ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថៃ​គ្រោង​សាងសង់​​ទំនប់​ដ៏​ធំ​បំផុត​ដែល​បង្វែរ​ទឹក​ពី​ទន្លេមេគង្គ​ 

  • នៅ វណ្ណារិន

រូបភាព​ថត​ពី​អេក្រង់​កុំព្យូទ័រ​មួយ​​អំពី​គេហទំព័រ​​ផ្លូវ​កា​របស់​គម្រោង Khung Loei Chi Mun បង្ហាញ​ពី​សកម្មភាព​ខុស​ច្បាប់​របស់​គម្រោង​នេះ​និង​គម្រោង​ធារាសាស្រ្ត។(នៅ​ វណ្ណារិន/VOA)

​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​​ពលរដ្ឋ​និង​ប្រជា​នេសាទ​ ​ដែល​រស់​នៅ​តាម​ដង​ទន្លេមេគង្គ​ ​បាន​ត្អូញត្អែរ​អំពីការ​ធ្លាក់​ចុះ​នៃ​ផល​នេសាទ​និង​កម្រិត​ទឹក​ទន្លេ​​ដែល​ឡើង​ចុះ​មិនទៀងទាត់​ ​ដែល​ពួកគេ​អះអាង​​ថា ​បណ្តាល​មក​ពី​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​នានា​ ​និង​ទំនប់​វារីអគ្គិសនី​ជា​ច្រើន​លើ​ដង​ទន្ល​នេះ។​​

ទន្លេ​មេគង្គ​ដែល​ជា​ទន្លេ​ដ៏​វែង​បំផុត​លំដាប់​ទី​១២​របស់​ពិភព​លោក​ជា​ប្រភពជីវិត​រស់​នៅ​របស់មនុស្ស ​ សត្វ​ និង​រុក្ខជាតិ​ជា​ច្រើន​សតវត្សរ៍មក​ហើយ។​ ជាច្រើន​សតវត្សរ៍ ​ចរន្ត​ទឹក​ខ្មួល​ខ្មាញ់នៃ​ទន្លេមគង្គ​ ដែល​បាន​ហូរកាត់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​រួមទាំង​ប្រទេស​កម្ពុជា​ផង​នោះ​ បាន​ហូរពីខ្ពស់រាបទីបេនៃ​ប្រទេស​ចិន ​ធ្លាក់​ទៅ​សមុទ្រ​ខាងត្បូង​ ​នាប្រទេស​វៀតណាម។​ ​

តែ​ថ្មីៗ​នេះ ទន្លេ​ ​ដែល​គេ​ស្គាល់​ថា​ ជា​មាតា​ទឹក​សម្រាប់​ប្រទេស​នានា​តាម​ដងទន្លេ​នេះ​ ​កំពុង​ទទួល​សម្ពាធ​ជា​បន្ត​បន្ទាប់ពី​ការ​សាង​សង់​សំណង់​នានា​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពលរដ្ឋ​និង​ប្រជា​នេសាទ​ ​ដែល​រស់​នៅ​តាម​ដង​ទន្លេមេគង្គ​ ​បាន​ត្អូញត្អែរ​អំពីការ​ធ្លាក់​ចុះ​នៃ​ផល​នេសាទ​និង​កម្រិត​ទឹក​ទន្លេដែល​ឡើង​ចុះ​មិនទៀងទាត់​ ​ដែល​ពួកគេ​អះអាងថា ​បណ្តាល​មក​ពី​ការ​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​នានា​ ​និង​ទំនប់​វារីអគ្គិសនី​ជា​ច្រើន​លើ​ដង​ទន្ល​នេះ។

ក្តី​បារម្ភ​ថ្មី​ក៏​បាន​ផ្ទុះ​ឡើង​សារ​ជាថ្មី​នា​ទន្លេ​លើយ​ ​ក្នុង​ស្រុក​ឈាងខាន់​ ​ខេត្ត​លើយ​ ​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ជីក​ទន្លេ​បង្វែរ​ទឹកដ៏​ធំ​បំផុត​ក្នុង​ស្រុក​ឈាងខាន់។​ ទន្លេ​បង្វែរ​ទឹកនេះ​មាន​ឈ្មោះ​ថា​ Khong Loei Chi-Mun​ ​ដែល​នឹង​អាច​ទាញ​យក​ទឹក​រាប់​ម៉ឺន​ម៉ែត្រ​គូប​ពី​ទន្លេ​មេគង្គ​ ​ទៅ​ស្រោច​ស្រព​ដំណាំ​កសិកម្ម​ និង​ដំណាំ​ឧស្សាហកម្ម​ក្នុង​បណ្តា​ខេត្ត​មួយ​ចំនួននៅ​ភាគ​ឦសាន​ប្រទេស​ថៃ។​ ​នេះ​គឺ​ជា​គម្រោង​បង្វែរ​ទឹកទន្លេ​មេគង្គដ៏​ធំជាង​គេ​បង្អស់​ក្នុង​តំបន់ដែល​ក្រុម​អ្នក​ជំនាញ​យល់​ថា ​វា​អាច​ប៉ះ​ពាល់​ដល់​ចរន្ត​ទឹក ​និងអេកូឡូស៊ី​ក្នុង​តំបន់​ទន្លេ​ដ៏​វែង​នេះ​ ​ជា​ពិសេស​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់ប្រជា​រាស្ត្រ​ជា​ច្រើន​ ​ដែលរស់នៅ​ផ្នែក​ខាង​ក្រោម​នៃ​ដង​ទន្លេ​មេគង្គ​ ​ដែលរួម​មានប្រទេស​កម្ពុជា​ និង​វៀតណាម។​

អ្នក​នេសាទ​ម្នាក់​បាន​ប្រមូល​សំណាញ៉​នេសាទ​ត្រី​លើ​ទន្លេ​មេគង្គ​ក្បែរ​ស្រុក Chiang Khan ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៤ កក្កដា​ ២០១៦។ (នៅ​ វណ្ណារិន/VOA​)
អ្នក​នេសាទ​ម្នាក់​បាន​ប្រមូល​សំណាញ៉​នេសាទ​ត្រី​លើ​ទន្លេ​មេគង្គ​ក្បែរ​ស្រុក Chiang Khan ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី ២៤ កក្កដា​ ២០១៦។ (នៅ​ វណ្ណារិន/VOA​)

ដូច​ប្រជាពល​រដ្ឋ​ផ្សេង​ទៀត​ដែល​រស់​នៅ​ក្នុងស្រុក​ឈាងខាន់​ ​ដែល​ប្រកប​របរ​នេសាទ​ និង​កសិកម្ម​ ​លោក​វច្ចរ៉ា​ ​ណាន់តាព្រហ្ម​ (Wachira Nantaprom)​ ​ជា​ធ្វើជា​អ្នក​នេសាទ​ជាង​៣០​ឆ្នាំ​ ​ចាប់​តាំង​ពី​លោក​មាន​អាយុ​១៩​ឆ្នាំ​មក​នោះ​ ​បាន​បញ្ជាក់​ក្តី​បារម្ភរបស់​លោក​ប្រាប់​ ​VOA ​ថា​ ​គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​លោក​កាន់តែ​ដុនដាប​ថែម​ទៀត​ គឺបន្ថែម​ពី​លើ​ទិន្នផល​នេសាទ​ដែល​កំពុង​ធ្លាក់​ចុះ​នោះ។​ ​លោក​ក៏ដូច​ជា​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​រស់​នៅ​ក្បែរ​ដង​ទន្លេ​លើយ​នេះ ក៏នឹង​ប្រឈម​នឹង​ការ​តាំង​ទីលំ​នៅ​ថ្មី​ផង​ដែរ។​

«ខ្ញុំ​បារម្ភ​ថា​ ប្រសិនបើ​គម្រោង​បង្វែរ​ទឹក​នេះ​ត្រូវ​បាន​គេ​សាងសង់​ឡើងនៅ​ទីនេះ​ នា​ទន្លេមេគង្គ​ ​ ទន្លេនេះ​មិន​មែន​ជា​កន្លែងដែល​អាច​ផ្តល់​មុខ​របរ​ចិញ្ចឹម​ជីវិត​ដល់​យើង​គ្រប់​គ្នា​ទៀត​នោះ​ទេ​ ​ព្រោះ​អី​យើង​ប្រកប​មុខ​របរ​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត​ ​ហើយ​យើង​នឹង​មិន​អាច​រកត្រី​ដើម្បី​ចិញ្ចឹម​ជីវិត​នៅ​ទីនេះ​ទៀត​ទេ។ ​ត្រី​មួយ​ភាគ​ធំ​នឹង​ត្រូវ​បាត់បង់។​ ​នៅ​ពេល​នេះ​ យើង​ខ្សត់ត្រី​ស្រាប់​ទៅ​ហើយ។ ​អាជីព​នេះ​នឹង​ត្រូវ​បាត់​បង់​ពី​តំបន់​ឈាងខាន់។​ ​ប្រសិន​បើមាន​ទំនប់​បង្វែរ​ទឹក​ ​យើង​ត្រូវ​តែ​ប្តូរ​មុខ​របរ។​ ​យើង​ត្រូវ​តែ​ទៅ​ទីក្រុង​ដើម្បី​លក់​កម្លាំង​ពលកម្ម​របស់​យើងប្រចាំថ្ងៃ​ ​ដែល​ជា​មុខ​របរ​មិន​ទៀង​ទាត់។​ ​ទាំង​នេះ​ហើយ​ជា​ក្តី​បារម្ភ​របស់​ពួក​យើង»។​

អ្នក​លក់​ត្រី​ម្នាក់​ក្នុង​ផ្សារ​ក្រុង Chiang Khan ប្រទេស​ថៃ កំពុង​ធ្វើ​ត្រី​ស្រស់​នៃ​ទន្លេ​មេគង្គ​កាល​ពី​ថ្ងៃ​ទី​ ២៥ កក្កដា ២០១៦។(នៅ​ វណ្ណរិន/VOA​ Khmer)
អ្នក​លក់​ត្រី​ម្នាក់​ក្នុង​ផ្សារ​ក្រុង Chiang Khan ប្រទេស​ថៃ កំពុង​ធ្វើ​ត្រី​ស្រស់​នៃ​ទន្លេ​មេគង្គ​កាល​ពី​ថ្ងៃ​ទី​ ២៥ កក្កដា ២០១៦។(នៅ​ វណ្ណរិន/VOA​ Khmer)

អ្នក​នេសាទ​ និង​កសិករ​វ័យ​៤៩​ឆ្នាំ​រូប​នេះ​ក៏​បញ្ជាក់​ផង​ដែរ​ថា​ អ្វី​ដែល​ជា​ក្តី​បារម្ភ​សំខាន់​របស់​លោក​នោះ​គឺ​អនាគត​របស់​កូនៗ​ទាំង​បីនាក់​របស់​លោកដែល​ស្ថិត​ក្នុង​បន្ទុក​គ្រួសារ​នៅ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ​ លោកចាន់ណារ៉ុង វង់ក្លា​ ​(Channarong Wongla)​ ​តំណាង​កសិករ​ និង​អ្នក​នេសាទ​ក្នុង​ខេត្ត​លើយ ​បាន​ឲ្យ​ដឹង​ថា​ ក្តី​បារម្ភ​របស់​ប្រជា​រាស្ត្រ​ថៃ​នៅ​តាម​បណ្តោយ​ទន្លេ​លើយ​នៃ​ខេត្ត​លើយ​នេះ​ ​បាន​ផ្ទុះ​ឡើង​ក្រោយពី​ការ​ចុះត្រួត​ពិនិត្យ​គម្រោង​សារ​ជាថ្មី​របស់នាយក​ដ្ឋាន​ធារា​សាស្ត្រ​(Royal Irrigation Department) ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ។​ បើ​ទោះ​ជា​រដ្ឋាភិបាល​ថៃបាន​ប្រកាស​អំពី​ការ​សង​ជំងឺ​ចិត្ត​ដ៏​សមស្រប​ចំពោះ​ការរើ​ទីលំនៅ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ប៉ះ​ពាល់​ក៏​ដោយ​ ​លោក​នៅតែ​យល់​ថា៖​

«អ្វី​ដែល​ខ្ញុំ​ខ្លាច​គឺ​ទាក់ទង​នឹង​អេកូស៊ីសស្តែម​ (ecosystem)​ ​ជីវិត​ត្រី​គ្រប់​ប្រភេទ​ ​និង​ជីវិត​ប្រជា​នុរាស្ត្រ​នៅ​ក្នុង​តំបន់។​ ​ប្រសិន​បើ​ទំនប់​បង្វែរទឹកនេះ​ ​ត្រូវ​បាន​គេ​សាងសង់​មែន​នោះ​ ​ចរន្ត​ទឹក​នឹង​គឺ​ពឹង​ពាក់លើ​ការ​ឡើង​ចុះ​នៃ​ទឹក​ទន្លេ​នោះ។​ ​ប្រសិន​បើ​ទឹក​វា​នៅ​នឹង​ថ្កល់​ ជីវិត​ទាំង​អស់​នឹង​មាន​ការ​ផ្លាស់​ប្តូរ»។​

រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ​បានលើក​គម្រោង​ ​Khong Loei Chi-Mun​ ចាប់​តំាង​ពី​ទសវត្សន៍​១៩៦០​មក​ម្ល៉េះ​ ​តែ​គម្រោង​នេះ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ជា​ច្រើន​ឆ្នាំ។

ទិដ្ឋភាព​នៃ​តំបន់​ Esan និង​គម្រោង​ប្រព័ន្ធ​ធារាសាស្រ្ត​របស់​ប្រទេស​ថៃ​ដែល​បាន​ដាក់​បញ្ចាំង​ក្នុងអំឡុង​សន្និសីទ​ទាក់ទង​និង​ទន្លេ​មេគង្គ​ ក្នុង​ទីក្រុង Chiang Khan កាល​ពី​ថ្ងៃ ទី​២៥ កក្កដា ២០១៦។ (នៅ​ វណ្ណារិន/VOA​)
ទិដ្ឋភាព​នៃ​តំបន់​ Esan និង​គម្រោង​ប្រព័ន្ធ​ធារាសាស្រ្ត​របស់​ប្រទេស​ថៃ​ដែល​បាន​ដាក់​បញ្ចាំង​ក្នុងអំឡុង​សន្និសីទ​ទាក់ទង​និង​ទន្លេ​មេគង្គ​ ក្នុង​ទីក្រុង Chiang Khan កាល​ពី​ថ្ងៃ ទី​២៥ កក្កដា ២០១៦។ (នៅ​ វណ្ណារិន/VOA​)

​យោង​តាម​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​គម្រោងទំនប់​បង្វែរទឹក ​Khong Loei Chi-Mun​ បានឲ្យ​ដឹង​ថា ​គម្រោង​ទំនប់​បង្វែរទឹក​នេះ​នឹងចាប់​ផ្តើម​ពី​ទន្លេ​លើយ​នៅ​ក្នុងស្រុក​ឈាងខាន់​ ​ហើយ​ត្រូវ​បាន​សិក្សា​វាយ​តម្លៃ​អំពី​ផល​ប៉ះ​ពាល់​ដល់បរិស្ថាន​ ​ចាប់តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០១១​មក​ម្ល៉េះ។​ ​គម្រោង​នេះ​នឹង​ភ្ជាប់​ទៅ​ទន្លេ​និង​ព្រែកជីក​មួយ​ចំនួន​ផ្សេង​ទៀត​ ​រួម​ទាំង​ទន្លេ​ Chi ​និង​ Mun​ ​ដែល​មាន​ចំនួន​៦​ខ្សែ។

គេហ​ទំព័រ​របស់​គម្រោង​ដ៏​ធំ​នេះ​ក៏​បានឲ្យ​ដឹង​ផង​ដែរ​ថា ​គម្រោង​បង្វែរ​ទឹក​នេះ​ជួយ​ស្រោច​ស្រព​ផល​ដំណាំ​របស់​កសិករ​ថៃ​ប្រមាណ​៣២​លាន​ហិចតា​ ក្នុងខេត្ត​ចំនួន​១៧ នៅ​ភាគ​ឦសាន​ប្រទេស។​ ​ក៏​ប៉ុន្តែ​ប្រជាជន​ជា​ច្រើន​រយ​គ្រួសារដែល​រស់​នៅ​តាម​បណ្តោយ​ទន្លេ​លើយ​ ​ក្នុង​នោះក្នុង​ភូមិ​បានខ្លាង​ដែល​មាន​ប្រជា​ពល​រដ្ឋ​ជាង​៣០០​គ្រួសារ​ផងដែរ​ នឹង​ត្រូវប្តូរទីតាំង​ទាំង​ស្រុង។​ ​ប្រជាជននៅ​ក្នុង​ភូមិ​នេះ​បាន​បង្ហាញ​ក្តី​បារម្ភ​ ហើយបាន​ជំទាស់​ដាច់​ខាត​ចំពោះ​ការ​រើ​ទីតាំង​ភូមិ​របស់​ខ្លួន។​

លោក​មេភូមិ Ban Klang ​ឈ្មោះ​ Tanusilp Inda និយាយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃទី ២៦ កក្កដា ២០១៦។ អ្នក​ភូមិ Ban Klang ​ជាង​ ៣០០ នាក់បាន​ប្រឆាំង​នឹង​គម្រោងទំនប់បង្វែរ​ទឹក​របស់​រដ្ឋាភិបាល​ថៃ។ (នៅ​ វណ្ណារិន/VOA)
លោក​មេភូមិ Ban Klang ​ឈ្មោះ​ Tanusilp Inda និយាយ​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃទី ២៦ កក្កដា ២០១៦។ អ្នក​ភូមិ Ban Klang ​ជាង​ ៣០០ នាក់បាន​ប្រឆាំង​នឹង​គម្រោងទំនប់បង្វែរ​ទឹក​របស់​រដ្ឋាភិបាល​ថៃ។ (នៅ​ វណ្ណារិន/VOA)

លោក​ថានុស៊ីប​ ឥន្ទដា​ មេភូមិ​បានខ្លាង ​បាន​ប្រាប់​ VOA​ថា៖​

«អ្នកភូមិ​បាន​ភ័យ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ជា​ច្រើន។​ ​ទី១​គឺ​ពួក​គេ​ភ័យ​ខ្លាច​ថា​ តើ​ពួកគេ​នឹង​ត្រូវ​ប្រកប​មុខ​របរ​អ្វី​ដើម្បី​ចិញ្ចឹម​ជីវិត​ពួក​គេ? ​ទី២​ទៀត​ ​តើ​ជីវភាព​របស់​ពួក​គាត់​មាន​ការ​ផ្លាស់ប្តូរយ៉ាង​ណា?​ ​ទី៣​គឺតើ​ដីស្រែ​ចម្ការ​ដែល​បន្សល់​ទុក​ពី​ដូនតា​របស់​ពួក​គាត់​នោះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ដែរ?​ ​ហើយ​ទី៤​គឺ​អំពី​សហគមន៍​ និង​បងប្អូន​របស់​ពួក​គាត់​ តើ​គាត់​អាច​រស់​នៅ​ជុំ​គ្នា​ដូច​ក្នុង​សហគមន៍​នេះ​ដែរ​ឬទេ?​ ​អញ្ចឹងហើយ​ពួក​គេ​មិន​ចង់​ឲ្យ​មាន​ការ​សាង​សង់​អ្វី​នោះ​ទេ»។​

មេភូមិ​បានខ្លាង​វ័យ៣៥​ឆ្នាំ​រូប​នេះ​បានអះ​អាង​ថា​ ប្រជាពល​រដ្ឋ​នៅ​ក្នុង​ភូមិ​ នឹង«ស៊ូ​ស្លាប់»​នៅ​លើទឹក​ដី​កំណើត​ដូនតា​របស់​ខ្លួន​ ​បើ​ទោះ​ជា​រដ្ឋា​ភិបាល​ថៃ​សាង​សង់​ទំនប់​បង្វែរ​ទឹក​ ​ហើយ​ធ្វើ​ឲ្យ​ភូមិ​របស់​គាត់​លិច​លង់​យ៉ាង​ណា​ក៏​ដោយ។​

លោក តឹក​ វណ្ណរា នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយក្នុង​ប្រទេស​កម្ពុជា អង្គុយ​ក្នុង​ការិយាល័យ​របស់​លោក​ ក្នុង​ទីក្រុង​ភ្នំ​ពេញ​អំឡុង​កិច្ចសម្ភាសន៏​ជាមួយ​ VOA​ ខ្មែរ កាលពី​ថ្ងៃទី​០២ កញ្ញា ២០១៦។ (នៅ​ វណ្ណារិន/VOA)
លោក តឹក​ វណ្ណរា នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយក្នុង​ប្រទេស​កម្ពុជា អង្គុយ​ក្នុង​ការិយាល័យ​របស់​លោក​ ក្នុង​ទីក្រុង​ភ្នំ​ពេញ​អំឡុង​កិច្ចសម្ភាសន៏​ជាមួយ​ VOA​ ខ្មែរ កាលពី​ថ្ងៃទី​០២ កញ្ញា ២០១៦។ (នៅ​ វណ្ណារិន/VOA)

លោក​តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​វេទិកាក្រៅរដ្ឋាភិបាល​ស្តីពី​កម្ពុជា​ដែល​បាន​ធ្វើ​ការ​តស៊ូ​មតិ​ជា​ច្រើន​ទាក់​ទិន​នឹង​ការសាង​សង់​ទំនប់​វារីអគ្គិសនី ​និង​ការ​ថែ​រក្សា​អាង​ទន្លេ​មេគង្គ​ ក៏​បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ទាក់ទង​នឹង​គម្រោង​បង្វែរ​ទឹក​ដ៏​ធំ​របស់​រដ្ឋាភិបាល​ថៃ​ផង​ដែរ។​

«បាទ! ​គម្រោង​បង្វែរទឹក​ទន្លេ​មេគង្គ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​កសិកម្ម​ ​ក៏​ដូច​ជា​ក្នុង​វិស័យ​ធារា​សាស្ត្រ​ គឺ​អាច​ធ្វើ​ឲ្យ​ធន​ធាន​ទឹក​ទន្លេ​មេគង្គ​បាត់បង់​បរិមាណ​ទឹក​ហូរ​ចុះ​មក​ខាង​ក្រោម​ ​ហើយ​ការ​បាត់​បរិមាណ​ទឹក​នេះ​គឺ​មាន​ន័យថា ធ្វើ​ឲ្យ​ប៉ះពាល់​លំហូរ​ធម្មជាតិ​ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធន​ធាន​ជល​ផល​ ​ជីវចម្រុះ​ ​ក៏​ដូច​ជា​ផ្សោត​ទន្លេ​មេគង្គ​ផង​ដែរ​ ​ហើយ​ជាពិសេស​ទាក់​ទង​នឹង​ប្រព័ន្ធកសិកម្ម​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ទឹក​ក្នុង​ទន្លេ​មេគង្គ។​ ​ហើយ​ទន្ទឹម​នឹង​នេះ​ ​ក៏​នឹង​អាច​ធ្វើ​ឲ្យប៉ះពាល់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​ក្នុង​តំបន់​ផង​ដែរ​ ​ពីព្រោះ​គម្រោង​នេះ​នឹង​បង្វែរទឹក​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​កសិកម្ម​ និង​ធារាសាស្ត្រ»។​

អ្នក​ការពារ​បរិស្ថាន​រូប​នេះ​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​ប្រជា​ពល​រដ្ឋ​ជាង​៦០​លាននាក់​កំពុង​រស់​នៅ​ពឹង​ពាក់​ដោយ​ផ្ទាល់​លើ​ផល​នេសាទ​ និង​ប្រើ​ប្រាស់​ទឹក​ពី​ទន្លេមេគង្គ​ ​ក្នុ​ងការ​ធ្វើ​ការ​កសិកម្ម។ ​ពួកគេ​អាច​រង​ផល​ប៉ះ​ពាល់​ពី​ការ​សាង​សង​ទំនប់​បង្វែរ​ទឹក​នេះ​ និង​ទំនប់​ធារាសាស្ត្រ​ផ្សេងៗ​នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ​នេះ។ ​លើស​ពី​នេះ​ទៀត​ មានប្រជា​ពល​រដ្ឋ​ផ្សេង​ទៀតប្រមាណ៣០០​លាន​នាក់​ពឹង​ពាក់​ដោយ​ប្រយោល​លើទន្លេ​មេគង្គ ដែល​ភាគ​ច្រើន​លើស​លប់​ពឹង​ផ្នែក​លើទឹក​ពី​ទន្លេ​នេះ​ដើម្បី​ធ្វើ​កសិកម្ម​ ​និង​ផល​នេសាទក្នុង​ទន្លេ​នេះ។

«ហើយ​មួយ​ទៀត​គឺ​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​វប្បធម៌។ ​កាល​ណា​របប​ទឹក​ទន្លេ​មេគង្គ​មាន​ការ​ផ្លាស់​ប្តូរ មាន​បរិមាណ​តិច​ ឬ​បរិមាណ​ច្រើន​ ​ឬ​មួយ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ Eco-system​ ​អញ្ចឹងធ្វើ​ឲ្យ​វប្បធម៌​គាត់​ផ្លាស់​ប្តូរដែរ។​ ​ឧទាហរណ៍​ ​អ្នក​ស្ទឹង​ត្រែង​ពី​មុន​មក ​មុខ​របរ​គាត់​គឺ​ពឹង​ផ្នែក​លើ​ការ​នេសាទ​ត្រី ​អញ្ចឹង​អ្នក​ទន្លេ​សាប​៦​ខេត្ត​ ​ជុំវិញ​បឹង​ទន្លេសាបគឺពឹង​ផ្នែក​ទៅ​លើ​ការ​នេសាទ​ត្រី។​ ​ក្នុង​ករណី​ទឹក​តូច​អត់​គ្រប​ដណ្តប់​ទៅ​លើ​ព្រៃ​លិច​ទឹក​ ​ទឹក​តូច​មិន​អាច​គ្រប​ដណ្តប់​ទៅ​លើ​សម្បុក​ពងកូន​របស់​ត្រី​ ​នោះ​ត្រី​មាន​ការ​ថយ​ចុះ​ ​អញ្ចឹងធ្វើ​ឲ្យ​សង្គម​វប្បធម៌​ របៀប​របប​នៃ​ការ​រស់​នៅ​របស់​អ្នក​នេសាទមាន​ការ​ផ្លាស់ប្តូរ។​ អញ្ចឹង​នេះ​គឺ​ជា​ទិដ្ឋភាព​សំខាន់ៗ។​ ​អញ្ចឹងគឺ​ផល​ប៉ះពាល់​ ​និយាយ​រួម​គឺ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ​ក៏​ដូចជា​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅផ្នែក​ខាង​ក្រោម​នៃ​គម្រោង​អភិវឌ្ឍន៍​ទំបន់​ធំៗ​ ក៏​ដូច​ជា​គម្រោង​នៃ​ការ​បង្វែរទឹក​នៃ​ទន្លេ​មេគង្គ​ផង​ដែរ»។​

ទិដ្ឋភាព​អនុតំបន់​របស់​ទន្លេ​មេគង្គ​ដែល​ត្រូវ​បាន​បញ្ចាំង​ អំឡុង​សន្និសីទ​ទាក់ទងនិង​ទន្លេ​មេគង្គ​ ក្នុង​ទីក្រុង Chiang Khan កាល​ពី​ថ្ងៃ ទី​២៥ កក្កដា ២០១៦។ (នៅ​ វណ្ណារិន/VOA)
ទិដ្ឋភាព​អនុតំបន់​របស់​ទន្លេ​មេគង្គ​ដែល​ត្រូវ​បាន​បញ្ចាំង​ អំឡុង​សន្និសីទ​ទាក់ទងនិង​ទន្លេ​មេគង្គ​ ក្នុង​ទីក្រុង Chiang Khan កាល​ពី​ថ្ងៃ ទី​២៥ កក្កដា ២០១៦។ (នៅ​ វណ្ណារិន/VOA)

ក្រៅ​ពី​គម្រោងសង់​ទំនប់​បង្វែរ​ទឹក​របស់​ថៃ​ឈ្មោះ Khong Loei Chi-Mun ​ទន្លេ​ និង​ដៃ​ទន្លេ​មេគង្គ​ ​ចាប់​ពី​ប្រទេស​ចិន​ដល់​វៀតណាម​ មាន​ការ​សាង​សង់​សំណង់​ ​ទំនប់​វារី​អគ្គិសនី​ជាង​៣០​កន្លែង​រួច​មក​ហើយ។​ ​អ្នក​ជំនាញ​បរិស្ថាន​យល់​ថា ​ទំនប់​វារីអគ្គិសនី​ទាំង​នោះ​បាន​ស្រូប​យក​ធនធាន​ទឹក​ដ៏​ធំ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​លើ​ដង​ទន្លេ​ដ៏​វែង​របស់​ពិភព​លោកនេះ។​ ​ហើយ​បញ្ហា​ជា​ច្រើន​ ​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​នៅ​ផ្នែក​ខាង​ក្រោម​រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​បណ្ឌិត ​John Ward​ សេដ្ឋវិទូ​ផ្នែក​អេកូឡួស៊ី​នៃ​វិទ្យាស្ថាន​អនាគត​តំបន់​ទន្លេមគង្គ ​យល់​ថា ​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ក្នុង​តំបន់​មេគង្គ​បាន​ធ្វើ​ឲ្យការ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទន្លេ​នេះ​មាន​ការ​កើន​ឡើង​ ​ហើយប្រទេស​ជា​ច្រើន​មិន​បាន​គិតគូរ​អំពី​បញ្ហា​នេះ​ទេ។​ លោក​ថ្លែង​ថា​ ប្រទេស​ក្នុង​តំបន់​គួរតែ​សិក្សា​ឲ្យ​ហ្មត់​ចត់​អំពី​មេរៀន​របស់​ប្រទេស​ផ្សេងៗ​ ​ដែល​ធ្វើ​ការ​អភិវឌ្ឍ​ ​ដោយ​មិន​គិត​គូរ​ដល់​បរិស្ថាន​ និង​ប្រព័ន្ធ​អេកូឡួស៊ី​របស់​ទន្លេ។

«ប្រទេស​ផ្សេងៗ​ក៏​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ទាំង​នេះ​ផង​ដែរ។​ ​ពួក​គេ​ឆ្លង​កាត់​បទ​ពិសោធន៍ពី​ទន្លេ​ និង​ប្រព័ន្ធ​ដែល​មិន​ទាន់​អភិវឌ្ឍន៍​ ​ទៅ​អី្វមួយ​ដែល​ពិបាក​ក្នុង​ការ​ផ្លាស់ប្តូរ ​ហើយ​វាមាន​មេរៀន​ជា​ច្រើន​ដែល​គួរ​តែ​សិក្សា។​ យើង​អាច​និយាយ​បាន​ម៉្យាងទៀត​ថា​ ​តើត្រូវ​គិត​គូរ​ទុក​ជា​មុន​យ៉ាង​ណា​ដើម្បី​បញ្ចៀស​បញ្ហា​នា​ពេល​អនាគត។​ ​វាពិត​ជា​លំបាក​ដោះស្រាយណាស់​ ក្រោយពីមាន​ការ​អភិវឌ្ឍរួច​ហើយ​នោះ។​ ឧទាហរណ៍ ​តើ​យើង​ត្រូវ​បំបាត់​ទំនប់​ដោយ​ធ្វើដូច​ម្តេច?​ ​នៅ​ពេល​ដែល​ទំនប់​មួយ​សាងសង់​រួច​ហើយ​ ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ដកទំនប់​នោះ​ចេញ​វិញ។​ ​អញ្ចឹងហើយ​ ​យកល្អ​គឺ​គួរ​តែ​បញ្ចៀស​បញ្ហា​ពី​ដើម​ទី។​ ​ជាក់​ស្តែង​ដូច​នៅ​សហ​រដ្ឋ​អាមរិក​ ​នៅ​អឺរ៉ុប អាស៊ី​ និង​ប្រទេស​អូស្ត្រាលី​ ​ដែលបទពិសោធន៍​ជា​ច្រើននៅ​ទីនោះ​ធ្លាប់​មាន​បញ្ហា​ជា​ច្រើន​ ដូច​នៅ​ក្នុង​ទន្លេ​មេគង្គ​អញ្ចឹងដែរ​ ​ដែល​គួរ​តែ​យក​មក​សិក្សា​ ថា​តើ​ត្រូវ​បញ្ចៀស​បញ្ហា​ប្រឈម​ ​នា​ពេល​អនាគត​យ៉ាង​ណា?»​។

លោក​បណ្ឌិត​ ​John Ward​ បន្ថែម​ថា ​ប្រទេស​ក្នុង​អាង​ទន្លេ​មេគង្គ​ទាំងអស់​ រួម​ទាំង​ប្រទេស​ចិន​ផង​នោះ​ ត្រូវធ្វើ​ការ​សហការ​ ​និង​ពិភាក្សា​គ្នា​ ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​ចីរភាព​ ​និង​ថែ​រក្សា​បរិស្ថាន​ក្នុង​ទន្លេ​ផង​ដែរ។​

លោក ​Viroj Jiwarangsa​ ​ចៅ​ហ្វាយ​ខេត្ត​លើយ​នៃ​ប្រទេស​ថៃ​ ​បាន​ទទួល​ស្គាល់​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន និង​ជីវចម្រុះក្នុង​តំបន់​ ​ដោយសារ​ការ​សាងសង់​ទំនប់បង្វែរ​ទឹក​ឈ្មោះ Khong Loei Chi-Mun​ ​ដែល​អាច​ចំណាយ​ថវិការាប់​សិបពាន់​លាន​ដុល្លារ​នោះ។​ ​ក៏​ប៉ុន្តែ​ ​លោក​ចៅ​ហ្វាយ​ខេត្ត​ដែល​នឹង​ចូល​និវត្តន៍​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ បានបញ្ជាក់​ប្រាប់ ​VOA ថា​ ​គម្រោង​នេះ​គឺ​ខុស​ពី​គម្រោង​ស្តារ​ និង​ស្តុកទឹក​ក្នុង​ទន្លេ​លើយ​សម្រាប់​កសិកម្ម​ក្នុង​ខេត្ត​របស់លោក​ និង​ខេត្ត​ក្បែៗ​នោះ។​

«បាទ!​ ​គម្រោង​ទាំង​ពីរ​នេះ​គឺ​វា​ផ្សេង​ពី​គ្នា។​ ​គម្រោង​សាង​សង់​ទ្វារ​ទឹកគឺ​សម្រាប់​តែ​ក្នុង​ខេត្ត​លើយ​ ដើម្បី​ទប់​ទឹក​ក្នុង​ទន្លេ​លើយ​ ​កុំ​ឲ្យ​ហូរ​ទៅ​ទន្លេ​មេគង្គ​វិញ។​ ​ក៏​ប៉ុន្តែ​ ​គម្រោង ​Khong Loei Chi-Mun​ ​គឺ​ដើម្បី​នាំ​យក​ទឹកពី​ទន្លេ​លើយ​ទៅ​ភាគ​កណ្តាល​ និង​ផ្នែក​ខាង​ក្រោម​នៃ​តំបន់​ឦសាន​របស់​ប្រទេស​ថៃ»។

អភិបាល​ខេត្ត​លើយ​ដ៏​លេច​ធ្លោ​ម្នាក់​គឺ​លោក Viroj Jiwarangsa បាន​ធ្វើ​សម្ភាសន៏​ជាមួយ​ VOA ខ្មែរ​កាល​ពី​ថ្ងៃទី ​២៦ កក្កដា ២០១៦។ (នៅ​ វណ្ណារិន/VOA​)
អភិបាល​ខេត្ត​លើយ​ដ៏​លេច​ធ្លោ​ម្នាក់​គឺ​លោក Viroj Jiwarangsa បាន​ធ្វើ​សម្ភាសន៏​ជាមួយ​ VOA ខ្មែរ​កាល​ពី​ថ្ងៃទី ​២៦ កក្កដា ២០១៦។ (នៅ​ វណ្ណារិន/VOA​)

លោក​ Viroj Jiwarangsa​ ​ចៅ​ហ្វាយ​ខេត្ត​លើយ​ បន្ថែម​ថា​ លោក​សង្ឃឹម​ថា​ គម្រោង​ ​Khong Loei Chi-Mun​ នឹង​អាច​ចាប់​ផ្តើម​ធ្វើ​ការ​សាងសង់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​ដល់​ប្រជា​កសិករ​របស់​ថៃ​នៅ​ភាគ​ឦសាន​ប្រទេស​នេះ។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​វច្ចរ៉ា ណាន់តាព្រហ្ម​ (Wachira Nantaprom)​ ក៏​ដូច​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​រស់​នៅ​អាស្រ័យ​ផលតាម​ដង​ទន្លេ​មេគង្គ​ ​នៅ​តែ​ដាក់​សំណួរ​ ថា​តើ​អនាគត​របស់​ពួក​គាត់​ទៅ​ជា​យ៉ាង​ណា​ ​ហើយ​តើ​គាត់​នឹង​អាច​ពឹង​ពាក់​លើ​ទន្លេ​ដ៏​វែង​ដែល​គាត់​ធ្លាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ដែរ​ឬ​ទេ?

ស្រដៀង​គ្នា​នោះ​ដែរ​ ​ជោគ​វាសនា​នៃ​ទន្លេ ​ការ​ការពារ​បរិស្ថាន​ក្នុង​អាង​ទន្លេ​មេគង្គ​នឹង​ការ​អភិវឌ្ឍ​ដ៏​ចីរភាព​តាម​បណ្តោយ​ទន្លេ​មេគង្គ​ដ៏វែង​នេះ​ ​នៅ​តែ​ជា​អាថ៌​កំបាំង​នៅ​ឡើយ៕

XS
SM
MD
LG