ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម Al-Qaida​ នៅ​យេម៉ែន​​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​វាយ​ប្រហារ​​នៅ​​ Charlie Hebdo


អ្នក​លក់​កាសែត​ម្នាក់​បាន​តម្រៀប​ទស្សនាវដ្តី​ Charlie Hebdo នៅ​ក្នុង​តូប​កាសែត នៅ​ក្នុង​ទីក្រុង Nice ភាគ​អាគ្នេយ៍​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​ពុធ​ ទី​១៤ ខែ​មករា ឆ្នាំ​២០១៤។

បណ្តាញ​ក្រុម​ al-Qaida ​នៅ​ក្នុង​ប្រទេស​យេម៉ែន​បាន​អះអាង​ទទួល​ខុសត្រូវ​ជា​ផ្លូវ​ការ​ ចំពោះ​ការវាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន​ទៅ​លើ​ការិយាល័យ​ទស្សនាវដ្តី​រូប​ត្លុក​កំប្លែង​បារាំងCharlie Hebdo ​ដោយ​និយាយ​ថា​វា​ជា​ «សកម្មភាព​សងសឹក» សម្រាប់​ព្យាការី Muhammad។

​ទស្សនាវដ្តី Charlie Hebdo ​ជា​រឿយ​ៗ​បាន​បោះពុម្ភ​ផ្សាយ​រូប​ត្លុក​កំប្លែងប្រឆាំង​សាសនា ហើយ​បាន​បោះពុម្ភ​ផ្សាយ​ជា​ច្រើន​ដង​នូវ​រូប​របស់​ព្យាការី ជា​សកម្មភាព​ដែល​អ្នក​កាន់​សាសនា​អ៊ី​ស្លាម​ជា​ច្រើន​ចាត់​ទុក​ថា ​ជា​ការ​ប្រមាថ​មើល​ងាយ​សាសនា។

នៅ​ថ្ងៃ​ពុធ​នេះ ​ទស្សនាវដ្តី​នេះ​បាន​ចេញ​ផ្សាយ​ជា​លើក​តំបូងរបស់​ខ្លួន​ចាប់​តាំង​ពី​ការវាយប្រហារ​កាល​ពី​សប្តាហ៍មុន ដោយ​បាន​បង្ហាញ​រូប​ត្លុក​កំប្លែង​ព្យាការី​ Muhamed យំ​នៅ​លើ​ក្រប​មុខ​ទស្សនាវដ្តី​ រួម​ជាមួយ​ពាក្យ​ថា​ «ទាំង​អស់​ត្រូវ​បាន​លើក​លែង​ទោស​»។ ការចេញ​ផ្សាយ​នេះ​បាន​លក់​ដាច់​អស់​នៅទូទាំង​ប្រទេស​បារាំង។

នៅ​ក្នុង​កាសែត​វីដេអូ​ដែល​បាន​ផ្សាយ​នៅ​លើ​ប្រព័ន្ធ Internet ​នៅ​ថ្ងៃ​ពុធ​នេះ ​បុរស​ម្នាក់​ឈ្មោះ​ថា Nasr al-Ansi ​ដែល​ជា​មេដឹកនាំ​កំពូល​ម្នាក់​របស់​ក្រុម al-Qaida ក្នុង​ឧបទ្វីប​អារ៉ាប់ ​និយាយ​ថា ក្រុម​របស់​ខ្លួន​បាន​រៀប​ចំ​ផែនការ​និង​ផ្តល់​ហិរញ្ញវត្ថុ​ក្នុង​វាយប្រហារ​ទស្សនាវដ្តី Charlie Hebdo ​ដែល​បាន​សម្លាប់​មនុស្ស​១២នាក់។

ប៉ូលីសបារាំង​បាន​សម្លាប់​ Said និង Cherif Kouachi ​អ្នក​វាយ​ប្រហារ​ការិយាល័យ​ទស្សនាវដ្តី Charlie Hebdo ​កាល​ពី​ថ្ងៃ​សុក្រ ​នៅ​ថ្ងៃ​តែ​មួយ​ដែល Amedy Coulibaly ​សកម្ម​ជន​ប្រយុទ្ធ​ម្នាក់​ទៀត​ដែល​បាន​សម្លាប់ជន​ជាតិ​ជ្វីស​៤​នាក់​នៅ​ឯ​ហាង​លក់​គ្រឿង​ទេស​សម្រាប់​អាហារ​ជន​ជាតិ​ជ្វីស​ក្នុង​ភាគ​ខាង​កើត​ទីក្រុង​ប៉ារីស ​មុន​ពេល​ត្រូវ​ប៉ូលីស​សម្លាប់។ មួយ​ថ្ងៃ​មុន​ការវាយ​ប្រហារ Coulibaly ​បាន​សម្លាប់​ប៉ូលីស​ស្រី​ម្នាក់​។

មេដឹកនាំ al-Qaida យេម៉ែន ​និយាយ​ថាប្រតិបត្តិការ​របស់​ Coulibaly ​មិន​មែន​ជា​ផ្នែក​មួយ​របស់​ក្រុម​ al-Qaida ទេ ​ហើយ​សកម្មភាព​របស់​ជន​នោះ​គឺ​ជា​ការ​គាប់​ជួន​តែ​ប៉ុណ្ណោះ។

ក្នុង​ខណៈ​ពេល​នោះ​ដែរDieudonne ​អ្នក​កំប្លែង​បារាំង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ពុធ​នេះ​ ចំពោះ​ការការពារ​ភេរវកម្ម បន្ទាប់​ពី​ចុះ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​លើ​បណ្តាញ​ព័ត៌មានសង្គម ​ដែល​ហាក់​ដូចជា​គាំទ្រ​ក្រុម​អ្នក​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG