ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​នៅ​ស៊ីរីនៅតែ​បន្ត​គ្មាន​ទី​បញ្ចប់


រូបឯកសារ៖ ផ្សែង​ចេញ​ពី​សង្គ្រាម​​នៅក្នុង​ស្រុក​ Saif Al Dawla ក្រុង​ Aleppo ប្រទេស​ស៊ីរី។
រូបឯកសារ៖ ផ្សែង​ចេញ​ពី​សង្គ្រាម​​នៅក្នុង​ស្រុក​ Saif Al Dawla ក្រុង​ Aleppo ប្រទេស​ស៊ីរី។

នៅក្រោយ​មាន​កិច្ចព្រមព្រៀង​បរមាណូ​មួយ​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ គេ​ឃើញ​មាន​កំណើន​ការទូត​ជាមួយ​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​រដ្ឋាភិបាល​ក្រុងមូស្គូ​ និង​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់ ដោយ​មាន​ការ​ពិភាក្សាគ្នា​អំពី​ពេល​វេលា​សម្រាប់​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​មួយ​សម្រាប់​បញ្ចប់​សង្គ្រាម​ស៊ីវិល​បួន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ក៏ប៉ុន្តែ​ ជាមួយ​ការ​ប្តេជ្ញា​សារជាថ្មី​របស់​ប្រទេស​អ៊ីរ៉ង់ ​និង​ប្រទេស​រុស្សី​ក្នុង​ការជួយ​ជ្រោម​ជ្រែង​ប្រធានាធិបតី​ Bashar al-Assad វា​ហាក់​ដូច​ជា​បញ្ជាក់​ថា​ គ្មាន​ទេ​ការ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​ នូវសង្គ្រាមរ៉ាំរ៉ៃ​យ៉ាង​ហិនហោច​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ​២៤០.០០០នាក់​បាត់​បង់​ជីវិត​ទៅ​ហើយ។

គ្មាន​ភាគី​ណាមួយ​ប្តូរ​គោល​ជំហរ​ដែលត្រូវបាន​ប្រកាន់យក​ដោយ​ម៉ឺងម៉ាត់​នៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ​ប្រទេស​ស៊ីរី​ទេ ​ទោះ​ណា​ជាភាគី​ទាក់ទិន​ភាគ​ច្រើន​ទទួល​ស្គាល់​ថា​ ការ​យក​ជ័យជម្នះ​លើពួក​ជ្រុល​និយម​នៃ​រដ្ឋ​ឥស្លាម​ គួរ​ឋិត​នៅ​ក្នុង​ចំណោម​អាទិភាព​ខ្ពស់​បំផុត​ក៏ដោយ​ ហើយ​ថា​ការណ៍​នេះ​មិន​ទំនង​ជា​នឹង​កើត​មាន​បាន​ទេ​ ដរាប​ណា​នៅ​តែមាន​សង្គ្រាម​ស៊ីវិល​តទៅ​ទៀត​នោះ។​

កាល​ពី​ខែ​មុន​ ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​គាំទ្រ​ដល់ការ​ជំរុញ​ថ្មី​មួយ​ដើម្បី​ឱ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេសស៊ីរី​នៅ​ក្នុង​វិធានការ​មួយ​ត្រូវ​អនុម័ត​ដោយ​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស់​និង​ពួក​រដ្ឋ​១៤​ទៀត​ដែល​ជា​សមាជិក​នៃក្រុម​ប្រឹក្សានេះ។ ​វិធានការ​នេះ​គឺ​ជាលើក​ដំបូង​ហើយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​យល់​ព្រម​ឱ្យ​មាន​សេចក្តី​ថ្លែង​ការណ៍​ខាង​នយោបាយ​មួយ​អំពី​បញ្ហា​ប្រទេសស៊ីរី។​

ផែនការ​មាន​១៦​ចំណុច​នេះ​ដែល​បាន​ព្រាង​ដោយ​ប្រទេសបារាំង​មានរួម​បញ្ចូល​ការ​អំពាវនាវ​មួយ​ឱ្យ​មាន​«ការ​បង្កើត​អង្គការ​គ្រប់គ្រង​អន្តរកាល​មួយ​មានភាគី​ទាំង​អស់​ចូល​រួម​ ដែល​អង្គការ​នេះ​មាន​អំណាច​ខាង​នីតិ​ប្រតិបត្តិ​ពេញ​លេញ​ដែល​គួរ​ត្រូវ​បង្កើត​ឡើង​លើ​មូលដ្ឋាន​នៃ​ការ​មូលមតិ​គ្នា​ នៅ​ស្រប​ពេល​ដែល​ដំណើរ​ការ​របស់​ស្ថាប័ន​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ត្រូវ​ធ្វើ​ឡើង​បន្ត​ទៅ​ទៀត»។

សម្រាប់​ពួក​បស្ចិម​ប្រទេស​ កំណើន​វិបត្តិ​ជនភៀសខ្លួន​ក្នុង​ទ្វីប​អឺរ៉ុប​បាន​បន្ថែម​ភាព​បន្ទាន់​ដល់​ការស្វែង​រក​ដំណោះ​ស្រាយសង្គ្រាម​យ៉ាង​ព្រៃផ្សៃ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នេះ៕

XS
SM
MD
LG