លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា ពិភពលោកចាំបាច់ត្រូវតែតទល់ជាមួយនឹងពួកអ្នកជ្រើសរើសនិងពួកអ្នកឃោសនាឲ្យលទ្ធិជ្រុលនិយមហិង្សាពីព្រោះតែកម្លាំងយោធាមិនអាចបញ្ឈប់ភេរវកម្មនោះបានទេ។
មេដឹកនាំអាមេរិករូបនេះ បានបញ្ចេញគំនិតរបស់លោកកាលពីថ្ងៃពុធនៅក្នុងការបញ្ចេញមតិដែលបានបោះពុម្ភផ្សាយនៅក្នុងកាសែត Los Angeles Times មុនពេលថ្លែងសន្ទរកថាក្រោយមកនៅថ្ងៃដដែលនៅឯសន្និសីទកំពូលក្នុងរដ្ឋធានីវ៉ាស៊ីនតោនស្តីពីការប្រយុទ្ធប្រឆាំងនិងការរារាំងលទ្ធិជ្រុលនិយមហិង្សា។
លោកប្រធានាធិបតីអូបាម៉ា បានសរសេរថា យើងដឹងថា កងកម្លាំងយោធាតែមួយមុខមិនអាចដោះស្រាយបញ្ហានោះបានទេ។ យើងក៏ត្រូវប្រឈមជាមួយពួកជ្រុលនិយម ពួកអ្នកឃោសនា ពួកអ្នកជ្រើសរើសប្រើអំហិង្សា ដែលអាចមិនចូលរួមដោយផ្ទាល់នៅក្នុងសកម្មភាពភេរវកម្ម ក៏ប៉ុន្តែ ជាអ្នកដែលជ្រើសរើសមនុស្សផ្សេងទៀតឲ្យធ្វើដូចនេះ។
សន្និសីទកំពូលកើតមានឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត កំពុងខិតខំទប់ស្កាត់ការកើនឡើងការបង្ហូរឈាមដ៏ឆាប់រហ័សរបស់ក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ហើយនិងការវាយប្រហារកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសអូស្រ្តាលី កាណាដា និងប្រទេសដាណាម៉ាក។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ទៀតថា ក្រុមនានាដូចជារដ្ឋអ៊ីស្លាមនិងក្រុមអាល់កៃដា (al-Qaida) បានឆ្លៀតកេងប្រយោជន៍ពីការខឹងសម្បារដែលផ្ទុះឡើងនៅពេលដែលមនុស្សមានអារម្មណ៍ថា អំពើអយុត្តិធម៌និងអំពើពុករលួយ បានធ្វើឲ្យពួកគេគ្មានឱកាសដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនប្រសើរឡើង។ដូច្នេះ ពិភពលោកត្រូវតែផ្តល់ភាពប្រសើរឡើងដល់មនុស្សក្មេងៗទាំងនោះ៕