រដ្ឋាភិបាលឡាវកំពុងជំរុញឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយទៀតនៅតាមទន្លេមេគង្គ ក្រោម ក្រុមសកម្មជននិងអ្នកវិទ្យាសាស្ដ្រព្រមានពីការកើនឡើងនៃការគំរាមកំហែងដល់សន្តិសុខស្បៀងក្នុងតំបន់។
ប្រទេសឡាវបានជូនដំណឹងដល់ស្ថាប័នអន្តររដ្ឋាភិបាលបួនប្រទេសដែលមានឈ្មោះថាគណៈកម្មការទន្លេមេគង្គ (MRC) កាលពីដើមខែវិច្ឆិកាថា ប្រតិបតិ្តការរៀបចំសាងសង់កំពុងតែដំណើរការទៅមុខសម្រាប់ទំនប់វារីអគ្គិសនី Pak Beng ដែលអាចនឹងផលិតថាមពលអគ្គិសនីបាន ៩១២ មេហ្គាវ៉ាត់នៅភាគខាងជើងខេត្ត Oudomxay ។
ទំនប់ Pak Ben នឹងក្លាយជាទំនប់វារីអគ្គិសនីទីបីនៅតាមដងទន្លេមេគង្គខ្សែទឹកខាងក្រោម ដែលនៅស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសឡាវ។ ទំនប់វារីអគ្គិសនី Xayabori ដែលមានតម្លៃ ៣,៥ពាន់លានដុល្លារ និងទំនប់វារីអគ្គិសនី Don Sahong នៅជិតព្រំប្រទល់ប្រទេសកម្ពុជា ជាផ្នែកមួយនៃទំនប់វារីអគ្គិសនីទាំង១១ ដែលបានគ្រោងទុកនៅតាមដងទន្លេមេគង្គក្រោម។
ប្រទេសឡាវបានឲ្យដឹងថា ការសាងសង់ទំនប់វារីអគ្គិសនី គឺជាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់ខ្លួន និងធ្វើឲ្យប្រទេសខ្លួនក្លាយជា«អាគុយ» នៃតំបន់អាស៊ី បើទោះបីជាការលក់ថាមពលវារីអគ្គិសនីក្នុងតំបន់ត្រូវបានកំណត់ជាស្រេចភាគច្រើនឲ្យប្រទេសថៃយ៉ាងណាក៏ដោយ។
លោកស្រី Maureen Harris នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃអង្គការមិនមែនរដ្ឋាភិបាលមួយ ហៅថាទន្លេអន្តរជាតិ (International Rivers) បានថ្លែងថា ការសាងសង់ទំនប់ Pak Beng នេះ បង្កើនហានិភ័យដល់ការបំផ្លាញប្រព័ន្ធអេកូឡូស៊ីមួយដ៏សំខាន់របស់ទន្លេដែលចិញ្ចឹមជីវិតមនុស្ស៦០លាននាក់នៅក្នុងតំបន់នេះ។
លោកស្រីបានប្រាប់VOAថា៖ « [ទំនប់វារីអគ្គិសនីនេះ] នឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើដៃទន្លេផ្នែកខាងក្រោមពីព្រោះតែគម្រោងភាគខាងជើងភាគច្រើនគឺស្ថិតនៅតំបន់ទឹកល្បាក់។ វានឹងធ្វើឲ្យប៉ះពាល់ជាពិសេសគឺការបង្អាក់លំហូរដីល្បាប់ផ្សេងៗហើយថែមទាំងប៉ះពាល់ទៅលើការនេសាទត្រីផងដែរ។ ការព្រួយបារម្ភរបស់យើងបន្ថែមទៀត គឺគម្រោងកសាងទំនប់ផ្សេងៗបន្ថែមទៀតនៅពេលខាងមុខ»។
អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បាននិយាយថាធនធានត្រីតែមួយមានតម្លៃប្រមាណរហូតដល់ ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ។ អង្គការ WWF បានឱ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា៖ «សកម្មភាពសេដ្ឋកិច្ចទាំងអស់នៅក្នុងតំបន់នេះត្រូវបានភ្ជាប់ដោយផ្ទាល់និងដោយប្រយោលជាមួយនឹងទន្លេនេះ ដូច្នេះវានឹងបង្កឲ្យមានផលប៉ះពាល់នៅពេលទន្លេមានការប្រែប្រួល»។
នៅតាមបណ្តោយទន្លេមេគង្គលើ ដែលមានប្រវែង៤.៣០០គីឡូម៉ែត្រ ប្រទេសចិនបានសាងទំនប់ទឹកចំនួន៦ ដែលបង្កឲ្យមានការកើនឡើងនៃការព្រួយបារម្ភអំពីផលប៉ះពាល់ដល់លំហូរដីល្បាប់ដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ចាំបាច់ហូរចាក់ទៅផ្នែកខ្សែទឹកខាងក្រោម។
លោក RobertMather ទីប្រឹក្សានិងជាអតីតនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្រាប់សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (ICUN) បាននិយាយថា ប្រទេសចិនមានគម្រោងអនុវត្តការប្រែក្លាយការធ្វើការចរាចរនាវាតាមផ្លូវទន្លេនៅខាងលើទីក្រុងហ្លួងព្រះបាងរបស់ប្រទេសឡាវឲ្យទៅជាផ្លូវទឹកដែលមានសមត្ថភាពអាចបម្រើការធ្វើចរាចរនាវាផ្ទុកទំនិញធុនធ្ងន់ចំណុះ៥០០តោន(DWT) ។
គម្រោងនេះនឹងបង្កឲ្យមានការបំផ្លិចបំផ្លាញព្រែក ថ្ម និងតំបន់ដីដុះយ៉ាងឆាប់រហ័ស រួមនឹងការបូមខ្សាច់និងការសាងសង់កំពង់ផែថ្មីនានា ស្របពេលជាមួយគ្នានោះដែរការសាងសង់ទំនប់វារីអគ្គិសនី Pak Beng ត្រូវបានគេរំពឹងថា នឹងដំណើរការនៅលើដៃទន្លេតែមួយ។
លោក Mather បានប្រាប់ VOA ថា៖ «នេះអាចបង្ហាញពីការពិតថាសូម្បីតែស្តង់ដារឬកម្រិតនៃគម្រោងសាងសង់ធំទាំងអស់នោះ គឺមិនមានភាពស៊ីគ្នាតាមគម្រោងទាំងនោះទៅហើយ។ អញ្ចឹងដើមចមនៃគម្រោងទាំងនោះ គឺអាចមានតួអង្គខុសៗគ្នាជះឥទ្ធិពលលើគម្រោងទាំងនោះតាមរបៀបវារៈរៀងខ្លួនរបស់ពួកគេ»។
ការសិក្សាបានព្យាករណ៍ថា ផលិតផលស្រូវក្នុងតំបន់ធ្លាក់ចុះដោយសារតែទំនប់វារីអគ្គិសនីដែលគ្រោងនឹងសាងសង់នៅប្រទេសឡាវ ការបង្អាក់លំហូរដីល្បាប់ ការធ្លាក់ចុះសារធាតុចិញ្ចឹមនិងធនធានត្រីដោយការរំខានការផ្លាស់ទីរបស់ត្រីដើម្បីបង្កាត់ពូជ។
ប្រជាជនរស់នៅតាមតំបន់ទន្លេមេគង្គនេះ គឺជាប្រជាជនដែលស្ថិតក្នុងស្ថានភាពក្រីក្របំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ជីវិតរបស់ពួកគេពឹងផ្អែកលើត្រីទឹកសាបសម្រាប់សន្តិសុខស្បៀងរបស់ពួកគេ។
លោក Chris Barlow អ្នកជំនាញខាងជលផលនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្ដរជាតិ (ACIAR) បាននិយាយថា នៅពេលដែលទំនប់វារីអគ្គិសនីសាងសង់រួចរាល់ហើយនោះ ផលប៉ះពាល់លើត្រីនឹងកើតមានភ្លាមៗ។
លោកបានពន្យល់ថា៖ «នៅពេលទំនប់ធំៗនៅលើខ្សែទឹកសំខាន់ៗត្រូវបានសាងសង់ក្នុងប្រទេសឡាវ ទំនប់ទាំងនោះផ្តល់ផលប៉ះពាល់ភ្លាមៗទៅលើការនេសាទត្រី ហើយវាចុងក្រោយប៉ះពាល់ដល់បរិមាណត្រី»។
លោកបានព្រមានថា ស្ថានភាពបែបនេះនាំឲ្យមានវិបត្តិស្បៀងអាហារនៅក្នុងតំបន់។
លោក Barlow បានបន្ថែមទៀតថា៖ «ពេលវេលាសម្រាប់រដ្ឋាភិបាលឆ្លើយតបនឹងបញ្ហានោះគឺអស់ហើយ។ វាហួសពេលហើយក្នុងរក្សាធនធានត្រី។ ការឆ្លើយតែមួយគត់ដែលរដ្ឋាភិបាលត្រូវធ្វើ គឺខិតខំប្រឹងប្រែង និងរិះរកស្បៀងអាហារផ្សេងមកជំនួសការផ្គត់ផ្គង់ដោយធនធានត្រី»។
គណៈកម្មការទន្លេទន្លេមេគង្គ (MRC) បានរងការរិះគន់លើដំណោះស្រាយតាមរយៈការជជែកដេញដោលលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាន់តែច្រើនឡើងតាមដងទន្លេនេះ។ នៅក្នុងសេចក្តីអធិប្បាយមួយ នាយកប្រតិបត្តិនៃគណៈកម្មាធិការទន្លេមេគង្គ លោក Pham Tuan Phan បាននិយាយថា តួនាទីរបស់គណៈកម្មការនេះគឺជាគ្រាន់តែជា «វេទិកា» សម្រាប់កិច្ចសហប្រតិបត្តិការ មិនមែនជាស្ថាប័នបញ្ញត្ដិ។ លោក Phan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «គណៈកម្មការទន្លេមេគង្គគឺមិនល្អឥតខ្ចោះទេ ប៉ុន្តែវាក៏មិនអាចខ្វះបានដែរ»។
ក្រុមសកម្មជននិយាយថាគណៈកម្មការទន្លេមេគង្គ ខ្វះឥទ្ធិពលលើប្រទេសសមាជិកនីមួយៗ ដែលការណ៍នេះធ្វើឲ្យខូចដល់សិទ្ធិអំណាចគណៈកម្មការនេះ។
លោក Robert Edis អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវលើដីនិងដំណាំអាហាររូបត្ថម្ភ (ACIAR)និយាយថា លំហូរទឹកចាក់ចុះដល់តំបន់ផលិតផលកសិកម្មសំខាន់ៗដូចជាតំបន់ដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាមនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំង។
លោក Edis បាននិយាយថា៖ «ប្រសិនបើក្បាលរ៉ូប៊ីនេទឹកត្រូវបានបិទ នោះវានឹងមិនមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះដំណាំផ្សេងៗដែលមិនមែនជាដំណាំស្រូវនៅក្នុងតំបន់ជាច្រើន» ។
លោកបាននិយាយថា៖ «នៅពេលប្រជាជនជាច្រើនពឹងផ្អែកលើប្រភពទឹកទន្លេមេគង្គ ពេលនោះក៏នឹងមានប្រជាជនច្រើនណាស់ដែលនឹងនិយាយថាពួកគាត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងច្រើនអ្នកផ្សេងទៀតនិយាយថាពួកគាត់មិនសូវមានទឹកគ្រប់គ្រាន់។ នេះយើងមិននិយាយ អំពីប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ក្រៃលែង ឬមានស្បៀងអាហារបម្រុងសម្បូរហូរហៀរទេ»។
អង្គការទន្លេអន្តរជាតិ (International Rivers) បានអំពាវនាវឲ្យគណៈកម្មការទន្លេមេគង្គពន្យាពេលនៃដំណើរការពិគ្រោះយោបល់សម្រាប់ទំនប់ Pak Beng នឹងផ្អាកសកម្មភាពសាងសង់ទាំងអស់ដើម្បីធានានូវតម្លាភាពនិងការពិគ្រោះយោបល់ជាសាធារណៈ។
ប្រែសម្រួលដោយ ផន បុប្ផា