ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីក្រុង​មូស្គូ​អះអាង​ថា​មាន​វត្តមាន​ជំនាញការ​យោធា​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ីរី


រូបឯកសារ៖ ទាហានជើង​ទឹក​រុស្ស៊ី​កំពុង​ចុះ​ចេញ​ពី​រថពាសដែក​ នៅ ​Kaspiysk ប្រទេស​រុស្ស៊ី។
រូបឯកសារ៖ ទាហានជើង​ទឹក​រុស្ស៊ី​កំពុង​ចុះ​ចេញ​ពី​រថពាសដែក​ នៅ ​Kaspiysk ប្រទេស​រុស្ស៊ី។

ប្រទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា សមាជិក​យោ​ធា​របស់​ខ្លួន​មាន​វត្តមាន​នៅ​ក្នុង​ប្រ​ទេស​ស៊ីរី ​នៅ​ខណៈពេល​ដែល​មាន​ការ​ព្រួយ​កង្វល់​កើន​ឡើង​ក្នុង​ប្រទេស​លោក​ខាង​លិច​ថា ​យោធា​រុស្ស៊ី ​កំពុង​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ Bashar Al-Assad នៃ​ប្រទេស​ស៊ីរី​ដែល​មាន​បញ្ហា​នោះ។

លោកស្រី Maria Zakharova ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​នៃ​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​អ្នក​ជំនាញយោ​ធា​រុស្ស៊ី​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​យោ​ធា​ស៊ីរី​ឲ្យ​ចេះ​ប្រើ​អាវុធនិង​ឧបករណ៍​ផ្សេង​ទៀត​របស់​រុស្ស៊ី​ឲ្យ​បាន​ស្ទាត់​ជំនាញ។

​លោក​ស្រី​អ្នកនាំពាក្យ​រូបនោះ​បាន​និយាយ​ទៀត​ថា៖ «រុស្ស៊ី​មិនបាន​លាក់​ការសម្ងាត់​ពី​កិច្ច​សហប្រតិបត្តិការ​ខាង​បច្ចេកវិទ្យា​យោធា​របស់​ខ្លួន​ជាមួយ​ស៊ីរី​ហើយ​បាន​ផ្តល់​អាវុធ​និង​ឧបករណ៍​ខាង​យោ​ធា​ជាយូរយា​ណាស់​មក​ហើយ ​ស្រប​ទៅ​តាម​កិច្ចសន្យា​ទ្វេភាគី​ដែល​មាន​ស្រាប់។ លោកស្រី​បាន​កត់​សម្គាល់​ថា នាវារុស្ស៊ី​នៅ​តែ​រក្សា​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យានៅ​កំពង់​ផែ Tartusនៃ​ប្រទេស​ស៊ីរី»។

លោកស្រី​ Zakharova បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ឧបករណ៍​របស់​រុស្ស៊ី​ដែល​បាន​ប្រគល់​ទៅ​ឲ្យ​កងទ័ព​ស៊ីរី ​ត្រូវ​បាន​គ្រោង​នឹង​ធ្វើ​ឡើង​ដើម្បី​ទប់​ទល់​ការ​គំរាម​កំហែង​ភេរវកម្ម​ដែល​បាន​កើន​ឡើង​យ៉ាង​ខ្លាំងនៅ​ក្នុង​ប្រទេស​ស៊ីរី​ហើយ​នឹង​ប្រទេស​អ៊ីរ៉ាក់​ ដែល​មិនធ្លាប់​មាន​កាល​ពី​ពេល​មុន។

​លោកស្រី​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​និយាយ​បន្ត​ទៀត​ថា៖ «​ការគំរាម​កំហែង​នេះ ​ជា​បញ្ហា​ដ៏​លំបាក​មួយសម្រាប់​សហគមន៍​អន្តរជាតិ​ទាំង​មូល ​រួម​ទាំង​ប្រទេស​រុស្ស៊ី​ផង​ដែរ»។ ​លោកស្រី​និយាយទៀត​ថា ​ជន​ជាតិ​រុស្ស៊ី​ប្រហែល​២ពាន់​នាក់ ​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ជ្រុល​និយម​នានា​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​អ៊ីរ៉ាក់៕

XS
SM
MD
LG