ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រិះគន់​រដ្ឋាភិបាល​យោធា​ថៃ​ថា គុក «ប្រៀប​ដូច​ឋាន​នរក​លើ​ផែន​ដី‍»


លោក​ Siraphop Kornaroot ថត​រូប​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែងកាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៩។
លោក​ Siraphop Kornaroot ថត​រូប​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែងកាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០១៩។

បន្ទាប់ពី​បាន​ចំណាយ​ពេល ៥ ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ​ទីក្រុង​បាងកក ដោយ​គ្មាន​ការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​ណា​មួយ​មក លោក Siraphop Kornaroot ដែល​ជា​កវី​កំណាព្យ និង​ជា​អ្នក​និពន្ធ​ថៃ អាយុ ៥៥ ឆ្នាំ បាន​និយាយ​ថា៖ «ការ​ជាប់​ពន្ធនាគារ​អាច​បង្ហាញ​ថា អ្នក​អាច​ស៊ូ​ទ្រាំ​បាន​កម្រិត​ណា‍»។

លោក​ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។ លោក​នៅតែ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៤៥ ឆ្នាំ​ទៀត ប្រសិនបើ​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​កំហុស​នៅ​ក្នុង​សវនាការ​កាត់ទោស​លោក​ដែល​ចំណាយ​ពេល​យ៉ាង​យូរ​នេះ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​តុលាការ​យោធា​មួយ​ដែល​មិន​បើក​ចំហ​ជា​សាធារណៈ។

លោក Siraphop រង​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ថា​បាន​រំលោភ​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ​របស់​ប្រទេស​ថៃ និង​ច្បាប់​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​ទាក់ទិន​នឹង​សារ និង​រូប​ត្លុក​កំប្លែង​មួយ​ចំនួន​ដែល​បង្ហោះ​នៅ​លើ Facebook ដោយ​សារ និង​រូប​ត្លុក​កំប្លែង​ទាំង​នោះ​រិះគន់​ខ្លាំងៗ​លើ​រាជវង្សានុវង្ស​ព្រះ​មហាក្សត្រ​ដែល​មាន​ការ​គោរព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ។

ប៉ុន្តែ សកម្មជន​នយោបាយ​រូប​នេះ​ជឿ​ថា គេ​បាន​ប្រើ​សារ​បង្ហោះ​កាល​ពី​លើក​មុនៗ​របស់​លោក​ដើម្បី​ដាក់​ទោស​លោក​សម្រាប់ «បទ​ឧក្រិដ្ឋ‍» ដ៏​ពិត​ប្រាកដ​ដែល​លោក​បាន​ប្រព្រឹត្តិ ដែល​នោះ​គឺ​ការ​រិះគន់​របស់​លោក​លើ​រដ្ឋាភិបាល​យោធា​ដែល​បាន​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ដែល​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ប្រហែល​ជា​ក្នុង​រយៈពេល​មួយ​ខែ​មុន​ពេល​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០១៤។

លោក Siraphop ដែល​បាន​ប្រើ​រហស្សនាម Rungsira ដែល​អាច​មាន​ន័យ​ថា «កើត​មក​ពោរពេញ​ដោយ​កម្លាំង​ថាមពល» បាន​ប្រាប់ VOA ថា លោក​បាន​ក្លាយជា​អ្នក​ប្រយុទ្ធ​ស៊ូ​ទ្រាំ​មួយ​រូប។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ពន្ធនាគារ​គឺ​ប្រៀប​ដូចជា​ឋាន​នរក​នៅ​លើ​ផែនដី​អីចឹង គឺ​គ្មាន​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​នោះ​ទេ‍»។

លោក​បាន​បន្ថែម​ថា លោក​បាន​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដែល​ពិបាក​ដក​ដង្ហើម​ទំហំ ៥ គុណ​នឹង ១២ ម៉ែត្រ ជាមួយ​នឹង​អ្នក​ទោស​ជា​បុរស​ចំនួន​ពី ៤០ ទៅ ៥០ នាក់​ផ្សេង​ទៀត។ លោក​បន្ត​ថា នៅ​ទី​នោះ​គឺ «គ្មាន​អាហារ​បរិភោគ។ គ្មាន​ល្បែង​លេង។ គ្មាន​សៀវភៅ​អាន​នោះ​ទេ។ មាន​តែ​ទឹក​ផឹក​តែ​ប៉ុណ្ណោះ‍»។

ក្នុង​នាម​ជា​អ្នក​ទោស​នយោបាយ លោក​ក៏​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​មិន​ឲ្យ​សន្ទនា​ជាមួយ​នឹង​អ្នក​ដទៃ​ផង​ដែរ។ លោក​បាន​និយាយ​ថា អ្នក​ទោស​ណា​ដែល​ហ៊ាន​សន្ទនា​ជាមួយ​នឹង​លោក ត្រូវ​បាន​គេ​បញ្ជូន​ជា​បន្ទាន់​ទៅ​កាន់​បន្ទប់​ឃុំឃាំង​ផ្សេង ហើយ​លោក​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​កន្លែង​ដ៏​ស្ងៀមស្ងាត់​នៃ​ពន្ធនាគារ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ដើម្បី​មិន​ឲ្យ​លោក​មាន​ឱកាស​អាច​សន្ទនា​ជាមួយ​អ្នក​ដទៃ​បាន។

លោក​និយាយ​ដូច្នេះ​ថា៖ «គេ​ព្យាយាម​ដាក់​អ្នក​ទោស​នយោបាយ​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ។ នេះ​គឺ​ជា​ជីវិត​របស់​អ្នក​ទោស​នយោបាយ។ គេ​ធ្វើ​ដូច្នេះ​ចំពោះ​អ្នក​ទោស​នយោបាយ​គ្រប់​រូប‍»។

លោក Siraphop ជឿ​ថា ប្រសិនបើ​លោក​សារភាព លោក​អាច​ត្រូវ​បាន​គេ​ដោះលែង​ឆាប់​ជាង​នេះ​តាម​រយៈ​ព្រះរាជ​ក្រឹត្យ​លើក​លែង​ទោស​របស់​ព្រះ​មហាក្សត្រ។ ប៉ុន្តែ លោក​ថា លោក​មិន​ដែល​ពិចារណា​អំពី​ជម្រើស​នេះ​ទេ។

លោក​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ ដោយសារតែ​ខ្ញុំ​ចង់​បង្ហាញ​ថា ខ្ញុំ​គ្មាន​ទោស ខ្ញុំ​មិន​ដែល​និយាយ​អ្វី​អាក្រក់​អំពី​រាជវង្សានុវង្ស​របស់​ព្រះ​មហាក្សត្រ​នោះ​ទេ។ ខ្ញុំ​គឺ​ជា​អ្នក​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ មិន​មែន​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ​មហាក្សត្រ​នោះ​ឡើយ‍»។

លោក​បន្ថែម​ក្នុង​សម្ដី​ដើម​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ត្រឹមត្រូវ ដោយសារតែ តើ​កូនៗ​របស់​ពួក​យើង​អាច​រស់នៅ​ក្នុង​សង្គម​បែប​នេះ​តាម​របៀប​ណា ប្រសិនបើ​ខ្ញុំ​មិន​ងើប​ឈរ​ឡើង​ដើម្បី​ខ្លួន​ខ្ញុំ និង​ដើម្បី​ការ​ជឿជាក់​របស់​ខ្ញុំ​លើ​ការ​តវ៉ា​ខាង​ស៊ីវិល​នោះ? ខ្ញុំ​គិត​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ដែល​ពួក​យោធា​កាន់​អំណាច។ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​ដូចជា​ពួក​យើង​គួរតែ​មាន​អំណាច​នៅ​ក្នុង​ដៃ។ វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ដែល​ពួក​យើង​ដែល​ជា​ពលរដ្ឋ​ត្រូវ​គេ​ចាប់​ខ្លួន ដោយសារតែ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​នោះ។ តើ​យើង​ពិតជា​គិត​ថា រឿង​នេះ​គួរតែ​ចាត់ទុក​ថា​ជា​រឿង​ធម្មតា​សម្រាប់​សង្គម​រស់នៅ​មែន​ទេ?‍»។

រដ្ឋាភិបាល​យោធា​ថៃ​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក Siraphop ៧ ដង​រួច​មក​ហើយ មុន​ពេល​យល់ព្រម​តាម​នៅ​ទី​បំផុត គឺ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​ក្រុម​ការងារ​ទទួល​បន្ទុក​ការ​ឃុំ​ខ្លួន​ខុស​ច្បាប់​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​អត្ថបទ​បញ្ចេញ​មតិ​មួយ​រិះគន់​អំពី​ការ​ចាប់​ខ្លួន និង​ការ​កាត់ទោស​លោក​នៅ​ក្នុង​តុលាការ​យោធា​ដែល​មិន​បើក​ចំហ​ជា​សាធារណៈ​នេះ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ជា​បន្ទាន់។

លោក Siraphop បាន​បញ្ជាក់​ថា ការ​ដោះលែង​រូប​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​គឺ​ដោយសារតែ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នេះ ប៉ុន្តែ​លោក​ថា នៅ​មិន​ទាន់​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ឡើយ។ លោក​ជឿ​ថា ពេល​វេលា​នៃ​ការ​ចេញ​ផ្សាយ​អត្ថបទ​បញ្ចេញ​មតិ​របស់​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​នេះ​គឺ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​រូប​លោក។

រដ្ឋាភិបាល​ស៊ីវិល​ដែល​មាន​ទំនោរ​ទៅ​រក​ពួក​យោធា​ទើបតែ​បាន​ឡើង​កាន់​អំណាច​បន្ត​ពី​រដ្ឋាភិបាល​យោធា បន្ទាប់ពី​មាន​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​រិះគន់​កាល​ពី​ខែ​មិនា​មក ហើយ​រដ្ឋាភិបាល​ថ្មី​នេះ​ចង់​បង្ហាញ​ដល់​ពិភពលោក​ឲ្យ​បាន​ឃើញ​ថា ប្រទេស​ថៃ​វិល​ត្រឡប់​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

លោក Siraphop និង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​ការ​បោះ​ឆ្នោត ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ បាន​ឡើង​កាន់​តំណែង​កំពូលៗ​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី។ រដ្ឋធម្មនុញ្ញ​ដែល​រដ្ឋាភិបាល​យោធា​បាន​តាក់តែង និង​អនុម័ត រួម​ទាំង​បទ​បញ្ជា​សន្តិសុខ​មួយ​ចំនួន​ដែល​ខ្លួន​បាន​ចេញ នៅតែ​ដាក់​ឲ្យ​ប្រើប្រាស់​ដដែល។

សកម្មភាព​របស់​ក្រុម​មនុស្ស​ប្រដាប់​អាវុធ និង​ពាក់​គ្រប​មុខ ដែល​បំពាន​លើ​រូប​រាង​កាយ​របស់​ក្រុម​អ្នក​រិះគន់​ពួក​យោធា​មិន​សំចៃ​មាត់ ក៏​ត្រូវ​បាន​គេ​ឃើញ​ថា​មាន​ការ​កើន​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ផង​ដែរ។ អ្នក​ប្រឆាំង​រដ្ឋាភិបាល​ដែល​ជ្រក​កោន​នៅ​ប្រទេស​ជិត​ខាង​បាន​បាត់​ខ្លួន ឬ​ក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ ហើយ​សមាជិក​សភា​ខាង​គណបក្ស​ប្រឆាំង​បាន​រង​ការ​វាយ​ប្រហារ​ផ្នែក​ផ្លូវ​ច្បាប់​ឥត​ស្រាកស្រាន្ត។

ការ​ដោះលែង​លោក Siraphop ឲ្យ​នៅ​ក្រៅ​ឃុំ គឺ​ជា «ដំណឹង​ល្អ​មួយ​នៅ​ចំ​ពេល​ដែល​មាន​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​មិន​បាន​ប្ដូរ​វិធីសាស្ត្រ​របស់​ខ្លួន‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Katherine Gerson អ្នក​ធ្វើ​យុទ្ធនាការ​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ថៃ​នៃ​អង្គការ Amnesty International។

មេធាវី​សិទ្ធិ​មនុស្ស​ថៃ​នានា​និយាយ​ថា ក្នុង​ពេល​កាន់​អំណាច​រយៈពេល ៥ ឆ្នាំ របស់​រដ្ឋាភិបាល​យោធា​ថៃ មនុស្ស ១៦៩ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ មនុស្ស ១៤៤ នាក់ ពី​បទ​ឧក្រិដ្ឋកម្ម​តាម​កុំព្យូទ័រ​សម្រាប់​ការ​បញ្ចេញ​មតិ​នយោបាយ ហើយ​មនុស្ស ១២១ នាក់ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ។

ទោះបីជា​អ្នក​រង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ត្រូវ​បាន​ដោះលែង ឬ​ក៏​មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក៏​ដោយ ក៏​គេ​ឃើញ​ថា អ្នក​ទោស​នយោបាយ​ប្រហែល ២០ នាក់ នៅតែ​ជាប់​ឃុំ​ឃាំង​ដដែល។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ iLaw ដែល​ជា​អង្គការ​ការពារ​សិទ្ធិ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។ អ្នក​ទាំង​អស់​នោះ លើកលែង​តែ​ម្នាក់​ចេញ​ប៉ុណ្ណោះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ។

អ្នកស្រី Gerson បញ្ជាក់​ដូច្នេះ​ថា៖ «មាន​កិច្ចការ​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​ធ្វើ​ដើម្បី​កែប្រែ​កេរ្តិ៍​ដំណែល​នៃ​ការ​ហាម​ឃាត់​ហួសហេតុ​នៅ​ក្នុង​ដំណាក់កាល​រដ្ឋប្រហារ​ផង និង​ដើម្បី​មើល​លើ​ប្រព័ន្ធ​ច្បាប់​មុន​ពេល​រដ្ឋ​ប្រហារ ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បំបិទ​មាត់​អ្នក​ប្រឆាំង​ផង»។

នៅ​ពេល​នេះ លោក Siraphop ដែល​ជា​បុរស​ពោះម៉ាយ​កូន ៣ ផ្ដោត​លើ​ការ​តស៊ូ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក និង​លើ​ការ​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​វិល​មក​រក​សភាព​ដើម​វិញ។

ក្រសួង​យុត្តិធម៌​កំពុង​ដំណើរការ​ផ្ទេរ​សំណុំ​រឿង​របស់​លោក​ទៅ​កាន់​តុលាការ​ស៊ីវិល ប៉ុន្តែ​ការ​ចាប់​ខ្លួន​លោក​នេះ​បាន​បំផ្លាញ​អាជីវកម្ម​រចនា​ផ្ទះ​សម្បែង​របស់​លោក ហើយ​គណនី​ធនាគារ​របស់​លោក​នៅតែ​ត្រូវ​គេ​បង្កក​ដដែល។ កូន​ទី​ពីរ និង​កូន​ទី​បី​របស់​លោក​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន ដោយ​ម្នាក់​ទៅ​ធ្វើ​ការ ហើយ​ម្នាក់​ទៀត​ទៅ​រៀន​ខាង​ផ្នែក​វិជ្ជាជីវៈ។

លោក Siraphop និយាយ​ថា ឥឡូវ​នេះ​លោក​ត្រូវ​បាន​ប៉ូលិស​ស្លៀក​ពាក់​ស៊ីវិល​តាមដាន​រូប​លោក​គ្រប់​ពេល​វេលា​ទាំង​អស់ ប៉ុន្តែ​លោក​នៅតែ​បញ្ចេញ​មតិ​របស់​លោក​អំពី​ស្ថានភាព​នយោបាយ​ថៃ​នៅ​លើ​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត។

ក្រោយ​ពី​បាន​ទ្រាំទ្រ​ជាមួយ​នឹង​ការ​ជាប់​ឃុំ​រយៈពេល​យូរ​នៅ​ក្នុង​ពន្ធនាគារ​មក លោក​អាច​ស៊ូ​ទ្រាំ​ជាមួយ​នឹង​ការណ៍​ដែល​អាច​ត្រូវ​គេ​ដាក់​ឃុំ​ម្ដង​ទៀត​បាន។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ខ្វល់​នោះ​ទេ បើ​ពួកគេ​មក​ចាប់​ខ្លួន​ខ្ញុំ​ម្ដង​ទៀត​នោះ។ ខ្ញុំ​មិន​ខ្លាច​ទៀត​ទេ។ ខ្ញុំ​មិន​មែន​ប្រយុទ្ធ​តស៊ូ​ដើម្បី​ឈ្នះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រយុទ្ធ​តស៊ូ​ដើម្បី​ជីវិត​ដ៏​ប្រសើរ​សម្រាប់​កូនៗ​របស់​ខ្ញុំ‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG