ជិតប្រាំឆ្នាំក្រោយរដ្ឋប្រហារយោធា ប្រទេសថៃនៅទីបញ្ចប់បានប្រកាសថានឹងមានការបោះឆ្នោតនៅចុងខែមិនា។
ប្រធានគណកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ លោក Ittiporn Boonpracong បានថ្លែងនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធថា ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី២៤ខែមិនា។
ពលរដ្ឋថៃមានការមួរម៉ៅ នៅពេលដែលរដ្ឋាភិបាលថៃបានប្រកាសកាលពីពេលថ្មីៗថា ការបោះឆ្នោតនឹងត្រូវពន្យាពេលជាលើកទី៦ ពីព្រោះមានការព្រួយបារម្ភថាថ្ងៃបោះឆ្នោតដែលបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី២៤ កុម្ភះនោះ អាចប៉ះពាល់ជាមួយថ្ងៃឡើងសោយរាជ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងខែឧសភា។
ការកំណត់យកថ្ងៃទី២៤មិនានេះ នាំឲ្យពលរដ្ឋថៃមានការងឿងឆ្ងល់ ពីព្រោះចុងខែមិនាកាន់តែកៀកនឹងថ្ងៃឡើងសោយរាជ្យរបស់ព្រះមហាក្សត្រទៅទៀត។
ប្រទេសថៃបានជួបប្រទះនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារទាំងអស់១៩លើក ចាប់តាំងពីឆ្នាំ១៩៣២ មក ហើយក្នុងចំណោមការប៉ុនប៉ងទាំងនោះ មានការធ្វើរដ្ឋប្រហារដោយសម្រេចជោគជ័យចំនួន១២លើក៕