កាលពីថ្ងៃសុក្រ ប្រេសិតពិសេសអ.ស.ប. សម្រាប់ប្រទេសស៊ីរីបានសុំដល់សហគមន៍អន្តរជាតិឱ្យក្តាប់យកសម្ទុះនយោបាយផ្តល់ឱ្យដោយការប្រជុំមួយចំនួនក្នុងពេលខាងមុខនេះដើម្បីធ្វើមានចលនាទៅមុខសម្រាប់បញ្ចប់សង្គ្រាម៧ឆ្នាំមកហើយក្នុងប្រទេសនោះនិងចាប់ផ្តើមអន្តរកាលទៅកាន់សន្តិភាព។
លោកStaffan de Mistura បានមានប្រសាសន៍ប្រាប់ពួកសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថា «តាមមតិរបស់ខ្ញុំ នៅមានឱកាសច្បាស់លាស់មួយដែលត្រូវការក្តាប់យកជាបន្ទាន់»។
ប្រេសិតរូបនេះបាននិយាយត្រួសៗប្រាប់ក្រុមប្រឹក្សាសន្តិសុខតាមរយៈការភ្ជាប់វីដេអូមួយពីក្រុង Beirut នៅក្រោយជំនួបមួយកាលពីថ្ងៃពុធជាមួយលោក Walid Mouallem រដ្ឋមន្ត្រីការបរទេសស៊ីរីនៅក្នុងក្រុង Damas។
អត្ថាធិប្បាយរបស់លោក De Mistura មានឡើងនៅមុនការនិយាយត្រួសៗរបស់លោកទៅកាន់សន្និសីទកំពូលមួយនៅថ្ងៃសៅរ៍នេះក្នុងក្រុងអ៊ីស្តង់ប៊ុល នៃពួកមេដឹកនាំប្រទេសតួកគី បារាំង អាល្លឺម៉ង់និងរុស្សីនិងនៅពេលដែលរដ្ឋាភិបាលនៃប្រធានាធិបតីស៊ីរី Bashar al-Assad បានបង្ហាញចំណង់មួយឱ្យអ.ស.ប.មានការទាក់ទិនតិចជាងមុននៅក្នុងអន្តរកាលនៃប្រទេសលោក។
លោក De Mistura បាននិយាយជាថ្មីទៀតថារដ្ឋាភិបាលក្រុង Damas បានជំទាស់មិនឱ្យអ.ស.ប. មានមុខនាទីក្នុងការបង្ហាញឈ្មោះឬជ្រើសរើសសមាជិកនៅក្នុងបញ្ជីមួយក្នុងបណ្តាបញ្ជីបីនៃពួកបេក្ខជនសម្រាប់ការបង្កើតគណៈកម្មាធិការមួយដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយសម្រាប់ប្រទេសស៊ីរី៕