ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​​ប្រកួត​នឹង​ចិន​ខាង​នយោបាយ​ការទូត​សុខាភិបាល​​ពិភពលោក


ស្ត្រី​ម្នាក់​ដែល​មាន​ពាក់​ម៉ាស់​ការពារ និង​កាន់​កែវទឹក​មួយ​មើល​ទូរស័ព្ទ​ដៃ​របស់​នាង​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
ស្ត្រី​ម្នាក់​ដែល​មាន​ពាក់​ម៉ាស់​ការពារ និង​កាន់​កែវទឹក​មួយ​មើល​ទូរស័ព្ទ​ដៃ​របស់​នាង​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

ក្រសួង​ការ​បរទេស​របស់​កោះ​តៃវ៉ាន់​និយាយ​កាល​ពី​ថ្ងៃ​​ទី​១ ខែ​មេសា ថា ខ្លួន​នឹង​បរិច្ចាគ​ម៉ាស់​មុខ​ចំនួន​​១០​លាន​ម៉ាស់​​ចំពោះ​បុគ្គលិក​សុខាភិបាល​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ខាង​ការ​ទូត​តូចៗ​ចំនួន​១៥​​ប្រទេស។

កោះ​តៃវ៉ាន់ ​ដែល​ត្រូវ​គេតាមដាន​មើល​យ៉ាង​ខ្លាំង​ពីបរទេស​ ដោយ​សារ​ខ្លួន​បានអាច​គ្រប់គ្រង​បាន​នូវ​រីករាតត្បាត​នៃ​ជំងឺ​កូវីដ១៩នោះ ក្នុង​ដើម​ខែ​មេសា​នេះ បាន​ចាប់​ផ្តើម​បញ្ជូនជំនួយ​ខាង​សុខាភិបាល​ទៅ​កាន់​បណ្តាប្រទេស​ដែល​រង​គ្រោះខ្លាំង​ជាង​ខ្លួន នៅ​ក្នុង​យុទ្ធនាការ​មួយ​ដែល​អាច​ជួយ​ឲ្យ​កោះតៃវ៉ាន់​អាច​តទល់​នឹង​គូប្រជែង​ខាង​នយោបាយ​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​គឺ​ប្រទេស​ចិន។

ក្រសួង​ការ​បរទេស​របស់​កោះ​តៃវ៉ាន់​និយាយ​កាល​ពី​ថ្ងៃទី​១ ខែ​មេសា ថា ខ្លួន​នឹង​បរិច្ចាគ​ម៉ាស់​មុខ​ចំនួន១០​លាន​ម៉ាស់ចំពោះ​បុគ្គលិក​សុខាភិបាល​នៅ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ខាង​ការ​ទូត​តូចៗ​ចំនួន​១៥ប្រទេស។ ក្រសួង​ការ​បរទេស​និយាយ​ថា តៃវ៉ាន់​ចង់​ចែក​រំលែក​ជោគជ័យ​ដែល​ខ្លួន​មានមក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​ស្រី​ Joanne Ou អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេសថ្លែង​ថា៖ «អំណោយ​ជា​ម៉ាស់​ចំនួន១០​លាន​ម៉ាស់​របស់​ប្រទេសខ្ញុំ មាន​គោលដៅ​ដើម្បី​ជួយ​បុគ្គលិក​សុខាភិបាលនៅ​ក្នុង​ប្រទេស​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ជំងឺ​រាតត្បាត​នេះ ហើយ​ដែល​នេះ​បង្ហាញ​ពី​ស្មារតី ​«តៃវ៉ាន់​អាច​ជួយ​បាន» និង​ការ​ជំរុញ​ឲ្យ​មាន​សហប្រតិបត្តិការ​អន្តរជាតិ»។​

អ្នក​ស្រី​ Ou បន្ថែម​ថា៖ «យើង​បាន​សង្កេត​ឃើញ​ថា បទពិសោធន៍និង​របៀប​ពង្រាយ​ធនធាន​ផ្នែក​ទប់ស្កាត់​ជំងឺ​ឆ្លង​របស់​តៃវ៉ាន់​ បាន​ទទួល​ការ​សាទរ​ពី​សហគមន៍​អន្តរជាតិ​រួច​ទៅ​ហើយ»។

អ្នក​ស្រី​ថ្លែង​ថា​ជំនួយ​នេះ​ ជា​ «កម្មវិធីផ្តួចផ្តើម​ជំនួយមនុស្សធម៌​ទ្រង់ទ្រាយ​ធំ» ដំបូង​របស់​តៃវ៉ាន់ នៅ​ក្រោយ​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ដែល​មក​ទល់​នឹង​ពេល​នេះបានរាលដាល​ដល់ប្រមាណ១៧០ប្រទេសហើយ​ ចាប់​តាំង​ពី​វីរុស​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​កាល​ពី​ជាង​៣​ខែ​មុន​នៅ​ភាគ​កណ្តាល​ប្រទេស​ចិន។​

ការ​ផ្តល់​ជំនួយ​អន្តរជាតិ​រយៈពេល​យូរ​របស់​តៃវ៉ាន់ នៅ​ភ្លាមៗ​ក្រោយ​ពី​មាន​កិច្ចប្រឹងប្រែង​ផ្តល់​ជំនួយ​ក្រៅ​ប្រទេស​របស់​ចិន នឹង​ធ្វើ​ឲ្យ​កោះតៃវ៉ាន់មាន​ឥរិយាបថ​ប្រកប​ដោយ​សណ្តានចិត្ត​ក្នុង​ក្រសែ​ភ្នែក​ប្រទេស​ជា​ច្រើន ដរាប​ក្រុម​មន្ត្រី​នៅ​ក្រុង​តៃប៉ិ​មិន​យក​រឿង​ជំនួយ​នេះ​មក​ធ្វើ​ជា​រឿង​នយោបាយ​អន្តរជាតិ​ នេះ​បើ​តាម​អ្នកវិភាគ។

ចំនួន​សរុប​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កោះ​តៃវ៉ាន់​បាន​កើន​ឡើង​ដល់៣៧៦​ករណី​ ត្រឹម​ថ្ងៃអង្គារ​ទី​៧ ខែ​មេសា។ ប៉ុន្តែ​ខុស​ពីតំបន់​ផ្សេង​ទៀត​ជា​ច្រើន​ក្នុង​ពិភពលោក រដ្ឋាភិបាល​នៃ​កោះ​នេះ មិន​បាន​បញ្ជា​ឲ្យពលរដ្ឋ​ត្រូវ​នៅ​ផ្ទះ ឬ​បិទសកម្មភាពតាម​ទី​ប្រជុំជន​ឡើយ។ ប្រទេស​ចិន​ក៏​បាន​រក្សា​ករណី​ឆ្លង​វីរុស​ថ្មី​នេះ​ឲ្យ​នៅ​ក្នុង​កម្រិត​គ្រប់គ្រង​បាន​ដែរ ដោយ​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​តៃវ៉ាន់​ខ្លាំង ក៏​ប៉ុន្តែ​ចំនួន​ច្រើន​ត្រូវ​គេ​មើល​ឃើញ​ថា​ដោយ​សារ​ប្រទេស​ចិន​ជា​ប្រភព​នៃ​វីរុស​នេះ​ផង។ មជ្ឈដ្ឋាន​ខ្លះសង្ស័យ​ថា ប្រទេស​ចិនបាន​រាយការណ៍​មិន​អស់​ពី​ចំនួន​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​របស់​ខ្លួន ដែល​មក​ទល់​នឹង​ពេល​នេះ​តួលេខ​ជា​ផ្លូវ​ការ​របស់​ចិន​គឺ​ប្រមាណជាង​៨២.០០០​ករណី។

បុគ្គលិក​ម្នាក់​ពាក់​ម៉ាស់​ដែល​មាន​រូប​ទង់ជាតិ​តៃវ៉ាន់​នៅ​រោងចក្រ​ផលិត​ម៉ាស់​មួយ​នៅ​ក្នុង​ក្រុង Taoyuan កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២០។
បុគ្គលិក​ម្នាក់​ពាក់​ម៉ាស់​ដែល​មាន​រូប​ទង់ជាតិ​តៃវ៉ាន់​នៅ​រោងចក្រ​ផលិត​ម៉ាស់​មួយ​នៅ​ក្នុង​ក្រុង Taoyuan កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២០។

អ្នកស្រី Yun Sun (យុន សាន់) អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៃកម្មវិធី​អាស៊ី​បូព៌ា​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Stimson Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនថ្លែង​ថា៖ «ប្រសិន​បើ​យើង​បកស្រាយ​សារ ​[របស់​តៃវ៉ាន់]​ ដោយ​មិន​ពាក់ព័ន្ធជាមួយនយោបាយនោះ​ តៃវ៉ាន់​គួរ​ត្រូវ​បាន​គេ​សរសើរ។»

ក៏​ប៉ុន្តែ​កោះ​តៃវ៉ាន់​ក៏​ប្រកួត​ប្រជែងដណ្តើម​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ជាមួយ​នឹង​ប្រទេសចិន​ដីគោក​ដែល​មាន​កម្លាំង​យោធា​និង​សេដ្ឋកិច្ច​ខ្លាំងក្លា​ជាង​ខ្លួន។ ប្រទេស​ចិន​ទាមទារ​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ខ្លួន​ ហើយ​ប្រទេស​ចិន​ប្រើ​អំណាច​របស់​ខ្លួនដើម្បី​ធ្វើ​ឲ្យ​អង្គការ​អន្តរជាតិ​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក​ WHO បិទ​ខ្ទប់​ការ​ចូលរួម​របស់​ដែន​កោះ​នេះ។​

អ្នក​ផ្តល់​ជំនួយ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បញ្ជូន​ម៉ាស់​និង​ឧបករណ៍​ធ្វើ​តេស្ត​វីរុស​រាប់​សែន​ទៅ​ក្រៅ​ប្រទេស។ ជា​ឧទាហរណ៍ ជំនួយ​របស់​ចិន​ពេល​នេះ កំពុង​ត្រូវ​គេ​ប្រើ​នៅ​ប្រទេស​អ៊ីតាលី ជប៉ុន ប៉ាគីស្ថាន ហ្វីលីពីន រុស្ស៊ី និង​កូរ៉េខាង​ត្បូង​ជា​ដើម។ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ​ខេត្ត Heilongjiang របស់​ចិន​បាន​ផ្តល់​អំណោយ​ជា​ម៉ាស់ប្រើ​ពេល​វះកាត់​ចំនួន​៥០.០០០ ដល់​ខេត្ត​មួយ​របស់​ប្រទេស​ជប៉ុន នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ Xinhua របស់​ចិន។​

ប្រទេស​ចិន​មាន​សមត្ថភាព​ផលិតម៉ាស់​បាន​១១៦​លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ បើ​ប្រៀបធៀប​នឹង​សមត្ថភាពផលិត​ចំនួន​១០​លាន​ម៉ាស់​ក្នុង​មួយ​ថ្ងៃ​របស់​តៃវ៉ាន់។

អ្នកស្រី Yun Sun ​នៃវិទ្យាស្ថាន​ Stimson Center ថ្លែង​បន្ត​ថា៖ «បើ​យើង​ពិនិត្យ​មើល​ត្រឹម​កត្តា​សមត្ថភាព​ ខ្ញុំ​គិត​ថា តៃវ៉ាន់​មិន​អាច​ប្រកួតទៅ​រួច​ជាមួយ​ប្រទេស​ចិន​ដីគោក​ទេ។ ប៉ុន្តែ​ត្រង់​ចំណុច​នេះ​តើ​វា​មាន​ន័យ​ថា តៃវ៉ាន់​មិន​គួរ​សូម្បីតែ​ព្យាយាម​ប្រកួត​នឹង​ប្រទេស​ចិន​ឬ​ទេ? ខ្ញុំ​គិត​ថា​តៃវ៉ាន់​គួរ​ប្រកួត ហើយ​តៃវ៉ាន់​គួរ​ចូលរួម​ធ្វើ​វិភាគទាន»។

កោះ​តៃវ៉ាន​អាច​លេចមុខ​លេច​មាត់​លើ​ឆាក​អន្តរជាតិ​ក្នុង​នាម​ជា​អ្នក​ផ្តល់​ជំនួយ​មិនពាក់​ព័ន្ធ​ជាមួយនយោបាយ ខណៈ​ដែល​ប្រទេស​ចិន​កំពុងមាន​ជម្លោះ​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នក​ស្រី Yun Sun។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ប្រទេស​ចិន​បាន​លាក់​បាំង​ទំហំ​ពិតប្រាកដនៃ​រាតត្បាត​របស់​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ខ្លួន ខណៈ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​មិន​សប្បាយ​ចិត្ត​នឹង​ការណ៍​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ហៅ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ថា​ជា​ «វីរុស​ចិន»។​

កោះ​តៃវ៉ាន់​បាន​បង្កើន​ការ​អំពាវនាវ​ឲ្យ​គេ​អនុញ្ញាត​ឲ្យកោះ​នេះអាច​ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ WHO។ ប្រទេស​ចិន​កន្លង​មក​តែង​រាំង​ខ្ទប់​សមាជិកភាព​របស់​តៃវ៉ាន់​នៅ​ក្នុង​អង្គការ​អន្តរជាតិ​នេះ។​

ក្នុង​ចំណោម​ជំនួយ​អន្តរជាតិ​របស់​ខ្លួន ក្រសួង​ការ​បរទេស​តៃវ៉ាន់​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ទទួល​បាន​ម៉ាស់ចំនួន​១០០.០០០​ម៉ាស់​ក្នុង​មួយ​សប្តាហ៍​ ដោយ​បន្ថែម​ម៉ាស់​២​លាន​ទៀត​សម្រាប់​បុគ្គលិក​ពេទ្យ​ដែល​នៅ​ជួរ​មុខ​នៃ​ការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​នេះ។ បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​មាន​ចំណង​ការទូត​ជាមួយ​តៃវ៉ាន់ ដែល​ភាគ​ច្រើន​ជា​ប្រទេស​តូចៗ​និង​ក្រីក្រ នឹង​ទទួល​បាន​ម៉ាស់​ចំនួន​១​លាន​ម៉ាស់ បូក​នឹង​ឧបករណ៍​ស្គែន​កម្តៅ​៨៤​គ្រឿង។ ម៉ាស់​ចំនួន​៧​លាន​នឹង​ត្រូវ​បញ្ជូន​ទៅ​អឺរ៉ុប។

លោក Sean King អនុប្រធាន​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ខាង​យុទ្ធសាស្ត្រ​នយោបាយ​មួយឈ្មោះ Park Strategies ដែល​មាន​មូលដ្ឋាន​នៅ​បូរី​ញូវយ៉ក ថ្លែង​ថា៖ «ពលរដ្ឋ​អាមេរិក​ភាគ​ច្រើន​ប្រហែល​មិន​បាន​ដឹង​ ឬ​គិត​ច្រើន​អំពី​ជោគជ័យ​ដ៏​ខ្លាំង​របស់​តៃវ៉ាន់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​មក​ទល់​នឹង​ពេល​នេះ»។

អ្នក​វិភាគ​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា៖ «ប៉ុន្តែ​ការណ៍​ដែល​អង្គការ​សុខភាព​ពិភពលោក WHO បដិសេធ​មិន​ចូលរួម​សកម្មភាព​អ្វី​ជាមួយ​តៃវ៉ាន់ ដែល​ត្រូវ​គេ​គិត​ថា​តាម​បញ្ជា​របស់​ប្រទេស​ចិន ការណ៍​នេះ​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ទទួល​បាន​ការ​អាណិត​អាសូរយ៉ាង​ខ្លាំង​ពី​សាធារណមតិនៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​ប្រាកដ​ណាស់​ថា ការណ៍​ដែល​តៃវ៉ាន់​បញ្ជូន​ម៉ាស់​ទាំង​នេះ​មក​យើង​ខ្ញុំ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ពេល​យើង​ខ្ញុំ​កំពុង​ត្រូវ​ការ​ចាំ​បាច់ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​កាន់​តែ​មាន​ទស្សនៈ​វិជ្ជមាន​ថែម​ទៀត​ចំពោះ​តៃវ៉ាន់»។

ហើយ​នយោបាយ​ការទូត​ខាង​សុខាភិបាល​ច្រើន​ទៀត​កាន់​តែ​លេច​ចេញ​ជា​រូបរាង​ឡើង។

មន្ត្រី​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​តៃវ៉ាន់ បាន​យល់​ព្រម​គ្នា​កាល​ពី​ខែ​មីនា ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​ខាង​ផ្នែក​ស្រាវជ្រាវ​និង​បង្កើត​វ៉ាក់សាំង។ ដាច់​ដោយ​ឡែក​ពី​នេះ សាកលវិទ្យាល័យ Academia Sinica របស់​តៃវ៉ាន់​កំពុង​ពិភាក្សា​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប​ អំពី​មធ្យោបាយ​នានា​ដែល​ពួក​គេ​អាច​សហការ​គ្នាក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កោះ​តៃវ៉ាន់៕

ប្រែ​សម្រួល​ដោយ​ សឹង សុផាត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG