ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​នេសាទ​ខ្មែរ​ថា​ទិន្នផល​ត្រី​ធ្លាក់​ចុះ ស្រប​ពេល​ដែល​ឡាវ​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ទៀត


ក្ដី​បារម្ភ​កំពុង​កើត​ឡើង​នៅ​ទូទាំង​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ ​ជា​កន្លែង​ដែល​មាន​ទំនប់​វារីអគ្គិសនី និង​ការ​បំផ្លិច​បំផ្លាញ​ជម្រក​ធម្មជាតិ​ ដែល​បណ្ដាល​ឲ្យ​ត្រី​មិន​អាច​ហែល​បញ្ច្រាស​ទឹក​ទៅ​ពង និង​បង្ក​ការ​លំបាក​ដល់​ការ​រស់​នៅ​របស់​ត្រី​ទាំង​នោះ។

នៅផ្សារ​លក់​ត្រី​មួយ​កន្លែង​តាម​បណ្ដោយ​ច្រាំង​ទន្លេ​សាប ការ​ប្រមូល​ផល​នៅ​ពេល​ព្រលឹម​ធ្វើ​ឡើង​ក្នុង​ទ្រង់​ទ្រាយ​ធំ ​។ ត្រី​អណ្ដែង​ត្រូវ​ប៉ាន់​ជាង​គេ ក្នុង​ចំណោម​ត្រី​ផ្សេងៗ​ទៀត ពី​ព្រោះ​អ្នកទិញ​ត្រី​សម្រាប់​ភោជនីយដ្ឋាន​កុម្ម៉ង់​ទិញ​ច្រើន។​

ការ​លក់​ដូរ​នៅ​ពេល​ព្រឹក​ព្រលឹម​គឺ​មាន​ភាព​មមាញឹក​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​ដែល​បាន​បង្កាត់​ និង​ឲ្យ​ចំណី​ត្រី​រួច​រាល់​នៅ​ក្នុង​ស្រះ។ ប៉ុន្តែ​នៅ​ពេល​រសៀល គឺ​ខុស​គ្នា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ម៉ាន ម៉ាត់ ដែល​ជា​អ្នក​លក់​ត្រី​អាយុ ២៩ ឆ្នាំ។

ទិន្នផល​ត្រី​របស់​អ្នក​នេសាទតាម​ទន្លេ​សាប និង​ទន្លេ​មេគង្គ សម្រាប់​លក់​មាន​ការ​ធ្លាក់​ចុះ។ លោក ម៉ាន ម៉ាត់ បាន​បន្ទោស​លើ​បញ្ហា​ជា​ច្រើន ដែល​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​ទិន្នផល​ត្រី ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​នេសាទ​ខុស​ច្បាប់​ដោយ​ប្រើ​សំណាញ់​ឆក់​ត្រី ការ​នេសាទ​ហួស​កំណត់ ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​រាំង​ស្ងួត​ជា​ដើម។

ប៉ុន្តែ លោក ម៉ាន ម៉ាត់ បាន​បន្ថែម​ទៀត​ថា បញ្ហា​ធំ​បំផុត​ដែល​ប៉ះពាល់​ដល់​របរ​នេសាទ​ត្រីរបស់​លោក គឺ​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​ឡាវ។

លោក ម៉ាន ម៉ាត់ ដែល​ជា​ជនជាតិ​ខ្មែរ​ឥស្លាម និង​ជា​កូន​ប្រុស​របស់​អ្នក​នេសាទ​ត្រី បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ទិន្នផល​ត្រី​មាន​ការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ ឪពុក​របស់​ខ្ញុំ ឥឡូវ​នេះ ចាប់​ត្រី​បាន​តែ​ពី ៥ ទៅ ១៥ គីឡូក្រាម​តែ​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ។ កាល​ពី​លើក​មុន គាត់​ចាប់​បាន​ពី ១០០ ទៅ ២០០ គីឡូក្រាម ក្នុង​មួយ​ថ្ងៃ។ ក្នុង​រយៈពេល ១០ ឆ្នាំ ទៅ​មុខ​ទៀត នឹង​គ្មាន​ត្រី​នៅ​សេសសល់​ឡើយ»។

ក្ដី​បារម្ភ​កំពុង​កើត​ឡើង​នៅ​ទូទាំង​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ ​ជា​កន្លែង​ដែល​មាន​ទំនប់​វារីអគ្គិសនី និង​ការ​បំផ្លិច​បំផ្លាញ​ជម្រក​ធម្មជាតិ​ ដែល​បណ្ដាល​ឲ្យ​ត្រី​មិន​អាច​ហែល​បញ្ច្រាស​ទឹក​ទៅ​ពង និង​បង្ក​ការ​លំបាក​ដល់​ការ​រស់​នៅ​របស់​ត្រី​ទាំង​នោះ។

ចំណុច​ចាប់​ផ្ដើម​នៃ​បញ្ហា

បញ្ហា​នេះ កើត​ឡើង នៅ​ពេល​ដែល​រដ្ឋាភិបាល​ឡាវ​សម្រេច​ចិត្ត​សាងសង់​ទំនប់​វារីអគ្គិសនី សាយ៉ាប៊ូរី (Xayaburi) ដែល​មាន​ទឹក​ប្រាក់ ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំ ២០១២ ទោះបីជា​មាន​ការ​តវ៉ា​ខ្លាំង​ក្លា​ជា​សាធារណៈ​ពី​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​បរិស្ថាន​ក៏ដោយ។ អាជ្ញាធរ​ឡាវ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​នឹង​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ដន សាហុង (Don Sahong) មួយ​ទៀត ក្នុង​ទឹក​ប្រាក់ ៣០០ លាន​ដុល្លារ​អាមេរិក នៅ​តំបន់ ស៊ីផាន់ដន (Siphandone) ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ ដែល​នៅ​ទីនោះ​ជា​ទីជម្រក​របស់​ផ្សោត​ទន្លេ Irrawaddy ដែល​កំពុង​រង​ការ​គំរាមកំហែង និង​ជា​ប្រជុំ​កោះ​ទាំង ៤០០០ ដ៏​ល្បី​ឈ្មោះ​របស់​ឡាវ។

ប៉ុន្តែ​បញ្ហា​ចុង​ក្រោយ​មួយ​ទៀត​គឺ កាល​ពី​ខែ​វិច្ឆិកា​រដ្ឋាភិបាល​ឡាវ​ដឹក​នាំ​ដោយ​លោក ប្រធានាធិបតី ប៊ុនហាង វូរ៉ាឈិត (Bounnhang Vorachith) ​បាន​សម្រេច​បន្ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ទី ៣ របស់​ខ្លួន​ទៅ​លើ​ទន្លេ​មេគង្គ​ត្រង់​ភូមិ ប៉ាក់ បេង (Pak Beng) ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ ក្នុង​ទឹក​ប្រាក់​ចំនួន ១,៨៨ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​លក់​អគ្គិសនី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ខ្លួន ជា​ពិសេស​ប្រទេស​ចិន ដែល​បាន​កសាង​ទំនប់​វារីអគ្គិសនី កាត់​ទន្លេ​មេគង្គ​ក្នុង​ទឹក​ដី​របស់​ខ្លួន។

លោក ម៉ាន ម៉ាត់ បាន​និយាយ​ថា៖ «ពួក​គេ​ឃាំង​ត្រី​ទុក នៅ​ផ្នែក​ខាង​លើ​នៃ​ទន្លេ ហើយ​ពួក​គេ​ប្រលែង​នៅ​ពេលទឹក​មាន​កម្រិតខ្ពស់​ប៉ុណ្ណោះ។ ឥឡូវ​នេះ​ចំនួន​ត្រី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។

យោង​តាម​ព្រឹត្តិបត្រ​អភិវឌ្ឍន៍ និង​ស្រាវ​ជ្រាវ​ជល​ផល​ឈ្មោះ Catch and Culture ឬ វប្បធម៌ និង​ការ​ចាប់​ត្រី បាន​ឲ្យ​ដឹង​ថា ទិន្នផល​ត្រី​សរុប​បាន​ពី​ការ​នេសាទ​ក្នុង​ទន្លេ​មេគង្គ និង​តំបន់​ដីសណ្ដ​ទន្លេ​មេគង្គ បាន​ទឹក​ប្រាក់​សរុប ១១​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៥។

ឧស្សាហកម្ម​ធំៗ

ប្រជាជន ៧០ លាន​នាក់​ពឹង​ផ្អែក​ទៅ​លើ​ត្រី​ទាំង​នោះ ហើយ​សន្តិសុខ​ស្បៀង​របស់​ពួកគេ បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម។​

រយៈ​ពេល​ជាង​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ ចំនួន​ប្រជាជន​ដែល​រស់​នៅ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម បាន​កើន​ឡើង​យ៉ាង​ហោច​ណាស់ ១០​លាន​នាក់ ធ្វើឲ្យ​មាន​ការ​កើន​ឡើង​តម្រូវ​ការ​ត្រី និង​បណ្ដាល​ឲ្យ​មាន​បាតុភូត​មួយ​ដែល​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​ឈ្មោះ​ថា «ការ​នេសាទ​ត្រី​ធ្លាក់​ចុះ» ដែល​ជា​លទ្ធផល​ចំនួន​ត្រី​ធំ​ថយ​ចុះ និង​ជំនួស​មក​វិញ​ដោយ​ត្រី​តូច​ៗ ដែល​មិន​អាច​យក​ជា​ការ​បាន។

លោក ធុយ រ៉ា អ្នកនេសាទអាយុ៤១ ឆ្នាំ ដែល​ប្រើ​ទូក​តូច​ប្រកប​របរ​នេសាទ និង​បង់​សំណាញ់ បាន​និយាយ​ថា៖ «ប្រទេស​ឡាវ​គួរ តែ​បញ្ឈប់​គម្រោង​វារីអគ្គិសនី ពី​ព្រោះ​វា​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ការ​នេសាទ។ វារីអគ្គិសនី​ទាំង​នោះ កំពុង​រាំង​ត្រី​មិន​ឲ្យ​ទៅ​ពង​កូន នៅ​ខ្សែ​ទឹក​ខាង​លើ​ទន្លេ​បាន»។

លោក​បាន​និយាយ​ថា​បច្ចុប្បន្ន​នេះ រ​បរ​នេសាទ​មិន​កាក់​កប​ឡើយ ដោយ​សារកម្ពស់​ទឹក​ទាប​ជាង​ធម្មតា។ លោក រ៉ា បន្ថែម​ថា៖ «ឥឡូវ​នេះ​ខ្ញុំ​មិន​នេសាទ​ទេ គ្រាន់​តែ​ជួស​ជុល​ទូក​ប៉ុណ្ណោះ។

អ្នក​នេសាទ​ដូច​លោក ធុយ រ៉ា និង ហ៊ាន អ៊ូត អាយុ ៦៩​ ឆ្នាំ​ ក៏​មាន​ការ​បារម្ភ​ដូច​លោក ម៉ាន ម៉ាត់ ដែរ។ អ្នក​ទាំង​ពីរ​និយាយ​ថា​ពួក​គេ​ធ្លាប់​ចាប់​បាន​ត្រី ៣០០ គីឡូក្រាម​ក្នុងមួយថ្ងៃ ប៉ុន្តែ​ឥឡូវ​នេះ​បាន​ត្រឹម​តែ ២០ គីឡូ​ក្រាម​ប៉ុណ្ណោះ សម្រាប់​ថ្ងៃ​ណា​ហេង។

«ប្រាំ​ដង​ហើយ ដែល​ខ្ញុំ​បង់​សំណាញ់​ព្រឹក​នេះ ហើយ​បាន​ត្រី​តែ​ប៉ុណ្ណឹង​»។ លោក ហ៊ាន អ៊ូត បាន​រៀប​រាប់ ស្រប​ពេល​ដែល​ចង្អុល​ទៅ​កាន់​ចៅ​របស់​គាត់ ដែល​កំពុង​យួរ​ត្រី​បន្តិច​បន្តួច​ ល្មម​ទុក​គ្រាន់​ធ្វើ​នុយ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «ខ្ញុំ​ក៏​បាន​ឮមក​ថា ឡាវ​កំពុង​តែ​សាង​សង់​ទំនប់​វារីអគ្គិសនី​ទី ៣ កាត់​ទន្លេ​មេគង្គ។ តែ​ប៉ុណ្ណឹង​ចប់​ហើយ​ គ្មាន​ត្រី​ទៀត​ទេ ហើយ​ចៅៗ​របស់​ខ្ញុំ​នឹង​ទៅ​ធ្វើ​អ្វី​ផ្សេង ស្រប​ពេល​ដែល​ពួក​គេ​ទៅ​សាលា​រៀន»។

យុទ្ធសាស្ត្រ​របស់​ឡាវ

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ទី​ក្រុង​វៀងចន្ទន៍​មិន​ខ្វល់​ឡើយ។ ឡាវ​មាន​គម្រោង​លក់ វារីអគ្គិសនី​ឲ្យ​ទៅ​ប្រទេស​ជិត​ខាង​តាម​រយៈ​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ជា​បន្ត​បន្ទាប់ សរុប​ចំនួន ១១ កាត់​ទន្លេ​មេគង្គ និង ១២៣ ទៀត​ទូទាំង​ប្រទេស ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ដាច់​ស្រយាល​មួយ​នេះ ក្លាយ​ជា «អាគុយ​ប្រចាំ​តំបន់​អាស៊ី»។

ប្រទេស​ឡាវ​ក៏​ព្យាយាម​សម្រាល​ដល់​ការ​បារម្ភ​ពី​ការ​ញាស់​កូន​ត្រី ដោយ​កសាង​ផ្លូវ​ត្រី​ហែល ដើម្បី​ឲ្យ​ត្រី​អាច​ហែល​ទៅ​ពង​កូន​នៅ​ខ្សែ​ទឹក​ខាង​លើ​បាន។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រ មិន​ជឿ​ថា​ការ​សាង​សង់ផ្លូវ​ត្រី​ហែល​នេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​លើក​ឡើង​ថា​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់។

ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការ​ពឹង​ផ្អែក​យ៉ាង​ធំ​ធេង​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី។

យោង​តាម​អត្រា​កំណើន​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ស្ដី​ពី វប្បធម៌​ និង​ការ​ចាប់​ត្រី បាន​ឲ្យ​ដឹង​ថា កំណើន​វារីវប្បកម្ម​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ មាន​ការ​កើន​ឡើង​លឿន​ជាង​បី​ដង​នៃ​ល្បឿន​មធ្យម​ជា​សកល។ ទិន្នផល​នៃ​កសិដ្ឋាន​ចិញ្ចឹម​ត្រី បាន​ផ្ដល់​ផល​សរុប​ជា​ទឹកប្រាក់​ប្រមាណ ៥,៨ ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៥ កើន​ឡើង​ពី ៤,៨ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១០។ វា​មាន​ចំនួន​តិច​ជាង ១ពាន់លានដុល្លារ នៅ​ក្នុង​ឆ្នាំ ២០០៣។

ការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​នៅ​ផ្សារ​ត្រី​ក្នុង​ស្រុក​មួយ​កន្លែង​នៅ​ច្រាំង​ចំរេះ កន្លែង​ដែល​វារីវប្បកម្ម​កំពុង​រីក​ចម្រើន​ខ្លាំង ខណៈ​ពេល​ដែល​អ្នក​នេសាទ​តាម​បែប​ប្រពៃណី​កំពុង​ជួប​ការ​លំបាក៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

XS
SM
MD
LG