ប្រព័ន្ធផ្សព្វផ្សាយស៊ីរីនិងក្រុមឃ្លាំមើលសិទិ្ធមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៤០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរីដោយការវាយប្រហារដោយក្រុមចម្រុះដឹកនាំដោយអាមេរិក។
ការវាយប្រហារតាមអាកាសបានកើតឡើងនៅភាគខាងកើតប្រទេសស៊ីរីនៅក្នុងភូមិ Abu Husn នៅជិតទីក្រុង Hajin។ តំបន់នេះត្រូវបានគេស្គាល់ថា ជាតំបន់ Deir el-Zor នៅតាមព្រំដែនស៊ីរីជាមួយអ៊ីរ៉ាក់។ ក្រុមចម្រុះដឹកនាំដោយអាមេរិកមិនបានបញ្ជាក់អំពីរបាយការណ៍នេះទេ។ មេបញ្ជាការរងលោកឧត្តមសេនីយ៍ទោ Christopher Ghika បាននិយាយប្រាប់សារព័ត៌មាន Associated Press ថា ការប្រយុទ្ធនេះគឺ«ពិបាក»ដូចការរំពឹងទុក។
លោក Khattar Abou Diab អ្នកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យប៉ារីស បានប្រាប់វីអូអេថា ស្ថានភាពអាកាសធាតុមិនល្អនិងពពកច្រើនកាលពីប៉ុន្មានថ្ងៃកន្លងមកបានធ្វើឱ្យក្រុមសកម្មប្រយុទ្ធមានឱកាសព្យាយាមដណ្តើមយកទីតាំងដែលបាត់បង់ដែលធ្វើឱ្យការប្រយុទ្ធកាន់តែពិបាក។
លោក Rami Abdel Rahman អ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍អំពីការស្លាប់នេះ ដោយនិយាយថា នេះជាចំនួនអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីក្រុមចម្រុះបានបើកការវាយប្រហារនៅតំបន់នេះកាលពីខែកញ្ញា។
លោកបាននិយាយថា ការវាយប្រហារតាមអាកាសបានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋឥស្លាមចំនួន៣នាក់ រួមជាមួយជនស៊ីវិលនិងសមាជិកគ្រួសារនៃពួកសកម្មប្រយុទ្ធ៕