ការចូលទីវង្គត់របស់ព្រះមហាក្សត្រ Abdullah នៃប្រទេសអារ៉ាប់ប៊ី សាអូឌីត និងការដួលរលំនៃរដ្ឋាភិបាលនៃប្រទេសយេម៉ែន បានធ្វើឲ្យមានភាពមិនប្រាកដប្រជាបន្ថែមទៀតដល់កិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងក្រុមជនសកម្មប្រយុទ្ធនៅក្នុងតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាការរាំងខ្ទប់ឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងតំបន់នោះ។ នេះជាភាពស្មុគស្មាញថ្មីភ្លាមៗដែលរដ្ឋបាលរបស់លោកអូបាម៉ាកំពុងប្រឈមមុខ និងគោលនយោបាយរបស់រដ្ឋបាលលោកនៅតំបន់មជ្ឈឹមបូព៌ា។
ទិដ្ឋភាពដ៏ស្មុគស្មាញស្តីពីឧបទ្វីបអារ៉ាប់ក្លាយជារឿងស្មុគស្មាញកាន់តែខ្លាំងឡើងនៅពេលប្រទេសអារ៉ាប់ប៊ី សាអូឌីតបានបញ្ចុះសពព្រះមហាក្សត្ររបស់ខ្លួនហើយបានតែងតាំងព្រះអង្គម្ចាស់ Salman ព្រះអនុជរបស់ព្រះអង្គជាអ្នកស្នងតំណែង។
នៅឯសេតវិមានកាលពីថ្ងៃសុក្រ ក្រុមមន្រ្តីបានសម្តែងនូវក្តីសង្ឃឹមថាអារ៉ាប៊ីសាអូឌីតនឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីរារាំងក្រុមជ្រុលនិយមកុំឲ្យបោះទីតាំងនៅក្នុងប្រទេសយេម៉ែន ហើយប្រើប្រាស់ប្រទេសនោះដើម្បីធ្វើការវាយប្រហារភេរវកម្មនៅជុំវិញពិភពលោក។
លោក Josh Earnestអ្នកនាំពាក្យសេតវិមាន បានមានប្រសាសន៍ថា៖
«ដោយសារប្រទេសទាំង២មានព្រំដែនរួម ដូចនេះប្រទេសអារ៉ាប់ប៊ី សាអូឌីតមានការព្រួយកង្វល់ជាពិសេសអំពីសកម្មភាពរបស់ពួកជ្រុលនិយមនៅក្នុងប្រទេសយេម៉ែន»។
ទិដ្ឋភាពនេះបានធ្លាក់ចូលក្នុងភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង បន្ទាប់ពីការដួលរលំរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
យេម៉ែនជាដៃគូដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រយុទ្ធប្រឆាំងក្រុមអាល់កៃដា (al-Qaida) នៅក្នុងឧបទ្វីបអារ៉ាប់ ដែលក្រុមនោះបានប្រកាសទទួលខុសត្រូវការវាយប្រហារនៅក្នុងទីក្រុងប៉ារីសនៅខែនេះ។
មេដឹកនាំកាលពីគ្រាមុនបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកធ្វើការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើកទៅលើគោលដៅនានារបស់ក្រុម al-Qaida ក្នុងប្រទេស។ ឥឡូវនេះ អនាគតនៃការវាយប្រហារទាំងនោះ និងកិច្ចប្រតិបត្តិការប្រឆាំងភេរវកម្មផ្សេងទៀត នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
ប្រទេសអារ៉ាប់ប៊ី សាអូឌីតគឺជាដៃគូដ៏ខ្លាំងមួយរបស់សហរដ្ឋអាមេរិកសម្រាប់បញ្ហានៅប្រទេសយេម៉ែន និងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។ ជនជាតិអារ៉ាប់ប៊ី សាអូឌីតរាប់រយនាក់ស្បថអំពីភាពស្មោះត្រង់ចំពោះព្រះមហាក្សត្រសោយរាជ្យថ្មី គឺស្តេច Salman ដែលនេះការចង្អុលបង្ហាញថា អន្តរកាលនេះបានដំណើរការទៅយ៉ាងរលូន។
លោក Anthony Cordesmanអ្នកវិភាគខាងសន្តិសុខ មើលឃើញថា គ្មានការផ្លាស់ប្តូរជាដុំកំភួនណាមួយនៅក្នុងទំនាក់ទំនងទាំងអស់នោះទេ។
«និយាយឲ្យត្រង់ទៅ ការចូលទិវង្គត់របស់ព្រះមហាក្សត្រ Abdullah នឹងមានផលប៉ះពាល់តិចតួចណាស់។ ព្រះមហាក្សត្រថ្មីគឺស្តេចSalman ជាមនុស្សម្នាក់ដែលមានបទពិសោធន៍យ៉ាងខ្លាំងបំផុតនៅក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក។ព្រះអង្គយល់ពីសម្ព័ន្ធភាពនេះយ៉ាងច្បាស់»។
សម្ព័ន្ធភាពនេះមានបញ្ហាកាលពីពេលថ្មីៗនេះ ដូចដែលបានបង្ហាញក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ាទៅកាន់ប្រទេសអារ៉ាប់ប៊ី សាអូឌីតកាលពីខែមិនា នៅពេលដែលលោកប្រធានាធិបតីបានឮអ្វីដែលពួកមន្រ្តីសហរដ្ឋអាមេរិកបានពណ៌នាថា ជាការពិភាក្សាដោយស្មោះត្រង់ពីព្រះមហាក្សត្រ Abdullah។
ពលរដ្ឋអារ៉ាប់ប៊ី សាអូឌីតមើលឃើញថា ទំនាក់ទំនងរបស់លោកអូបាម៉ាជាមួយប្រទេសអ៊ីរ៉ង់ រួមមានវិស័យការទូតក្នុងបញ្ហានុយក្លែអ៊ែរ ដែលកំពុងបន្តមានឡើង នោះគឺជាល្បែងមួយប្រកបដោយគ្រោះថ្នាក់ ដែលអាចពង្រឹងអំណាចអ៊ីរ៉ង់។
បន្ទាប់ពីឡើងសោយរាជ្យកាលពីថ្ងៃសុក្រសប្តាហ៍មុន អ្នកស្នងរាជ្យរបស់ព្រះមហាក្សត្រ Abdullah បានបង្ហាញព្រះភ័ក្រ្តតាមទូរទស្សន៍អារ៉ាប់ប៊ី សាអូឌីត ហើយបានមានព្រះរាជបន្ទូលថា ព្រះអង្គនឹងបន្តគោលនយោបាយព្រះរាមរបស់ព្រះអង្គ ដែលនេះជាពាក្យពេជន៍មួយដែលមន្រ្តីសហរដ្ឋអាមេរិកស្វាគមន៍៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន