ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​នយោបាយ​និង​អ្នក​សារព័ត៌មាន​ខ្មែរ នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា​ពី​ស្ថាប័ន​រដ្ឋ​នៅ​អាល្លឺម៉ង់


រូបឯកសារ៖ ការពិភាក្សា​មួយ​ ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​កាហ្វេ​នយោបាយ​ នៅ​មូលនិធិ​ Konrad-Adenauer-Stiftung កាលពី​ថ្ងៃ​សៅរ៍​ ទី​៩​ ខែ​មករា​ ឆ្នាំ​២០១៦។​ (សើ​ សាយ្យាណា​/VOA)
រូបឯកសារ៖ ការពិភាក្សា​មួយ​ ដែល​រៀបចំ​ដោយ​ក្រុម​យុវជន​កាហ្វេ​នយោបាយ​ នៅ​មូលនិធិ​ Konrad-Adenauer-Stiftung កាលពី​ថ្ងៃ​សៅរ៍​ ទី​៩​ ខែ​មករា​ ឆ្នាំ​២០១៦។​ (សើ​ សាយ្យាណា​/VOA)

មូលនិធិ​ខុនរ៉ាត​អាឌិន​ណៅអ៊ែរ ឬ KAS គឺជា​មូលនិធិ​របស់​ប្រទេស​អាល្លឺម៉ង់ ​ដែល​បាន​និង​កំពុង​ធ្វើ​ការ​នៅ​កម្ពុជា​​តាំង​ពី​ឆ្នាំ​១៩៩៤ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ដែល​ជា​តំណាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង ព្រមទាំង​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួននៅ​កម្ពុជា នឹង​ត្រូវ​មូល​និធិ​ខុនរ៉ាត​របស់​ប្រទេស​អាល្លឺម៉ង់ ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​នៅ​ចុង​ខែ​មីនា​នេះ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មូលនិធិ​ខុនរ៉ាតអាឌិនណៅអ៊ែរ​ (Konrad Adenauer Stiftung ) ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ​ឡើង។

មូលនិធិ​ខុនរ៉ាត​អាឌិន​ណៅអ៊ែរ ឬ KAS គឺជា​មូលនិធិ​របស់​ប្រទេស​អាល្លឺម៉ង់ ​ដែល​បាន​និង​កំពុង​ធ្វើ​ការ​នៅ​កម្ពុជាតាំង​ពី​ឆ្នាំ​១៩៩៤ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រទេស​នេះ។

លោក Rene Gradwohl ​ប្រធាន​មូលនិធិ​ KAS ប្រចាំ​កម្ពុជា ប្រាប់ VOA តាម​រយៈ​សារ​ហ្វេសប៊ុក នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា កម្មវិធី​ដំណើរ​ទស្សន​កិច្ច​ និង​ការ​ពិភាក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ ​សម្រាប់​មន្ត្រី​អ្នកនាំពាក្យ និង​អ្នក​សារ​ព័ត៌មានពី​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៦ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មេសា។

លោក​បន្ត​ថា ដំណើរ​ទស្សន​កិច្ច​ដែល​មាន​តែ​ម្ដង​នេះ នឹង​នាំ​មន្ត្រី​អ្នកនាំពាក្យ និង​អ្នកសារព័ត៌មានកម្ពុជា​ទៅ​កាន់​ស្ថាប័ន​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​របស់​អាល្លឺម៉ង់ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់​ដឹង​ពី​ទំនាក់ទំនង​នយោបាយ​របស់​ប្រទេស​អាល្លឺម៉ង់ ពាក់​ព័ន្ធ​នឹង​ការ​រៀប​ចំ​ខ្លួន និង​របៀប​ដែលរដ្ឋាភិបាល សភា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាល្លឺម៉ង់​ធ្វើការ​រួម​គ្នា​ដើម្បី​ជូន​ដំណឹង​ដល់​សាធារណជន។

រូបឯកសារ៖ Rene Gradwohl ប្រធាn​មូលនិធិ​ខុនរ៉ាត អាឌិនណៅអ៊ែរ (KAS) ប្រចាំ​កម្ពុជា ប្រាប់ VOA ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សៀវភៅ​ស្តី​ពី​រដ្ឋធម្មនុញ្ញ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ Rene Gradwohl ប្រធាn​មូលនិធិ​ខុនរ៉ាត អាឌិនណៅអ៊ែរ (KAS) ប្រចាំ​កម្ពុជា ប្រាប់ VOA ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​សៀវភៅ​ស្តី​ពី​រដ្ឋធម្មនុញ្ញ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​បន្ថែម​ថា ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា។

លោក Rene បន្ថែម​ដោយ​សម្រង់​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «ខ្ញុំ​រំពឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​ផ្ដល់​នូវ​គំនិត​ថ្មី​សម្រាប់​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា។ វា​នឹង​ផ្ដល់​នូវ​ឱកាស​ដើម្បី​ឆ្លុះ​បញ្ចាំង និង​ពិភាក្សា​អំពី​ទំនាក់​ទំនង​ជា​សាធារណៈ និង​របៀប​ដើម្បី​កែ​លម្អ​ធ្វើឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​រវាង​ស្ថាប័ន​រដ្ឋ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា»។

បើ​តាម​លោក Rene ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មាន​ការ​ចូលរួម​ពី​មន្ត្រី​អ្នកនាំពាក្យ​របស់​ក្រសួង​មហាផ្ទៃ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ប្រធាន​មន្ត្រី​ទំនាក់​ទំនង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នាយក​ប្រតិបត្តិក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) និង​អ្នក​សារ​ព័ត៌មាន​ចំនួន​ពីរ​រូប។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ដែលនឹង​ចូល​រួម​ក្នុង​ដំណើរ​ទស្សនកិច្ចនោះ ប្រាប់​VOA នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ដំណើរ​ទស្សនកិច្ច​នេះ​ នឹង​ជួយ​ឲ្យទំនាក់​ទំនង​នៃ​ការ​ផ្ដល់​ព័ត៌មាន​រវាង​មន្ត្រី​សាធារណៈ​របស់​រដ្ឋាភិបាល​ ទៅ​កាន់អ្នកសារព័ត៌មាន ​និង​ប្រជាពលរដ្ឋ កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

លោក​បញ្ជាក់​ថា៖ «ធ្វើ​ឲ្យ​ស្ថាប័ន​អ្នក​ព័ត៌មាន​ហ្នឹង​ក៏​យល់​អំពី​អ្នក​នាំ​ពាក្យ និង​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​មាន​ទម្ងន់​យ៉ាង​ណា? វា​មាន​ផល​លំបាក​ ឬ​ក៏​យ៉ាងម៉េច​ខ្លះ​ដើម្បី​ផ្ដល់​ព័ត៌មាន​ជូន​ស្ថាប័ន​ហ្នឹង ចង់​និយាយ​ថា ត្រូវ​ខិតខំ​យ៉ាង​ណា។ ទី២ ក៏​ត្រូវ​យក​អ្នកនាំពាក្យ​ហ្នឹង​ទៅ​ដឹង​អំពី​តួនាទី​ភារកិច្ច​អ្នក​កាសែតសេរី អ្នក​វិជ្ជាជីវៈ។ ចង់​និយាយ​ថា​អ្នក​កាសែត​ដែល​មាន​ក្រម​សីលធម៌​ច្បាស់​លាស់​ហ្នឹង យើងត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​យ៉ាង​ម៉េច»។

រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

លោក ប៊ិន សុជាតិ នាយក​ប្រតិបត្តិ​ក្លឹប​អ្នក​កាសែត​កម្ពុជា (CCJ) លើក​ឡើង​ថា ការ​ស្នើ​សុំ និង​ការ​ទទួល​បាន​ព័ត៌មាន​របស់​អ្នក​សារព័ត៌មាន​ពី​មន្ត្រី​សាធារណៈ​នៅ​កម្ពុជាក្នុង​ពេល​បច្ចុប្បន្ន ហាក់​មាន​ភាព​ប្រសើរ​ជាង​មុន​បើ​ធៀប​នឹង​ឆ្នាំ​មុនៗ។

លោក​បន្ថែម​ថា ទោះបីជា​ការ​ទទួល​បាន​ព័ត៌មាននេះ មាន​ភាព​ប្រសើរ​ជាង​មុន ប៉ុន្តែ​លោក​ថា អ្នកសារព័ត៌មាន​នៅ​តែ​កំពុង​ប្រឈម​នឹង​បញ្ហា​ដដែល ដូច្នេះ​លោក​រំពឹង​ថា ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ការ​ផ្ដល់​ព័ត៌មាន​របស់​មន្ត្រី​សាធារណៈ ដល់​អ្នកសារព័ត៌មាន​ កាន់​តែ​មាន​ភាព​ទូលំ​ទូលាយ​។

លោក​បញ្ជាក់​ថា៖ «ក្នុង​ការ​ប្រសើរ​នេះ​គឺ​មាន​កម្រិត​មួយ​ដែល​យើង​គិត​ថា​មិន​ទាន់​បានឆ្លើយ​តប​នឹង​តម្រូវ​ការ​សម្រាប់​អ្នកធ្វើ​ការងារ​វិស័យ​វិជ្ជាជីវៈ​សារ​ព័ត៌មាន​នៅ​ឡើយ​ទេ។ ​យើង​ឃើញ​ថា​នៅ​តែ​មាន​ការ​ត្អូញត្អែរ​ពី​អ្នក​សារព័ត៌មាន​ភាគ​ច្រើន​ដែល​គាត់ថា​ពិបាករក​ព័ត៌មាន​អី​អញ្ចឹង»។

បច្ចុប្បន្ន​នេះ ក្រសួង​ព័ត៌មាន​កម្ពុជា​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដូចជា​ភាព​មិន​ច្បាស់​លាស់​នៃ​ពាក្យ​ថា​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ និង​នីតិវិធី​នៃ​ការ​ប្ដឹង​តវ៉ា ដែល​ចំណុច​ទាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មានរបស់​ប្រជាពលរដ្ឋ៕​

XS
SM
MD
LG