មន្ត្រីមន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃអង្គារថា យោធាអាមេរិកកំពុងទាក់ទងជាមួយពួកតាលីបង់ ខណៈកំពុងបង្កើនការជម្លៀសប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានចេញពីអាកាសយានដ្ឋានអន្តរជាតិនៅក្រុងកាប៊ុល។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា «គ្មានប្រតិកម្មអរិភាពពីពួកតាលីបង់ចំពោះប្រតិបត្តិការរបស់យើងនៅអាកាសយានដ្ឋានទេ។ មេបញ្ជាការរបស់យើងនៅអាកាសយានដ្ឋានធ្វើទំនាក់ទំនងជាមួយមេបញ្ជាការតាលីបង់នៅទីនោះ នៅក្រៅអាកាសយានដ្ឋាន»។ លោកបន្ថែមថា «ទំនាក់ទំនងបានធ្វើឡើងជាច្រើនដងក្នុងមួយថ្ងៃ»។
លោក Kirby មិនបាននិយាយលម្អិតទេ ដោយគ្រាន់តែប្រាប់ថា «ខ្ញុំទុកឲ្យលទ្ធផលបង្ហាញដោយខ្លួនឯងចុះ»។
ក្រុមបះបោរតាលីបង់បានដឹកនាំប្រទេសអាហ្វហ្គានីស្ថានពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១ នៅពេលដែលពួកគេត្រូវបានផ្តួលរំលំដោយកងកម្លាំងសហរដ្ឋអាមេរិក និងអន្តរជាតិ។
ថ្មីៗនេះពួកគេបានដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានភាគច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីបើកយុទ្ធនាការយោធាយ៉ាងឆាប់រហ័សដែលបណ្តាលឱ្យកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាច្រើនភៀសខ្លួន ឬចុះចាញ់។
លោកឧត្តមសេនីយ៍ Frank McKenzie មេបញ្ជាការបញ្ជាការដ្ឋានកណ្តាលស.រ.អា.បានជួបជាមួយមេដឹកនាំតាលីបង់នៅប្រទេសកាតា ហើយបានព្រមានថា យោធាអាមេរិកនឹងការពារខ្លួន ប្រសិនបើក្រុមសកម្មប្រយុទ្ធព្យាយាមជ្រៀតជ្រែកក្នុងបេសកកម្មជម្លៀសដ៏ធំនេះ។ នេះបើតាមមន្រ្តីការពារជាតិជាន់ខ្ពស់។
លោកឧត្ដមសេនីយ៍ឯក William Hank Taylor បានប្រាប់អ្នកយកព័ត៌មានថា យន្ដហោះដឹកជញ្ជូនយោធា C-17 ចំនួន ៩ គ្រឿងរបស់សហរដ្ឋអាមេរិកបានទៅដល់ដោយមានឧបករណ៍និងកងទ័ពបន្ថែមប្រហែល១.០០០នាក់នៅល្ងាចថ្ងៃច័ន្ទ។ លោកបាននិយាយនៅល្ងាចថ្ងៃអង្គារថា ចំនួនសរុបនៃកងកម្លាំងអាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai នឹងមានច្រើនជាង៤.០០០នាក់។
យន្តហោះ C-17 ចំនួន ៧ គ្រឿងបានចេញដំណើរដោយដឹកជនភៀសខ្លួនស៊ីវិលប្រហែល៨០០ នាក់ រួមទាំងជនជាតិអាមេរិកចំនួន១៦៥នាក់ផងដែរ ហើយមានអ្នកដំណើរដែលត្រូវបានជម្លៀសសរុបចំនួន១៤០០ទៅ១៥០០នាក់ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ។
មន្រ្តីទាំងពីររូបបានសង្កត់ធ្ងន់ថា យោធាមានបំណងដឹកជម្លៀសមនុស្សរៀងរាល់ម៉ោងចាប់ផ្តើមនៅថ្ងៃពុធដែលអាចមានលទ្ធភាពជម្លៀសមនុស្សពី៥.០០០ទៅ៩.០០០នាក់ពីអាហ្វហ្គានីស្ថានក្នុងមួយថ្ងៃ៕