ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃស្នើឲ្យម៉ាឡេស៊ីជួយរកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបានរត់ចេញពីមណ្ឌលឃុំឃាំង


រូបឯកសារ៖ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ត្រូវ​ឃុំ​នៅ​កន្លែង​ប៉ូលិស​បន្ទាប់​ពី​ទូក​របស់​ពួក​គេ​ដែល​មាន​ដឹក​មនុស្ស​៦០​នាក់ ត្រូវ​បាន​ឃើញ​នៅ​ឆ្នេរ​សមុទ្រ Rawi នៅ​ផ្នែក​មួយ​នៃ​ខេត្ត Satun ប្រទេស​ថៃ កាល​ពី​ខែ​មិថុនា ២០១៩។
រូបឯកសារ៖ ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ត្រូវ​ឃុំ​នៅ​កន្លែង​ប៉ូលិស​បន្ទាប់​ពី​ទូក​របស់​ពួក​គេ​ដែល​មាន​ដឹក​មនុស្ស​៦០​នាក់ ត្រូវ​បាន​ឃើញ​នៅ​ឆ្នេរ​សមុទ្រ Rawi នៅ​ផ្នែក​មួយ​នៃ​ខេត្ត Satun ប្រទេស​ថៃ កាល​ពី​ខែ​មិថុនា ២០១៩។

ប្រទេស​ថៃ​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ជួយ​ស្វែង​រក​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​ក្រុម ​ដែល​បាន​រត់​ចេញ​ពី​មណ្ឌល​ឃុំឃាំង​មួយ​នៅ​ភាគ​ខាង​ត្បូងប្រទេស​ថៃ។​ នេះ​បើតាម​ប៉ូលិសថៃកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ចំនួន​១៩​នាក់​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ ភូមា​ បាន​រត់​គេច​ចេញ​ពី​មណ្ឌល​ឃុំ​ឃាំង​ក្នុង​ខេត្ត​ Songkhla ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​នៅ​ចម្ងាយ​ប្រហែល​៥ ​គីឡូម៉ែត្រ​ពី​ព្រំដែន​ថៃ - ម៉ាឡេស៊ី​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដោយ​ប្រើ​ក្រណាត់​មួយ​ដុំ​ចុះ​តាម​បង្អួច​ជាន់​ទីបី។​

ប៉ូលិស​បាន​និយាយ​ថា ​ពួក​គេ​ជា​ផ្នែក​មួយ​នៃ​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ប្រមាណ​៤០​នាក់​ដែលគេ​ស្គាល់​ថា ​ជាជន​រងគ្រោះ​នៃ​ការជួញ​ដូរ​មនុស្ស​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ស្ទាក់​ចាប់​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ​ហើយ​ត្រូវ​បាន​ឃុំខ្លួន​នៅមជ្ឈមណ្ឌល​នេះ​ដើម្បី​រង់​ចាំ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​ប្រទេស​មីយ៉ាន់ម៉ាវិញ។​ ប៉ូលិស​បាន​និយាយ​ថា ​ពីរនាក់​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ពុធ។​

លោក ​Pairat Pookcharoen ​មេបញ្ជាការ​រង​នៃ​អង្គភាព​ប៉ូលិស​អន្តោប្រវេសន៍​ថៃ​នៅ​ភាគ​ខាង​ត្បូង​បាន​ប្រាប់​រ៉យទ័រ​ថា៖ «យើង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី​ដើម្បីស្វែង​រក​មនុស្ស​១៧ នាក់​ដែល​បាន​រត់​គេច​ខ្លួន​ចូល​តំបន់​ព្រំដែន»។​

ប្រទេស​ថៃ​ធ្លាប់​ជា​គោល​ដៅ​និង​ជា​ប្រទេស​ឆ្លង​កាត់​ជា​យូរ​មក​ហើយ​សម្រាប់​បុរស​ស្ត្រីនិង​កុមារ​ដែល​ត្រូវ​គេរត់​ពន្ធ​និង​ជួញ​ដូរ​ពី​ប្រទេស​ជិត​ខាង​ដែល​ក្រីក្រ​ រួម​មាន​ប្រទេស​កម្ពុជា​ ឡាវ​និង​មីយ៉ាន់ម៉ា។​ សហ​រដ្ឋ​អាមេរិក​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ថា​ អាជ្ញាធរ​ថៃមិន​បាន​ប្រឹង​ប្រែង​គ្រប់​គ្រាន់​ដើម្បី​ការពារ​ជនរង​គ្រោះការ​ជួញ​ដូរ។​

ប្រទេស​មីយ៉ាន់ម៉ា​ចាត់​ទុក​ជន​ជាតិរ៉ូហ៊ីងយ៉ា​ជាជន​ចំណាក​ស្រុក​ខុស​ច្បាប់ ទោះ​បីពួក​គេជា​ច្រើន​បាន​រស់​នៅ​ក្នុង​ប្រទេស​នេះ​ច្រើន​ជំនាន់ ​ហើយ​បាន​ឃុំឃាំង​ពួក​គេ​រាប់ម៉ឺន​នាក់​ទៅ​នៅ​រដ្ឋ​ Rakhine នៅ​ភាគ​ខាង​លិច។​

ភាព​ចលាចលនេះ​បាន​ជំរុញ​ឱ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់ម៉ឺន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​តាម​សមុទ្រ។ ការ​ភៀសខ្លួន​នេះ​បាន​ឡើង​ដល់​កំពូល​នៅ​ឆ្នាំ​២០១៥​ នៅ​ពេល​មនុស្ស​ប្រមាណ​២​ម៉ឺន​៥ពាន់​នាក់​បាន​ឆ្លង​សមុទ្រ ​Andaman ​ទៅ​កាន់​ប្រទេស​ថៃ ​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ ហើយភាគច្រើន​បាន​លង់ទឹក​ដោយ​សារ​ជិះ​ទូក​គ្មាន​សុវត្ថិភាព​និង​ផ្ទុក​លើស​ទម្ងន់។​

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​៧ សែននាក់​បាន​ភៀស​ខ្លួន​ទៅប្រទេស​បង់ក្លាដែស៕

XS
SM
MD
LG