អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្វាគមន៍ការឈានទៅដល់កិច្ចព្រមព្រៀងរវាងប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីតួកគីកាលពីថ្ងៃចន្ទដើម្បីបង្កើតតំបន់គ្មានយោធានៅក្នុងខេត្ត Idlib ប្រទេសស៊ីរី ដោយបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយទប់ស្កាត់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំ និងជួយការពារសុវត្ថិភាពដល់ជនស៊ីវិលប្រមាណជា៣លាននាក់។
អ្នកនាំពាក្យរបស់លោក António Gutteresបានថ្លែងតាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖ «លោកអគ្គលេខាធិការបានអំពាវនាវទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសស៊ីរីឲ្យសហការគ្នា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ និងដើម្បីធានាសុវត្ថិភាព និងដំណើរការមនុស្សធម៌នៅក្នុងតំបន់ទាំងអស់តាមរយៈវិធានការដោយផ្ទាល់នានា»។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃចន្ទបានព្រមព្រៀងគ្នាបង្កើតតំបន់គ្មានយោធាដែលមានទំហំពី១៥ ទៅ២០គីឡូម៉ែត្រនៅក្នុងតំបន់ដែលគ្មានយោធារួចទៅហើយ។ លោក Putin បានថ្លែងថា កងកម្លាំងរុស្ស៊ី និងកងកម្លាំងតួកគីជាអ្នកការពារតំបន់គ្មានយោធានេះ ដែលគេនឹងអាចមើលឃើញពីការដកចេញអាវុធធន់ធ្ងន់របស់ពួកឧទ្ទាម និងការដកចេញរបស់ពួកសកម្មប្រយុទ្ធជ្រុលនិយមពីខេត្ត Idlib រួមទាំងពួកភេវរកម្ម al-Nusra Front ផងដែរនៅត្រឹមពាក់កណ្តាលខែតុលាខាងមុខនេះ។
អង្គការសហប្រជាជាតិបានធ្វើការអំពាវនាវអស់ជាច្រើនសប្តាហ៍ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់អំពីវិបត្តិនៅក្នុងខេត្ត Idlib ដោយបានព្រមានអំពីគ្រោះមហន្តរាយមនុស្សធម៌ ប្រសិនបើរដ្ឋាភិបាលស៊ីរីអនុវត្តតាមផែនការរបស់ខ្លួនក្នុងការបោសសម្អាតទីតាំងឈរជើងរឹងមាំចុងក្រោយរបស់ពួកឧទ្ទាមនោះ។ អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ពួកសកម្មប្រយុទ្ធប្រមាណ ១៥.០០០នាក់កំពុងរស់នៅលាយឡំជាមួយនឹងជនស៊ីវិល៕