ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គំនិត​ផ្តួចផ្តើម​ថ្មី​ផ្សារ​ភ្ជាប់​ការ​ការពារ​សិទ្ធិ​មនុស្ស​ទៅ​នឹង​សិទ្ធិ​បរិស្ថាន


រូបភាព​ឯកសារ៖ ទិដ្ឋភាព​ថតពី​លើ​អាកាស​មួយ​បង្ហាញ​រោងចក្រ​ចម្រាញ់ប្រេង​ខុស​ច្បាប់​និង​ការ​បំពុល​បរិស្ថាន​នៅ​តាម​​ផ្លូវ​ទឹក​រដ្ឋ Rivers State ប្រទេស​នីហ្សេរីយ៉ាកាលពី​ថ្ងៃទី​១៩ មិថុនា ២០១៧។
រូបភាព​ឯកសារ៖ ទិដ្ឋភាព​ថតពី​លើ​អាកាស​មួយ​បង្ហាញ​រោងចក្រ​ចម្រាញ់ប្រេង​ខុស​ច្បាប់​និង​ការ​បំពុល​បរិស្ថាន​នៅ​តាម​​ផ្លូវ​ទឹក​រដ្ឋ Rivers State ប្រទេស​នីហ្សេរីយ៉ាកាលពី​ថ្ងៃទី​១៩ មិថុនា ២០១៧។

កម្មវិធី​បរិស្ថាន​​របស់​អង្គការ​សហប្រជាជាតិ​ថ្មី​នេះ កំពុង​ផ្ដោត​លើ​សាជីវកម្ម​និង​រដ្ឋាភិបាល​នានា ដែល​បាន​គំរាម​កំហែង​​ ​បំភិត​បំភ័យ​ជន​ការពារ​បរិស្ថាន​ និង​បំពុល​ផែន​ដី​ ដើម្បី​ទទួល​​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ។

ខ្សែភាពយន្ត​មួយដែលបង្កើត​ឲ្យ​មាន​កិច្ច​ពិភាក្សា​នេះ គឺ​ធ្វើ​ឡើង​ដោយ​សកម្ម​ជន​បរិស្ថាន​ជនជាតិ​កេនយ៉ា​អ្នកស្រី Phyllis Omido។ អ្នកស្រីទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្ក្រាប​រោងចក្រ​រំលាយ​សំណ​មួយ​ក្នុង​តំបន់​អនាធិបតេយ្យ​មួយកន្លែង​នៅ​ក្បែរ​ទីក្រុង​ ​Mombasa​ ដែល​អ្នកស្រី​បាន​និយាយ​ថា​រោងចក្រ​នេះ​បាន​បញ្ចេញ​ផ្សែង​ពុល​ទៅ​ក្នុង​បរិយាកាស​ ហើយ​បាន​សម្លាប់​និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​ រួម​បញ្ចូល​ទាំង​កូន​របស់​អ្នកស្រី។

ទោះ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​ទទួល​បាន​ជ័យ​ជម្នះ ​វា​នៅ​មិន​ទាន់​ចប់​នោះ​ទេ។ ប្រធាន​ផ្នែក​ទំនាក់ទំនង​សម្រាប់​អភិបាលកិច្ច​បរិស្ថាននៃ អ.ស.ប. អ្នកស្រី​ Niamh Brannigan បាន​និយាយ​ថា​ការ​គំរាម​កំហែង​ផ្សេងៗ​ចំពោះ​ជន​ការពារ​បរិស្ថាន​នៅ​តែ​មាន។

អ្នកស្រី Brannigan បាន​និយាយ​ថា៖

«យើង​បាន​ទទួល​សារ​ជា​ច្រើន​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​ថា ជនការពារ​បរិស្ថាន​ម្នាក់គឺ​លោក Ricardo Mayumi នៃ​ចលនា Ifugao Peasant ត្រូវ​បាន​គេ​ការ​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ លោក Peasant បាន​ដឹកនាំ​ក្រុម​ប្រឆាំង​ទៅ​កាន់​ទំនប់​វារីអគ្គិសនី Mini Hydro Dam ក្នុង​ទីក្រុង Santa Clara របស់​ក្រុមហ៊ុន​ថាមពល Santa Clara ហើយ​យើង​ជឿ​ថា​លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់»។​

ចន្លោះ​ឆ្នាំ​២០០២​និង​ឆ្នាំ​២០១៣ របាយការណ៍​របស់​អ.ស.ប.​បាន​បង្ហាញ​ថា​មនុស្ស​ចំនួន​៩០៨​នាក់ នៅ​ក្នុង​ប្រទេស​ចំនួន៣៥ ត្រូវ​បាន​គេ​សម្លាប់​ដោយសារ​ការ​ការពារ​បរិស្ថាន​និង​គុណភាព​ដី។

ឧត្ដម​ស្នងការ​រងផ្នែក​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប. អ្នក​ស្រី Kate Gilmore និយាយ​ថា សិទ្ធិ​មនុស្ស​ទាំង​អស់​ពឹង​ផ្អែក​លើ​បរិស្ថាន។ អ្នកស្រី​បន្ត​ថា ប៉ុន្តែ​មនុស្ស​បន្ត​បំពុល​ធនធាន​នានា​របស់​ផែនដី ដើម្បី​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី ហើយ​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ និង​ជីវភាព​រស់នៅ​ទាំងឡាយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

អ្នកស្រី Gilmore បាន​និយាយ​ថា៖

«អីចឹង យើង​និយាយ​ថា អ្នក​បំពុល​បរិស្ថាន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ។ ប៉ុន្តែ​ការ​អនុវត្ត​ពិត​នោះ​គឺ អ្នក​ដែល​បាន​ចូល​រួម​បំពុល​តិច​បំផុត​នោះ​ទេ ដែល​ទទួល​ខុស​ត្រូវ​ខ្លាំង​ទៅវិញ។ យើង​ដឹង​ថា​យើង​ត្រូវ​ធ្វើ​អ្វី​ហើយ។ យើង​នឹង​ការពារ​បរិស្ថាន ការពារ​ជនការពារ​បរិស្ថាន​ ហើយ​ចាប់​ជន​ណា​ដែល​ល្មើស​ច្បាប់​ឲ្យ​ទទួល​ខុសត្រូវ»។

អ្នក​ស្រី Bianca Jagger ​គឺ​ជា​ប្រធាន​និង​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​សិទ្ធិ​មនុស្ស Bianca Jagger។ អ្នក​ស្រីបាន​អំពាវនាវឲ្យ​មាន​ការ​ស្វែង​រក​យុត្តិធម៌ ដល់​ជន​ជាតិ​ដើម​ភាគតិចការពារ​បរិស្ថាន​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត និង​សហគមន៍​របស់​ពួកគេ​។ ប៉ុន្តែ​អ្នក​ស្រីទទួល​ស្គាល់​ថា ការណ៍​នេះ​គឺ​ពិបាក​ដោយសារ​តែ​រដ្ឋាភិបាល​ជារឿយៗ ចូល​រួម​ជាមួយ​ក្រុមហ៊ុន ដែល​កេង​ប្រវ័ញ្ច​សិទ្ធិជនជាតិ​ដើម​ភាគ​តិច។

អ្នក​ស្រី Jagger បាន​និយាយ​បន្ត​ថា៖

«ដូច្នេះ យើង​ត្រូវ​តែធ្វើ​ការ​អំពាវ​នាវ​ទៅកាន់​ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ទាំងអស់ ​ដែលជាប់​ទាក់ទង​នឹង​ទំនប់​វារីអគ្គិសនី​ ការ​រុករក​រ៉ែ និង​សកម្ម​ភាព​ទាញ​យក​ធនធាន​ពីដី។ ក្រុមហ៊ុន​ទាំង​នោះចង់​ឆក់​យក​ដីធ្លី​របស់​បុព្វបុរស​នៃ​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច ហើយ​យើង​ត្រូវ​តែ​បញ្ឈប់​សកម្មភាព​ទាំង​នោះ»។

អ្នក​រាយការណ៍​ពិសេស​ស្ដី​ពី​សិទ្ធិ​មនុស្ស​និង​បរិស្ថានរបស់​អ.ស.ប. លោក John Knox ​បាន​ជួយ​ក្នុង​ការ​ពន្លឿន​គំនិត​ផ្ដួចផ្ដើម​ស្ដី​ពី​សិទ្ធិ​បរិស្ថាន ដែល​លើក​កម្ពស់ ការពារ និង​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​បរិស្ថាន។ លោក​និយាយ​ថា​វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ការពារ​ជនការពារ​បរិស្ថាន​ឲ្យ​កាន់តែ​ខ្លាំង​ជាមុន។

លោក Knox ​បាន​និយាយ​ថា៖

​«ជាមធ្យម​មាន​មនុស្ស​បួន​នាក់​ក្នុង​មួយ​សប្ដាហ៍​ ត្រូវ​បាន​គេ​សម្លាប់​នៅ​ជុំវិញ​ពិភពលោក នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ការពារ​បរិស្ថាន។ បើ​សិន​ជា​យើង​មិន​អាច​ការពារ​មនុស្ស​ដែល​កំពុង​ការពារ​បរិស្ថានសម្រាប់​ពួកយើង​ទាំង​អស់​គ្នា​ អ្វី​គ្រប់យ៉ាង​ដែល​យើង​កំពុង​តែ​ធ្វើ នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។ ដូច្នេះ វា​ចាំ​បាច់​ក្នុង​ការ​ការពារ​ពួកគេ»។

លោក​ Knox និយាយ​ថា​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​បរិស្ថាន​ល្អ​ប្រសើរ​មួយ ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ជាង១០០​។ លោក​បានសម្គាល់​ថា អ្វី​ដែល​គួរ​ឲ្យ​ចង់​សើច​នោះ​គឺ​ អ.ស.ប.​មិន​បាន​យកច្បាប់​នោះ​មក​ប្រើ​ទេ។ លោក​បន្ត​ថា វា​ដល់​ពេល​ដែល​ស្ថាប័ន​ថ្នាក់​ពិភពលោក​មួយ​នេះ​ទទួល​ស្គាល់​ថា​អ្នក​រាល់​គ្នា គួរ​តែ​អាចទទួល​បានសិទ្ធិរស់​នៅ​ក្នុង​បរិស្ថាន​សុវត្ថិភាព​និង​ល្អ​ប្រសើរ​មួយ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG