ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​តម្លៃ​ថោក​ពី​ចិន​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​អាច​នឹង​បង្អាក់​ដំណើរ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី

  • សុខ ខេមរា

រូបឯកសារ៖​ កម្មករចិនពិនិត្យខ្សែកាបអគ្គិសនីនៅក្នុងទីក្រុង Laian ភាគខាងកើតខេត្ត Anhui កាលពីថ្ងៃទី១៧​ខែកក្កដា​ ឆ្នាំ២០១៧។

នៅពេល​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​មាន​កំណើន​ក្នុង​ប្រទេស​ចិន​ ទាំងចិន​និង​ឡាវ ​កំពុង​សម្លឹង​មើល​ទីផ្សារ​លក់​ថាមពល​អគ្គិសនី​ដែល​សល់លើស​លុប​ទៅ​កាន់​ប្រទេស​ជិតខាង​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ដែល​ក្រុម​អ្នកវិភាគ​ក្នុង​រដ្ឋធានី វ៉ាស៊ីន​តោន ​និយាយ​ថា​ តម្លៃ​ថាមពល​អគ្គិសនី​ថោក​អាចនឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​នានា​ដូចជា​ប្រទេស​កម្ពុជា។

លោក​ Brian Eyler ​នាយក​កម្មវិធី​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​បានថ្លែង​ប្រាប់ ​VOA ​ផ្នែក​ខេមរភាសា​ថា​ ការ​ផ្គត់ផ្គង់​អគ្គិសនី​ដែល​សំបូរ​ហូរហៀរ​ ហើយ​មាន​តម្លៃ​ថោក​អាច​នឹង​បង្អាក់​គម្រោង​ការ​របស់​ឡាវ​ក្នុងការ​ក្លាយខ្លួន​ជា​ប្រទេស​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

«បើ​តាម​ស្ថានការណ៍​សំខាន់​នេះ​ ទំហំ​អគ្គិសនី​ដែល​អាច​ចេញ​ពី​ការ​កសាង​វារី​អគ្គិសនី​ឡាវ​ គឺជា​បំណែក​តូចមួយ​នៃ​តម្រូវ​ការ​ជាក់​ស្តែង​ដែល​ប្រទេស​នានា​ដូច​ជាថៃ​ ឡាវ ​កម្ពុជា​ ហើយ​នឹង​វៀតណាម​ត្រូវការ»។

ថាមពល​អគ្គិសនី​ចេញពី​ខេត្ត​ យូណាន​(Yunnan)​ ប្រទេស​ចិន​ដែល​គេ​ឃើញ​ថា​កើត​ឡើង​ ដោយសារ​ការ​កសាង​ទំនប់​វារី​អគ្គិសនី​ជាច្រើន​ក្នុង​ឆ្នាំថ្មីៗ​នេះ​ អាច​ប្រើ​ប្រាស់​លើស​តម្រូវការ​ក្នុង​តំបន់​ជិតឆ្ងាយ​នៃ​ទន្លេ​មេគង្គ ​និង​ដៃ​ទន្លេ​នោះ​ នឹង​មាន​តម្លៃ​ប្រហែល​៣សែន​ដុល្លារ ​ឬ​ក្រោម​៤០០រៀល​ ក្នុងមួយ​គីឡូវ៉ាត់​ម៉ោង។ ​ការណ៍​នេះ​មាន​ន័យថា​ តម្លៃ​ភ្លើង​ដែល​ទៅ​ដល់​ប្រទេស​កម្ពុជា ​ច្បាស់​ជា​នឹង​នៅតែ​ថោក​ជាង​តម្លៃ​ភ្លើង​ដែល​ត្រូវ​ទិញ​ពី​ទំនប់​វារីអគ្គិសនី​របស់​ឡាវ​ ដូចជា​ទំនប់​សាយ៉ាបូរី​និង​ដន សាហុង។

«ដោយសារ​តែ​រដ្ឋាភិបាល​ចូលចិត្ត​ប្រើ​មធ្យោបាយ​តាម​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រមូល​ផ្តុំ ​គេឃើញ​មាន​កន្លែង​ផ្ទុក​ចរន្ត​អគ្គិសនី​ដ៏ធំ​នៅតែ​ក្នុង​តំបន់​ទីក្រុង។​ តែ​សមត្ថភាព​នៃការ​ផលិត​ស្ថិតនៅ​តំបន់​ដាច់​ស្រយាល​ ក្នុង​តំបន់​ភ្នំ។​ ដូច្នេះ​បើ​លោក​អ្នក​គិត​អំពី​វារីអគ្គិសនី ​គឺ​គ្រាន់តែ​មាន​គំនិត​សាងសង់​ប្រព័ន្ធ​ផ្ទេរ​ និង​ចែក​ចាយ​ភ្លើង​ដល់​ទីកន្លែង​ដាច់​ស្រយាល​ឆ្ងាយៗ​ ហើយ​ភ្ជាប់​ប្រព័ន្ធ​ទាំងនោះ​ទៅ​នឹង​ទីប្រជុំ​ជនក្នុង​ទីក្រុងតែ​ប៉ុណ្ណោះ»។

លោក​បាន​បន្តថា​ ពិភពលោក​នឹងមិន​ជ្រើសរើស​ផ្លូវ​ដូច្នោះ​ទៀត​ទេ។ ​លោក​បាន​បន្ថែម​ថា៖

«តែ​ពិភព​លោកនេះ​មិនមែន​ដើរ​ទៅ​តាម​ផ្លូវនោះ​ទេ។​ ពិភពលោក​ដើរ​ឆ្ពោះ​ទៅ​រក​ប្រព័ន្ធ​បែង​ចែក​ ដែល​ថាមពល​អគ្គិសនី​នឹង​ហូរ​ទៅ​កាន់​ទិសដៅ​ជាច្រើន​កន្លែង​ទាំងអស់​នៅ​ជុំវិញ​ខ្លួន​យើង។​ ដូច្នេះ​តំបន់​ទីក្រុង​អាច​ផលិត​អគ្គិសនី​ផងដែរ​តាម​រយៈ​ប្រព័ន្ធ​ព្រះអាទិត្យ​ដើម្បី​ចែកចាយ​ តាមរយៈ​ទីតាំង​មាន​ខ្យល់​ស្ថិត​នៅជិត​ទី​ក្រុង។ ​វាពិត​ជាមិន​តម្រូវ​ឲ្យមាន​តម្រូវការ​បន្ត​តាម​វិធី​ជា​ប្រព័ន្ធ​ប្រមូលផ្តុំ​ទៀត​ទេ»។

ទិដ្ឋភាពទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ​នៅខេត្ត Xayaburi ប្រទេសឡាវ។
ទិដ្ឋភាពទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គ​នៅខេត្ត Xayaburi ប្រទេសឡាវ។

លោក ​Brian Eyler ​បាន​បន្ថែមថា​ បើ​យ៉ាង​នោះ​មែន​ ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពី​ខេត្ត​ យូណាន​ ផ្តល់ឲ្យ​រដ្ឋាភិបាល​តំបន់​អាស៊ី​អាគ្នេយ៍​នូវ​ច្រក​នៃ​ឱកាស​ដើម្បី​ប្តូរ​ទៅ​ចាប់​យក​ថាមពល​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ ជាពិសេស​គឺ​ពន្លឺ​ព្រះ​អាទិត្យ​ ថាមពល​ខ្យល់​ និង​ថាមពល​ឥន្ទនៈ​ជីវសាស្ត្រ ​ដែល​អាច​ផ្តល់​ដំណោះ​ស្រាយ​រយៈពេល​វែង​ចំពោះ​ការ​ខ្វះខាត​ថាមពល។​

មក​ដល់​ពេលនេះ​ មាន​ទំនប់​វារីអគ្គិសនី​ចំនួន៣០​ ត្រូវសាង​សង់​ក្នុង​ប្រទេស​ឡាវ ហើយ​មាន​ចំនួន​៧​សាងសង់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ផ្តល់​ថវិកា​សំខាន់​បំផុត​ពី​ក្រុមហ៊ុន​រដ្ឋប្រទេស​ចិន។

លោកស្រី ​Courtney Weatherby ​អ្នកវិភាគ​ស្រាវជ្រាវ​នៃមជ្ឈមណ្ឌល ​Stimson​Center​ បាន​ថ្លែង​ប្រាប់ ​VOA ​ខេមរភាសា​ថា ​ប្រទេស​កម្ពុជា​មាន​ជម្រើស​ក្នុងការ​វិនិយោគ​លើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ។

«ខ្ញុំ​គិត​ថា​ វាជា​រឿង​អាច​ទៅរួច ​ហើយ​វា​មាន​អ្នក​ជំនាញ​បច្ចេកទេស​នេះ​ អាច​ជួយ​បាន ​ហើយ​នឹង​សហគមន៍​អន្តរជាតិ​ផងដែរ​ ដើម្បី​ជួយ​រកច្រក​ផ្លូវផ្សេង​ដែល​អាច​នឹង​ត្រូវតាម​តម្រូវការ​សម្រាប់​ប្រទេស​ឡាវ ​កម្ពុជា ​ហើយនឹង​វៀតណាម​ ដើម្បី​បង្កើត​ប្រាក់​ចំណូល​ជាតិ​ពីវិស័យ​អគ្គិសនី ​ហើយ​អាច​ការពារ​ស្ថានភាព​បរិស្ថាន​សង្គម​បាន​ប្រសើរ​ ដែល​មានដ៏​សំបូរបែប​នៅជុំវិញ​ទន្លេ​មេគង្គ​បច្ចុប្បន្ន​ ដែល​រឿងនេះ​ ចាំបាច់​ត្រូវចាប់​ផ្តើម​ពិភាក្សា​គ្នា​ភ្លាមៗ​អំពី​ប្រធាន​បទ​នេះ​ ជំនួស​ឲ្យការ​ដែល​ធ្វើតាម​ការងារ​ដដែលៗ»។

តម្លៃ​បច្ចេក​វិទ្យា​ដើម្បី​សាងសង់​ប្រព័ន្ធ​ស្រូប​ថាមពល​ព្រះអាទិត្យ​ ដែលគេ​ស្គាល់​នៅ​ប្រទេស​កម្ពុជា​ថា​ជា​ប្រព័ន្ធ ​សូឡា​នោះ​ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​ដែល​ក្រុមអ្នក​ជំនាញ​ថា ​ការណ៍នេះ​គឺជា​ចង្អុល​បង្ហាញ​ថា​នឹងមាន​ប្រាក់​ចំណេញ​ច្រើន ក្នុង​រយៈពេល​វែង​តទៅទៀត​សម្រាប់​ការ​វិនិយោគ​លើ​ថាមពល​ព្រះអាទិត្យ។​

យ៉ាងណាក៏​នៅមាន​ប្រទេស​ជាច្រើន​នៅតែ​ប្រឆាំង​នឹង​ការ​ផ្លាស់ប្តូរ​ ហើយ​មើល​ឃើញ​ថា ​វិនិយោគ​ផ្នែក​ថាមពល​អគ្គិសនី​ដើរដោយ​ប្រព័ន្ធ​ព្រះអាទិត្យ​ មានភាព​ប្រថុយ​ប្រថាន​ ដោយសារ​តែ​វា​អាច​ទទួលបាន​ផលចំណេញ​តិចតួច​ត្រឡប់​មក​វិញ​នៅ​ឡើយ។

ជាមួយគ្នា​នេះដែរ​ ការសាង​សង់​ទំនប់​អគ្គិសនី​ធំៗ​រាប់​សិប​តាម​ប្រព័ន្ធ​ទន្លេមេគង្គ​ក្លាយជា​រឿង​ចម្រូងចម្រាស​ក្នុងតំបន់​ចំពោះ​ផលប៉ះពាល់​ដល់​បរិស្ថាន​សង្គម។

លោកស្រី ​Courtney Weatherby ​បាន​បញ្ជាក់​ថា៖​

«ការ​ប្រឈម​ដ៏ធំជាង​គេ​ពេលនេះ​ និង​មកដល់​កម្រិតនេះ​ គឺ​យើង​កំពុង​ចាប់​ផ្តើម​មើល​ឃើញ​ផល​ប៉ះពាល់​ទាំងនោះ។​ ហើយ​ការ​ប្រឈម​ដ៏ធំជាង​គេ​ចំពោះ​ដំណើរ​ការ​ទៅមុខ​ទៀត​នោះ​ គឺ​ការ​ធានា​ថា​គម្រោង​ទៅ​អនាគត​ទាំងឡាយ​ត្រូវធ្វើ​ដោយ​មាន​ការ​សម្រប​សម្រួល​គ្នាឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅ​បាន។​ ធ្វើ​ដូច្នេះ​គេ​អាច​កាត់​បន្ថយ​និង​បង្រួម​ផល​ប៉ះពាល់​យ៉ាងច្រើន​តាមដែល​អាចធ្វើ​បាន ​ពីព្រោះ​ការ​បង្កើត​គម្រោង​នានា​អាចកើត​ឡើង​មែន​ តែ​វា​អាច​កើតឡើង​តាម​វិធី​ខ្ជីខ្ជា​ដែល ​គម្រោង​នានា​ត្រូវ​គេមើល​ទៅលើ​ការកាត់​បន្ថយ​បញ្ហា​រៀងៗ​ខ្លួន​ តែ​គ្មាន​ការ​សម្រប​សម្រួល​គ្នា ​ហើយ​បើដូច្នោះ​ជា​លទ្ធផល​នៅទី​បញ្ចប់​ អាច​នឹង​ក្លាយ​ទៅជា​មហន្តរាយ​សម្រាប់​ប្រទេស​នៅខ្សែ​ទឹកខាង​ក្រោម»។

នៅក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​សប្តាហ៍​មុន​ ប្រទេស​ចិន​បាន​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គម្រោង​រយៈពេល​៥ឆ្នាំ​សម្រាប់​ទន្លេមេគង្គ​ ក្នុងពេល​ជួបប្រជុំ​ជាមួយ​ប្រទេស​នៅខ្សែ​ទឹក​ខាងក្រោម។ ​លោក​នាយក​រដ្ឋមន្រ្តី​ចិន​ លី ឃឺឈាង​ បាន​ថ្លែង​ក្រោយ​ពីកិច្ច​ប្រជុំថា ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងនេះ​មិនមែន​គ្រាន់តែ​ស្ថិត​នៅលើ​បបូរមាត់​ទេ។ ​លោក លី ​បាន​បញ្ជាក់​ថា៖

«សហ​ប្រតិបត្តិការ​មេគង្គ​ ​ឡាន​ឆាង​ ​មិន​មែន​ជា​កន្លែង​និយាយ​តែ​បបូរ​មាត់​នោះទេ គឺ​យើង​និយាយ​លើគោល​ការណ៍​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ​យើង​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​ចាត់​ទុក​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​ស្មើ​ភាព​ ដើម្បី​ការ​អភិវឌ្ឍ​រួម»។

គម្រោង​ការ​ជាក់ស្តែង​នេះ​មាន​លក្ខណៈ​ទំលំ​ទូលាយ ​ដោយ​គ្រប​ដណ្តប់​លើគ្រប់​វិស័យ​នៃការ​គ្រប់គ្រង​ ដែល​ពិបាក​នឹង​ចាប់​យក​ចំណុច​គោល​បំណង​ជាក់​លាក់​ហើយ​ក៏​គ្មាន​ជំហាន​ច្បាស់លាស់​ដែល​ឃើញ​ថា​អាច​ដោះស្រាយ​ការ​គម្រាម​កំហែង ​បង្កើត​ដោយ​មនុស្ស​ដែលកំពុង​កើន​យ៉ាងខ្លាំង​ចំពោះ​ប្រព័ន្ធ​ទន្លេមេគង្គ​ដែរ៕

XS
SM
MD
LG