ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Aung San Suu Kyi ថា ការ​ចោទ​ប្រកាស​មីយ៉ាន់ម៉ា​ថា​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជ​សាសន៍​ជា​ការ «នាំ​ឲ្យ​មាន​ការ​យល់​ខុស»


មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi ចូលធ្វើសក្ខីកម្មនៅក្នុងសវនាការ​ផ្អែក​លើ​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ដោយ​ប្រទេស​ហ្គំប៊ី ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា ប្រទេស​មីយ៉ាន់ម៉ា​បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជាតិ​សាសន៍ Rohingya នៅក្រុងឡាអេ។

មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី Aung San Suu Kyi បាន​ដឹកនាំ​ក្រុម​មេធាវី​នៃ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ដើម្បី​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា ប្រទេស​មីយ៉ាន់ម៉ា​បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជាតិ​សាសន៍ Rohingya កាន់​សាសនា​ឥស្លាម។

អ្នកស្រី Aung San Suu Kyi ដែល​ជា​ជ័យ​លាភី​ណូបែល​សន្តិភាព បាន​ឈរ​នៅ​ពី​មុខ​តុលាការ​របស់​អង្គការ​សហប្រជាជាតិ​នេះ​នៅ​ថ្ងៃ​ពុធ​នេះ និង​បាន​បញ្ជាក់​ឡើង​វិញ​អំពី​ការ​អះអាង​របស់​រដ្ឋាភិបាល​អ្នកស្រី​ដែល​ថា ពួក​យោធា​មាន​បំណង​សំដៅ​វាយ​ប្រហារ​លើ​ពួក​សកម្ម​ប្រយុទ្ធ Rohingya ដោយសារតែ​ពួក​សកម្ម​ប្រយុទ្ធ​នេះ​បាន​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​សន្តិសុខ​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Rakhine កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧។ ជាតិ​សាសន៍ Rohingya ជាង ៧ សែន​នាក់​បាន​រត់​គេច​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដេស ដើម្បី​គេច​ពី​យុទ្ធនាការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​នេះ។

អ្នកស្រី Suu Kyi បង្ហាញ​ខ្លួន​នៅ​ពី​មុខ​តុលាការ​នេះ​ក្នុង​តួនាទី​ផ្លូវការ​របស់​អ្នកស្រី​ជា​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា។

សវនាការ​នេះ​បាន​ធ្វើ​ឡើង​ផ្អែក​លើ​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ដោយ​ប្រទេស​ហ្គំប៊ី ដែល​ជា​ប្រទេស​ដ៏​តូច​មួយ​នៅ​ទ្វីប​អាហ្វ្រិក តំណាង​ឲ្យ​អង្គការ​កិច្ច​សហប្រតិបត្តិការ​ឥស្លាម​ដែល​មាន​ប្រទេស​ចំនួន ៥៧ ជា​សមាជិក។ ប្រទេស​ហ្គំប៊ី​បាន​ចោទ​ប្រកាន់​ប្រទេស​មីយ៉ាន់ម៉ា​ថា​បាន​រំលោភ​លើ​អនុសញ្ញា​ស្ដីពី​អំពើ​ប្រល័យ​ពូជសាសន៍​ឆ្នាំ ១៩៤៨។

នៅ​ក្នុង​សវនាការ​បើក​របស់​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ក្រុម​មេធាវី​តំណាង​ឲ្យ​ប្រទេស​ហ្គំប៊ី​បាន​រៀបរាប់​ឡើង​វិញ​អំពី​ទង្វើ​ឃោរឃៅ​មួយ​ចំនួន​ដែល​ប្រព្រឹត្តិ​ដោយ​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​របស់​ពួកគេ។

នៅ​ក្នុង​សវនាការ​បើក​នោះ​ដែរ អ្នកស្រី Suu Kyi បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា «នាំ​ឲ្យ​មាន​ការ​យល់​ខុស»៕

XS
SM
MD
LG