ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីផ្សារ​ហិរញ្ញវត្ថុ​ថៃ​ប្រែប្រួល​លឿន​ខណៈ​មាន​កង្វល់​អំពី​សុខភាព​របស់​ព្រះ​មហាក្សត្រ


អ្នក​បួង​សួង​ឲ្យ​សុខភាព​ព្រះ​មហាក្សត្រ​​ថៃ​ប្រសើរ​ឡើង​វិញ កំពុង​កាន់​រូប​ព្រះ​មហាក្សត្រ​នៅ​ឯ​មន្ទីរ​ពេទ្យ​ Siriraj នៅ​ក្នុង​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។
អ្នក​បួង​សួង​ឲ្យ​សុខភាព​ព្រះ​មហាក្សត្រ​​ថៃ​ប្រសើរ​ឡើង​វិញ កំពុង​កាន់​រូប​ព្រះ​មហាក្សត្រ​នៅ​ឯ​មន្ទីរ​ពេទ្យ​ Siriraj នៅ​ក្នុង​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។

ភាពមិន​ប្រាកដ​ប្រជា​អំពី​ព្រះរាជ​សុខភាព​ព្រះ​មហា​ក្សត្រ​ថៃ​ភូមិបុល (Bhumipol Adulyadej) ដែល​ជា​ព្រះ​រាជា​មាន​គេ​គោរព​ច្រើន​នៃ​ប្រទេស​ថៃ បាន​នាំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​មិនល្អ​ដល់​ផ្សារ​ហិរញ្ញវត្ថុ​ និង​ការទុក​ចិត្ត​របស់​ពួក​អ្នក​បណ្តាក់​ទុន​ ដោយ​ពួក​អ្នក​ធ្វើវិភាគ​និយាយ​ថា​ កង្វល់​ទាំង​នេះ​បាន​បន្ថែម​លើ​បញ្ហា​មួយ​ចំនួន​ដែល​មាន​ផល​ទៅ​លើ​ទស្សនៈវិស័យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ថៃ។

សន្ទស្សន៍​វិនិយោគ​សំខាន់​មួយ​គឺ ​Thai share index ​នៅ​តែ​មិន​នឹង​ន ដោយ​ឡើង​ថ្លៃ​នៅ​ពេល​ជួញ​ដូរ​ដំបូង​ ក៏​ប៉ុន្តែ​បាន​ចុះ​ថ្លៃ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​បិទ​ការ​លក់ដូរ​ហ៊ុន​ក្រោយ​ពីបាន​ចុះ​ថ្លៃ​កាល​ពី​មួយ​ថ្ងៃ​មុន​នោះ។

ប្រាក់​បាត​របស់ថៃ​ក៏​ខ្សោយ​នៅ​ក្នុង​ផ្សារ​ដូរ​រូបិយ​បណ្ណ​បរទេស ​នៅ​ក្រោយការិយាល័យ​ព្រះ​រាជវាំង​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ បំពង់​បញ្ចូល​ខ្យល់​ក្នុង​សួត​បាន​ត្រូវ​ប្រើ​ប្រាស់​នៅ​ពេល​ដែល​សម្ពាធ​ព្រះ​លោហិត​របស់​ព្រះ​មហា​ក្សត្រ​បាន​ចុះ​ខ្សោយ​ នៅ​ក្រោយ​មាន​ចំណាត់​ការ​ប្រុង​ប្រៀប​សម្រាប់​វិធី​ច្រោះ​ព្រះលោហិត ​និង​ប្តូរ​បំពង់​មួយ​ដើម្បី​បូម​យក​វត្ថុរាវ​ចេញ​ពី​ឆ្អឹង​ទ្រនង់​ខ្នង​ព្រះអង្គ។​

កង្វល់​ដែល​តែ​មាន​អំពី​ព្រះរាជ​សុខភាព​របស់​ព្រះមហា​ក្សត្រ​ថៃ​អង្គ​នេះ​ដែល​មាន​ព្រះជន្ម​៨៨​ព្រះវស្សា​ បាន​បង្កើន​ភាព​មិន​ប្រាកដ​ប្រជា​អំពី​សេដ្ឋកិច្ច​ប្រទេស​នេះ​ ដោយ​សារ​ប្រទេស​ថៃ​ប្រឈម​នឹង​ការ​ស្នង​រាជ្យ។ ព្រះ​រជ្ជទាយាទ​គឺ​ព្រះ​អង្គម្ចាស់ ​Maha Vajralongkorn ​ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះ​មហា​ក្សត្រ​ជា​អ្នក​ស្នង​រាជ្យ​បន្ត​ពី​ព្រះអង្គ។ ក៏​ប៉ុន្តែ​ពួក​អ្នក​វិភាគ​បានថ្លែង​ថា​ ព្រះរជ្ជទាយាទ​គ្មាន​អំណាច​ខាង​សីលធម៌​ដូច​ព្រះបិតា​ព្រះអង្គ​ដែល​ទ្រង់​បាន​ប្រតិបត្តិ​ក្នុង​រយៈពេល​ជាង​៧០​ឆ្នាំ​ដែល​ព្រះអង្គ​សោយ​រាជ​សម្បត្តិ​នោះ​ទេ។

ពួក​អ្នក​ធ្វើវិភាគ​នៃ​អង្គការ ​Capital Economics ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបូរី​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា​ ការ​ខ្វល់​ខ្វាយ​អំពី​ព្រះរាជ​សុខភាព​ព្រះ​មហា​ក្សត្រ​ «ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​មួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស»។ពួក​អ្នក​ធ្វើវិភាគ​ទាំង​នេះ​បាន​និយាយ​ថា​ ព្រះរាជសុខភាព​មិន​ល្អ​របស់​ព្រះ​មហាក្សត្រ​បាន​បន្ថែម​ភាព​មិន​ប្រាកដ​ប្រជា​មួយ​ជាន់​ទៀត​ទៅ​លើ​ស្ថានភាព​ដែល​មិន​អាចទស្សន៍​ទាយ​បាន​រួច​ស្រេច​ហើយ​នោះ»៕

XS
SM
MD
LG