ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​កង្វះ​អគ្គិសនី​ប្រើប្រាស់​ បន្ទះ​សូឡា​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ក្លាយ​ជា​ជម្រើស​ថ្មី​សម្រាប់​អ្នក​ស្វាយរៀង


នេះ​ជា​រោងចក្រ​សូឡា​ដើរ​ដោយថាមពលព្រះអាទិត្យ ដែល​អាច​ផ្តល់​ថាមពល​១០មេហ្គាវ៉ាត់​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០១៧។ រោងចក្រ​នេះ​អាច​នឹង​ដំណើរ​ការ​នៅ​ចុង​ខែ​សីហា ឆ្នាំ២០១៧នេះ។ (ស៊ុន ណារិន/VOA)
នេះ​ជា​រោងចក្រ​សូឡា​ដើរ​ដោយថាមពលព្រះអាទិត្យ ដែល​អាច​ផ្តល់​ថាមពល​១០មេហ្គាវ៉ាត់​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ២០១៧។ រោងចក្រ​នេះ​អាច​នឹង​ដំណើរ​ការ​នៅ​ចុង​ខែ​សីហា ឆ្នាំ២០១៧នេះ។ (ស៊ុន ណារិន/VOA)

ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្នាញ ក្នុង​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ត្អូញត្អែរ​ពី​រឿង​មិន​មាន​អគ្គិសនី​ប្រើប្រាស់​រហូត​មក​ដល់​ពេល​នេះ បើ​ទោះជា​មាន​បង្គោល​ និង​ខ្សែភ្លើង​ តភ្ជាប់​តាម​បណ្ដោយ​ផ្លូវ​លំ​រួច​ទៅ​ហើយ​ក៏ដោយ។ ដោយសារ​កង្វះ​ភ្លើង​ប្រើប្រាស់​នេះ អ្នក​ភូមិ​ខ្លះ​បាន​ងាក​ទៅ​ប្រើប្រាស់​បន្ទះ​កញ្ចក់​សូឡា​ ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ដើម្បី​អាច​ទទួល​បាន​ថាមពល​ប្រើប្រាស់​ខ្លះៗ នៅ​ពេល​យប់។​

វា​មាន​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ ដែល​ប្រជាជន​រាប់​រយ​គ្រួសារ​នៅ​ក្នុង​សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់។

ជីវិត​គ្មាន​អគ្គិសនី​នេះ នាំ​ឲ្យ​មាន​ការ​ត្អូញត្អែរ​ពី​អ្នក​ភូមិ​ ដោយសារ​វា​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។ អ្នក​ភូមិ​ដែល​រស់​នៅ​ចម្ងាយ​ប្រមាណ​៦គីឡូ​ម៉ែត្រ​ពី​ក្រុង​បាវិត បាន​ចោទ​ជា​សំណួរ​អំពី​មូលហេតុ​ដែល​មិន​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​កំពុង​រស់​នៅ ខណៈ​បង្គោល និង​ខ្សែ​ភ្លើង​ ត្រូវ​បាន​រៀប​ចំ​រួច​ហើយ។

ទោះ​ជា​យ៉ាង​ណា ដើម្បី​បំភ្លឺ​ផ្ទះ និង​បំពេញ​តម្រូវ​ការ​មួយ​ចំនួន​ទៀត ពួកគេ​បាន​ប្រើប្រាស់​បន្ទះ​កញ្ចក់​សូឡា ដើរ​ដោយ​ព្រះអាទិត្យ ដើម្បី​អាចទទួល​បាន​ថាមពល​ខ្លះ​សម្រាប់​ប្រើប្រាស់​នៅ​ពេល​យប់។​

លោក សាន់ សុធា អាយុ​៣៥​ឆ្នាំ ដែល​ជា​អ្នក​លក់​អីវ៉ាន់​ នៅ​ក្នុង​ភូមិ​ថ្នាញ សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោក សាន់ សុធា អាយុ​៣៥​ឆ្នាំ ដែល​ជា​អ្នក​លក់​អីវ៉ាន់​ នៅ​ក្នុង​ភូមិ​ថ្នាញ សង្កាត់​បាទី ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក សាន់ សុធា អាយុ​៣៥​ឆ្នាំ ជា​អ្នក​លក់​អីវ៉ាន់​ នៅ​លើ​ផ្លូវ​គ្រួស​ក្រហម​ធំ​មួយ​ក្នុង​ភូមិ បាន​ថ្លែង​ប្រាប់​ VOAថា​ លោក​មាន​ការ​ងឿង​ឆ្ងល់ ថា​មាន​បង្គោល និង​ខ្សែអគ្គិសនី​នៅ​ជិត​ភូមិ​ ពីរ​បី​ឆ្នាំ​មក​ហើយ តែ​ហេតុអ្វី​មិន​មាន​អគ្គិសនី​ប្រើប្រាស់​រហូត​មក​ដល់​ពេល​នេះ។

លោក​បន្ត​ថា ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​មាន​ភាព​លំបាក​ច្រើន​ ដោយសារ​មិន​មាន​ភ្លើង​ប្រើប្រាស់ ក្នុង​នោះ​មាន​ដូច​ជា​ការ​បំភ្លឺ​ផ្ទះ​នៅ​ពេល​យប់​ជាដើម។

ដើម្បី​មាន​ភ្លើង​បំភ្លឺ​ផ្ទះ និង​ប្រើប្រាស់​តាម​តម្រូវ​ការ​ចាំបាច់​មួយ​ចំនួន​ លោក សុធា មាន​ប្រសាសន៍​ថា​ កាល​ពី​ឆ្នាំ​មុន លោក​បាន​សម្រេច​ទិញ​បន្ទះ​កញ្ចក់​សូឡា​ខ្នាត​កណ្ដាល​តម្លៃ​ប្រមាណ​៤០០​ដុល្លារ​អាមេរិក។

ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់​បាទី ដែល​ប្រើប្រាស់​បន្ទះកញ្ចក់សូឡា ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ។ (ស៊ុន ណារិន/VOA)
ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់​បាទី ដែល​ប្រើប្រាស់​បន្ទះកញ្ចក់សូឡា ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ។ (ស៊ុន ណារិន/VOA)

លោក​បន្ត​ថា លោក​អាច​ប្រើប្រាស់​បន្ទះ​កញ្ចក់​សូឡា​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​នេះ ដើម្បីបំភ្លឺ​អំពូល​ភ្លើង ​និង​សម្រាប់​កង្ហារ​ បើ​ទោះជា​មិន​អាច​ប្រើប្រាស់​ជាមួយ​ឧបករណ៍អេឡិចត្រូនិក​ធំ​ដុំ​ផ្សេង​ទៀត​បាន​ក៏​ដោយ។

លោក សាន់ សុធា ដែល​បាន​បើក​សេវាកម្ម​លាង​ម៉ូតូ​នៅ​ផ្ទះ​ផង​នោះ ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រៀបចំ​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់​ក្នុង​ភូមិ​ឆាប់ៗ​ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា៖

«ចង់​សំណូម​ពរ​ឲ្យ​មាន​ភ្លើង​ចូល​មក​ឆាប់ៗ ដូច​ថា​យើង​រក​ស៊ី​លាង​ម៉ូតូ​អញ្ចឹង យើង​មិន​ពិបាក​បញ្ឆេះ​ម៉ាស៊ីន យើង​ប្រើ​តែ​ភ្លើង​ដោត​ម៉ូទ័រ»។

លោក អ៊ិន បយ អាយុ៦៥ឆ្នាំ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ថ្នាញ សង្កាត់​បាទី ក្រុង​បាវិត ផ្តល់​បទសម្ភាសន៍ដ​ល់ VOA ក្នុង​ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
លោក អ៊ិន បយ អាយុ៦៥ឆ្នាំ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ថ្នាញ សង្កាត់​បាទី ក្រុង​បាវិត ផ្តល់​បទសម្ភាសន៍ដ​ល់ VOA ក្នុង​ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក អ៊ិន បយ អាយុ៦៥ឆ្នាំ បាន​រៀប​រាប់​ថា ​កន្លងទៅ​ប្រជាពលរដ្ឋ​បាន​ស្នើ​ទៅ​អាជ្ញាធរ​រួច​មក​ហើយ​អំពី​អគ្គិសនី​នេះ តែ​លោក​ថា​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​មាន​ការ​លំបាក ដោយ​សារ​មិន​មាន​អគ្គិសនី​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖

«វា​ដូច​ជា​ មក​ដល់​ឥឡូវ​ដល់​អត់​ភ្លើង បាន​ន័យ​ថា​ដូច​ធុញ​ថប់ មាន​ការ​តប់​ប្រមល់​ក្នុង​ចិត្ត។ យើង​ឧទាហរណ៍​ចេញ​ដើរ​ផុត​ពី​ហ្នឹង​ ឃើញ​គេ​សុទ្ធ​តែ​ភ្លើង​ព្រោង​ព្រាត​ ដល់​ឯង​ពី​នោះ​មក​ហ្នឹង វា​អត់​មាន​ដែរ យើង​មិន​ដឹង​និយាយ​ថា​ម៉េច»។

លោក​បន្ត​ថា កាល​ពី​ឆ្នាំ​២០១៤ លោក​បាន​សម្រេច​ចិត្ត​ទិញ​បន្ទះ​កញ្ចក់​សូឡា​ ដើម្បី​ទទួល​បាន​ថាមពល​ប្រើប្រាស់។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​រាល់​ថ្ងៃ​នេះ បាន​ន័យ​ថា​យើង​ចាំ​ប្រព័ន្ធ​ភ្លើង​អគ្គិសនី​វា​យូរ។ វា​យូរ​ពេលវេលា អញ្ចឹង​សុខចិត្ត​ចំណាយ​លុយ ជា​លក្ខណៈ​គ្រួសារ​ ប្រើ​ភ្លើង​ផ្ទាំង​សូឡា​នេះ​តែ​ម្ដង»។

ក្រៅ​ពី​ការ​ប្រើប្រាស់​បន្ទះ​កញ្ចក់​សូឡា​នេះ អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​ប្រើប្រាស់​អាគុយ​សម្រាប់​បំភ្លឺ​ផ្ទះ។

អ្នកនាង ឈឹម ឆៃយ៉ា អាយុ៣២ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និងជាពលរដ្ឋ​រស់​នៅ​ភូមិ​ច្រក​ឫស្សី ក្នុង​សង្កាត់​បាទី ផ្តល់​បទសម្ភាសន៍ដ​ល់ VOA ក្នុង​ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
អ្នកនាង ឈឹម ឆៃយ៉ា អាយុ៣២ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និងជាពលរដ្ឋ​រស់​នៅ​ភូមិ​ច្រក​ឫស្សី ក្នុង​សង្កាត់​បាទី ផ្តល់​បទសម្ភាសន៍ដ​ល់ VOA ក្នុង​ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

អ្នកនាង ឈឹម ឆៃយ៉ា អាយុ​៣២ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ច្រក​ឫស្សី ក្នុង​សង្កាត់​បាទី​ដដែល​ បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ សព្វថ្ងៃ​នេះ​ អ្នកនាង​ប្រើប្រាស់​អាគុយ​ដើម្បី​បំភ្លឺ​ផ្ទះ​នៅ​ពេល​យប់ ដោយ​ចំណាយ​ប្រាក់មួយ​ខែ​ប្រហែល​២ម៉ឺន​រៀល។

អ្នកនាង​បន្ត​ថា​ អ្នក​នាង​មិន​ទាន់​មាន​លទ្ធផល​ ដើម្បី​ទិញ​បន្ទះ​កញ្ចក់​សូឡា​ប្រើប្រាស់​ដូច​អ្នក​ភូមិ​ផ្សេង​ទៀតនោះ​ទេ។​

អ្នកនាង​បាន​ស្នើ​ឲ្យ​មាន​អគ្គិសនី​ឆាប់ៗ​នៅ​ក្នុង​តំបន់​ដែល​កំពុង​រស់​នៅ​ ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​បាន។

អ្នកនាង​មាន​ប្រសាសន៍​ថា៖

«ឥឡូវ​ចង់​បាន​ភ្លើង​ប្រើ​ឆាប់ៗ​ហ្មង។ ធ្វើ​ម៉េច​ឲ្យ​តែ​បាន​ភ្លើង​មក​ប្រើ​ក្នុង​ក្រុម​គ្រួសារ​ សប្បាយ​ចិត្ត​ណាស់ ​បាន​ភ្លើង​ភ្លឺ»។

ចៅសង្កាត់​បាទី លោក ចាន់ សារ៉ុន បាន​ថ្លែង​ប្រាប់​ VOAថា​ លោក​ក៏​មិន​ដឹង​ពី​មូលហេតុ​ដែល​មិន​ទាន់​មាន​អគ្គិសនី​ចូល​មក​តំបន់​នេះ​ដែរ ដោយ​លោក​បង្វែរ​សំណួរ​នេះ​ទៅ​ខាង​អាជ្ញាធរ​ថ្នាក់​លើ​ និង​ខាង​អគ្គិសនី​វិញ។

​ក្នុង​ខេត្ត​ស្វាយរៀង រោងចក្រ​ថាមពល​សូឡា​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​របស់​ក្រុមហ៊ុន​សិង្ហបុរី ឈ្មោះ​ Sunseap​ តម្លៃ​ជាង​១២​លាន​ដុល្លារ​អាមេរិក ​ដែល​អាច​ផលិត​អគ្គិសនី​បាន​១០មេហ្គាវ៉ាត់​ នឹង​អាច​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​នៅ​ចុង​ខែ​សីហា ខាង​មុខ​នេះ។

ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់​បាទី ដែល​ប្រើប្រាស់​បន្ទះកញ្ចក់សូឡា​ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ​។ (ស៊ុន ណារិន/VOA)
ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងសង្កាត់​បាទី ដែល​ប្រើប្រាស់​បន្ទះកញ្ចក់សូឡា​ដើរ​ដោយ​ថាម​ពល​ព្រះអាទិត្យ​។ (ស៊ុន ណារិន/VOA)

ប្រធាន​គ្រប់គ្រង​គម្រោង​របស់​ក្រុមហ៊ុន​ Sunseap លោក Kelvin Ang បាន​ថ្លែង​ប្រាប់​ VOA ​តាម​រយៈ​អ៊ីមែល ឬ​សារ​អេឡិចត្រូនិក​ថា ក្រុមហ៊ុន​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ផលិត​ថាមពល​នៅ​ចុង​ខែ​សីហា​នេះ។

លោក​បន្ថែម​ថា ថាមពល​ដែល​បាន​មក​ពី​រោងចក្រ​សូឡា​នេះ នឹង​ត​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​បណ្ដាញ​ថ្នាក់​ជាតិ​របស់អគ្គិសនី​កម្ពុជា ​(EDC) ដែល​មាន​ចម្ងាយ​ប្រមាណ​៥,៥​គីឡូម៉ែត្រ​ពី​រោងចក្រ។

លោក​មាន​ប្រសាសន៍​ថា៖

«…វា​នឹង​ជួយ​បំពេញ​ការ​ខ្វះខាត​ថាមពល​នៅ​គ្រប់​តំបន់​ដែល​ស្ថិត​ក្នុង​បណ្ដាញ​របស់​ EDC។ យើង​យល់​ថា ​EDC ​កំពុង​តែ​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ដើម្បី​ពង្រីក​បណ្ដាញ​ជា​បន្ត​បន្ទាប់​ទៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ ដែល​មិន​ទាន់​មាន​ភ្លើង​ប្រើប្រាស់ រួម​បញ្ចូល​ទាំង​ខេត្ត​ស្វាយរៀង​ផង​ដែរ»។​

បើ​តាម​លោក Kelvin ក្នុង​ម៉ោងប្រើប្រាស់​ច្រើន​បំផុត ​ខេត្ត​ស្វាយរៀង​ត្រូវ​ការ​ថាមពលច្រើន​ជាង​២០មេហ្គា​វ៉ាត់ ដូច្នេះ​ថាមពល​១០​មេហ្គាវ៉ាត់​ដែល​បាន​មក​ពី​រោងចក្រ​សូឡា​ នឹង​ជួយ​ផ្គត់ផ្គង់​ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ថាមពល​ដែល​ត្រូវ​ការ​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

ប្រទេស​កម្ពុជា​ អាច​ផលិត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ខ្លួន​ឯង​ប្រមាណ​៥០​ភាគរយ ​ដែល​បាន​មក​ពី​ទំនប់​វារីអគ្គិសនី ដូច្នេះ​ប្រទេស​នេះ ត្រូវ​ការ​ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង ក្នុង​នោះ​មាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ។ ខេត្ត​ស្វាយរៀង​ ក៏​បាន​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​ផង​ដែរ។

អភិបាល​ខេត្ត​ស្វាយរៀង លោក​ ម៉ែន វិបុល បាន​ថ្លែង​ប្រាប់ ​VOA​ ថា បច្ចុប្បន្ន​នេះ​ទំហំ​អគ្គិសនី​នៅ​ខេត្ត​ស្វាយរៀង គឺ​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ទូទាំង​ខេត្ត។ ប៉ុន្តែ លោក​បញ្ជាក់​ថា ​តំបន់​ខ្លះ​ មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ ដោយសារ​មិន​ទាន់​មាន​បណ្ដាញ​ត​ភ្ជាប់ គឺ​មាន​តែ​បង្គោល និង​ខ្សែ​ភ្លើង​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖

«វា​មិន​ខ្វះ​ទេ ក៏ប៉ុន្តែ​សំខាន់​លើ​ខ្សែ​បណ្ដាញ​ត បង្គោល​ភ្លើង​ បង្គោល​អី ដាំ​សឹង​តែ​អស់​ហើយ មួយ​ខេត្ត​ហ្នឹង។ អញ្ចឹង​កន្លែង​ណា​មក​ទាន់ ​គេ​រៀបចំ​បណ្ដាញ​ទាំង​ហ្នឹង​ហើយ ព្រោះ​គេ​មិន​អាច​ទុក​ភ្លើង​នៅ​សល់​ទេ»។

អភិបាល​ខេត្ត​រូប​នេះបន្ត​ថា រោងចក្រ​សូឡា​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ នឹង​បង្កើន​ថាមពល​អគ្គិសនី​បន្ថែម​ទៀត​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​រស់​នៅ​ក្បែរ​រោងចក្រ​សូឡា ក្នុង​ភូមិ​ថ្លក ឃុំ​ច្រក​ម្ទេស មាន​អគ្គិសនី​រដ្ឋ​ប្រើប្រាស់​រួច​ហើយ​មក​ដល់​ពេល​នេះ ដែល​មាន​តម្លៃ​៦៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។​

អ្នកនាង គឹម ណាវី អាយុ២៦​ឆ្នាំ ជា​អ្នក​លក់​អីវ៉ាន់​ម្នាក់​នៅ​ក្នុង​ភូមិ​ថ្លក មាន​ប្រសាសន៍​ថា​ កាល​ពី​មុន អ្នក​នាង​ប្រើប្រាស់​អគ្គិសនី​ឯកជន​ដែល​មាន​តម្លៃ​ខ្ពស់​រហូត​ដល់​១.២០០​រៀល។ បន្ទាប់​មក​អ្នកនាង​បាន​ផ្លាស់ប្ដូរ​មក​ប្រើប្រាស់​ភ្លើង​រដ្ឋ​វិញ ដែល​មាន​តម្លៃ​៦៥០​រៀល ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ អ្នកនាង​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នកនាង​បាន​ប្រើប្រាស់​ភ្លើង​រដ្ឋ​នេះ ​៣​ទៅ​៤​ឆ្នាំ​មក​ហើយ ដោយ​ចំណាយ​ថវិកា​ប្រមាណ​៥​ទៅ​៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

អ្នកនាង​បញ្ជាក់​ថា ​បើ​តម្លៃ​អគ្គិសនី​ចុះ​ក្រោម​នេះ រឹត​តែ​ល្អ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។

អ្នក​នាង​មាន​ប្រសាសន៍​ថា៖

«បើ​បាន​ចុះ​កាន់​តែ​ល្អ ក្រែង​លោ សូឡា​នេះ គេ​ដាក់​ភ្លើង​ថ្មី ក្រែង​លោ​គេ​ថោក​ជាង បើ​ខ្លាំង​ដូច​គ្នា ល្អ​វិញ។ យើង​ប្រើ​ច្រើន មិន​សូវ​ខ្លាច​អស់​គីឡូ​ច្រើន អស់​លុយ​ច្រើន»។

ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត អ្នក​ស្រី ស៊ឹម សុភាព អាយុ​៤៩ឆ្នាំ បាន​ប្រសាសន៍​ថា អ្នក​ស្រី​បាន​ផ្លាស់ប្ដូរ​ពី​ការ​ប្រើប្រាស់​អាគុយ មក​អគ្គិសនី​រដ្ឋ​ជាង​៥ឆ្នាំ​មក​ហើយ។ អ្នក​ស្រី​រៀបរាប់​ថា​ បើ​មិន​មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​មាន​ភាព​លំបាក។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«ខុសគ្នា​ខ្ញុំ​ទៅ​ស្រុក​ដន្លង់​ខ្ញុំ ទៅ​នៅ អត់​មាន​ភ្លើង​ ងងឹត​ឈឹង ប្រើ​អាគុយ។ ហើយ​យើង​ភ្លើង​ ភ្លឺ​ពេញ​ភូមិ ដាក់​តែ​មួយ​ពីរ​ ភ្លឺ​ពេញ​ហ្នឹង ហើយ​ប្រើ​អាគុយ​មើល​ទៅ​ស្លុងៗ ខ្ញុំ​ថា​ធ្លាប់​នៅ​ផ្ទះ​ឯង ភ្លឺ​ចេះ ដល់​ទៅ​ផ្ទះ​គេ ​ពិបាក​ណាស់»។

អ្នក​ស្រី​បន្ត​ថា​ អ្នក​ស្រី​បាន​ប្រើប្រាស់​ភ្លើង​ប្រចាំ​ថ្ងៃ សម្រាប់​ផ្សា​ដែក បូម​ទឹក​ស្រោច​ដំណាំ ​បូម​ទឹក​ដាក់​ពាង និង​ប្រើប្រាស់​សម្រាប់​មើល​ទូរទស្សន៍ និង​ចាក់​បទ​ចម្រៀង​ស្ដាប់​ជាដើម។

អ្នក​ស្រី​មានប្រសាសន៍ថា ក្នុង​មួយ​ខែ​អ្នក​ស្រី​បាន​ចំណាយ​ប្រាក់​ចន្លោះ​ពី​៨ទៅ​១០ម៉ឺនរៀល​ក្នុង​ការ​ប្រើប្រាស់​អគ្គិសនី។ ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី​សង្ឃឹម​ថា ​ភ្លើង​នឹង​ចុះ​ថ្លៃ​បន្តិច​ នៅ​ពេល​ខាង​មុខ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG