សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានផ្តល់បញ្ជាក់កាលពីថ្ងៃអង្គារថា ពួកគេកំពុងចាត់វិធានការដ៏រហ័សនិងខ្លាំងដើម្បីគាំទ្រកងកម្លាំងរបស់អ៊ុយក្រែនហើយនឹងបង្កើនការដាក់សម្ពាធលើសេដ្ឋកិច្ចរបស់រុស្ស៊ីនៅពេលដែលការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដែលជាប្រទេសជិតខាងនោះមានរយៈពេល២ខែហើយ។ ទន្ទឹមនឹងនេះដែរ អង្គការសហប្រជាជាតិបាននិយាយថា ប្រធានាធិបតីរុស្ស៊ីបានយល់ព្រមអនុញ្ញាតឱ្យក្រុមជំនួយអន្តរ ជាតិជួយជនស៊ីវិលចាកចេញពីទីក្រុងកំពង់ផែ Mariupol ដែលកំពុងស្ថិតក្រោមការឡោមព័ទ្ធ របស់ខ្លួននោះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញថា កាលពីដំបូងសហរដ្ឋអាមេរិក«ត្រូវការពេលវេលារាប់សប្តាហ៍» ដើម្បីដឹកជញ្ជូនឧបករណ៍យោធានិងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែ ឥឡូវនេះ ការបញ្ជូនអាវុធថ្មីៗទៅឱ្យប្រទេសអ៊ុយក្រែនអាចប្រើពេលតែ៣ថ្ងៃប៉ុណ្ណោះ។
លោក Blinken បានមានប្រសាសន៍ថា ចាប់តាំងពីលោកនិងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloy Austin បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានីកៀវកាលពីចុងសប្តាហ៍មុនមក ប្រទេសទាំង២បានព្រមព្រៀងគ្នានៅក្នុងអ្វីដែលពួកគេនិយាយថា ពួកគេត្រូវការ ហើយនឹងអ្វីដែលយើងគិតថាយើងអាចផ្តល់ឱ្យបាននោះ។
រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសថា ខ្លួននឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិទៅឱ្យប្រទេសប៉ូឡូញនិងប៊ុលហ្គារី។
ហើយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឯណោះវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក Merrick Garland បានប្រាប់សភាអាមេរិកថា លោកគាំទ្រឱ្យមានច្បាប់ដែលនឹងអនុញ្ញាតឱ្យរឹប អូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ីដើម្បីជួយប្រទេសអ៊ុយក្រែនដោយផ្ទាល់។
រដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងបញ្ជូនអាវុធធន់ធ្ងន់ទៅឱ្យអ៊ុយក្រែនជាលើកទី១។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកAustin ដែលជួបជាមួយពួកមន្ត្រីមកពីប្រទេសចំនួន៤០នៅឯមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ រួមមានសមាជិករបស់អង្គការអូតង់ផងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «មិនដែលនឹកស្រមៃថា ពិភពលោកទាំងមូលនឹងរួបរួមគ្នានៅពីក្រោយអ៊ុយក្រែនយ៉ាងខ្លាំងនិងពិតប្រាកដដូច្នេះសោះឡើយ»។
លោក Austin បានថ្លែងនៅថ្ងៃអង្គារថា៖ «យើងកំពុងឃើញការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ យើងមិនមានការខ្ជះខ្ជាយពេលវេលានោះទេ។ យើងត្រូវតែបង្កើនល្បឿនប្រឆាំងនឹងសង្គ្រាមនេះ»។
សេតវិមានបានបញ្ជាក់ថា ការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់បានបង្ហាញពីការសាមគ្គីភាពមួយដែលមិនធ្លាប់មានកាលពីពេលមុន នៅក្នុងការប្រឈមការឈ្លានពានរបស់រុស្ស៊ី។
ក្នុងជំនួបរយៈពេល២ម៉ោងជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅក្នុងទីក្រុងមូស្គូ ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានយល់ព្រមជាគោល ការណ៍ក្នុងការអនុញ្ញាតឱ្យអង្គការសហប្រជាជាតិនិងគណៈកម្មាធិការកាកបាទក្រហមអន្តរ ជាតិជួយជម្លៀសជនស៊ីវិលចេញពីរោងចក្រដែក Azovstal នៅក្នុងទីក្រុង Mariupol ។ នេះបើតាមការបញ្ជាក់របស់លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ៕
អ្នកយកព័ត៌មានរបស់វីអូអេ ខាងសន្តិសុខជាតិលោក Jeff Seldin បានរួមវិភាគទានដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។