ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​និយាយ​ថា ជម្លោះ​អ៊ុយក្រែន​នឹង​ផ្តល់​សារៈសំខាន់​ដល់​​សមយុទ្ធ​យោធា​​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ​​


រូប​ឯកសារ៖ យន្តហោះ​ចម្បាំង​ប្រភេទ F-16V ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទី​ក្រុង Chiayi នៅ​ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២។ (AFP)
រូប​ឯកសារ៖ យន្តហោះ​ចម្បាំង​ប្រភេទ F-16V ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​យន្តហោះ​នៅ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទី​ក្រុង Chiayi នៅ​ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២។ (AFP)

សមយុទ្ធ​យោធា​ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់នៅ​ឆ្នាំ​នេះ​នឹង​ដកស្រង់​បទពិសោធពី​សង្រ្គាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​ផ្តោត​លើ​ការប្រយុទ្ធ​ដែល​ប្រើ​សង្គ្រាម​ចិត្តសាស្ត្រ​និង​បច្ចេកទេសជាន់​ខ្ពស់​ដែល​ធ្វើ​ឲ្យ​សត្រូវ​មាន​ការលំបាក​ក៏​ដូច​ជា​ការប្រើប្រាស់​នូវការបម្រុង​នានា​ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ​របស់​ប្រទេស​ចិនដី​គោក។ នេះ​បើ​តាម​ការលើក​ឡើង​របស់មន្ត្រី​ជាន់​ខ្ពស់តៃវ៉ាន់​មួយ​រូប​នៅ​ថ្ងៃ​ពុធ​នេះហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

តៃវ៉ាន់​ដែលត្រូវចិន​ទាមទារ​ថា​ជា​ទឹកដី​របស់​ខ្លួន​បាន​បង្កើន​ការប្រុង​ប្រយ័ត្ន​របស់​ខ្លួន​ចាប់តាំង​ពីការឈ្លានពានរបស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​បារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ចាត់​វិធានការ​លើ​ខ្លួន​ដូច​រុស្ស៊ី​បាន​ធ្វើ​ទៅលើ​អ៊ុយក្រែន​ដែរ។ ទោះជា​យ៉ាងណាក្តី ក៏​តៃវ៉ាន់​មិន​បាន​រាយការណ៍​ថា មាន​សញ្ញា​ណា​មួយ​ដែល​ថា​រឿង​ដូច​គ្នា​នេះនឹងជិត​កើត​មាន​នោះ​ឡើយ។

អ្វី​ដែល​ជាមេរៀន​ដើម្បី​សិក្សា​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ត្រូវ​បាន​ពិភាក្សា​វែកញែក​យ៉ាង​ទូលំ​ទូលាយនៅ​កោះតៃវ៉ាន់​ហើយ​ក៏​ត្រូវ​បាន​យក​ទៅ​ពិភាក្សា​ជា​មួយ​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ។នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​រដ្ឋមន្ត្រីការពារ​ជាតិ​កោះតៃវ៉ាន់។

លោក Lin Wen-huang ប្រធាននាយកដ្ឋាន​ប្រតិបត្តិការ​រួមនៃ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​និយាយ​ថា ការធ្វើ​សមយុទ្ធយោធា Han Kuang របស់កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ​នេះ​នឹង​ប្រើ​ប្រាស់​ការធ្វើ​ត្រាប់ដូច​ជា​ការ​ចូល​ឈ្លាន​ពាន​របស់​ចិន​ទៅ​លើ​កោះ​តៃវ៉ាន់។ នេះ​ជា​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​របស់តៃវ៉ាន់​ដែល​នឹង​ដក​ស្រង់នូវ​បទពិសោធន៍​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

មន្ត្រី​តៃវ៉ាន់រូប​នេះបាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​ថា៖ «ជា​ការ​ពិត​ណាស់​គឺ​យើង​នឹងតាម​ដាន​ដោយ​យក​ចិត្តទុកដាក់​លើ​សង្រ្គាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​និង​សកម្មភាពរបស់​កងទ័ព​កុម្មុយនីស្ត​ចិន ហើយ​អនុវត្ត​នូវ​សមយុទ្ធ​យោធារបស់​យើង»។

សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​គាំទ្រ​និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​មួយ​របស់​កោះតៃវ៉ាន់​ក៏​បាន​តាមដាន​មេរៀន​យុទ្ធសាស្ត្រ​ពី​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​សម្រាប់​កោះ​តៃវ៉ាន់​ហើយ​កំពុង​ពិចារណា​ពី​របៀប​ដែល​ដែនកោះ​មួយ​នេះអាច​ត្រៀម​រៀបចំ​ខ្លួន​ក្នុង​ករណី​ដែល​មាន​ការឈ្លានពាន​ពី​ចិន​ដីគោគ។

លោក Matthew Pottinger ជា​អតីត​ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ​អាមេរិកនៅក្នុង​រដ្ឋបាល​របស់​លោក Trumpបាន​ប្រាប់​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំដោយមូលនិធិ​សម្រាប់​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ​ថា តៃវ៉ាន់​ត្រូវ​យក​គំរូ​តាម​អ៊ុយក្រែនក្នុង​ការហ្វឹកហាត់​ក្រុម​អ្នកបាញ់​កាំភ្លើង​ត្រង់និងធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវឧបករណ៍​បំផ្ទុះរបស់​ខ្លួន។

លោក​និយាយថា​ទៀតថា៖ «មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ធ្វើនៅកោះ​តៃវ៉ាន់»។

ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen បាន​ប្រាប់​ទូរទស្សន៍CNNកាលពី​ខែតុលា ឆ្នាំ ២០២១​ថា សហរដ្ឋ​អាមេរិក​បាន​ជួយរួចហើយ​ដល់បុគ្គលិក​យោធា​តៃវ៉ាន់ ក៏ប៉ុន្តែ​កម្រ​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​រឿង​នេះ។ កងទ័ព​អាមេរិក​មួយ​ចំនួន​តូច​បាន​ទៅ​ដល់​កោះ​តៃវ៉ាន់​និង​បានហ្វឹកហាត់​កងទ័ព​តៃវ៉ាន់៕

XS
SM
MD
LG