ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ទីបំផុត​របប​យោធា​នៅ​ប្រទេស​ថៃ​បាន​កំណត់​ថ្ងៃ​បោះឆ្នោត


រូបឯកសារ៖ ពលរដ្ឋ​និង​ព្រះសង្ឃថៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រៀង​រដ្ឋ​ធម្មនុញ្ញ​ដែល​​គាំទ្រ​ដោយ​ពួក​យោធា និង​ដើម្បី​រំឭក​ខួប​​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០១៤។
រូបឯកសារ៖ ពលរដ្ឋ​និង​ព្រះសង្ឃថៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រៀង​រដ្ឋ​ធម្មនុញ្ញ​ដែល​​គាំទ្រ​ដោយ​ពួក​យោធា និង​ដើម្បី​រំឭក​ខួប​​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០១៤។

ជិត​៥ឆ្នាំ​បន្ទាប់​ពី​យោធា​ថៃ​ចូល​កាន់​អំណាច​តាម​រយៈ​រដ្ឋប្រហារ​ជា​ថ្មី​ទៀត​នោះ​ នៅ​ទីបំផុត​ប្រទេស​ថៃ​បាន​ប្រកាស​កាល​បរិច្ឆេទ​បោះឆ្នោត​ជាផ្លូវ​ការ។ ​ការ​សម្រេច​នេះ​កើត​មានឡើង​បន្ទាប់ពី​មាន​ការ​តវ៉ា​ប្រឆាំង​ការគ្រប់​គ្រង​ដ៏​តឹងរ៉ឹង​របស់​កងទ័ព។

ការ​លើកម្រាម​ដៃ​បី​ ​ជា​សញ្ញា​ប្រឆាំង​ដែល​ត្រូវហាមក្នុងរបប​យោធា​ថៃអាច​ឱ្យ​អ្នក​ជាប់​ក្នុងគុក​យោធា​ពី​ព្រោះ​យោធា​ថៃ​ហៅ​សញ្ញា​នេះ​ថា​«ការ​កែ​តម្រូវ​អាកប្បកិរិយា»។​

ថ្វីបើ​ប៉ូលិស​ពិនិត្យ​មើល​ក្រុម​អ្នក​តវ៉ា​ក៏​ដោយ ​ក៏​ពួក​គេហាក់​ដូចជា​មិន​ខ្វល់​ដោយសារពួក​គេ​ស៊ូ​ទ្រាំ​រង់​ចាំ​ការ​បោះឆ្នោត​ជិត​ប្រាំឆ្នាំ​មក​ហើយ​បន្ទាប់​ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្តើម​អំណាច។​

នៅ​ថ្ងៃពុធ ​ការ​អំពាវនាវ​របស់​ពួក​គេ​ត្រូវ​បាន​ឆ្លើយ​តប​នៅ​ពេល​ដែល​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ថៃ​ប្រកាស​ថា​ ការ​ទន្ទឹង​រង់ចាំ​ដ៏​យូរ​នេះ​បាន​ដល់​ទីបញ្ចប់​ហើយ។

លោក ​Ittiporn Boonpracong ​ប្រធាន​គណៈ​កម្មាធិការ​បោះឆ្នោត​ថៃ​និយាយ​ថា៖​ «កាល​បរិច្ឆេទ​នៃការ​បោះឆ្នោត​កំណត់​ជាផ្លូវ​ការ​នៅ​ថ្ងៃ​អាទិត្យ​ទី២៤​ខែ​មីនា។ ​នោះ​គឺជា​ថ្ងៃ​ដែល​ពលរដ្ឋ​មាន​ពេល​គ្រប់​គ្រាន់​ហើយ​គួរ​ជា​ថ្ងៃល្អ​សម្រាប់​គ្រប់​គ្នា។​ នេះ​ជា​ហេតុផល​សំខាន់​ដែល​យើង​សម្រេច​យក​ថ្ងៃ​នោះ»។ ​

រហូត​មក​ដល់​ពេលថ្មីៗ​នេះ ​សកម្មភាព​នយោបាយ​ដូច​នេះ​ត្រូវ​បាន​ហាម​ឃាត់​ទាំង​ស្រុង​ដោយ​នាយករដ្ឋ​មន្រ្តី ​Prayut Chan-o-cha។​

មនុស្ស​ជា​ច្រើន​ដែល​ហ៊ាន​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​លោកបាន​ជាប់​គុក​ តែ​សកម្មជន​ហាក់​ដូច​ជា​ចាប់​ផ្តើម​លែង​ញញើត​ហើយ។ ​លោក ​Prayut ​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ភឿ​ថៃរបស់​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា ​ប្អូនស្រី​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា ​ដែល​ត្រូវ​បាន​យោធា​បណ្តេញ​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។

គណបក្ស​ដែល​មាន​ទំនាក់​ទំនង​នឹង​ត្រកូល​ថាក់ស៊ីន​បាន​ឈ្នះ​រាល់​ការបោះ​ឆ្នោត​តាំង​ពីឆ្នាំ​២០១១​ ប៉ុន្តែ​យោធា​ថៃ​បានផ្តល់​យុត្តិកម្ម​ដល់​អន្តរាគមន៍​បែប​អត្តាធិបតេយ្យ​របស់​ខ្លួន​ដោយ​សំអាង​ថា​ ដើម្បី​ស្តារ​ស្ថិរភាព​ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​ដោយ​ហិង្សា​និង​ដើម្បីបង្ក្រាប​អំពើ​ពុករលួយ។

អន្តរាគមន៍​នេះ​បង្ក​កំហឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ចំណោមអ្នកគាំទ្រ​ត្រកូល​ថាក់ស៊ីន​ដែល​បាន​បង្ហាញ​ការខក​ចិត្ត​ នៅ​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​បែប​នេះ​ដើម្បី​ប្រឆាំង​ការ​ពន្យារ​ពេល​បោះ​ឆ្នោត​ម្តង​ហើយ​ម្តង​ទៀត។​

គូ​ប្រជែង​របស់​គេ​គឺ​ក្រុម​រាជានិយមមាន​ទស្សនៈ​ខុស​ពី​ពួក​គេ។​

នៅ​ខាង​ក្រៅកន្លែង​ប្រកាស​របស់​គណៈ​កម្មាធិការ​បោះឆ្នោត​ ពួក​រាជានិយមបាន​ធ្វើ​ការ​តវ៉ា​ដែល​មាន​គ្នា​តិចប្រឆាំង​កាល​បរិច្ឆេទ​បោះឆ្នោត ​ដោយ​សំអាង​ថា ​វា​កៀក​ថ្ងៃ​ព្រះ​មហាក្សត្រ​ Maha Vajiralongkorn ​ឡើង​គ្រងរាជ្យ​សម្បត្តិ​នៅ​ខែ​ឧសភា។ ភាគី​ទាំង​សង​ខាង​ជាប់​ផុង​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ច្រើន​ទសវត្សរ៍​មក​ហើយ​នៅក្នុង​ប្រទេស​មួយ​ដែល​មាន​ការ​ព្យាយាម​ធ្វើរដ្ឋ​ប្រហារ​ចំនួន​១៩​លើក​ដែល​មាន​១២​លើក​ជា​រដ្ឋប្រហារ​បាន​សម្រេចចាប់​តាំង​ពី​មាន​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ​ចាប់​ផ្តើម​នៅ​ឆ្នាំ​១៩៣២។​

កម្លាំង​ថ្មីមួយ​គឺ​គណបក្ស Future Forward ​បាន​លេច​រូបរាង​ដោយ​សង្ឃឹម​ថា​ នឹង​បញ្ចប់​រឿង​ដដែលៗ​នេះ។ ​ទោះ​ជា​យ៉ាង​ណា​ ពួក​គេ​នៅ​មិន​ច្បាស់​ថា​ ​តើ​នៅ​យូរ​ប៉ុន្មាន​ទៀត ទើប​មាន​ប្រជា​ធិបតេយ្យ​យូរ​អង្វែង។​

មេដឹកនាំ​របស់​ពួក​គេ​គឺ​មហា​សេដ្ឋី​វ័យ​៤០​ឆ្នាំ​ឈ្មោះ ​Thanathorn Juangroongruangkit ​និយាយ​ថា ​ការ​បោះ​ឆ្នោត​បាន​រងការ​បះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ទើប​តែ​ចាប់​ផ្តើម​ធ្វើ​កំណែ​ទម្រង់​ពិត​ប្រាកដ​ជំហាន​ដំបូង។

លោក ​Thanathorn ​មេដឹកនាំ​គណបក្ស ​Future Forward ​និយាយ​ថា៖​ «ដូច្នេះ បើអ្នក​ចង់​កែ​តម្រូវ​អ្វី​ដែល​ខុស​ក្នុង​ទសវត្សរ៍​កន្លង​មក​ មធ្យោបាយ​បាយ​តែ​មួយ​គត់​ដែល​អ្នក​អាច​ធ្វើ​បាន​គឺដោះ​ស្រាយ​ឫស​គល់​នៃ​បញ្ហា​នេះ ​មាន​ន័យ​ថា ​អ្នក​ត្រូវ​តែ​ដោះ​ស្រាយ​រចនា​សម្ព័ន្ធ​ទាំង​នេះ ​ជាមួយ​ក្រុម​មនុស្ស​ទាំង​នេះ។ ​ខ្ញុំ​មិន​ធ្លាប់​ឃើញ​អ្នក​នយោបាយ​ណា​ម្នាក់​ព្យាយាម​ធ្វើ​ដូច្នេះ​ទេ​ពីមុន​មក»។

គណបក្ស​ឈ្នះ​ការ​បោះ​ឆ្នោត​ខែ​មីនា​ នឹង​ត្រូវ​ជាប់​កាតព្វ​កិច្ច​ធ្វើ​ផែន​ការ​អភិវឌ្ឍន៍​២០​ឆ្នាំ​រៀបចំ​ដោយ​របប​យោធា​ដែល​ចែង​ជា​ច្បាប់។ ផែនការ​នេះ​មាន​តាំង​ពី​សន្តិសុខ​ជាតិ​រហូត​ដល់​សមភាព​សង្គម។​

ព្រឹទ្ធ​សភា​ដែល​មាន​២៥០​អាសនៈ​ក៏​នឹង​ត្រូវ​បាន​តែង​តាំង​ដោយ​ផ្ទាល់​ដោយ​ពួក​យោធា​ដែល​នៅតែ​បន្ត​គំរាម​ប្រើ​ប្រាស់​អំណាច​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ប្រឆាំង​នឹង​គូ​ប្រជែង​នយោបាយ។ ​នេះ​ជាអ្វី​ដែល​របប​យោធា​បាន​ប្រិត​ប្រៀង​សម្រាប់​ការ​បោះ​ឆ្នោត​ហើយ​សកម្មជន​មាន​ជម្រើស​តិច​តួច​ណាស់​គឺមាន​តែ​ទទួល​យក​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយពិន ស៊ីសុវណ្ណ

XS
SM
MD
LG