កាលពីថ្ងៃសុក្រប្រទេសរុស្ស៊ីបានវេតូសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលនឹងពង្រីកការស៊ើបអង្កេតជាអន្តរជាតិប្រឆាំងនឹងការប្រើអាវុធគីមីនៅក្នុងប្រទេសស៊ីរី។ ការវេតូនេះធ្វើឡើងមួយថ្ងៃក្រោយពីរុស្ស៊ីបានបដិសេធសេចក្តីសម្រេចស្រដៀងគ្នានេះដែរ។ នេះជាលោកទី១១ហើយ ដែលរុស្ស៊ីវេតូសេចក្តីសម្រេចអំពីប្រទេសស៊ីរី។
លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីនៅអ.ស.ប.បាននិយាយថា ការស៊ើបអង្កេតនេះអាចពង្រីកបាន លុះត្រាតែចំណុចខ្វះខាតជាមូលដ្ឋានក្នុងកិច្ចការនេះត្រូវដោះស្រាយហើយ។ ក្រោយការបោះឆ្នោតដែលបង្ហាញថា រុស្ស៊ីវេតូនោះ លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.នៅអ.ស.ប.ប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ថា រុស្ស៊ីមិនដែលមានចេតនាធ្វើឲ្យកិច្ចការមានផ្លែផ្កាទេសម្រាប់ក្រុមប្រឹក្សានិងសម្រាប់សហគមន៍អន្តរជាតិនោះ។
លោកស្រីនិយាយតាមសម្តីដើមថា៖ «ការសម្រេចវេតូរបស់រុស្ស៊ីដែលជាលើកទី២ក្នុងពេល២៤ម៉ោងនេះ បង្ហាញថារុស្ស៊ីមិនមានចេតនារកចំណុចរួមជាមួយសមាជិកផ្សេងទៀតរបស់ក្រុមប្រឹក្សានេះ ដើម្បីទទួលបានយន្តការស៊ើបអង្កេតរួមនោះទេ។ រុស្ស៊ីនឹងមិនយល់ព្រមទទួលយកយន្តការ ដែលអាចនឹងបង្ហាញពន្លឺទាក់ទងនឹងការប្រើអាវុធគីមីដោយសម្ព័ន្ធមិត្តរបស់ខ្លួនគឺរដ្ឋាភិបាលប្រទេសស៊ីរីទេ។ វាងាយយល់ ហើយគួរឲ្យអាម៉ាស់ណាស់»។
ជប៉ុននឹងដាក់សេចក្តីសម្រេចដែលនឹងពង្រីកការស៊ើបអង្កេតរកអត្តសញ្ញាណអ្នកដែលនៅពីក្រោយការវាយប្រហារដោយប្រើអាវុធគីមីនៅប្រទេសស៊ីរី និងទុកពេល៣០ថ្ងៃសម្រាប់ការចរចាឬការសម្របសម្រួលទូលំទូលាយជាងនេះ៕