួច​ស្រាប់​ទៅ​ហើយ​ពី​ការសាងសង់​ទំនប់​វារីអគ្គិសនី រួម​មាន​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ចំនួន​បី​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​បាន​គេ​សាងសង់​ឬ​ស្ថិត​ក្រោម​ការពិចារណា​ពី​ប្រទេស​ឡាវ​ដែល​ស្ថិតនៅ​ផ្នែក​ខ្សែទឹក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ។ ​

តាម​បណ្តោយ​ទន្លេមេគង្គ​ខ្សែ​ទឹក​ខាង​ក្រោម​ ប្រជាជន​រាប់​សិបលាន​នាក់​ពឹងផ្អែកលើ​ទន្លេ​ដែល​ជា​ប្រភព​អាហារ​ដ៏​ចាំបាច់។​

អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​របស់​ក្រុម​អ្នក​អភិរក្សនោះ​គឺ​ការ​ផ្តោត​លើ​ដែន​ទឹក​ដែល​មាន​ចម្ងាយ ១.៦គីឡូម៉ែត្រ​ ​លាត​សន្ធឹង​តាម​បណ្ដោយ​ទន្លេ​ ​ដែលមាន​ឈ្មោះ​ថា​ខោនភីលួង​ (Khon Pi Luang ) ​ដែល​ជា​តំបន់​ដែល​មានកូន​កោះតូចៗ​និង​ផ្ទាំង​ថ្ម​ធំៗ​ ហើយ​ជា​ចំណុច​នៃ​ព្រំដែន​រវាង​ប្រទេស​ថៃ​ និង​ឡាវ​ នៅ​ក្នុង​ស្រុក​ឈៀងខ្នុន(Chiang Khnon) ​ខេត្ត​ឈៀងរ៉ៃ​ (Chiang Rai)។

​លោកPhillip Hirsch ​សាស្ត្រាចារ្យ​ផ្នែក​ភូមិ​សាស្រ្ត​របស់​មនុស្ស​ នៅ​ឯ​សកល​វិទ្យាល័យ​ Sydney ប្រទេស​អូស្ត្រាលី​បាន​ថ្លែង​ថា​ ការ​កម្ទេច​កូន​កោះតូចៗ​ គឺ​ជា​ឧបសគ្គ​ធំ​ចុង​ក្រោយ​ដើម្បី​ឲ្យនា​វាធំៗ​ធ្វើ​ការ​បត់បែន​បាន​នៅក្នុង​ទន្លេ។​

​លោក​ Hirsch ​បានប្រាប់​ VOA ​ថា៖​«តំបន់​គន្លឹះ​ដែល​ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាលយកចិត្ត​ទុកដាក់ ​ហើយ​ដែលក្រុម​អ្នកនេសាទ​សំដែង​ការ​ព្រួយបារម្ភ គឺត្រង់​ចំណុច​ដែល​ទឹក​ទន្លេ​ហូរ​ខ្លាំងនៅ​ចន្លោះ​ពី ​Chiang Saen ដល់​ ChiangKhong​ ​ដែល​គេ​ហៅ​ថា​ Khon Pi Luang។​ ប្រសិន​បើ​ពួក​គេ​កម្ទេច​តំបន់​នោះ​ ​វា​នឹងសល់ឧបសគ្គ​តិច​តួច​ប៉ុណ្ណោះ​ សម្រាប់​បើក​ផ្លូវ​ឲ្យ​នាវា​ធំៗ​ក្នុង​ការធ្វើ​នាវាចរណ៍​ចុះ​ទៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ»។

​គម្រោង​របស់​ចិន ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​នាវាចរណ៍​នៅ​តាម​ដង​ទន្លេ​មេគង្គ​បាន​គ្រោងទុក​តាំង​ពី​ជាង​២៥ឆ្នាំ​មុន​មក​ម្ល៉េះ។​ ការ​កម្ទេច​កូនកោះ​តូចៗ​នៅ​បណ្តោយ​ទឹក​ផ្នែក​ខាង​លើ​ ត្រូវ​បាន​ធ្វើ​រួច​មក​ហើយ។​ ផែនការ​នៃ​ការ​កម្ទេច​កូន​កោះតូចៗ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០១​ ក្បែររដ្ឋ ​Shan ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​

ក្នុង​ឆ្នាំ​២០០២​ រដ្ឋាភិបាល​ថៃ​ ក្រោម​ការ​គ្រប់គ្រងរបស់អតីត​នាយករដ្ឋមន្ត្រី​ Thaksin Shinawatra មាន​គោល​បំណង​ចង់​ទទួល​បាន​ការ​គាំទ្រ​ពី​ចិន ​ដើម្បី​បន្ត​ការកម្ទេច​កូន​កោះតូចៗ​ពី​តំបន់​ Khon Pi Luang ត​ទៅ​ទៀត។​

​ក៏​ប៉ុន្តែ​ផែនការ​នោះត្រូវ​បាន​ផ្អាក​ដោយ​ក្រសួង​ការពារ​ជាតិថៃ​ ដោយ​សារ​ការ​ភ័យខ្លាច​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ។​ ព្រំ​ប្រទល់​ថៃ-ឡាវ​ គឺ​ត្រូវ​បាន​បែង​ចែក​នៅ​ត្រង់​ចំនុច​ជ្រៅ​បំផុត​ក្នុង​ទន្លេ។ ការ​កម្ទេច​កូនកោះតូច​ៗ​នឹង​ធ្វើឲ្យ​មាន​ការ​ប្រែប្រួលនៅខ្សែ​បន្ទាត់​ព្រំដែន​ដែលអាច​បង្ក​ជា​គុណ​វិបត្តិ​ដល់​ប្រទេស​ថៃ។

​ក្រុម​អ្នកអភិរក្ស​និយាយ​ថា កូន​កោះតូចៗ​ដើរ​តួ​យ៉ាង​សំខាន់ក្នុង​ការ​ធ្វើជា​ជម្រក​ និង​ការបង្កាត់ពូជ​របស់ត្រីជាង​២០០​ប្រភេទ​រស់តាម​បណ្តោយ​ទន្លេ។

លោក​ Robert Mather ​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​និង​ជា​អ្នក​អភិរក្ស​មួយរូប​ បាន​និយាយថា ការកម្ទេច​កូនកោះ​តូចៗ​និង​ផ្ទាំង​ថ្ម​ធំៗ​ដែល​មាន​ចំនួន​ជិត​២៧០ផ្សេងៗ​គ្នា​គឺ​ «អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ជីវៈ​ចម្រុះ​ដែល​រស់​ក្នុង​ទឹកទន្លេ​។​

​លោក ​Mather​ ​បាន​ប្រាប់​ VOA ​ថា៖ ​«តំបន់ទាំងនោះ​ គឺ​វាសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​បង្កាត់​ពូជ​របស់​ត្រី​ និង​ជា​តំបន់​ដែល​ត្រូវ​ស្វែង​រក​ចំណី ​ពីព្រោះ​មាន​សារាយ​ដុះ​លើ​ថ្មនិង​កោះតូចៗ​ទាំងនោះ។ ​តំបន់​ទាំងនោះ​ មាន​សារៈសំខាន់​ណាស់»។​

​លោក​បន្ថែម​ថា​៖ «លទ្ធផលចុង​ក្រោយ​នៃអ្វី​ដែល​កំពុង​កើត​ឡើង ​គឺ​វា​នឹង​ធ្វើ​ឲ្យ​ទន្លេ​ក្លាយ​ដូច​ជា​ប្រឡាយ​មួយ​ វា​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ជាង​មុន​ វា​នឹងមាន​លក្ខណៈ​ជា​ឯក​សណ្ឋាន​ជាងមុន ដូច្នេះ​ហើយ​ភាព​សម្បូរ​បែប​នៃជីវៈចម្រុះ​ សត្វផ្សេងៗ​ក៏​ត្រូវ​កាត់​បន្ថយ​ដែរ»។​

ក្រុម​សម្ព័ន្ធចម្រុះ​នៃ​អ្នក​ការពារ​បរិស្ថាន​ក្នុង​ស្រុក​ដែល​តំណាង​ឲ្យ​ខេត្តទំាង៨​តាម​ណ្តោយ​ទន្លេមេគង្គ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​មួយ​ប្រឆាំង​នឹង​ផែនការ​ទាំងនេះ។

អ្នកស្រី Pianporn Deetes​ ​ប្រធាន​យុទ្ធនា​ការ​ថៃ​សម្រាប់​អង្គការ​ International Rivers ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា​ ផល​ប៉ះពាល់​ធំ​ជាង​នេះ​ទៀត​របស់​គម្រោង​ទាំង​នេះ​គឺ​ផល​ប៉ះពាល់​ទៅ​លើ​សហគម​ន៍មូលដ្ឋាន។

អ្នកស្រី Deetes​ បាន​ប្រាប់ ​VOA ​ថា៖«ឥឡូវ​នេះ​ពួក​យើង​ឃើញ​ថា​ ទន្លេមេគង្គ​ក្លាយ​ទៅ​ជា​ម្ហូបញ៉ាំ​សេរី ឬ​ម្ហូប​ប៊ូហ្វេ សម្រាប់​ក្រុមហ៊ុន​និង​ទី​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ ក្នុង​ការ​សាងសង់​គម្រោង​នានា​របស់​ពួកគេ​ ហើយ​ទទួល​ផលចំណេញ​រៀងៗ​ខ្លូន​ដោយ​មិន​គិត​ពិត​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏ភាពសម្បូរបែបក្នុង​ទន្លេ​នោះ​ទេ»។

ក្រុម​អ្នកអភិរក្ស​បាន​ថ្លែង​ថា ចិន​គួរ​តែ​គិត​ពី​ការសាងសង់​ផ្លូវហាយវ៉េ តភ្ជាប់​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេសឡាវ​ ដើម្បី​ជំនួស​ឲ្យ​ការ​បញ្ជូន​ទំនិញ​តាម​ទន្លេ។

ក៏ប៉ុន្តែ​លោក​សេដ្ឋវិទូ​ ​Somphob Manarangsan ​បាន​ថ្លែង​ថា ចិន​មើល​ឃើញ​ប្រព័ន្ធ​

ទន្លេ​ថា​ជា​ជម្រើស​សម្រាប់​ផ្លូវ​ដឹក​ជញ្ជូន​មួយដ៏​មាន​ប្រសិទ្ធភាព​ជាង​គេ។

លោក Somphob​ប្រាប់​ VOA ​ថា៖«វិធី​ផ្សេង​ទៀត​សម្រាប់​ការ​ដឹក​ជញ្ជូន​ដោយ​ប្រើ​រថយន្ត​ឬ​ក៏​មធ្យោបាយ​ផ្សេង​ទៀត​គឺ​ពិបាក។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​កប៉ាល់​ជា​ច្រើន​រយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ទន្លេមេគង្គ​ពី​ខេត្ត​ Yunnan​ ទៅ​កាន់​ប្រទេស​ឡាវ​និង​ថៃ»។

លោក​ស្រី Saowaruj Rattanakhamfu​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាសា្ថន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ប្រទេស​ថៃ​(TDRI) បាន​ថ្លែង​ថា យោង​តាម​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ចិន​អាច​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​គេ​ពី​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នេះ។​

លោក​ស្រី​ Saowaruj បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖«ផ្អែកលើ​ទស្សនៈ​សេដ្ឋកិច្ច​ ​ប្រទេស​ថៃ​នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នា​វាចរណ៍​ផ្លូវ​ទឹក​នេះនោះ​ទេ។ ហើយនឹង​មាន​គុណ​វិបត្តិ​កាន់​តែ​ច្រើនឡើង​សម្រាប់ប្រទេស​ឡាវ​។ រដ្ឋាភិបាល​គួរ​តែ​សិក្សា​ឲ្យ​ច្បាស់លាស់​ ថា​តើ​វា​ចាំបាច់​ដែរ​ឬ​ទេ​ក្នុង​ការ​ដាក់​ទុនទៅ​លើ​គម្រោង​ដែល​នឹង​ផ្តល់​ផលប៉ះពាល់​ដ៏​ធំ​មហិមា​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ»៕

ប្រែសម្រួល​ដោយ​ នៅ វណ្ណារិន

XS
SM
MD
LG