លោក ដូណាល់ ត្រាំ ប្រធានាធិបតីស.រ.អា.កាលពីថ្ងៃសៅរ៍បាននិយាយថា អំឡុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC នៅប្រទេសវៀតណាម លោកបានសន្ទនារយៈពេលខ្លីពីរបីដងជាមួយលោក វ្លាដឺមឿ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយផ្តោតសំខាន់អំពីស្ថានភាពនៅប្រទេសស៊ីរី។
លោកប្រធានាធិបតីថ្លែងប្រាប់អ្នកយកព័ត៌មាននៅតាមយន្តហោះប្រធានាធិបតីស.រ.អា. Air Force One ពេលលោកធ្វើដំណើរពីក្រុង Danang ទៅក្រុងហាណូយ។ លោកនិយាយថា សេចក្តីថ្លែងការណ៍រួមអំពីប្រទេសស៊ីរីដែលលោកនិងលោក ពូទីន បានព្រមព្រៀងគ្នានោះគឺត្រូវសង្គ្រោះជីវិតមនុស្សឲ្យបានច្រើន។
សេចក្តីថ្លែងការណ៍ចេញផ្សាយដំបូងដោយរដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្ស៊ីនិយាយថា មេដឹកនាំទាំងពីរបញ្ជាក់អំពីសារៈសំខាន់នៃការកាត់បន្ថយកំណើនភាពតានតឹងក្នុងតំណាក់កាលបណ្តោះអាសន្ន ដែលជាជំហានកាត់បន្ថយអំពើហិង្សានៅស៊ីរី ពង្រឹងកិច្ចព្រមព្រៀងបទឈប់បាញ់ មិនជ្រៀតជ្រែកកិច្ចការមនុស្សធម៌ និងកំណត់លក្ខខណ្ឌដើម្បីឲ្យមានដំណោះស្រាយនយោបាយជាចុងក្រោយ៕