ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ថៃ​ស្វែងរក​អ្នកដាក់​គ្រាប់​បែក​បន្ទាប់​ពីការ​វាយ​ប្រហារ​សម្លាប់​មនុស្ស​៤​នាក់


រូបភាព​កាត់​យក​ពី​វីដេអូ​ ដែល​បង្ហាញ​ពី​ក្រុម​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​កន្លែងរង​ការ​​វាយ​ប្រហារ​ដោយ​គ្រាប់​បែក នៅ​ទីក្រុង Hua Hin ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​១១ ខែ​សីហា។

ក្រុម​មន្រ្តី​ថៃ​កំពុង​ស្វែងរក​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​តូចៗ​ចំ​នួន​១១គ្រាប់ ​ដែល​បាន​សម្លាប់​មនុស្ស​៤​នាក់​ ​និងធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ទីក្រុង​ទេសចរណ៍សំខាន់ៗ​ជា​ច្រើន​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​និង​ព្រឹក​ថ្ងៃសុក្រ។

ប៉ូលិស​ថៃ​បាន​និយាយ​ថា ​ពួក​គេ​មិន​បាន​សង្ស័យ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​អន្តរជាតិណា​មួយ​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទាំង​នោះ​ទេ ​តែ​ផ្ទុយ​ទៅ​វិញ ​បាន​ហៅ​ការ​វាយ​ប្រហារ​ទាំងនោះ​ថា​ជា​សកម្មភាព​បំផ្លាញ​ ​ដែល​ទំនង​ជា​ធ្វើ​ឡើង​ដោយ​ក្រុម​ក្នុង​មូលដ្ឋាន​ដែល​មាន​របៀប​វារៈនយោបាយ។​ មន្រ្តី​ខ្លះ​បាន​ស្តី​បន្ទោស​សមាស​ធាតុ​ពួក​បះបោរ​ឥស្លាម​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រ​ទេសថៃ ​ក៏ប៉ុន្តែ ​គ្មាន​ក្រុម​ណា​មួយ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ទេ។

ការផ្ទុះ​គ្រាប់​បែក ​បាន​កើត​មាន​ឡើង​នៅ​ខួប​លើក​ទី​៨៤​ឆ្នាំ​របស់​មហាក្សត្រ​យានី ​Sirikit នៃ​ប្រទេស​ថៃ ​ជា​ថ្ងៃ​បុណ្យ​សម្រាក​ជាតិ ​ហើយ​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​ទាំង​នោះ ​បាន​កើត​មាន​ឡើង​នៅកន្លែង​លំហែកាយ​ឆ្នេរសមុទ្រក្រុង ​Hua Hin ​ដែល​នៅ​ទី​នោះ​ព្រះ​មហាក្សត្រ​ និង​មហាក្សត្រយានី ​មាន​ព្រះ​រាជវាំង។ ក្រុម​ប្រឹក្សា​យោ​ធា​ថៃ​ដែល​បាន​ដឹកនាំ​ប្រទេស​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ឆ្នាំ​២០១៤​មក មើល​ឃើញ​ខ្លួន​ថា​ជា​អ្នក​ការពារ​រាជាធិបតេយ្យ។

ក្រុម​ប្រឹក្សា​យោ​ធា ​បាន​បង្ក្រាប​សកម្មជន​និស្សិត​ និង​គណបក្ស​ប្រឆាំង​ដែល​បាន​រិះគន់​ជា​សាធារណៈ​ដល់​ពួកឧត្ត​ម​សេនីយ៍​យោ​ធា​ចំពោះ​ការ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ។​ ចាប់​តាំង​ពីការ​ឡើង​កាន់​អំណាច ​ក្រុម​ប្រឹក្សា​យោធា ​បាន​ស្ថិត​នៅ​ក្រោមការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំពោះ​ការ​ហាម​ឃាត់​មិន​ឲ្យ​តវ៉ា​ប្រឆាំង​សាធារណៈ ​ការ​ចាប់​ខ្លួន​សកម្មជននយោបាយ​ឲ្យ​ចូលការ​អប់​រំ​សាជាថ្មី​នៅ​ជំរំ​ដែល​រៀប​ចំ​ចាត់​ចែង​ដោយ​ពួក​យោធា ​ហើយ​បាន​រឹត​បន្តឹង​ត្រួត​ត្រា​បណ្តាញ​ផ្សាយ​ព័ត៌មាន។

កាល​ពី​សប្តាហ៍​មុន សេចក្តី​ព្រាងធម្មនុញ្ញ​ថ្មី​របស់​រដ្ឋាភិបាល​យោ​ធា ​បាន​ទទួល​ការ​យល់​ព្រម​ពី​អ្នក​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជា​មតិ​ទូទាំង​ប្រទេស។​ ពួក​អ្នក​រិះ​គន់​បាន​រិះ​គន់​ការ​បោះឆ្នោត​នោះ​ថា ​គ្មាន​ភាព​ត្រឹមត្រូវ​ពី​ព្រោះ​តែ​ពួក​យោ​ធា ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​យុទ្ធនាការ​សាធារណៈ​អំពី​បញ្ហា​នេះ​មុនពេល​បោះឆ្នោត៕

XS
SM
MD
LG