ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ​តៃវ៉ាន់​នៅតែ​បន្ត​ហៅ​វីរុស​កូវីដ១៩ ថា​ជា​វីរុស​ចិន


រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសការពារការឆ្លងជំងឺកូវីដ១៩ នៅលើដងផ្លូវមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាសការពារការឆ្លងជំងឺកូវីដ១៩ នៅលើដងផ្លូវមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

មន្ត្រី​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន​នៅ​កោះតៃវ៉ាន់ បាន​ហៅ​វីរុស​កូវីដ១៩​ថា ជា «ជំងឺ​រលាកសួត​វូហាន» ដែល​ឈ្មោះ​នេះ ហៅ​តាម​ឈ្មោះ​ទីក្រុង​ចិន ទី​ដែល​វីរុស​កូវីដ១៩ បាន​ផ្ទុះ​ឡើង។

ប្រទេស​ភាគច្រើន​នៅក្នុង​ពិភពលោក ហៅជំងឺ​ផ្លូវ​ដង្ហើម​ដ៏​មរណៈ​ដែល​ផ្ទុះ​ឡើង​នៅ​ចុង​ឆ្នាំ២០១៩ និង​កាន់តែ​រាលដាល​ខ្លាំងឡើង​ចាប់តាំងពី​ដើមឆ្នាំ​នេះ​ថា វីរុស​កូរ៉ូណា​ថ្មី​ឬ​កូវីដ១៩។ នៅ​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ហៅ​វីរុស​នេះ​កាលពី​ខែ​មុន​ថា​ជា «វីរុស​ចិន» ដោយ​លោក​ពណ៌នា​ថា ដោយសារតែ​វា​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​ចិន​នោះ ចិន​មាន​ការខឹង​សម្បារ ហើយ​ឲ្យ​លោក ត្រាំ បញ្ឈប់​ការហៅ​ដូចនោះ។

រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណៈជន​តៃវ៉ាន់ បាន​ប្រើ​ពាក្យ​«ជំងឺ​រលាកសួត​វូហាន» ជា​ភាសា​ចិន​កុកងឺ ដោយ​សំដៅ​ដល់​ទីក្រុង​របស់​ប្រទេស​ចិន ដែល​ជំងឺ​នេះ ត្រូវបាន​គេ​រាយការណ៍​ជា​លើក​ដំបូង​កាលពី​ខែធ្នូ​កន្លង​ទៅ​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ពេល​ខ្លះ​ហៅ​ជំងឺ​នោះ​ថា «ជំងឺ​រលាកសួត​វូហាន​របស់​ចិន»។

ក្រុមអ្នកវិភាគ​និយាយ​ថា ការហៅ​ដូចនោះនឹង​បង្កើត​ឲ្យ​មាន​ការប្រេះស្រាំ​ថ្មី​មួយ​ទៀត​នៅក្នុង​ទំនាក់​ទំនង ដែល​មាន​ភាពតានតឹង​ស្រាប់​ទៅហើយ​រវាង​តៃវ៉ាន់ និង​ចិន។

លោក Chao Chien-min ជា​ព្រឹទ្ធបុរស​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នៅ​សាកល​វិទ្យាល័យ​វប្បធម៌​ចិន​នៅ​ទីក្រុងតៃប៉ិ។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​កាន់តែ​អាក្រក់​ទៅៗ ចាប់តាំងពី​ការផ្ទុះ​នៃ​វីរុស​កូវីដ១៩​នេះ។ បើ​គេ​នៅតែ​ប្រើ​ឈ្មោះ​វីរុស​នេះ ទៅ​តាម​ទីតាំង​ដែល​វា​បាន​ចាប់ផ្តើម​នោះ វា​មិន​ល្អ​នោះ​ទេ»។

ជនជាតិ​តៃវ៉ាន់ បាន​ប្រើ​ពាក្យ «ជំងឺ​រលាកសួត​វូហាន» ពីព្រោះ​ក្នុង​ពេល​ដែល​ពួកគេ កំពុង​ជជែក​គ្នា​អំពី​វីរុស​នោះ​កាលពី​ខែ​ធ្នូ ពួកគេ​ត្រូវការ​ពាក្យ​ដើម្បី​ហៅ​វីរុស​នោះ មុនពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ដាក់​ឈ្មោះ​វា​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែ​កុម្ភៈ។

ប៉ុន្តែកោះតៃវ៉ាន់ និង​ចិន​មាន​និន្នាការ​នយោបាយ​មិនចុះ​សម្រុង​នឹង​គ្នា។ ការប្រើប្រាស់​ឈ្មោះ​មុន ជំនួស​ឲ្យ​ឈ្មោះ​ជា​ផ្លូវការ​ដែល​ចេញ​ដោយ​អង្គការ​សុខភាព​ពិភពលោក​នោះ គឺ​ជា​ការជំរុញ​ប្រជាពលរដ្ឋ​តៃវ៉ាន់​ឲ្យ​គិត​ទៅ​កន្លែង​ដែល​វីរុស​កូវីដ១៩​ត្រូវបាន​គេ​រក​ឃើញ ហើយ​បង្ហាញ​ពី​ការគិត​មិន​ល្អ​របស់​ពួកគេ​ចំពោះ​ប្រទេស​ចិន។

លោក Trump បាន​ឈប់​ហៅ​វីរុស​កូវីដ១៩ថា​ជា «វីរុស​ចិន» នៅ​ចុង​ខែ​មីនា ហើយ​បាន​និយាយ​ថា វា​ជា​រឿង​សំខាន់​ក្នុង​ការចៀសវាង​មិន​ស្តីបន្ទោស​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ចំពោះ​ការផ្ទុះ​វីរុស​នេះ។

នៅ​កោះតៃវ៉ាន់ មជ្ឈមណ្ឌល​បញ្ជាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កណ្តាល​របស់​រដ្ឋាភិបាល​ប្រើ​ពាក្យ «ជំងឺ​រលាកសួត​វូហាន» នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ខ្លួន នៅក្នុង​វង់ក្រចក ក្រោយ​ពាក្យ​អង់គ្លេស​ដែល​អាន​ថា Covid-19 ហើយ​ក្រសួងការ​បរទេស​តៃវ៉ាន់​វិញ ប្រើ​ពាក្យ «ជំងឺ​រលាកសួត​វូហាន» នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចំនួន​របស់​ខ្លួន។

ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​តៃវ៉ាន់​បាន​ហៅជំងឺ​នេះ​ថា «ជំងឺ​រលាកសួត​វូហាន» នៅក្នុង​ព័ត៌មាន​ជាច្រើន​ដែល​ផ្សាយ​ជារៀងរាល់ថ្ងៃ អំពី​ការរាតត្បាត​នៃជំងឺនេះ នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក។ នៅ​តាម​ផ្លូវ​នានា នៅពេល​ដែល​មនុស្ស​ម្នា​និយាយ​អំពី​ជំងឺ​នេះ ពួកគេ​ហៅ​វា​ថា «ជំងឺ​រលាកសួត​វូហាន» ស្ទើរតែ​គ្រប់ពេល។

នៅក្នុង​ឯកសារ​ឆ្នាំ ២០១៥ របស់​ខ្លួន អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​ការណែនាំ​មួយ​ចំនួន ដូចជា «ការអនុវត្តន៍​ល្អ​បំផុត​សម្រាប់​ការដាក់​ឈ្មោះជំងឺ​ឆ្លង​ថ្មី​ដល់​មនុស្ស» នោះ គឺ​មិន​ត្រូវ​ដាក់​ទៅ​តាម​ឈ្មោះ​ទីក្រុង ប្រទេស តំបន់ ឬ ទ្វីប​នោះ​ទេ។ ជំងឺ​គ្រុនផ្តាសាយ​អេស្ប៉ាញ និងជំងឺ​រលាក​ខួរក្បាល​ជប៉ុន គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី «ឧទាហរណ៍​ដែល​ត្រូវ​ចៀសវាង»។

ប្រជាពលរដ្ឋ​តៃវ៉ាន់ បាន​ចាត់វិធានការ​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​នេះ មុន​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​ពួកគេ​ធ្លាប់​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​កាលពី ១៧ ឆ្នាំ​មុន។ ជំងឺ​នោះ ក៏​មាន​ប្រភព​មក​ពី​ប្រទេសចិន​ដែរ។

រដ្ឋាភិបាល​នៅ​ទីក្រុង​តៃប៉ិ បាន​ចាប់ផ្តើម​ដឹក​ចេញ​តាម​យន្តហោះ​នូវប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​នៅក្នុង​ទីក្រុង​វូហាន​កាលពី ៣ ខែមុន គឺ​មុន​ពេល​ដែល​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក បាន​ចាប់ផ្តើម។ មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​តាមដាន​ករណី​ដែល​ត្រូវបាន​គេ​ដឹង ហើយ​អនុវត្ត​យ៉ាងដាច់ខាត​ដាក់​អ្នក​ដែល​ផ្ទុកវីរុស​នេះ ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។ តៃវ៉ាន់ បាន​កត់ត្រា​ករណី​នៃ​អ្នក​ឆ្លងជំងឺ​កូវីដ១៩ នេះ សរុប​ចំនួន ៣២៩ ករណី ដោយ​រួមទាំង​អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ឡើង​វិញ​ផងដែរ។

លោក Chen Shi-chung រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សុខុមាលភាព​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃច័ន្ទទី ៣០ ខែមីនា ថា ឈ្មោះ​ជំងឺ​មួយ គឺ​មិន​ផ្តោត​លើ​ប្រទេស​ណា​មួយ​នោះ​ទេ។ លោក Chen Shi-chung បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«មិន​ថា​ឈ្មោះ​អ្វី​ក៏ដោយ​មិន​ថា ឈ្មោះ​ជាផ្លូវការ ឬ ឈ្មោះ​ហៅក្រៅ​នោះ​ទេ ​វា​គ្រាន់តែ​ជា​មធ្យោបាយ​ក្នុងការ​និយាយ​ប៉ុណ្ណោះ គឺ​មិនមាន​ន័យ​រើសអើង​ទេ»។

ប្រទេស​ចិន​ទាមទារ​អធិបតេយ្យភាព​លើ​កោះតៃវ៉ាន់ ទោះបីជា កោះ​នេះ​គ្រប់គ្រង​ដោយ​ខ្លួនឯង​ជាង ៧ ទសវត្សរ៍​មក​ហើយ​ក៏ដោយ។ ការស្ទង់មតិ​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន ប្រឆាំងនឹង​គោលដៅ​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​ធ្វើឲ្យ​កោះតៃវ៉ាន់ ស្ថិតនៅ​ក្រោម​ការត្រួតត្រា​របស់​ខ្លួន។ លោក Lin Chong-pin ជា​សាស្ត្រាចារ្យ​ផ្នែក​សិក្សា​យុទ្ធសាស្ត្រ​ដែល​បាន​ចូលនិវត្តន៍​មួយ​រូប​នៅ​តៃវ៉ាន់។ លោក​បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖

«ប្រសិនបើ​ប្រជាពលរដ្ឋ​នៅ​កោះតៃវ៉ាន់​ហៅ​ជំងឺ​នេះ​ថា (ជំងឺ​រលាកសួតវូហាន) នោះ ខ្ញុំ​គិត​ថា ទីក្រុង​ប៉េកាំង​នឹង​មិន​ធ្វើ​អ្វី​ច្រើន​ទេ ប៉ុន្តែ​ប្រសិនបើ មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់​ហៅ​ជំងឺ​នោះ​ថា (ជំងឺ​រលាកសួតវូហាន) ទីក្រុង​ប៉េកាំង​អាច​នឹង​មាន​ប្រតិកម្ម»។

ក្រុម​អ្នកសិក្សាស្រាវជ្រាវ​នៅ​តៃវ៉ាន់​និយាយ​ថា ប្រតិកម្ម​នោះ​នឹង​កាត់បន្ថយ ការសន្ទនារ​អំពី​ការមិន​ចុះ​សម្រុង​គ្នា​រវាង​រដ្ឋាភិបាល​ទាំងពីរ ហើយ​ថែម​ទាំង​បង្កើន​ការ​មិន​ទុកចិត្តគ្នា​នោះ​ទៀត។ លោក Chao Chien-min ដែល​ជា​ព្រឹទ្ធបុរស​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នៅ​សាកល​វិទ្យាល័យ​វប្បធម៌​ចិន​នៅ​ទីក្រុងតៃប៉ិបាន​និយាយ​បន្ត​ទៀត​ថា ប្រទេសចិន​អាច​នឹង​បញ្ជូន​យន្តហោះ​យោធា​បន្ថែម​ទៀត ទៅ​ក្បែរ​ដែន​អាកាស​របស់​កោះតៃវ៉ាន់​ផងដែរ។

សព្វថ្ងៃនេះ រដ្ឋាភិបាល​នៅ​កោះតៃវ៉ាន់ បាន​ធ្វើឲ្យ​មាន​ការរំខានចិត្ត​ដល់​ក្រុងប៉េកាំង​រួច​ទៅ​ហើយ ដោយសារ​តៃវ៉ាន់​បាន​បដិសេធ​មិន​ចរចា​ស្តីពី​ល័ក្ខណ្ឌ​របស់​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត ដែល​ថា ភាគី​ទាំងពីរ​ជា​របស់​ចិន​នោះ។

មន្ត្រី​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​តៃវ៉ាន់ បាន​និយាយ​កាលពី​ថ្ងៃពុធ ទី១ ខែមេសា​នេះ​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ចិន​មិន​ទាន់​បាន​និយាយ​អ្វី​ចំៗ​ចំពោះ​កោះតៃវ៉ាន់ ក្នុងការ​ដែល​កោះតៃវ៉ាន់​ប្រើ​ពាក្យ​ផ្សេង​ក្នុង​ការហៅ​ជំងឺ​កូវីដ១៩​នោះ​នៅ​ឡើយ​ទេ។

លោក Alex Chiang សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​អន្ដរជាតិ​នៃ​សាកល​វិទ្យាល័យ​ជាតិ Chengchi ក្នុង​ទីក្រុង​តៃប៉ិ បាន​ថ្លែង​ថា ទីក្រុងប៉េកាំង​នឹង​កាន់តែ​មាន​ការអាក់អន់ចិត្ត​បើសិនជា ឈ្មោះ​ទីក្រុង​វូហាន នៅតែ​ត្រូវបាន​គេ​បន្ត​ប្រើ​ក្នុង​ការហៅ​ជំងឺ​កូវីដ១៩​នោះ។ លោក Alex Chiang បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«បើសិនជា​យើង​មិន​ឈប់​ប្រើ​ពាក្យ «វីរុសវូហាន» ទេ​នោះ ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​នៅ​ចិន​ដី​គោក ឬ រដ្ឋាភិបាល​នៅ​ចិន​ដី​គោក នឹង​មិន​រីករាយ​ជាមួយ​កោះតៃវ៉ាន់​នោះ​ទេ។ ពួកគេ​មើល​ឃើញ​វា​ថា ជា​ការរើសអើង ការមើលងាយ​ប្រជាពលរដ្ឋ ឬ រដ្ឋាភិបាល​ចិន​ដី​គោក»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG