ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ


លោកស្រី​ Yingluck Shinawatra ចាកចេញ​ពី​ស្ថានីយ​បោះឆ្នោត​មួយ​ បន្ទាប់​ពី​គូស​សន្លឹក​ឆ្នោត​របស់​លោកស្រី​ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤។
លោកស្រី​ Yingluck Shinawatra ចាកចេញ​ពី​ស្ថានីយ​បោះឆ្នោត​មួយ​ បន្ទាប់​ពី​គូស​សន្លឹក​ឆ្នោត​របស់​លោកស្រី​ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤។

បន្ទាប់ពី​ប្រទេស​ថៃ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​យោធា​អស់​រយៈពេល​ជាង ៤ ឆ្នាំ កន្លង​មក ប្រទេស​នេះ​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ដើម​ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​របស់​ប្រទេស​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៩។ ការ​ប្រកាស​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ការ​ប្រកាស​របស់​រដ្ឋាភិបាល​យោធា​ដែល​ថា ខ្លួន​បាន​ដក​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​យុទ្ធនាការ​នយោបាយ​ចេញ។

រដ្ឋាភិបាល​យោធា​ថៃ​បាន​បន្ធូរ​បន្ថយ​បម្រាម​នេះ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​ខ្លួន​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​នយោបាយ​នានា​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ។

ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​គ្រប់គ្រង​រដ្ឋាភិបាល​ថៃ​នៅ​ឆ្នាំ ២០១៤ បន្ទាប់ពី​មាន​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ហិង្សា​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក រវាង​អ្នក​គាំទ្រ​ពួក​យោធា និង​ស្ថាប័ន​ព្រះមហាក្សត្រ​នៅ​ទីក្រុង​បាងកក ជាមួយ​នឹង​អ្នក​គាំទ្រ​លោក Thaksin Shinawatra និង​ប្អូន​ស្រី​របស់​លោក​គឺ​អ្នកស្រី Yingluck Sinawatra។

លោក Thaksin និង​អ្នកស្រី Yingluck ធ្លាប់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ​នៅ​អាណត្តិ​ផ្សេង​គ្នា​រវាង​ឆ្នាំ ២០០១ និង​ឆ្នាំ ២០១៤។

ទាំង​រដ្ឋាភិបាល​របស់​លោក Thaksin និង​ទាំង​រដ្ឋាភិបាល​របស់​អ្នកស្រី Yingluck សុទ្ធតែ​ត្រូវ​បាន​ពួក​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់ ហើយ​អ្នក​ទាំង​ពីរ ឥឡូវ​នេះ​កំពុង​រស់នៅ​និរទេស​ឯ​បរទេស ដើម្បី​គេច​ពី​ទោស​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ពុករលួយ៕

XS
SM
MD
LG