ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​តាលីបង់​សម្លាប់​មនុស្ស ២៤ នាក់ ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


កម្មករ​របស់​សាលាក្រុង​បោស​សម្អាត​កន្លែង​នៃ​ការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។
កម្មករ​របស់​សាលាក្រុង​បោស​សម្អាត​កន្លែង​នៃ​ការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដោយ​រថយន្ត​មួយ​គ្រឿង​របស់​ពួក​តាលីបង់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៤ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស ៤០ នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក Najib Danish បាន​បញ្ជាក់​អំពី​ការ​ស្លាប់ និង​របួស​នេះ ដោយ​ពន្យល់​ថា អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​បាន​បើក​រថយន្ត​ដែល​ផ្ទុក​ទៅ​ដោយ​គ្រឿង​ផ្ទុះ​សម្រុក​ចូល​បុក​រថយន្ត​ក្រុង​ធុន​តូច​មួយ​គ្រឿង​ដែល​ដឹក​មន្ត្រី​រដ្ឋការ​ស៊ីវិល នៅ​ភាគ​ខាង​លិច​ទីក្រុង​កាប៊ុល។

ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​រថយន្ត​ក្រុង​នេះ បាន​បើក​ឆ្លង​កាត់​ទីផ្សារ​អ៊ូអរ​មួយ​កន្លែង ដែល​ធ្វើ​ឲ្យ​អ្នក​លក់​ដូរ​នៅ​តាម​ផ្សារ និង​អ្នក​ធ្វើដំណើរ​ឆ្លង​កាត់​ស្លាប់ និង​រង​របួស​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក។

បុគ្គលិក​មន្ទីរពេទ្យ​រំពឹង​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​មាន​ការ​កើន​ឡើង។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ប្រចាំ​ទីក្រុង​កាប៊ុល​មួយ​រូប បាន​ប្រាប់ VOA ថា ជន​រងគ្រោះ​ភាគ​ច្រើន​គឺ​ជា​មន្ត្រី​រដ្ឋការ​ក្រសួង​រ៉ែ និង​ប្រេង។

ពួក​តាលីបង់​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះ​ឡើង ដោយ​បាន​បញ្ជាក់​ថា អ្នក​ដាក់​គ្រាប់​បែក​របស់​ខ្លួន​វាយ​ប្រហារ​លើ​រថយន្ត​ក្រុង​ធុន​តូច​ពីរ​គ្រឿង ដែល​ដឹក​បុគ្គលិក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាហ្វហ្គានីស្ថាន ដោយ​ធ្វើ​ឲ្យ​មនុស្ស ៣៨ នាក់​ស្លាប់​បាត់បង់​ជីវិត។

ការ​អះអាង​ដូច​នេះ​របស់​ពួក​តាលីបង់ ជា​ការ​បំប៉ោង​តួលេខ​នៃ​អ្នក​ស្លាប់ និង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ ដោយសារ​ក្រុម​នេះ ត្រូវ​គេ​ស្គាល់​ថា ចូលចិត្ត​អះអាង​បំប៉ោង​តួលេខ​ដូច្នេះ៕

XS
SM
MD
LG