ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស៊ីរី​ជា​ប្រទេស​តែមួយ​គត់​ក្នុង​ពិភព​លោក​ដែល​នៅ​ប្រើ​គ្រាប់បែក​ចង្កោម


អ្នក​ស្ម័គ្រ​ចិត្ត​ដោះមីន​ម្នាក់​ដោះ​មីន​ចេញ​ពី​ដី​នៅ​ក្នុង​ក្រុង Daraa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។
អ្នក​ស្ម័គ្រ​ចិត្ត​ដោះមីន​ម្នាក់​ដោះ​មីន​ចេញ​ពី​ដី​នៅ​ក្នុង​ក្រុង Daraa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។

ចាប់​តាំង​ពី​សន្ធិសញ្ញា​ហាម​ឃាត់​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​បាន​ចូល​ជាធរមាន​កាល​ពី ១០ ឆ្នាំ​មុន​មក គេ​ឃើញ​មាន​ប្រទេស​ចំនួន ១០៣ បាន​ចូល​ជា​សមាជិក ហើយ​ប្រទេស​ចំនួន ១៧ ផ្សេង​ទៀត​បាន​ចុះ​ហត្ថលេខា ប៉ុន្តែ​មិន​ទាន់​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​នៅ​ឡើយ​ទេ។

ប្រទេស​ស៊ីរី​ដែល​មិន​មែន​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ប្រើ​គ្រាប់បែក​ចង្កោម​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១២ មក គឺ​ប្រហែលជា​មួយ​ឆ្នាំ​ក្រោយ​មក​បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។

អង្គការ​សម្ព័ន្ធ​ភាព​ប្រឆាំង​ការ​ប្រើ​គ្រាប់បែក​ចង្កោម (Cluster Munition Coalition) បាន​បញ្ជាក់​ថា ប្រទេស​ស៊ីរី​បាន​បដិសេធ​ថា ខ្លួន​មិន​មាន ឬ​ក៏​ប្រើប្រាស់​អាវុធ​បែប​នេះ​នោះ​ទេ។

លោកស្រី Mary Wareham នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch គឺ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​របាយការណ៍​របស់​អង្គការ Cluster Munition Coalition ស្ដី​ពី​គ្រាប់​បែក​ចង្កោម​នេះ។ លោកស្រី​បាន​និយាយ​ថា ការ​ប្រើ​គ្រាប់បែក​ចង្កោម​ដែល​បាញ់​ពី​លើ​អាកាស និង​ការ​ប្រើ​គ្រាប់បែក​ចង្កោម​ដែល​បាញ់​ចេញ​ពី​លើ​ដី បាន​កើន​ឡើង​ចាប់តាំង​ពី​ប្រទេស​រុស្ស៊ី​បាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​ឆ្នាំ ២០១៥ មក ប៉ុន្តែ​ការ​ប្រើប្រាស់​របស់​ពួកគេ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោកស្រី Mary Wareham បាន​និយាយ​ថា៖ «មាន​ហេតុផល​ជាច្រើន​ចំពោះ​រឿង​នេះ។ ហេតុ​ផល​មួយ​គឺ​ថា ...ដែនដី​ដែល​កាន់កាប់​ដោយ​កងកម្លាំង​ប្រឆាំង​បាន​រួច​តូច​ទៅៗ​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ភាគ​ច្រើន​នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ចង្កោម​នេះ​ផ្ដោត​លើ​ក្រុង Idlib...។ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ដែល​ភ្ជាប់​ជាមួយ​នឹង​គ្រាប់បែក​ចង្កោម​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង Idlib បាន​បណ្ដាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់ និង​របួស​ជា​ច្រើន។ ហើយ​គេ​ឃើញ​មាន​ការ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​ដែល​បាញ់​ចេញ​ពី​លើ​អាកាស​ផង​ដែរ​នៅ​ក្នុង​ក្រុង Dhouma និង​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត»។

អង្គការ Cluster Muniton Coalition បាន​រក​ឃើញ​ថា សម្ព័ន្ធ​ភាព​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​ប្រទេស​យេម៉ែន បាន​បន្ត​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​នៅ​ក្នុង​ឆ្នាំ ២០១៧។ ប៉ុន្តែ លោកស្រី Wareham បាន​និយាយ​ថា មាន​ភស្តុតាង​តិចតួច​ដែល​បង្ហាញ​ថា ការ​វាយ​ប្រហារ​បែប​នេះ​បាន​បន្ត​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ។

លោកស្រី Wareham បាន​បញ្ជាក់​ថា៖ «វា​បាន​បង្ហាញ​ថា ក្នុង​ករណី​ប្រទេស​យេម៉ែន កិច្ច​ប្រឹងប្រែង​បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​នេះ​ជះ​លទ្ធផល​មួយ​ចំនួន។ អ្នក​ប្រហែល​ជា​បាន​ឃើញ​កិច្ច​ប្រឹង​ប្រែង​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ចុះបញ្ចូល​សម្ព័ន្ធ​ភាព​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កុំ​ឲ្យ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ហើយ​ខ្ញុំ​គិត​ថា​កិច្ច​ប្រឹងប្រែង​ទាំង​នោះ​ទទួល​បាន​ជោគជ័យ»។

អ្នក​និពន្ធ​នានា​នៃ​របាយការណ៍​នេះ​បាន​បញ្ជាក់​ថា បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​សន្ធិសញ្ញា​ហាម​ឃាត់​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​នេះ បាន​បំផ្លាញ​ឃ្លាំង​ស្តុក​អាវុធ​របស់​ពួកគេ​បាន ៩៩ ភាគរយ​ហើយ ដែល​ធ្វើ​ឲ្យ​ពិភពលោក​អាច​លុប​បំបាត់​គ្រាប់បែក​ចង្កោម​ជាង ៣ ម៉ឺន ៣ ពាន់ ៥ រយ​គ្រាប់ និង​គ្រាប់បែក​តូចៗ​ជាង ១ លាន ៧ សែន​គ្រាប់​ផ្សេង​ទៀត ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អាវុធ​ទាំង​នេះ។

កាល​ពី​ឆ្នាំ ២០១៧ អង្គការ Cluster Munition Coalition បាន​កត់ត្រា​ថា អ្នក​ស្លាប់​និង​រង​របួស​ដោយសារ​គ្រាប់បែក​ចង្កោម​មាន​ចំនួន ២៨៩ នាក់ ដែល​នេះ​ជា​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន ៩៧១ នាក់​កាល​ពី​ឆ្នាំ ២០១៦។

ទោះបីជា​យ៉ាងណា​ក៏ដោយ អង្គការ Cluster Munition Coalition បាន​បន្ថែម​ថា ចំនួន​ជន​រងគ្រោះ​សរុប​នៅ​ទូទាំង​ពិភពលោក​ប្រហែល​ជា​ខ្ពស់​ជាង​នេះ​ច្រើន ដោយសារតែ​មាន​ចំនួន​អ្នក​ស្លាប់ និង​រង​របួស​ជា​ច្រើន​ដោយសារ​គ្រាប់​បែក​ចង្កោម​នេះ​មិន​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

XS
SM
MD
LG