ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​ព្រមាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ឲ្យ​បិទ​ប្រតិបត្តិការ​នៅ​ខេត្ត Ghazni


ទាហាន​អាហ្វហ្គានីស្ថាន​ឈរ​នៅ​ក្បែរ​សាកសព​របស់​យុទ្ធជន​តាលីបង់​នៅ​ក្នុង​ក្រុង Ghazni ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។
ទាហាន​អាហ្វហ្គានីស្ថាន​ឈរ​នៅ​ក្បែរ​សាកសព​របស់​យុទ្ធជន​តាលីបង់​នៅ​ក្នុង​ក្រុង Ghazni ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។

អាជ្ញាធរ​ប៉ូលិស​ខេត្ត​ Ghazni បាន​ប្រាប់ VOA ថា យុទ្ធជន​តាលីបង់​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​បិទ​បណ្តាញ​របស់​ខ្លួន​នៅ​ពេល​យប់​ងងឹត​នៅ​ក្នុង​ខេត្ត​មួយ​នេះ។ ​

ដើម្បី​កាត់​បន្ថយ​ហានិភ័យ ក្រុម​ឧទ្ទាម​មួយ​នេះ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​ក្នុង​ខេត្ត Ghazni ​ផ្អាក​ប្រតិបត្តិការ​ចាប់​ពី​ម៉ោង​៦ល្ងាច​ដល់​ម៉ោង​៦ព្រឹក ដើម្បី​ធ្វើ​ឲ្យ​កងកម្លាំង​អាហ្វហ្គានីស្ថាន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សម្ងាត់​ និង​តាមដាន​យុទ្ធជន​ទាំង​នេះ​តាមរយៈ​ទូរស័ព្ទ​ចល័ត​របស់​ពួកគេ។

ក្រុម​បះបោរ​នេះ​បាន​បំផ្លាញ​អង់ទែន​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ដែល​មាន​ភាពចលាចល​មួយ​នេះ​ កាលពី​ពេល​ថ្មីៗ​នេះ។

លោក Fahim Amarkhil ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស​នៅ​ក្នុង​ខេត្ត Ghazni​ បាន​ប្រាប់​ VOA ថា៖ «ការ​កើន​ឡើងការ​វាយប្រហារ​តាម​អាកាស​នា​ពេល​ថ្មីៗ​នេះ​ទៅ​លើ​ក្រុម​សកម្មប្រយុទ្ធ​បាន​បង្ក​ឲ្យ​សមាជិក​ក្រុម​តាលីបង់​ស្លាប់​ជាច្រើន។ ក្រុម​សកម្មប្រយុទ្ធ​នេះ​ចង់​បំផ្លាញ​អង់ទែន​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ដើម្បី​កាត់ផ្តាច់ការ​ទំនាក់ទំនង។»

ក្រុម​តាលីបង់​បាន​និយាយ​ថា កងកម្លាំង​អាហ្វហ្គានីស្ថាន​និង​អាមេរិក​ប្រើប្រាស់បណ្តាញ​ទូរគមនាគមន៍​ដើម្បី​កំណត់​ទីតាំង​យុទ្ធជន​របស់​ពួកគេ។

បុគ្គលិក​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​បាន​ប្រាប់​ VOA ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រៅ​ពី​ខេត្ត Ghazni ក្រុម​ឧទ្ទាម​នេះ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័តផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ។

បុគ្គលិក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្នុង​ករណី​នេះ​ ភាគច្រើន​ក្រុមហ៊ុន​ប្រតិបត្តិការ​មិន​មាន​ជម្រើស​ទេ គឺ​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល​ក្រុម​បះបោរ​ចង់​បាន។

ការ​ផ្អាក​ផ្តល់​សេវា​ទូរគមនាគមន៍​បាន​ធ្វើ​ឲ្យ​អតិថិជន​នៅ​ក្នុង​ខេត្ត Ghazni ដែល​ពឹង​ផ្អែក​លើ​ទូរស័ព្ទ​ចល័ត​ដើម្បី​ទំនាក់ទំនង​មាន​ការ​ខឹង​សម្បា​។ ក្រុម​អ្នក​ស្រុក​មាន​ការ​ភ័យ​ខ្លាច​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​នោះ​ទេ ក្រុមហ៊ុន​ទូរគមនាគមន៍​អាច​នឹង​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​នេះ។

លោក Jamil Weqar សកម្មជន​ម្នាក់​នៅ​ក្នុង​ខេត្ត Ghazni បាន​ប្រាប់ VOA ថា៖ «កាលពី​ពេល​មុន ក្រុម​តាលីបង់​បាន​ព្រមាន​ក្រុមហ៊ុន​ទូរគមនាគមន៍​ឲ្យ​បង់​ពន្ធ​ឲ្យខ្លួន និង​មិន​ត្រូវ​បង់​ទៅ​ឲ្យ​រដ្ឋាភិបាល​នោះ​ទេ។ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ។ ប៉ុន្តែ​ពេល​នេះ ពួកគេ​បាន​បំផ្លាញ​អង់ទែន​ដែល​បាន​បង្ក​បញ្ហា​ជាច្រើន [សម្រាប់​អតិថិជន]»។

វិស័យ​ទូរគមនាគមន៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ការ​វិវត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ការ​ដួល​រលំ​របស់​ក្រុម​តាលីបង់ និង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​ក្នុង​ឆ្នាំ២០០១។ ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ និង​អ៊ីនធឺណិត​មាន​ចំនួន​តិច​តួច​កាលពី​១៥ឆ្នាំ​មុន។​ ឥឡូវ​នេះ ប្រទេស​នេះ​មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ជាង​២០លាន​នាក់ ដែល​ស្មើ​នឹង​៨៥%​នៃ​ប្រជាជន​សរុប។

ការ​បិទ​ទំនាក់ទំនង​បាន​កើត​ឡើង​នៅ​ពេល​ដែល​យុទ្ធសាស្ត្រ​ថ្មី​របស់អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ទូទាំង​ប្រទេស។ ផែនការ​ថ្មី​របស់​អាមេរិក​គឺ​រួម​មាន​ទាំង​ការ​ប្រើប្រាស់​ទ័ពអាកាស​ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​នេះ​ផង​ដែរ។​

រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រប់គ្រង​ស្រុក​ជិត​២ភាគ៣​ក្នុង​ចំណោម​ស្រុក​សរុប​ចំនួន​៤០៧​នៅ​ទូទាំង​ប្រទេស។ មាន​សេចក្តីរាយការណ៍​ថា ក្រុម​តាលីបង់​គ្រប់គ្រង​ស្រុក​ចំនួន៣៣​ គឺ​តិច​ជាង​១០%​នៃ​ចំនួន​ស្រុក​សរុប​នៅ​ទូទាំង​ប្រទេស។ បើ​យោង​តាម​ការ​វាយតម្លៃ​របស់​យោធា​អាមេរិក​នា​ពេល​ថ្មីៗ​នេះ ស្រុក​ប្រមាណ​ចំនួន​១១៦​កំពុង​ស្ថិត​ក្នុង​ការ​ប្រយុទ្ធគ្នា៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG