ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​អ៊ីស្លាម​បាន​បំផ្ទុះ​ប្រាសាទ​បុរាណ​នៅ​ទី​ក្រុង​ដែល​ពួកគេ​បាន​កាន់​កាប់​ក្នុង​ប្រទេស​ស៊ីរី


រូប​ភាព​ឯក​សារ៖ សមាជិកនៃ​​​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ស៊ីរី។
រូប​ភាព​ឯក​សារ៖ សមាជិកនៃ​​​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ប្រទេស​ស៊ីរី។

សកម្ម​ជនជនជាតិ​ស៊ីរី និង​ប្រធាន​ផ្នែក​វត្ថុបុរាណ​របស់​ប្រទេសស៊ីរី​និយាយ​ថា ​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​បាន​បំផ្ទុះប្រាសាទ​បុរាណ​នៅទីក្រុង Palmyra ​ដែល​ជាប្រាសាទ​មួយនៃ​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​ចាស់​បំផុត​នៅមជ្ឈឹម​បូព៌ា។

លោក ​Maamoun Abdulkarim​លើក​ឡើង​ថា​ការភ័យ​បារម្ភដ៏ខ្មៅងងឹត​បាន​ក្លាយជា​ការពិត​ហើយ។​ ពួក​ជ្រុលនិយម​រដ្ឋឥស្លាមបាន​បំផ្លាញ​ប្រាសាទ​ Baal Shamin ​ចំណាស់​២០០០ឆ្នាំ​ ដោយ​ដាក់ជាតិផ្ទុះដ៏ខ្លាំង​ដែល​ធ្វើឲ្យមាន​ការខូចខាត​យ៉ាងដំណំ​ដល់​សសរ​នៅ​ជុំវិញ​ប្រាសាទ​បុរាណ​នេះ។

ក្រុមសិទ្ធិ​មនុស្សស៊ីរីមាន​មូលដ្ឋាននៅ​ប្រទេស​អង់គ្លេស​ Syrian Observatory for Human Rights បាន​បញ្ជាក់កាល​ពីថ្ងៃ​អាទិត្យ​ថា ប្រាសាទ​នេះ​ពិតជា​ត្រូវបាន​បំផ្លាញ​មែន។ ​កាលពី​សប្តាហ៍​មុនក្រុម​សិទ្ធិ​មនុស្ស​នេះ​និយាយ​ថា ​ពួកសកម្ម​ប្រយុទ្ធបានកាត់​ក្បាល​លោក Khaled ​Asaad ​អតីតនាយកសារៈមន្ទីរ​វត្ថុបុរាណ​នៅ​Palmyra។ លោក​បាន​ធ្វើការនៅ​ទីនោះ​៥០​ឆ្នាំដើម្បី​អភិរក្ស​ប្រវត្តិសាស្ត្រ​ដ៏ផុយ​ស្រួយ​នេះ​ ដែល​ជា​តំបន់​បេតិក​ភណ្ឌ​ពិភព​លោក។

ពួកសកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាមបាន​ចូល​កាន់កាប់​ទីក្រុង Palmyra​កាលពីខែ​ឧសភា​ ហើយ​ភ្លាមៗ​នោះ ​អ្នកប្រវត្តិសាស្ត្រ​បាន​ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក។ ពួកសកម្ម​ប្រយុទ្ធ​និយាយថា​ វត្ថុបុរាណ​និងរូប​ចម្លាក់នានា​ជាការ​ប្រមាថ​ព្រះរបស់​ពួកគេ។ ពួកគេ​ក៏បាន​បំផ្លាញ​កន្លែង​ប្រវត្តិ​សាស្ត្រ​ផ្សេងៗ​ទៀត​នៅ​ប្រទេស​អ៊ីរ៉ាក់​ផងដែរ។ តែអង្គការ​សិទ្ធិ​មនុស្ស​ Syrian Observatory ​for Human Rights​ និយាយ​ថា ​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​បាន​លក់វត្ថុបុរាណ​មួយ​ចំនួនដើម្បី​ប្រមូល​លុយ។ អង្គការនេះ​និយាយ​ថា​ វីដេអូខ្លះ​បង្ហាញ​ក្រុម​ជ្រុលនិយម​បំផ្ទុះ​រូប​ចម្លាក់​ស្នាដៃ​សិល្បៈ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG