ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ទី​ពីរ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​បាងកក​ត្រូវ​បាន​ចាប់​ខ្លួន


រូបភាព​បញ្ចេញ​ដោយ​អ្នកនាំពាក្យ​ប៉ូលិស​ថៃ​ ដែល​បង្ហាញពី​បុរស​ម្នាក់​ពាក់អាវ​ពណ៌​លឿង​នៅ​ជិត​ទី​សក្ការៈ​បូជា Erawan មុន​ពេល​​ការ​ផ្ទុះ​បាន​កើត​ឡើង​នៅ​ក្រុង​បាងកក ប្រទេស​ថៃ។
រូបភាព​បញ្ចេញ​ដោយ​អ្នកនាំពាក្យ​ប៉ូលិស​ថៃ​ ដែល​បង្ហាញពី​បុរស​ម្នាក់​ពាក់អាវ​ពណ៌​លឿង​នៅ​ជិត​ទី​សក្ការៈ​បូជា Erawan មុន​ពេល​​ការ​ផ្ទុះ​បាន​កើត​ឡើង​នៅ​ក្រុង​បាងកក ប្រទេស​ថៃ។

ជន​សង្ស័យ​ម្នាក់​ដែលមាន​ភិន​ភាគ​ស្រដៀង​ទៅ​នឹង​អ្នកដាក់​គ្រាប់​បែក​អត្ត​ឃាត​នៅ​ឯទី​សក្ការៈបូជា​ក្នុង​ទីក្រុង​បាងកក​បាន​ត្រូវ​ចាប់​ខ្លួន​ ​នេះ​បើ​តាម​ការ​ប្រកាស​របស់​នាយករដ្ឋ​មន្រ្តី Prayuth Chan-ocha ​នៃ​ប្រទេស​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ។

មេដឹកនាំ​ក្រុម​ប្រឹក្សា​យោ​ធា​បាន​និយាយ​ថា ​ជន​សង្ស័យ​ដែល​មិន​មែនជា​ជន​ជាតិ​ថៃ ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​សាកែវ​នៅ​តាម​ព្រំ​ដែន​ជាមួយ​ប្រទេស​កម្ពុជា។

ការផ្ទុះគ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី១៧ ​ខែ​សីហា​នៅ​ទី​កន្លែង​សក្ការៈបូជា​ទី​ក្រុង​បាងកក​ដែល​បាន​សម្លាប់​មនុស្ស​២០​នាក់​ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ជាង​១០០​នាក់​ទៀត​រងរបួស។

​ប៉ុន្មាន​ម៉ោង​មុនពេល​ប្រកាស​ចាប់​ខ្លួន​ជន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​បំផ្ទុះគ្រាប់​បែក ​ក្រុម​ប្រឹក្សា​យោ​ធា​ថៃ​បាន​អំពាវនាវនៅ​ថ្ងៃ​អង្គារ​នេះ​ដល់​ពួក​ម្ចាស់ផ្ទះ​ឲ្យជួយ​ក្រុម​ប្រឹក្សា​យោ​ធា​ដើម្បី​ស្វែងរក​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ទទួល​ខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នេះ។

សំណើរ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​ទាំងអស់​នៅ​ពេល​រសៀល​ថ្ងៃ​ត្រង់​ដើម្បី​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ដល់​សាធារណជនស្តីពី​ការ​ស៊ើប​អង្កេតនៅ​ក្នុង​ការ​វាយ​ប្រហារ​ដែល​ក្រុម​អាជ្ញាធរ​បាន​និយាយ​ជាយូរយារណាស់​មក​ហើយ​ថា​ មិនមែន​ជា​សកម្មភាព​ភេរវកម្ម​នោះ។

ការប្រកាស​នៅ​ថ្ងៃ​អង្គារ​ ដែល​បាន​ត្រូវ​ប្រកាស​ជាភាសា​អង់គ្លេស ថៃ​ និង​ចិនកុកងឺ ​បាន​ចាប់​ផ្តើម​ដោយ​មាន​ការ​សន្យា​ថា ការ​ទិញ​សំបុត្រ​យន្តហោះ​ពី​ប្រទេស​ផ្សេង​ៗ​ចូល​ក្នុង​ប្រទេស​ថៃ​នៅ​តែស្ថិត​ក្នុង​កម្រិត​ធម្មតា។

ការ​ប្រកាស​របស់ក្រុម​ប្រឹក្សា​យោ​ធា​ក៏​បាន​ស្នើរសុំ​ម្ចាស់គេហដ្ឋាន ​ផ្ទះ​សំណាក់​ ​និង​អាគារ​ស្នាក់​នៅ​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​មន្រ្តី​យោ​ធា​ ឬ​ប៉ូលិស​នៅ​ក្បែ​នោះ ឬហៅ​ទូរស័ព្ទលេខ១៥១៥​ ដើម្បី​ផ្តល់​ព័ត៌មានដល់​ក្រុម​យោធា ​ឬ​ប៉ូលិស​អំពីបុគ្គល​ដែល​មាន​ការ​សង្ស័យ​នៅទីកន្លែង​របស់​ខ្លួន។

​ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​មក ​អាគារ​ស្នាក់​នៅ ​២​កន្លែង ​បាន​ត្រូវ​ធ្វើ​ការ​ចុះ​ឆែកឆេរ ​ដោយ​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​បរទេស​អាយុ​២៨​ឆ្នាំ​ម្នាក់​ ហើយអ្វី​ដែល​ក្រុម​អាជ្ញាធរ​និយាយ​ថា ជា​គ្រឿង​ផ្ទុះ​ជាមួយ​នឹងវត្ថុ​ផ្សំ​ផ្សេង​ៗ​សម្រាប់​ធ្វើ​គ្រាប់​បែក។

​ មាន​ការ​និយាយ​ស្មាន​ៗ​ថា ​ការ​វាយ​ប្រហារ​នេះ​អាច​ជាការ​ឆ្លើយ​តប​ទៅ​នឹងការ​និរទេស​ខ្លួនជន​ជាតិ​ភាគ​តិច Uighurs ​ជាង​១០០​នាក់​កាល​ពី​ខែ​កក្កដា​ទៅ​កាន់​ប្រទេស​ចិនវិញ។

ក្រុម​មន្រ្តី​រដ្ឋាភិបាល ​និង​ប៉ូលិស​ថៃ ​បាន​ត្រូវ​គេប្រាប់​មិន​ឲ្យ​ធ្វើ​អត្ថា​ធិប្បាយ​ដល់​ការ​ផ្ទុះ​គ្រាប់​បែក​នេះ​ថា​ ជាសកម្មភាព​ភេរវកម្ម​អន្តរជាតិ​ ឬ​ក៏​និយាយ​ពី​ប្រទេស​តួកគី​ ឬ​និយាយ​ស្មាន​ៗ​ថា ទេសចរណ៍​ចិន​ប្រហែល​ជាទិ​សដៅ​នៃ​ការ​វាយ​ប្រហារ​នេះ៕

XS
SM
MD
LG