ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​អះអាង​ថា​ចំណាប់ខ្មាំង​​អាមេរិក​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​ហ្ស៊កដានី


គ្រាប់​បែក​ដែល​គេ​ថត​បាន​នៅ​លើ​យន្តហោះ​ចម្បាំង​របស់​កងកម្លាំង​ Royal Jordanian Air Force មាន​ភ្ជាប់​ជាមួយ​សារ​ដែល​និយាយ​ថា​ «អ្នក​បើក​យន្តហោះ​ដ៏​អង់អាច​ Muath al-Kasaesbeh» មុន​ពេល​បោះ​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​នៅក្នុង​ទីក្រុង​ Raqqa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។
គ្រាប់​បែក​ដែល​គេ​ថត​បាន​នៅ​លើ​យន្តហោះ​ចម្បាំង​របស់​កងកម្លាំង​ Royal Jordanian Air Force មាន​ភ្ជាប់​ជាមួយ​សារ​ដែល​និយាយ​ថា​ «អ្នក​បើក​យន្តហោះ​ដ៏​អង់អាច​ Muath al-Kasaesbeh» មុន​ពេល​បោះ​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​នៅក្នុង​ទីក្រុង​ Raqqa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។

ក្រុម​ស៊ើបការ​សម្ងាត់​ SITE បាន​រាយការណ៍​កាលពី​ថ្ងៃសុក្រ​ថា​ក្រុម​ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​បាន​អះអាង​ថា​ការ​វាយប្រហារ​តាម​អាកាស​មួយ​ដោយ​ប្រទេស​ហ្ស៊កដានី​បាន​បណ្តាលឱ្យ​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​ធ្វើការ​ផ្នែក​ជំនួយ​សង្គ្រោះ​ និង​ត្រូវ​បាន​ក្រុម​បះបោរ​នេះ​ឃុំឃាំង​បាត់បង់ជីវិត។​

សេតវិមាន​បា​ននិយាយ​ថា​ខ្លួន​មិន​អាច​បញ្ជាក់​ថា​ការ​អះអាង​នេះ​ជា​ការពិត​នៅ​ទ្បើយទេ។

អ្នកស្រី​ Bernadette Meehan អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា «យើង​ខ្វល់ខ្វាយ​ខ្លាំង​ណាស់​អំពីរបាយការណ៍​ទាំង​នេះ។​ នៅ​ពេលនេះ​យើង​មិន​បាន​ឃើញ​ភ័ស្តុតាង​ណាមួយ​ដែល​បញ្ជាក់​ថា​ការ​អះអាង​របស់​ក្រុម​ ISIS ជា​ការ​ពិត​ទេ»។

អ្នកស្រី​ Marie Harf អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​ក្រសួង​ការបរទេស​បាន​ទទួល​ស្គាល់​ថា​មាន​ជនជាតិ​អាមេរិកាំង​ជាប់​ឃុំឃាំង​នៅ​ក្រៅ​ប្រទេស​ដោយមាន​រួម​បញ្ចូល​ទាំង​អ្នក​ដែល​ត្រូវ​ចាប់​ឃុំឃាំង​ដោយ​ក្រុម​រដ្ឋអ៊ីស្លាម​ដែរ ក៏​ប៉ុន្តែ​អ្នកស្រី​បាន​ថ្លែង​ថា​អ្នកស្រី​មិន​អាច​និយាយ​បាន​ល្អិតល្អន់​ជាង​នេះ​អំពី​ករណី​ពិសេស​នេះ​ទេ។​

ប្រទេស​ហ្ស៊កដានី​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ទីដៅ​របស់​ក្រុម​រដ្ឋអ៊ីស្លាម​នៅ​ក្រោយ​ក្រុម​នេះ​បាន​ស​ម្លាប់​អ្នកបើក​យន្តហោះ​ហ្ស៊កដានី​ម្នាក់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ខែ​ធ្នូ។

បើ​តាម​ប្រភព​ស៊ើបការ​សម្ងាត់ ​ជនជាតិ​អាមេរិកាំង​ដែល​ធ្វើការ​ខាង​ជំនួយ​សង្គ្រោះ​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​ចំណាប់​ខ្មាំង​ស.រ.អា.ចុង​ក្រោយ​បង្អស់​ដែល​ក្រុមសកម្មប្រយុទ្ធ​នេះ​ឃុំឃាំង ហើយ​គេ​គិត​ថា​លោក​នៅ​មាន​ជីវិត​កាល​ពី​ពីរ​សប្តាហ៍​មុននេះ។​

មាន​ការ​សង្ស័យ​ខ្លះ​ចំពោះ​ការ​អះអាង​ដែល​ថា​អ្នកស្រី​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​មួយ​នៅ​ក្រោយ​អាជ្ញាធរ​ហ្ស៊កដានី​បាន​និយាយ​ថា​អ្នកបើក​យន្តហោះ​របស់​ពួក​គេ​បាន​ត្រូវ​សម្លាប់​មួយ​ខែ​មុន​ក្រុម​រដ្ឋអ៊ីស្លាម​ចេញ​ផ្សាយ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ការ​ស្លាប់​របស់​លោក។​

មនុស្ស​រាប់ពាន់នាក់​បាន​ដើរ​តាម​ផ្លូវ​នានា​ក្នុង​រាជធានីអាម៉ាន់ (Amman) នៃ​ប្រទេស​ហ្ស៊កដានី​កាលពី​ថ្ងៃសុក្រ​ដើម្បី​គាំទ្រ​លោក Muath al-Kaseasbeh ដែល​ជា​អ្នកបើក​យន្តហោះ។​

អាជ្ញាធរ​ហ្ស៊កដានី​និយាយ​ថា​ការ​វាយប្រហារ​តា​ម​អាកាស​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រឆាំង​នឹង​ទី​ដៅ​របស់​ក្រុម​រដ្ឋអ៊ីស្លាម​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​នៃ​ការ​សងសឹក​ដល់​ការ​សម្លាប់​លោក Muath al-Kaseasbeh៕

XS
SM
MD
LG