ដើម្បីបំពេញតម្រូវការអគ្គិសនីនៅក្នុងប្រទេស រដ្ឋាភិបាលកំពុងសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនៅលើទន្លេ Rufiji ដែលស្ថិតនៅចំកណ្ដាលនៃតំបន់ Selous Game Reserve ដែលជាតំបន់អភិរក្សមានទំហំស្មើនឹងប្រទេសស្វីសទាំងមូល។
អង្គការអភិរក្សនានា ដែលក្នុងនោះមានទាំងអង្គការមូលនិធិសត្វព្រៃពិភពលោកផងដែរ បានបង្ហាញការព្រួយបារម្ភអំពីផលប៉ះពាល់ផ្នែកបរិស្ថានដែលបណ្ដាលមកពីទំនប់វារីអគ្គិសនីនេះ តាំងពីគម្រោងនេះត្រូវបានផ្សព្វផ្សាយកាលពីឆ្នាំ ២០០៩ មក។
ប្រធានាធិបតីតង់ហ្សានីលោក John Magufuli និយាយថា គម្រោងនេះនឹងមិនប៉ះពាល់ដល់បរិស្ថាននោះទេ តែគម្រោងនេះនឹងជួយបង្កើនសេដ្ឋកិច្ចតាមរយៈឧស្សាភាវូបនីយកម្ម។
លោក Magufuli បាននិយាយថា លោកយល់ថា មានពាក្យចចាមអារ៉ាមមួយចំនួនដែលថា គម្រោងនេះនឹងបំផ្លាញបរិស្ថាន ប៉ុន្តែលោកថា គម្រោងនេះគឺជួយថែរក្សាបរិស្ថានទៅវិញទេ។ លោកបានបន្ថែមថា តំបន់ដែលនឹងប្រើប្រាស់សម្រាប់គម្រោងនេះគឺជាផ្នែកដ៏តូចបំផុតមួយតែប៉ុណ្ណោះនៃតំបន់អភិរក្សនេះ។
លោកបញ្ជាក់ថា គម្រោងនេះនឹងប្រើប្រាស់តែ ៣ ភាគរយប៉ុណ្ណោះនៃតំបន់ដែលមានទំហំជាង ៥ ម៉ឺន គីឡូម៉ែត្រការ៉េនេះ។ លោកបានបន្ថែមថា នៅពេលគម្រោងនេះបញ្ចប់រួចរាល់ ទំនប់វារីអគ្គិសនីនេះនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍។
លោក Ahmed Elsewedy គឺជាអ្នកនាំពាក្យនៃក្រុមហ៊ុន Elsewedy Electric ដែលជាក្រុមហ៊ុនអេហ្សីបដែលការវិនិយោគនៅក្នុងគម្រោងនេះ។ លោកនិយាយថា ក្រុមហ៊ុនលោកនឹងបើកសាលារៀន និងជួយបង្កើនសេដ្ឋកិច្ច។
លោក Elsewedy បញ្ជាក់ដូច្នេះថា៖ «យើងមានកិត្តិយសដែលអាចធ្វើការជាមួយនឹងប្រទេសតង់ហ្សានី។ យើងមានគម្រោងធ្វើឲ្យទីនេះក្លាយជាក្ដីសង្ឃឹមសម្រាប់ឧស្សាហកម្ម និងផលិតកម្មអគ្គិសនីនៅក្នុងតំបន់។ យើងមានគម្រោងកសាងរោងចក្រមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋតង់ហ្សានីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការនាំចេញផងដែរ។ គោលបំណងចម្បងរបស់យើងគឺធ្វើឲ្យរដ្ឋាភិបាល និងប្រជាពលរដ្ឋតង់ហ្សានីមានជីវភាពប្រសើរជាងមុន ដោយសារតែវត្តមានរបស់យើង។ យើងក៏មានគម្រោងផងដែរនៅក្នុងការសាងសង់សាលាបច្ចេកទេស ដូច្នេះ អ្នកដែលធ្វើការជាមួយយើងជាង ៩០ ភាគរយ គឺជាពលរដ្ឋតង់ហ្សានី»។
ប៉ុន្តែ អង្គការមូលនិធិសត្វព្រៃពិភពលោកបានបញ្ជាក់ថា គម្រោងនេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រហែល ២ សែននាក់ ដែលក្នុងនោះមានទាំងកសិករ និងអ្នកនេសាទ ដែលរស់នៅក្រោមខ្សែទឹកនៃទំនប់វារីអគ្គិសនីដែលបានស្នើឡើងនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងថាមពលលោក Medard Kalemani និយាយថា ការសាងសង់កំពុងបន្តធ្វើឡើងយ៉ាងរលូន។
លោកលើកឡើងថា គម្រោងនេះនឹងបញ្ចប់រួចរាល់នៅក្នុងរយៈពេល ៤២ ខែ ហើយមកទល់នឹងពេលនេះ រយៈពេល ៦ ខែបានកន្លងផុតទៅហើយ។ លោកក៏បានបញ្ជាក់ផងដែរថា កិច្ចការនេះដំណើរការបានល្អ។ លោកបានបន្ថែមថា នៅរយៈពេល ៤២ ខែខាងមុខ គម្រោងនេះអាចនឹងបញ្ចប់រួចរាល់។
បើយោងតាមការបញ្ជាក់របស់អង្គការមូលនិធិសត្វព្រៃ តំបន់អភិរក្ស Selous game reserve គឺជាតំបន់ព្រៃដ៏ធំបំផុតចុងក្រោយនៅទ្វីបអាហ្វ្រិក។ តំបន់នេះជាជម្រកសត្វដំរី រមាសខ្មៅ និងឆ្កែព្រៃប្រមាញ់៕
ប្រែសម្រួលដោយ ភី សុភាដា