ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការខ្វែង​គំនិតគ្នា​រវាង​តៃវ៉ាន់ និង​សហភាព​អឺរ៉ុប បង្ហាញ​ឱ្យ​ឃើញ​ពី​បញ្ហា​នៅក្នុង​ការបើក​ព្រំដែន​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​កូវីដ១៩


រូប​ឯកសារ៖ មនុស្សម្នា​ដែល​ចង់​ចាកចេញ​ពី​កោះ​តៃវ៉ាន់​ ប៉ុន្តែ​មិន​អាច​ចាកចេញ​បាន​ដោយសារ​តែ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​កូវីដ១៩ ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​ដំណើរ «ក្លែងក្លាយ» នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Songshan នៅ​ក្នុង​ក្រុង​តៃប៉ិ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
រូប​ឯកសារ៖ មនុស្សម្នា​ដែល​ចង់​ចាកចេញ​ពី​កោះ​តៃវ៉ាន់​ ប៉ុន្តែ​មិន​អាច​ចាកចេញ​បាន​ដោយសារ​តែ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​កូវីដ១៩ ចូលរួម​ក្នុង​កម្មវិធី​ធ្វើ​ដំណើរ «ក្លែងក្លាយ» នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Songshan នៅ​ក្នុង​ក្រុង​តៃប៉ិ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

អ្នក​វិភាគ​និយាយ​ថា ជម្លោះ​រវាង​កោះ​តៃវ៉ាន់ និង​សហភាព​អឺរ៉ុប​ដោយសារ​តែ​ការហាមឃាត់​លើ​អ្នក​ដំណើរ​តៃវ៉ាន់ អាច​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​ជម្លោះ​ការទូត​នៅ​ពេល​អនាគត​ក្នុង​ចំណោម​រដ្ឋាភិបាល​នានា​នៅ​ជុំវិញ​ពិភពលោក នៅ​ពេល​ពួកគេ​ព្យាយាម​ស្វែងរក​ការ​យល់​ព្រម​ជា​ឯកច្ឆន្ទ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​ការធ្វើ​ដំណើរ​អន្តរជាតិ​ ក្នុង​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា។

ក្រសួង​ការបរទេស​នៅ​ក្នុង​ក្រុង​តៃប៉ិ​បាន​និយាយ​នៅ​ពាក់​កណ្តាល​ខែកក្កដា​ថា តៃវ៉ាន់​សង្ឃឹម​ថា សហភាព​អឺរ៉ុប​នឹង​ដាក់​តៃវ៉ាន់​ក្នុង​បញ្ជី​ប្រទេស​មាន​សុវត្ថិភាព។ ពលរដ្ឋ​មក​ពី​ប្រទេស​ក្នុង​បញ្ជី​នេះ ​អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់​អឺរ៉ុប​បាន។ តៃវ៉ាន់​មាន​ករណីជំងឺ​កូវីដ១៩​សកម្ម ស្ទើរ​តែ​សូន្យ ប៉ុន្តែ​តៃវ៉ាន់​នឹង​មិន​យល់ព្រម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មក​ពី​សហភាព​អឺរ៉ុប ​ចូល​ក្នុង​ប្រទេស​ខ្លួន​នោះ​ទេ។ នេះ​ជា​បញ្ហា​មួយ​សម្រាប់​ភាគី​សហភាព​អឺរ៉ុប។ តៃវ៉ាន់​និយាយ​ថា សហភាព​អឺរ៉ុប​ មិន​ទាន់​មាន​សុវត្ថិភាព​ពី​ជំងឺ​នេះ​នៅ​ឡើយ​ទេ។ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា ប្រទេស​ចិន​ ដែល​ជា​គូប្រជែង​នយោបាយ​របស់​តៃវ៉ាន់ អាច​នឹង​ស្នើសុំ​ឱ្យ​សហភាព​អឺរ៉ុប ផ្តាច់​ទំនាក់ទំនង​ពី​តៃវ៉ាន់​ផង​ដែរ។

មនុស្សម្នា​ពាក់​ម៉ាស​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ពេល​ទៅ​ផ្សារ​រាត្រី​មួយ​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
មនុស្សម្នា​ពាក់​ម៉ាស​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា នៅ​ពេល​ទៅ​ផ្សារ​រាត្រី​មួយ​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

ករណី​របស់​តៃវ៉ាន់ បង្ហាញ​ពី​ការ​ខ្វះខាត​ស្តង់ដារ​នៃ​ការអនុវត្ត​ផ្នែក​កុងស៊ុល ដែល​អាច​ទទួល​យក​បាន​ជា​អន្តរជាតិ​ចំពោះ​របៀប​ដែល​រដ្ឋាភិបាល គួរតែ​បើក​ព្រំដែន​ឡើង​វិញ​ដើម្បី​ទទួល​យក​អ្នក​ដំណើរ​បរទេស ដែល​ពួកគេ គឺជា​ប្រភព​នៃ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំងសម្រាប់​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​ ដែល​ការគ្រប់គ្រង​ជំងឺ​នេះ​ដោយ​ជោគជ័យ មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ខ្លាំង។

អ្នក​ជំនាញ​ជឿ​ថា ប្រទេស​មួយ​ចំនួន​ចង់​ទទួល​បាន​គោលការណ៍​ទៅ​វិញ​ទៅ​មក ដូច​នឹង​ការ​ដែល​ពួកគេ​សម្រេច​លើ​តម្លៃ​ទិដ្ឋាការ​អ៊ីចឹង​ដែរ។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ផ្សេង​ទៀត​ ចង់​បង្ហាញ​ពី​សញ្ញា​នៃ​ការ​អនុញ្ញាត​ឱ្យ​តែ​អ្នក​ដំណើរ​ធុរកិច្ច​ទេ​ ដែល​អាច​ចូល​ក្នុង​ប្រទេស​ខ្លួន​បាន​ក្នុង​រយៈពេល​ខ្លី ហើយ​ប្រទេស​ជាច្រើន​នៅ​អាស៊ី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បិទ​ព្រំដែន​ទាំង​ស្រុង​របស់​ខ្លួន​រហូត​ទាល់​តែ​មាន​វ៉ាក់សាំង។

លោក Stuart Orr សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​នៅ​សាកលវិទ្យាល័យ Deakin ក្នុង​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖

«ការ​ផ្តាច់​ខ្លួន​ពី​សាកលលោក​នឹង​បន្ត​កើត​មាន ក្នុង​ពេល​ប្រឈមនឹង​វិបត្តិ​ជំងឺ​កូវីដ១៩ ដោយ​មាន​ការ​ដួលរលំ​ប្រព័ន្ធ​ជាច្រើន​ដែល​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សាកលលោក។ វិបត្តិ​នេះ នឹង​បន្ត​រំលេច​ឱ្យ​ឃើញ​ពី​ភាព​ដាច់​ពី​គ្នា​ផ្នែក​វប្បធម៌​ក្នុង​ចំណោម​រដ្ឋ​អធិបតេយ្យ ហើយនឹង​នាំ​ឱ្យ​មាន​ការ​រំពឹង​ទុក​ខុស​គ្នាៗ​កាន់​តែ​ច្រើន​ឡើងៗ អំពី​ការបើក​ព្រំដែន​ឡើង​វិញ។

លោក Orr បាន​ថ្លែង​បន្ថែម​ថា៖

«ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ផ្តាច់​ខ្លួន​ពី​សាកលលោក ការ​យោគយល់​គ្នា​រវាង​រដ្ឋ​អធិបតេយ្យ​កំពុង​ធ្លាក់​ចុះ ​ជាជាង​កើន​ឡើង»។

សារព័ត៌មាន Kyodo ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​តូក្យូ​បាន​រាយការណ៍​នៅ​ក្នុង​ខែ​មិថុនា​ថា ប្រទេស​ជប៉ុន​មាន​គម្រោង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ធុរកិច្ច​ចំនួន​២៥០នាក់​មក​ពី​ប្រទេស​អូស្ត្រាលី នូវែលសេឡង់ ថៃ និង​វៀតណាម ​ចូល​ក្នុង​ប្រទេស​ខ្លួន​ក្នុង​មួយ​ថ្ងៃៗ។ ប្រទេស​គោលដៅ​ទាំង​អស់ ​សុទ្ធ​តែ​មាន​ចំនួន​អ្នកជំងឺ​កូវីដ​១៩​តិចតួច។

ក្រសួង​ការបរទេស​សិង្ហបុរី​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ប្រទេស​សិង្ហបុរី និង​ទីក្រុង និង​ខេត្ត​ចំនួន​៦ របស់​ចិន​ បាន​ព្រមព្រៀង​គ្នា​បើក​ឱ្យ​មាន​ «ច្រក​រហ័ស» ផ្នែក​អន្តោប្រវេសន៍​សម្រាប់​អ្នក​ដំណើរ​ធុរកិច្ច។ ជំងឺ​ដ៏​កាចសាហាវ​ ដែល​ជាញឹកញាប់​អាច​បណ្តាល​ឱ្យ​ស្លាប់​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ជា​ប្រភព​ដ៏​សំខាន់​នៃ​ចំណូល​ពី​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រទេស​សិង្ហបុរី។

សារព័ត៌មាន​អូស្ត្រាលី បាន​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​អូស្ត្រាលី​កាលពី​ខែ​មិថុនា ដោយ​មាន​សេចក្តី​ថា ព្រំដែន​អាច​នឹង​បន្ត​បិទ​រហូត​ដល់​ឆ្នាំ២០២១។ ផ្ទុយ​ទៅ​វិញ​ សហភាព​អឺរ៉ុប​ បាន​បើក​ព្រំដែន​របស់​ខ្លួន​សម្រាប់​ប្រទេស​សមាជិក​ទាំង​២៧​របស់​ខ្លួន នៅ​ថ្ងៃទី១៥ ខែមិថុនា ទោះ​ជា​ការ​ផ្ទុះ​ឡើង នៅ​តែ​បន្ត​កើត​មាន​នៅ​កន្លែង​មួយ​ចំនួន​ក្តី។

ឥឡូវ​នេះ​ អ្នក​ដំណើរ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន និង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ដែល​ពួកគេ​មាន​ប័ណ្ណ​ស្នាក់នៅ​រយៈពេល​យូរ។ ជា​ឧទាហរណ៍ ប្រទេស​ហ្វីលីពីន នឹង​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ភាគច្រើន​របស់​ខ្លួន​ចេញ​ក្រៅ​ប្រទេស​នោះ​ទេ ខណៈ​ដែល​ប្រទេស​ចិន បាន​ហាមឃាត់​មិន​ឱ្យ​អ្នក​កាន់​ប័ណ្ណ​អនុញ្ញាត​ដែល​ជា​ជន​បរទេស ចូល​ក្នុង​ប្រទេស​ចិន​វិញ​ទេ។

លោក Rajiv Biswas ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Markit នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាននិយាយ​ក្នុង​សម្តី​ដើម​ថា៖

«វា​ជា​បញ្ហា​ដ៏​ពិត​ប្រាកដ​មួយ​នៅ​ទូទាំង​ពិភពលោក។ ក្រម​វិធាន​ច្បាប់​ត្រូវ​ការ​រយៈពេល​យូរ ហើយ​វា​ពិត​ជា​មាន​ការលំបាក​ខ្លាំងណាស់ ក្នុង​ការ​ព្យាយាម​ស្វែងយល់​ថា តើ​មាន​អ្វី​កំពុង​កើត​ឡើង។ មិន​មាន​ស្តង់ដារ​អ្វី​ទេ។ ប្រទេស​នីមួយៗ​ធ្វើ​ការ​សម្រេច​ចិត្ត​ពី​របៀប​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង»។

លោក Biswas ទស្សន៍ទាយ​ថា រដ្ឋាភិបាល​នៅ​អាស៊ី​ភាគច្រើន នឹង​រង់ចាំ​ទាល់​តែ​មាន​វ៉ាក់សាំង​សិន មុន​នឹង​បើក​ព្រំដែន​ឡើង​វិញ​ក្នុង​ទ្រង់ទ្រាយ​ធំ​ណា​មួយ​នោះ​ទេ៕

XS
SM
MD
LG