មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកខាងថាមពល បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជា ដែលធ្លាប់ពឹងផ្អែកលើការនាំចូលថាមពលអគ្គិសនីពីប្រទេសក្បែរខាងដល់ទៅ៨០ភាគរយ នឹងមានលទ្ធភាពនាំចេញថាមពលអគ្គិសនីវិញ នៅឆ្នាំ ២០៣០ នៅពេលដែលប្រទេសនេះ បង្កើនការផលិតថាមពលអគ្គិសនីលើសពីតម្រូវការ តាមរយៈទំនប់វារីអគ្គិសនី និងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្ម។
លោក Victor Jona អគ្គនាយកក្រសួងរ៉ែ និងថាមពលបានប្រាប់អ្នកយកព័ត៌មាន ក្រោយពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាមួយរវាង ក្រុមហ៊ុន General Electric របស់សហរដ្ឋអាមេរិក និងក្រសួងរ៉ែ និងថាមពលនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងរាជធានីភ្នំពេញថា បច្ចុប្បន្នកម្ពុជាមានទំនប់វារីអគ្គិសនីចំនួន៦ ដែលបានដាក់ឲ្យដំណើរការនិងផ្តល់ថាមពលសរុប ៩២៨មេហ្គាវ៉ាត់ ហើយទំនប់វារីអគ្គិសនីមួយទៀត គឺទំនប់វារីអគ្គិសនីសេសានក្រោមទីII នឹងដំណើរការនៅឆ្នាំ២០១៨នេះ ដែលនឹងផ្តល់ថាមពលបន្ថែមចំនួន ៤០០មេហ្គាវ៉ាត់។
លោកបន្តថា បន្ថែមលើទំនប់វារីអគ្គិសនី រដ្ឋាភិបាលបានដាក់ឲ្យដំណើរការរោងចក្រផលិតថាមពលដើរដោយធ្យូងថ្មចំនួនពីរនៅក្រុងព្រះសីហនុ ដែលនឹងផ្តល់ថាមពលចំនួន ៥០០មេហ្គាវ៉ាត់ ហើយនៅថ្ងៃពុធនេះ រដ្ឋាភិបាលបានផ្តើមឲ្យមានការវិនិយោគរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ទំហំ១៣៥ MW នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
លោក Victor Jona បានឲ្យដឹងបន្តទៀតថា ជាមួយនឹងសក្តានុពលនៃការបង្កើនការផលិតថាមពលអគ្គិសនីនេះ កម្ពុជានឹងមានសមត្ថភាពលក់ថាមពលអគ្គិសនីរបស់ខ្លួនទៅប្រទេសនៅក្នុងតំបន់ តាមរយៈខ្សែបញ្ជូនថាមពលតំបន់ Greater Mekong Sub-Region ឬហៅកាត់ថា GMS ដែលគ្របដណ្តប់ប្រទេសចំនួនប្រាំមួយក្នុងតំបន់ទន្លេមេគង្គ។
«កន្លងមកយើងគិតហើយ យើងបានពឹងផ្អែកទាំងស្រុងលើការនាំចូល ព្រោះ៨០ភាគរយច្រើនណាស់ ដល់ពេលឥឡូវទៅថ្ងៃមុខ ដល់ឆ្នាំ[២០៣០] យើងអាចថា យើង expect យើងអាចស្រមៃថា យើងអាចនឹង បញ្ចេញថាមពលដែលយើងអាចផលិតបានទៅឲ្យតំបន់វិញ»។
គម្រោងវិនិយោគ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ទំហំ១៣៥ MW ដែលត្រូវចំណាយទឹកប្រាក់ ២៥៩លានដុល្លារអាមេរិក ជាគម្រោងរបស់ក្រុមហ៊ុន Cambodian Energy Co., Ltd (CEL II)របស់ប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់គម្រោងផលិតថាមពលអគ្គិសនីរបស់ខ្លួនមួយផ្សេងទៀត ដែលផ្តល់ថាមពលអគ្គិសនីចំនួន១០០មេហ្គាវ៉ាត់។
ជាផ្នែកមួយនៃការចាប់ផ្តើមគម្រោងវិនិយោគរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មCEL II ទំហំ១៣៥MW ក្រុមហ៊ុន General Electric ហៅកាត់ថា (GE) ដែលមានទីស្នាក់កណ្តាលនៅក្នុងទីក្រុង Boston រដ្ឋ Massachusetts របស់សហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីដំឡើងប្រព័ន្ធគ្រប់គ្រងបំភាយ Continuous Emission Monitoring System (CEMS) សម្រាប់តាមដាន និងវិភាគកម្រិតថាមពលបំភាយ ក្នុងរោងចក្រនៅទូទាំងប្រទេស។
ក្រុមហ៊ុន GE ដែលជាក្រុមហ៊ុនឌីជីថលរបស់ពិភពលោក ក៏ត្រូវបានផ្តល់ឲ្យនូវកិច្ចសន្យាជាមួយ ក្រុមហ៊ុន Toshiba Plant System & Service Corporation (TPSC) ដើម្បីផ្គត់ផ្គង់ឧបករណ៍សំខាន់ៗ ដល់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មទំហំ១៣៥MWនេះ។ ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន TPSC ដែលនាំមុខគេផ្នែក វិស្វកម្ម លទ្ធកម្ម និងសាងសង់នេះ ក្រុមហ៊ុន GE នឹងផ្គត់ផ្គង់កញ្ចប់សេវាថាមពលរួមគ្នា ដែលរួមបញ្ចូលធុងទឹកក្តៅ ប្រព័ន្ធទឹកភ្លៀងអគ្គិសនី និងបង្កើតចំហាយទឹក។
លោក Wouter Van Wersch ជានាយកប្រតិបត្តិ និងប្រធានក្រុមហ៊ុន GE នៅក្នុងតំបន់អាស៊ាន ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានោះថា រោងចក្រដើរដោយធ្យូងថ្មថ្មីនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។
«រោងចក្រថ្មីនេះនឹងជួយកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើអគ្គិសនីដែលផលិតដោយទំនប់វារី អគ្គិសនី ហើយយើងមានក្តីរំភើបរីករាយណាស់នៅក្នុងការដើរតួនាទី ធ្វើឲ្យមានតុល្យភាពឡើងវិញ នៃមូលដ្ឋានថាមពល ហើយធ្វើឲ្យរោងចក្រនេះ ក្លាយជាសសរស្តម្ភសំខាន់មួយសម្រាប់ការរីកលូតលាស់របស់ប្រទេសប្រកបដោយចិរភាពក្នុងរយៈពេលវែង»។
ថ្វីដ្បិតតែរដ្ឋាភិបាលកម្ពុជាបានខិតខំផលិតថាមពលអគ្គិសនី ដើម្បីធ្វើឲ្យប្រទេសនេះមានសន្តិសុខថាមពល ប្រទេសនេះក៏ធ្លាប់ប្រឈមនឹង ការខ្វះខាតអគ្គិសនីប្រើប្រាស់ នៅពេលមានបញ្ហាបច្ចេកទេសនៃការបញ្ជូនភ្លើងពីប្រទេសក្បែរខាងមកកម្ពុជា។
កាលពីឆ្នាំ ២០១៥ ការផ្គត់ផ្គង់ថាមអគ្គិសនីធ្លាប់ត្រូវបានកាត់ផ្តាច់ស្ទើរទូទាំងប្រទេស ដោយសារតែមានបញ្ហាបច្ចេកទេសនៃការបញ្ជូនអគ្គិសនីពីប្រទេសវៀតណាម។ បញ្ហាបចេ្ចកទេសនេះ ត្រូវបានបញ្ជាក់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅគ្រានោះ លោកបានចេញមកសូមទោសប្រជាជនខ្មែរ និងបានពន្យល់ថា ការដាច់ចរន្តអគ្គិសនីនោះ មិនជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្មណាមួយនោះទេ។
ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន GE និងរដ្ឋាភិបាលកម្ពុជាដដែលនោះ អ្នកយកព័ត៌មានបានចោទសួរអំពីបញ្ហារំលោភសិទ្ធិមនុស្ស ដែលអាចនឹងបង្កឡើងដោយគម្រោងវិនិយោគរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មថ្មីមួយនេះ។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt ថ្លែងថា រដ្ឋាភិបាលអាមេរិករកផ្លូវដោះស្រាយ និងជជែកជាមួយរដ្ឋាភិបាលកម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗទៀត។ លោកថា ការចូលរួមរបស់ក្រុមហ៊ុន GE ក្នុងគម្រោងវិនិយោគថ្មីនេះ បានបញ្ជាក់ថាប្រទេសកម្ពុជាក្លាយជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា៖
«យើងបានរកផ្លូវដោះស្រាយ និងនិយាយជាមួយរដ្ឋាភិបាលកម្ពុជាអំពីបញ្ហាសិទ្ធិមនុស្ស យើងនិយាយជាមួយពួកគេអំពីបញ្ហាជាច្រើន។ ប៉ុន្តែខ្ញុំគិតថា ការពិតទៅ ប្រទេសនេះ កំពុងក្លាយជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមហ៊ុនសហរដ្ឋអាមេរិក ហើយវត្តមានរបស់ក្រុមហ៊ុន GE នៅទីនេះ បានបញ្ជាក់អំពីរឿងនេះ»។
ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវគេជឿថាបានពឹងផ្អែកខ្លាំងទៅលើការផ្គត់ផ្គង់អគ្គិសនីពីប្រទេសក្បែរខាង។ ដោយសារកង្វះការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការសាងសង់ទំនប់វារីអគ្គិសនី និងរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅតាមខេត្តនានា ក្នុងប្រទេសកម្ពុជា រួមមានខេត្តកំពត កោះកុង ស្ទឹងត្រែងនិងខេត្តព្រះសីហនុ៕