ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានី​អង់ការ៉ាច្រាន​ចោល​ការ​រិះ​គន់​របស់​ទីក្រុង​បែរឡាំង​ចំពោះ​ការ​ឃុំ​ឃាំង​សកម្ម​ជន


រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក​ Sigmar Gabriel ថ្លែ​ងនៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​បែរឡាំង​​ប្រទេស​អាល្លឺម៉ង់កាល​ពី​ថ្ងៃទី​២០ កក្កដា ២០១៧។
រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​លោក​ Sigmar Gabriel ថ្លែ​ងនៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​បែរឡាំង​​ប្រទេស​អាល្លឺម៉ង់កាល​ពី​ថ្ងៃទី​២០ កក្កដា ២០១៧។

រដ្ឋាភិបាល​តួកគី​បាន​ច្រាន​ចោល​នូវ​ការ​រិះគន់​ខ្លាំងៗ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក Sigmar Gabriel ដែល​ថា​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស ៦ នាក់ ដែល​ក្នុង​នោះ​មាន​សកម្មជន​សិទ្ធិ​មនុស្ស​សញ្ជាតិ​អាល្លឺម៉ង់​ម្នាក់​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​តួកគី​លោក Ibrahim Kalin បាន​ហៅ​ការ​រិះ​គន់​នេះ​ថា​ជា​ការ​លើក​ឡើង​ដែល​«គួរ​ឲ្យ​សោកស្ដាយ» ប៉ុន្តែ​និយាយ​ថា រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​នៅ​តែ​ប្ដេជ្ញា​ចិត្ត​រក្សា​ទំនាក់​ទំនង​រវាង​ប្រទេស​តួកគី និង​អាល្លឺម៉ង់​ដដែល។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Sigmar Gabriel បាន​រិះគន់​រដ្ឋាភិបាល​តួកគី​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​កាល​ពី​ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​តួកគី​មក។ លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​រូប​នេះ បាន​ប្រកាស​ពី​វិធានការ​មួយ​ចំនួន​ដើម្បី​ដាស់​តឿន​ដល់​ជនជាតិ​អាល្លឺម៉ង់​អំពី​គ្រោះថ្នាក់​នានា​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី និង​អំពី​គ្រោះថ្នាក់​នៃ «ការ​ចាប់ខ្លួន​ខុស​ច្បាប់»។

សកម្ម​ជន​សិទ្ធ​មនុស្ស ៦ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​បាន​គាំទ្រ​អង្គការ​ភេរវកម្ម​មួយ ដែល​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​ប្រើ​ជាទូទៅ​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​មនុស្ស​ជាង ៥ ម៉ឺន​នាក់ ចាប់​តាំង​ពី​រដ្ឋាភិបាល​តួកគី​បាន​ចេញ​ច្បាប់​ដាក់​ប្រទេស​ឲ្យ​ស្ថិត​នៅ​ក្នុង​ភាព​អាសន្ន​មក។ រហូត​មក​ដល់​ពេល​នេះ​មាន​ជនជាតិ​អាល្លឺម៉ង់​ចំនួន ១០ នាក់ រួច​មក​ហើយ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​នេះ។

រដ្ឋាភិបាល​តួកគី​ហាក់​ដូចជា​មិន​សូវ​អើពើ​នឹង​ការ​លើក​ឡើង​របស់​លោក Sigmar Gabriel ឡើយ។ លោក Ibrahim Kalin បាន​និយាយ​ថា៖ «យើង​គិត​ថា ការ​លើក​ឡើង​ដែល​គួរ​ឲ្យ​សោកស្ដាយ​ទាំង​នោះ​គឺ​ជា​នយោបាយ​ផ្ទៃ​ក្នុង ដែល​មាន​គោល​បំណង​សំដៅ​ដល់​ការ​បោះ​ឆ្នោត​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់»។ ប្រទេស​អាល្លឺម៉ង់​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក Ibrahim Kali ក៏​បាន​បន្ថែម​ផង​ដែរ​ថា ប្រព័ន្ធ​តុលាការ​ប្រទេស​តួកគី​គឺ​ឯករាជ្យ ហើយ​ប្រព័ន្ធ​ច្បាប់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​មាន​ភាព​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​តួកគី ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម។

ភាព​តានតឹង​នៅ​មាន​បន្ដ​រហូត

អាជ្ញាធរ​អាល្លឺម៉ង់​បាន​ចោទ​ប្រកាន់​ជនជាតិ​តួកគី ដែល​ក្នុង​នោះ​មាន​អាចារ្យ​សាសនា​ឥស្លាម​ដែល​ត្រូវ​បាន​បញ្ជូន​មក​កាន់​ប្រទេស​អាល្លឺម៉ង់​ដោយ​ក្រុម​គណៈ​នាយក​ផ្នែក​កិច្ចការ​សាសនា​ប្រទេស​តួកគី​ផង​ដែរ ពី​បទ​លប​យក​ការណ៍​ពី​អ្នក​រិះគន់​ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan។ កាល​ពី​ឆ្នាំ​២០១៥ ជន​ជាតិ​តួកគី ៣ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​អំពើ​ចារកម្ម។ ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​បាន​រាយការណ៍​ថា ក្នុង​ចំណោម​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ មាន​ម្នាក់​គឺ​ជិត​ស្និត​នឹង​លោក Erdogan។​

ភាព​តានតឹង​រវាង​សមាជិក​អង្គការ​អូតង់​ទាំង​ពីរ​នេះ នៅ​មាន​បន្ត​រហូត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​ភាព​តានតឹង​នោះ​ឈាន​ដល់​ចំណុច​ពុះ​កញ្ជ្រោល​មួយ។ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​ថា​បាន​ជួយ​ផ្ដល់​កន្លែង​លាក់​ខ្លួន​ដល់​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​នោះ នៅ​ពេល​ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្រកែក​វិញ​ថា មន្ត្រី​រដ្ឋាភិបាល​តួកគី​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ការ​អះអាង​របស់​ខ្លួន​នោះ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោកSigmar Gabriel ក៏​បាន​ព្រមាន​ពី​ហានិភ័យ​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​តួកគី​ផង​ដែរ។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​ចងក្រង​បញ្ជី​មួយ​រាយ​ឈ្មោះ​ក្រុមហ៊ុន​អាល្លឺម៉ង់​នានា ដែល​កំពុង​ដំណើរ​ការ​ក្នុង​ប្រទេស​តួកគី ដែល​ក្រុមហ៊ុន​ទាំង​នោះ​កំពុង​ត្រូវ​បាន​គេ​ស៊ើបអង្កេត​រក​មើល​ថា​តើ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជន​សង្ស័យ​រួម​គំនិត​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​នៅ​ក្នុង​ប្រទេស​តួកគី​ឬ​ក៏​អត់។ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទាំង​នោះ មាន​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​ចំនួន ២ គឺ ក្រុមហ៊ុន Daimler និង​ក្រុមហ៊ុន BASF។ មន្ត្រី​រដ្ឋាភិបាល​តួកគី​បាន​បដិសេធ​សេចក្ដី​រាយការណ៍​ទាំង​នោះ។

ក្រុមហ៊ុន​តួកគី​រាប់​រយ ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​រឹប​អូស​ក្រោម​បទ​បញ្ជា​របស់​ប្រធានាធិបតី​តួកគី​ក្នុង​ការ​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន ដោយសារតែ​គេ​ចោទ​ប្រកាន់​ថា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុព្វជិត Fethullah Gulen ដែល​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋអាមេរិក។ រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​បាន​ចោទ​ប្រកាន់​លោក Fethullah Gulen ថា​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​រដ្ឋប្រហារ​មិន​បាន​សម្រេច​នេះ។ លោក Fethullah Gulen បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​នេះ។

ប្រទេស​អាល្លឺម៉ង់​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​តួកគី ហើយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ជាច្រើន​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​តួកគី​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ។

ទីផ្សារ​ហិរញ្ញវត្ថុ​តួកគី​មាន​ការ​ធ្លាក់​ចុះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​មក។ មាន​ចម្ងល់​មួយ​ចំនួន​ដែល​ថា រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​នឹង​ត្រៀម​ខ្លួន​បន្ត​នូវ​ការ​គំរាម​កំហែង​ទាំង​នេះ។

ការ​ដាក់​ទណ្ឌកម្ម​អាច​ប៉ះពាល់​ដល់​ភាគី​ទាំង​ពីរ

លោក Semih Idiz អ្នក​សរសេរ​អត្ថបទនយោបាយ​ម្នាក់​នៅ​គេហទំព័រ​ព័ត៌មាន Al Monitor បាន​និយាយ​ថា៖ «ពាណិជ្ជកម្ម​នៅ​ពេល​នេះ​គឺ​មាន​ភាព​រស់​រវើក​រវាង​ប្រទេស​តួកគី និង​ប្រទេស​អាល្លឺម៉ង់​ និង​រវាង​តួកគី និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ប៉ុន្តែ​វា​គឺ​ជា​កាំបិត​មុខ​ពីរ​ដោយសារ​ទណ្ឌកម្ម​ប្រភេទ​ណា​ក៏​ដោយ ក៏​នឹង​ប៉ះ​ពាល់​ដល់​ភាគី​ទាំង​ពីរ​ដែរ»។

អ្នក​វិភាគ​នានា​បាន​បញ្ជាក់​ថា ឧស្សាហកម្ម​ទេសចរណ៍​ដ៏​មាន​តម្លៃ​របស់​ប្រទេស​តួកគី​អាច​នឹង​ងាយ​រង​គ្រោះ​បំផុត។

លោក Atilla Yesilada ទីប្រឹក្សា​នយោបាយ​នៅ​ក្រុមហ៊ុន Global Source Partners បាន​និយាយ​ថា៖ «ការ​ដាស់​តឿន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​ទៅ​កាន់​ប្រជាពលរដ្ឋ​អាល្លឺម៉ង់ ដែល​ថា​វា​ប្រហែលជា​មិន​មាន​សុវត្ថិភាព​ទេ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី​នោះ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច។ វា​នឹង​មិន​ល្អ​ទេ​សម្រាប់​វិស័យ​ទេសចរណ៍។ ការ​កក់​សំបុត្រ​យន្តហោះ​មួយ​ចំនួន​អាច​នឹង​មាន​ការ​ប៉ះពាល់។ ជនជាតិ​អឺរ៉ុប​ជា​ច្រើន​ជ្រើសរើស​យក​ប្រទេស​តួកគី​ជា​ទិសដៅ​ចុង​ក្រោយ ដូច្នេះ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​ច្រើន»។

លោក Atilla Yesilada បាន​និយាយ​ថា ការ​ព្រមាន​របស់​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​ដែល​ថា ជំនួយ​សហ​ភាព​អឺរ៉ុប​ក្នុង​ទឹក​ប្រាក់​ចំនួន ៣ ពាន់ ៤ រយ​លាន​ដុល្លារ​អាមេរិក អាច​នឹង​ស្ថិត​ក្នុង​ហានិភ័យ គឺ​មាន​លក្ខណៈ​សំខាន់​ជាង។ ជំនួយ​នេះ​គឺ​ជា​ការ​ដោះដូរ​សម្រាប់​ឲ្យ​រដ្ឋាភិបាល​តួកគី​គ្រប់គ្រង​ជន​ភៀស​ខ្លួន​ដែល​ចូល​មក​ក្នុង​ទ្វីប​អឺរ៉ុប។

លោក Atilla Yesilada បាន​បន្ថែម​ថា «រដ្ឋាភិបាល​តួកគី​អាច​មាន​គំនិត​ចង់​សងសឹក​ច្រើន។ គំនិត​ដែល​អាច​សងសឹក​ទាំង​នោះ​មាន​ដូចជា ការ​បន្ធូរបន្ថយ​ការ​គ្រប់គ្រង​លើ​ជន​ភៀស​ខ្លួន​ស៊ីរី ដោយ​អនុញ្ញាត​ឲ្យ​ពួក​គេ​ជិះ​ទូក​ឆ្លង​កាត់​សមុទ្រAegean ឆ្ពោះ​ទៅ​កាន់​ប្រទេស​ក្រិក ឬ​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​តួកគី និង​ប៊ុលហ្គារី។ ការណ៍​នេះ​អាច​មាន​ន័យ​ថា ជា​សង្គ្រាម​ដែល​ប្រើ​កម្លាំង​គ្រប់​រូបភាព​ទាំង​អស់​រវាង​ប្រទេស​តួកគី និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប»។

ជន​ចំណាក​ស្រុក​ជាង​មួយ​លាន​នាក់​ដែល​រត់​គេច​ពី​សង្គ្រាម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​ទ្វីប​អាហ្វ្រិក​និង​តំបន់​មជ្ឈិម​បូព៌ា បាន​ឆ្លង​ចូល​ក្នុង​ទ្វីប​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៥។ នេះ​បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ។

ទោះជា​រដ្ឋាភិបាល​អាល្លឺម៉ង់​ដាក់​សម្ពាធ​ថ្មី​ក៏​ដោយ ក៏​រដ្ឋាភិបាល​តួកគី​នៅតែ​ការពារ​ការ​បង្ក្រាប​របស់​ខ្លួន ហើយ​មិន​បាន​បង្ហាញ​សញ្ញា​ក្នុង​ការ​ធ្វើ​សម្បទាន​ណា​មួយ​នោះ​ទេ។ លោក Atilla Yesilada បាន​និយាយ​ថា៖ «ការ​រុះ​រើ​គណៈ​រដ្ឋមន្ត្រី​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​តួកគី បាន​បង្ហាញ​សារ​មួយ។ រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​មហា​ផ្ទៃ និង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​សហភាព​អឺរ៉ុប​សុទ្ធ​តែ​ជា​អ្នក​ដែល​គាំទ្រ​ការ​បង្ក្រាប​នេះ ដោយ​អ្នក​ទាំង​នោះ​មិន​ចង់​បាត់បង់​ការងារ​របស់​ពួកគេ»៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG