ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ជោគ​ជ័យ​នៃ​កិច្ច​ចរចា​សន្តិភាព​នៅ​ថៃ​កំពុង​ស្ថិត​ក្នុង​ចម្ងល់​ក្រោយមាន​ការ​វាយប្រហារ​ជា​ច្រើន


សមត្ថកិច្ច​ថៃ​ត្រួត​ពិនិត្យ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ Pattani ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី២៤ ខែសីហា។
សមត្ថកិច្ច​ថៃ​ត្រួត​ពិនិត្យ​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ Pattani ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី២៤ ខែសីហា។

ភាព​ជោគ​ជ័យ​នៃ​កិច្ច​ចរចា​សន្តិភាព​ក្នុង​ពេល​ខាង​មុខ​នេះ​រវាង​រដ្ឋាភិបាល​ថៃ ​និង​ពួក​បះបោរ​ក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស ​នៅ​តែ​ស្ថិត​ក្នុង​ភាព​មន្ទិល​សង្ស័យ​នៅ​ឡើយ​ នៅ​ក្រោយ​មានការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​គេបន្ទោស​ពួក​បះបោរ​ថា​ជា​អ្នក​ធ្វើការ​វាយ​ប្រហារ​ទាំង​នេះ។

ឡាន​ពេទ្យ​មួយ​គ្រឿង​ដែល​បាន​ត្រូវ​លួច​មាន​ផ្ទុក​គ្រឿង​ផ្ទុះ​៨០គ.ក្រ.​ បាន​ត្រូវ​បំផ្ទុះ​នៅ​ឯកន្លែង​ចូល​ទៅ​ក្នុង​សណ្ឋាគារ ​Southern View ​នៅ​ក្នុង​ទី​រួម​ខេត្ត Pattani​ នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ​នៃ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​បាន​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​អាយុ៣៥​ឆ្នាំ​ស្លាប់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​៤០​នាក់​ទៀត​ត្រូវ​របួស។ ជន​រងគ្រោះ​ទី​ពីរ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​សារ​មុខ​របួស​បណ្តាល​មក​ពី​ការ​ផ្ទុះ​នោះ។​

ការ​វាយ​ប្រហារ​ដែល​គេ​សង្ស័យធ្វើ​ឡើង​ដោយ​ពួក​ជន​បះបោរ​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​នោះ​ មាន​ឡើង​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​និង​ការ​លប​លួច​ដុត​អាគារ​មួយ​ចំនួន​នៅ​ក្នុង​កន្លែង​សម្រាក​កាយ​តាម​ឆ្នេរ​ខ្សាច់​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប៉ែក​កណ្តាល​នៃ​តំបន់​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​៤នាក់​ស្លាប់​ និង​ជាង​៣០នាក់​ទៀត​ត្រូវ​របួស។

ក៏​ប៉ុន្តែ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​១២ខែ​សីហា​ដោយ​មាន​រួម​បញ្ចូល​ការ​វាយ​ប្រហារ​មួយ​នៅ​ក្នុង​ក្រុង​ Hua Hin​ ដែល​ជា​ក្រុង​នៅ​ជាប់​ឆ្នេរ​សមុទ្រ​នៅ​ចម្ងាយ​២០០គ.ម.​ខាង​ត្បូង​ក្រុង​បាងកក​ បាន​បង្កើន​កង្វល់​អំពី​ការ​ប្តូរ​កលយុទ្ធ​របស់​ពួក​បះបោរ​ក្នុង​ការវាយ​ប្រហារ​នៅ​ខាង​ក្រៅ​ខេត្ត​ជាប់​ព្រំដែន​នា​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

រដ្ឋាភិបាល​ថៃ​បាន​អះអាង​អំពី​ជោគជ័យ​ខ្លះៗ​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ហិង្សា​ដោយសារ​ការ​បះបោរ​នៅ​ក្នុង​ខេត្ត Yala ខេត្ត​ Narathiwat ខេត្ត​ Pattani និង​ខេត្ត Songkhla​ ដែល​នៅ​ជាប់​ព្រំដែន​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។

ក៏​ប៉ុន្តែ​ លោក ​Pakorn Preeyakorn ​សមាជិក​ខាង​ចាត់​ចែង​កិច្ចការ​ប្រតិបត្តិនៃ​មជ្ឈមណ្ឌល​ Islam នៃ​ប្រទេស​ថៃ​បាន​និយាយ​ថា​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្កើត​ឱ្យ​មាន​ភាព​មិន​ច្បាស់​លាស់​ថ្មីៗ​ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​អំពី​ការ​ជឿន​លឿន​ក្នុង​កិច្ច​ចរចា​សន្តិភាព។

លោក ​Pakorn​ បាន​និយាយ​ថា ​រហូត​ដល់​ពេល​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​១២​ខែ​សីហា​ វា​ហាក់​ដូច​ជា​ពួក​បះបោរ​ភាគ​ច្រើន​ចង់អង្គុយ​ធ្វើការ​ចរចា។លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​យល់​ទេ​អំពី​ចលនា​នៃ​អំពើ​ហិង្សា​នេះ​។​សម​ដូច​រដ្ឋាភិបាល​និយាយ​ថា​ នេះ​ជា​ស្ថានការណ៍​ថ្មី​មួយ មិន​មែន​ដូច​ពី​ពេល​មុន​ទេ»។

កិច្ច​ចរចា​សន្តិភាព​រវាង​ពួក​មន្ត្រី​និង​ពួក​អ្នក​តំណាង​នៃ​ក្រុម​ទាមទារ​បំបែក​រដ្ឋ Mara Pattani ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​ថៃ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២​ខែ​កញ្ញា​ ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG