កាលពី៣០ឆ្នាំមុន តំបន់ Iron Curtain ដែលពុះចែកអឺរ៉ុប ត្រូវបានគេលុបចោល។
លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានធ្វើដំណើរទៅប្រទេសហុងគ្រីដើម្បីប្រារព្ធខួបនៃបាតុកម្មសន្តិភាពនៅតាមព្រំប្រទល់ប្រទេសអូទ្រីស ដែលជាការបើកផ្លូវដ៏ធំមួយសម្រាប់ពលរដ្ឋអាល្លឺម៉ង់ខាងកើតធ្វើដំណើរទៅកាន់អាល្លឺម៉ង់ខាងលិច។ ៣ខែក្រោយមក ជញ្ជាំងបែរឡាំងត្រូវបានកម្ទេចចោល ហើយឆ្នាំ១៩៨៩ជាឆ្នាំនៃការផ្លាស់ប្តូរសម័យកាល ដែលបានបញ្ចប់ការកាន់កាប់៣ទសវត្សរ៍របស់សូវៀតលើប្រទេសអឺរ៉ុបកណ្តាល។
ការប្រារព្ធខួបនៅថ្ងៃទី១៩ ខែសីហាមានរួមបញ្ជូលកម្មវិធីបែបសាសនាគ្រិស្តនៅព្រះវិហារ Lutheran Church of Sopron ហើយត្រូវបានរៀបចំធ្វើនៅក្បែរកន្លែងដែលពលរដ្ឋអាល្លឺម៉ង់ខាងកើត៦០០នាក់នាក់ប្រទាញប្រទង់ដើម្បីឆ្លងព្រំដែនទៅកាន់អាល្លឺម៉ង់ខាងលិច។ អាជ្ញាធរហុងគ្រីបានប្រកាសថា ព្រំដែននឹងត្រូវបើកឡើងវិញ ក្នុងរយៈពេល៣ម៉ោង ប៉ុន្តែហ្វូងមនុស្សមិនអាចរង់ចាំដើម្បីទទួលបានសេរីភាពរបស់ខ្លួនបាននោះទេ។ ពួកគេមិនជឿថា មេដឹកនាំកុម្មុយនិស្តដែលមានវ័យកាន់តែចាស់ទៅៗនេះយល់ព្រមបើកព្រំដែននោះទេ។
៣ឆ្នាំក្រោយមក លោក Francis Fukuyama ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយបានបោះពុម្ពសៀវភៅរបស់លោក ដែលមានចំណងជើងថា «ចុងបញ្ចប់នៃប្រវត្តិសាស្ត្រ និងបុរសចុងក្រោយ» ដើម្បីសាទរនូវការដឹកនាំបែបប្រជាធិបតេយ្យ និងសេរីនិយម តាមបែបលោកខាងលិច។ លោកបានអះអាងថា មនុស្សជាតិមិនត្រឹមតែឆ្លងផុតរយៈពេលប្រវត្តិសាស្ត្រក្រោយសង្គ្រាមនោះទេ ប៉ុន្តែវាក៏ជាការបញ្ចប់ប្រវត្តិសាស្ត្រសង្គ្រាមផងដែរ។ មានន័យថា នេះជាចំណុចចុងក្រោយនៃបដិវត្តមនោគមវិជ្ជា និងធ្វើឲ្យសកលលោកប្រកាន់យកលិទ្ធិប្រជាធិបតេយ្យសេរី បែបលោកខាងលិច ជាការដឹកនាំប្រទេស»។
ប៉ុន្តែប្រវត្តិសាស្ត្រមិនបានបញ្ចប់នៅក្នុងឆ្នាំ១៩៨៩នោះទេ។
សម្រាប់មនុស្សមួយចំនួន ជំនួបដ៏ឆ្គាំឆ្គងរវាងលោកស្រីអធិការបតីអាល្លឺម៉ង់ Merkel និងលោកនាយករដ្ឋមន្ត្រីផ្តាច់ការរបស់ហុងគ្រីគឺលោក Viktor Orban គឺជានិមិត្តរូបនៃការវិលត្រឡប់មកវិញនូវប្រវត្តិសាស្ត្រ និងការបែកបាក់ថ្មីមួយ រវាងអឺរ៉ុបខាងកើត និងអឺរ៉ុបខាងលិច។ មេដឹកនាំទាំង២ធ្វើពិធីសាទរដល់ការកើតឡើងវិញនៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែលោក Orban ត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ដោយបានកម្ទេចចោលជាប្រព័ន្ធនូវស្ថាប័នដឹកនាំតាមបែបលោកខាងលិច ដែលប្រទេសរបស់លោកប្រឹងប្រែងកសាងឡើង តាំងពីពេលផ្តួលរំលំរបបកុម្មុយនិស្ត។
នៅឆ្នាំនេះ អង្គការ Freedom House ដែលជាអង្គការស្រាវជ្រាវមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានពណ៌នាប្រទេសហុងគ្រីថា «មានសេរីភាព» ដោយផ្នែកតែប៉ុណ្ណោះ ហើយនេះជាលើកទី១ហើយដែលប្រទេសនេះត្រូវបានគេដកចេញពីប្រទេសសមាជិកសហភាពអឺរ៉ុបដែលមាន «សេរីភាព»។ អង្គការ Freedom House បានចោទរដ្ឋាភិបាលរបស់លោក Orban ថាបាន «បោះជំហានបង្កើតគោលនយោបាយដែលប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមប្រឆាំង អ្នកកាសែត សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាល (NGOs) ដែលក្រុមទាំងនេះយល់ថា ជាភាពមិនល្អសម្រាប់ពួកគេ»។
លោកនាយករដ្ឋមន្ត្រីប្រជានិយមហុងគ្រីរូបនេះ ជាអ្នកអភិរក្សនិយមប្រឆាំងនឹងលទ្ធិកុម្មុយនិស្តម្នាក់។ លោកកំពុងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ លោកនាយករដ្ឋមន្ត្រីនៅតែបន្តដឹកនាំតាមលទ្ធិមួយដែលលោកហៅថា «លទ្ធិប្រជាធិតេយ្យពាក់កណ្តាល»។ ទំនាក់ទំនងស្អិតរមួតរបស់លោកជាមួយនឹងលោកប្រធានាធិបតី Putin ត្រូវបានមនុស្សមួយចំនួនមើលឃើញតាមរយៈសម្ព័ន្ធភាពរវាងបុរសខ្លាំងទាំង២»។
មេដឹកនាំផ្សេងទៀតនៅអឺរ៉ុបកណ្តាលដូចជា ប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែកក៏ត្រូវបានគេចោទប្រកាន់ថាបានធ្វើឲ្យប៉ះពាល់ដល់គោលការណ៍សមតុល្យអំណាច (checks and balances) នៃលទ្ធិប្រជាធិបតេយ្យ ដោយបានគ្រប់គ្រងលើឯករាជ្យភាពរបស់តុលាការ ធ្វើទុក្ខបុក្នម្នេញផ្នែកនយោបាយលើសង្គមស៊ីវិល និងព្យាយាមពង្រីកការគ្រប់គ្រងរបស់ទៅលើសារព័ត៌មាន និងសង្គមស៊ីវិល ដោយជំរុញឲ្យមានបាតុកម្ម និងការខឹងសម្បារ ដោយសារតែស្ថាប័នទាំងនោះភ្ជាប់ជំនឿលើសាសនាគ្រិស្ត ទៅនឹងបញ្ហាជាតិនិយម។
រដ្ឋាភិបាលនាពេលបច្ចុប្បន្នរបស់ប្រទេសទាំងនោះគឺជាអ្នករិះគន់ខ្លាំងៗទៅលើគោលនយោបាយទេសន្តរប្រវេសន៍ ដែលផ្តើមចេញពីរដ្ឋាភិបាលក្រុងប្រ៊ុចសែល ហើយបានបដិសេធមិនទទួលជនទេសន្តរប្រវេសន៍ ដែលស្ថិតក្រោមផែនការតាំងទីលំនៅឡើងវិញរបស់ជនភៀសខ្លួន ដែលជាបន្ទុករួមគ្នារបស់សហភាពអឺរ៉ុប។ រដ្ឋាភិបាលទាំងនោះបានត្អូញត្អែរពីការរឹតត្បិត និងការរិះគន់លើខ្លួន ពីសមាជិកសហភាពអឺរ៉ុប និងត្អូញត្អែរពីអ្វីដែលពួកគេយល់ថាជាការបង្ខំរបស់រដ្ឋាភិបាលក្រុងប៊្រុចសែល។
ប្រទេសទាំង៤នេះជាក្រុមប្រទេសដែលគេហៅថា ក្រុម Visegrad ហើយត្រូវបានគេពណ៌នាថា ជាប្រទេសធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ តាមរយៈការតាមដាន ខណៈពេលដែលរដ្ឋាភិបាលរបស់ប្រទេសទាំងនេះប្រើប្រាស់មនោគមវិជ្ជាជាតិនិយមនៅតំបន់អឺរ៉ុបកណ្តាល ដោយសង្ឃឹមថា នឹងអាចកែប្រែតំបន់នេះ និងកាត់បន្ថយអំណាចរបស់សហភាពអឺរ៉ុប ហើយផ្តល់អំណាចទាំងនោះឲ្យរដ្ឋាភិបាលថ្នាក់ជាតិវិញ។ មនោគមវិជ្ជាប្រជានិយមត្រូវបានគេមើលឃើញនៅក្នុងអតីតប្រទេសកុម្មុយនិស្តជិតខាង នៅក្នុងតំបន់បាល់កង់ និងតំបន់បាល់ទីក។
ការប៉ះទង្គិចរបស់ពួកគេត្រូវបានអ្នករិះគន់មួយចំនួនគិតថា ជាការកំណត់ជោគវាសនាភូមិសាស្ត្រនយោបាយគួរឲ្យចាប់អារម្មណ៍មួយ។ លោក Jakub Wisniewski អ្នកវិភាគនយោបាយប៉ូឡូញ និងជាប្រធានអង្គការស្រាវជ្រាវមួយឈ្មោះ វិទ្យាស្ថានគោលនយោបាយ GlobSec ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្លូវ៉ាគី បាននិយាយថា «វាពិបាកណាស់ក្នុងការបដិសេធថា ការបែងបាក់រវាងសមាជិកសហភាពអឺរ៉ុបថ្មី និងចាស់ កំពុងតែកើនឡើង»។
លោកបានកត់សម្គាល់ពីភាពខុសគ្នារវាងអឺរ៉ុបខាងលិច និងខាងកើត ដែលមានប្រភពផ្សេងគ្នាកាលពីអតីតកាល។ លោកបាននិយាយថា «អឺរ៉ុបកណ្តាលនៅតែខុសគ្នាខ្លាំងពីសមាជិកអឺរ៉ុបផ្សេងទៀត បើនិយាយពីនយោបាយ សេដ្ឋកិច្ច និងវប្បធម៌»។ លោកបានបន្ថែមថា អ្នកចូលរួមបោះឆ្នោតថ្នាក់ជាតិនៅអឺរ៉ុបកណ្តាលជាមនុស្ស «អភិរក្សនិយមជាង និងមានការបារម្ភពីបញ្ហាសុខមាលភាព និងអំពើពុករលួយក្នុងប្រទេសជាងបញ្ហាធំៗផ្សេងទៀត។ ពួកគេមិនសូវមានទំនុកចិត្តលើខ្លួនឯង ដូច្នេះហើយពួកគេមានការព្រួយបារម្ភអំពីអន្តោប្រវេសន៍មូស្លីម ឬគំនិតអន្តរជាតិនិយមរបស់ក្រុមអ្នកនយោបាយឆ្វេងនិយម»។
មេដឹកនាំនៅអឺរ៉ុបកណ្តាលនិយាយថា អ្នករិះគន់ពួកគេមានកំហុស ដែលប្រៀបធៀប «ប្រជាធិបតេយ្យសេរីនិយម» តែជាមួយនឹងគោលនយោបាយដែលលើកឡើងដោយក្រុមអ្នកនយោបាយឆ្វេងនិយមតែប៉ុណ្ណោះ ហើយពួកគេអះអាងថា មានគោលនយោបាយចេញពីក្រុមជាតិនិយម និងអភិរក្សនិយមស្របច្បាប់ជាច្រើនផងដែរ»។
អ្នកគាំទ្រសេរីនិយមបង្ហាញពីក្តីបារម្ភពីការកើនឡើងនៃគំនិតជាតិនិយម ប៉ុន្តែក្រុមប្រឆាំងនឹងសេរីនិយមបានបង្ហាញពីនយោបាយរយ៉េរយ៉ៃនៅក្នុងតំបន់ ដែលត្រូវបានគេមើលឃើញថា ដោយសារតែទទួលបានសេរីភាពច្រើននៅក្នុងនយោបាយបោះឆ្នោត នៅក្នុងឆ្នាំនេះ។
នៅក្នុងខែមីនា នាង Zuzana Caputova សកម្មជនបរិស្ថានម្នាក់បានក្លាយជាស្ត្រីដំបូងដែលជាប់ឆ្នោតជាប្រធានាធិបតីស្លូវ៉ាគី។ ការជាប់ឆ្នោតរបស់នាងទទួលបាន បន្ទាប់ពីមានបាតុកម្មនៅតាមផ្លូវប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន ដែលបណ្តាលឲ្យមានការសម្លាប់អ្នកកាសែតសរសេររបាយការណ៍បែបស៊ើបអង្កេត និងគូដណ្តឹងរបស់លោក។ ការណ៍នេះធ្វើឲ្យមានការដួលរលំរដ្ឋាភិបាលសម្ព័ន្ធអភិរក្សនិយមរបស់លោក Robert Fico។
ទៅភាគខាងត្បូងវិញ កាលពីខែមេសា គណបក្សជាតិនិយមបានយកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅក្នុងប្រទេសម៉ាសេដ្វានខាងជើង ហើយក្រុមកណ្តាលដែលគាំទ្រសហភាពអឺរ៉ុបបានឈ្នះការបោះឆ្នោតនៅក្នុងប្រទេសឡេតូនី និងលីទុយអានី។ បាតុកម្មនៅតាមផ្លូវបានធ្វើឡើងនៅក្នុងសាធារណរដ្ឋឆែក ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Andrej Babis ដែលត្រូវបានគេចោទប្រកាន់ពីបទឆបោក។ នេះជាព្រឹត្តិការណ៍ធំៗដែលកើតឡើង ចាប់តាំងពីឆ្នាំ១៩៨៩មក។
សម្រាប់ការកើនឡើងនៃគំនិតជាតិនិយមទាំងអស់នេះ អ្នកស្ទង់មតិ និងអ្នកវិភាគនិយាយថា អ្នកបោះឆ្នោតនៅអឺរ៉ុបកណ្តាលនៅតែប្រកាន់ខ្ជាប់ និងគាំទ្រពេញទំហឹងនឹងសហភាពអឺរ៉ុប។ មេដឹកនាំជាតិនិយមត្រូវប្រយ័ត្ន ហើយមិនត្រូវជំរុញឲ្យមានការប្រឆាំងសហភាពអឺរ៉ុបខ្លាំងពេកនោះទេ។ លោក Julius Horvath ដែលជាសាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Central European University បានប្រាប់ VOA នៅដើមឆ្នាំនេះថា «ពលរដ្ឋមិនចូលចិត្តការបែងបាក់ជាមួយនឹងសហភាពអឺរ៉ុបនោះទេ៕