ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​និយាយ​ថា យោធា​បាន​វាយប្រហារ​ទៅ​លើ​ក្រុម Kurds​ វិញ


កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ឆុង​តែ​នៅ​ក្នុង​ផ្ទះ​ក្នុង​ក្រុង Raqqa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ឆុង​តែ​នៅ​ក្នុង​ផ្ទះ​ក្នុង​ក្រុង Raqqa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។

ក្រុម​យោធា​នៃ​ប្រទេស​តួកគី​បាននិយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​កងក​ម្លាំង​ពួក​គេ​បាន​បំផ្លាញ​ទីដៅ​ Kurd ស៊ីរី​កាល​ពី​យប់មិញ​ជា​ការ​សងសឹក​ដល់​ការ​បាញ់​កាំភ្លើង​ធំ​ប្រឆាំង​នឹង​កង​កម្លាំង​គាំទ្រ​ដោយ​តួកគី​ក្នុង​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ស៊ីរី។​

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​កង​ទ័ព​តួកគី​បាន​និយាយ​ថា ​ការ​ប៉ះទង្គិច​គ្នា​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់ Afrin។​

កង​ឯកភាព​ការពារ​របស់​ប្រជារាស្ត្រ Kurd ហៅកាត់​ថា​ YPG ជា​ផ្នែក​សំខាន់​មួយ​នៃ​កងម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​ស.រ.អា.​ហើយ​ជា​ពិសេសនៅ​ក្នុង​ការ​ប្រយុទ្ធ​កំពុង​មាន​ធ្វើ​ដើម្បី​យក​ជ័យជម្នះ​លើ​ពួក​ជន​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ក្រុង Raqqa ដែល​ជា​រដ្ឋធានី​មិន​ស្រប​ច្បាប់របស់​ក្រុម​នេះ។​

ក៏​ប៉ុន្តែ​ប្រទេសតួកគី​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​ពួក​យុទ្ធ​ជន​ Kurd ទាំង​នេះ​ដោយ​យល់​ឃើញ​ថា​ពួក​ជន​ទាំង​នេះ​មាន​ចំណង​ទាក់ទង​ជាមួយ​គណបក្ស​ពលករ​ Kurdistan ហៅ​កាត់ថា​ PKK ដែល​បាន​បះបោរ​នៅ​ក្នុង​ផ្នែក​អាគ្នេយ៍​នៃ​ប្រទេស​តួកគី​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០។​

ការ​គាំទ្រ​របស់​ស.រ.អា.​ដល់​ពួក YPG មាន​រួម​បញ្ចូល​ការ​ប្រគល់​អាវុធ​ដែល​អាជ្ញាធរ​តួកគី​ព្រួយ​បារម្ភថា​នឹង​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​យុទ្ធជន PKK។

រដ្ឋាភិបាល​តួកគី​បាន​និយាយ​ថា​លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេស​ស.រ.អា.​បាន​ធានារ៉ាប់រង​ជា​ថ្មី​ថា​ស.រ.អា.​នឹង​យក​ទៅ​វិញ​នូវ​អាវុធ​ទាំង​នោះ​នៅ​ក្រោយ​ការ​វាយ​យក​បាន​ក្រុង Raqqa មក​វិញ តែ​លោក Mattis បាន​បញ្ជាក់​កាល​ពីថ្ងៃ​អង្គារ​ថា​ការ​គាំទ្រ​របស់​ស.រ.អា.​ដល់​ពួក YPG នឹង​មាន​តទៅ​ទៀត។

លោក Mattis បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោកថា «យើង​នឹង​ធ្វើអ្វី​ដែល​យើង​អាច​ធ្វើ​បាន»។ ក៏​ប៉ុន្តែ​ លោក​បាន​ថ្លែង​ថា អាវុធ​ដែល​បាន​ត្រូវ​ផ្តល់​ទៅ​ឱ្យ​ពួក​ YPG នឹង​អាស្រ័យ​លើអ្វី​ដែល​ជា​បេសកកម្ម​បន្ទាប់។​

លោក Mattis បាន​និយាយ​ថា​ «នៅ​ពេល​ដែល​ពួក​គេ​លែង​ត្រូវការ​វត្ថុ​ខ្លះ​ យើង​នឹង​ជំនួស​វត្ថុ​ទាំង​នោះ​ជាមួយវត្ថុ​ឯទៀត​ដែល​ពួក​គេ​ត្រូវការ»។

លោក​រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា.​មាន​កំណត់​នឹង​ជួប​ជា​មួយ​សមភាគី​តួកគី​ របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ការ​ប្រជុំ​នៃ​អង្គការ​អូតង់​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល៕

XS
SM
MD
LG