អាជ្ញាធរក្នុងតំបន់ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននិយាយថា សមាជិកម្នាក់របស់កងកម្លាំងពិសេសអាហ្វហ្គានីស្ថាន បានបង្វែចុងកាំភ្លើងដាក់បុគ្គលិកយោធាសហរដ្ឋអាមេរិកដោយបានសម្លាប់ទាហានអាមេរិកាំង២នាក់និងធ្វើឲ្យ២នាក់ទៀតរងរបួស។
ឧបទ្ទវហេតុនេះបានកើតមានឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញនៅក្នុងស្រុក Achin ដែលពោរពេញទៅដោយអំពើហិង្សានៅក្នុងខេត្ត Nangarhar ហើយជនដៃដល់នោះបានត្រូវទាហានអាមេរិកាំងបាញ់សម្លាប់ភ្លាមៗ នេះបើតាមលោក Attaullah Khogyani អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្តដែលបានប្រាប់ VOA។
អ្នកនាំពាក្យយោធាអាមេរិកាំងដែល VOA បានទាក់ទងបាននិយាយថា ពួកមន្រ្តីយោធាសហរដ្ឋអាមេរិក«បានដឹងពីឧបទ្ទវហេតុនៅក្នុងតំបន់ខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាននេះដែរ។ យើងនឹងចេញផ្សាយព័ត៌មានបន្ថែមទៀតនៅពេលសមរម្យ»។
អ្នកនាំពាក្យក្រុមតាលីបានបានអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារគ្នាឯងនេះ។ អ្នកនាំពាក្យតាលីបាននោះបាននិយាយថា អ្នកបាញ់ប្រហារនោះជាសមាជិករបស់ខ្លួនហើយបានជ្រៀតចូលក្នុងកងទ័ពអាហ្វហ្គានីស្ថានដើម្បីធ្វើការវាយប្រហារបែបនេះ។
កងកុម្ម៉ង់ដូពិសេសសហរដ្ឋអាមេរិកនិងអាហ្វហ្គានីស្ថានកំពុងធ្វើកិច្ចប្រតិបត្តិការប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់ភ្នំនៃស្រុក Achin ដែលនៅទីនោះពួកអ្នកស្មោះត្រង់ជាមួយក្រុមភេរវកម្មដែលមានទីតាំងនៅក្នុងប្រទេសស៊ិរីបានបង្កើតទីតាំងនៅទីនោះ។
មន្រ្តីជាន់ខ្ពស់ម្នាក់នៅឯស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងកាប៊ុលក៏បានបញ្ជាក់ពីការសម្លាប់កងកុម្ម៉ង់ដូពិសេសសហរដ្ឋអាមេរិក២នាក់ ហើយនិង២នាក់ទៀតរងរបួសនៅក្នុងខេត្ត Nangarhar នោះដែរ៕