ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​ថៃ៖ ជន​សង្ស័យ​រឿង​បំផ្ទុះ​គ្រាប់​បែក​សារភាព​ចំពោះ​ការ​ចោទ​ប្រកាន់


សន្តិសុខ​បាន​នាំ​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ Yusufu Mieraili ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីសប្តាហ៍មុន​នៅ​ក្បែរ​ព្រំដែន​កម្ពុជា។ ប៉ូលិស​បាន​យកជន​នេះ​ទៅ​ឃុំ​នៅ​ទីបញ្ជាការប៉ូលិស​នៅ​ទីក្រុង​បាងកក កាលពីថ្ងៃទី៧ ខែ​កញ្ញា ឆ្នាំ២០១៥។

ពួក​ប៉ូលិស​ថៃ​បាន​និយាយ​ថា បុរស​ម្នាក់​ក្នុង​បណ្តា​មនុស្ស​ដែលត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​កាល​ពី​ខែ​មុន​នៅទីសក្ការបូជា​មួយ​ក្នុង​ក្រុង​បាងកក​ បានទទួល​សារភាព​ចំពោះ​ការចោទ​ប្រកាន់​ថា​ គាត់មាន​គ្រឿង​ផ្ទុះ។

កាលពី​សប្តាហ៍​មុន​ ពួក​មន្ត្រី​ថៃ​បាននិយាយ​ថា ​ឈ្មោះ​ Yusufu Mieraili ​ដែល​ជាជន​បរទេស​ម្នាក់​ មិន​ទំនង​ជា​ជន​ដែល​បាន​ដាក់់​គ្រាប់បែក​ឱ្យ​ផ្ទុះ​បណ្តាល​ឱ្យ​មនុស្ស​២០នាក់​ស្លាប់​នៅ​ទី​សក្ការបូជា Erawan នោះ​ទេ។​ ក៏ប៉ុន្តែ​ពួក​មន្ត្រី​ទាំង​នេះ​បាន​ថ្លែង​ថា​ ជន​នេះ​«ប្រាកដ​ជាមាន​ទាក់ទិន​ជាមួយ​ការ​បំផ្ទុះ​គ្រាប់បែក​នេះ»​ ដោយ​មន្ត្រី​ទាំង​នេះ​បាន​កត់​សម្គាល់​ថា​ DNA​ គាត់​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​ អាផាតមិន​ (Appartement) មួយ​ដែល​នៅ​ទី​នោះ​សម្ភារៈ​សម្រាប់​ផលិត​គ្រាប់បែក​បាន​ត្រូវ​រឹបអូស។​

ជន​បរទេស​ម្នាក់​ទៀត​មាន​ឈ្មោះ Adem Karadak ​បាន​ជាប់​ឃុំឃាំង​ដែរ​ដោយ​មាន​ទាក់ទិន​នឹង​ករណី​នេះ​ហើយ​មាន​ការ​ចេញ​ដីកា​ចាប់ខ្លួន​ថ្មីៗ​ពីរ។ ​ស្ត្រី​ថៃ​កាន់​សាសនា​ឥស្លាម​ម្នាក់​ឋិត​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ដែល​អាជ្ញាធរ​រក​ចាប់​ខ្លួន​ដើម្បី​សាកសួរ​ចម្លើយ។​

ពួក​មន្ត្រី​ថៃ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​សញ្ជាតិ​នៃ​ជន​បរទេស​ទាំង​ពីរ​នាក់​នេះ​ទេ​ ក៏​ប៉ុន្តែ​ឈ្មោះ​ Mieraili ​មាន​លិខិត​ឆ្លងដែន​ចិន​មួយ​ដែល​បង្ហាញ​ថា​ គាត់​កើត​នៅ​ Xinjiang​ ដែល​ជា​កន្លែង​រស់​នៅ​របស់​ក្រុម​ជន​ភាគ​តិច​អំបូរ​ Uighur។​

សេចក្តីរាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថៃ​បាន​ភ្ជាប់​លទ្ធភាព​នៃ​ការ​ទាក់ទិន​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ជាមួយ​ការ​បញ្ជូន​ពួក​ជន​អំបូរ​ Uighur ​ជាង​១០០នាក់​ទៅ​កាន់​ប្រទេស​ចិន​វិញ​ដោយ​អាជ្ញាធរ​ថៃ​កាល​ពី​ខែ​កក្កដា។​ នៅ​ក្រោយ​ការ​បង្ខិតបង្ខំ​ពួកជន​ទាំង​នេះ​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ មាន​បាតុកម្ម​ហិង្សា​នៅ​ក្នុងក្រុង​អ៊ីសស្តងប៊ុល​ (Istanbul) ដោយ​យក​ស្ថាន​បេសកកម្ម​ថៃ​និង​ចិន​ជា​ទីដៅ។

ពួក​ទេសចរ​ចិន​ចូល​ចិត្ត​ទៅ​កាន់​ទីសក្ការបូជា Erawan ​ហើយ​ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​និយាយ​សន្និដ្ឋាន​ថា​ ទី​នោះត្រូវ​បាន​យក​ធ្វើ​ជា​ទីដៅ​នៃការ​វាយ​ប្រហារ​ដោយ​ពួក​ជន​ដែល​មាន​ជំនឿថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សង្កត់​សង្កិន​ក្រុម​ជន​អំបូរ​ Uighur៕

XS
SM
MD
LG