កំណត់និពន្ធ៖ តំបន់ Silicon Valley ក្នុងរដ្ឋ California ត្រូវគេចាត់ទុកថាជា មជ្ឈមណ្ឌលបច្ចេកវិទ្យាទំនើបរបស់ពិភពលោក ដែលជាទីតាំងរបស់ក្រុមហ៊ុនធំៗដូចជា Apple, Google, និង Facebook ជាដើម។ សម្រាប់អ្នកស្រឡាញ់បច្ចេកវិទ្យា ការមកដល់និងបានធ្វើការទីនេះប្រៀបដូចសុបិនមួយ។ នៅមុនកម្មវិធីប្រកួត hackathon មួយនៅរាជធានីភ្នំពេញនៅចុងសប្ដាហ៍មុន ដែលដឹកនាំដោយអង្គការ Cambodians in Tech ដែលមានមូលដ្ឋាននៅតំបន់ Silicon Valley នេះ លោក សឹង សុផាត នៃ VOA បានជួបជាមួយជនជាតិខ្មែរនិងខ្មែរអាមេរិកាំងបួននាក់ដែលបានមកធ្វើការនៅទីនេះ បើទោះបីជាពួកគេត្រូវសម្របខ្លួនទៅនឹងជីវិតការងារដ៏មមាញឹកនៅតំបន់នេះក្ដី។
សម្រាប់លោក តាំង កេងស្រេង ការមករស់នៅទីក្រុង San Jose រដ្ឋ California នេះកាលពី២ឆ្នាំកន្លះមុន មិនមែនជារឿងងាយស្រួលនោះទេ។
យុវជនអាយុ២៩ឆ្នាំរូបនេះ ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ធ្លាប់ធ្វើការជាអ្នកសរសេរកូដ ឬហៅថា វិស្វករកម្មវិធីកុំព្យូទ័រ នៅរាជធានីភ្នំពេញអស់ រយៈពេល៣ឆ្នាំ មុនពេលលោក បានមករស់នៅក្នុងរដ្ឋ អាយអូវ៉ា (Iowa)សហរដ្ឋអាមេរិក ក្នុងនាមជានិស្សិតបរទេសក្នុងកម្មវិធីសិក្សាដែលគេរៀបចំឲ្យជាស្រេច។
ពេលមកដល់តំបន់ Silicon Valley នេះ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាពិភពលោក លោកមិនស្គាល់សូម្បីតែជនជាតិខ្មែរធម្មតាផ្សេងទៀតផង កុំថាឡើយជនជាតិខ្មែរដែលបម្រើការក្នុងវិស័យបច្ចេកវិទ្យាដូចរូបលោក។
លោក តាំង កេងស្រេង បានរៀបរាប់ពីបទពិសោធន៍ដំបូងនេះប្រាប់ VOA ថា៖
«សម្រាប់យើងមកដំបូងបំផុត គឺយើងអត់សូវមានមិត្តភក្តិ អ្នកស្គាល់គ្នា ហើយភាសារាងពិបាកបន្តិច ហើយមួយទៀត យើងមកនៅប្រទេសផ្សេងវាវប្បធម៌ខុសគ្នា។ ដូចខ្ញុំផ្ទាល់ ខ្ញុំធំនៅស្រុកខ្មែរ អញ្ចឹងរបៀបរស់នៅរបស់ខ្ញុំគឺបែបខ្មែរយើង។ យើងមកនៅទីនេះ ភាសាសាមញ្ញ គេថា ដូច១៨០ដឺក្រេ។ អញ្ចឹង វាបញ្ច្រាសគ្នា។»
ទោះជាយ៉ាងណាក៏ដោយ សម្រាប់លោកដែលជាអ្នកមានវិជ្ជាជីវៈខាងវិស័យបច្ចេកវិទ្យា ការផ្លាស់ទីលំនៅមកធ្វើការនៅតំបន់ Silicon Valley នេះគឺជារឿងដ៏មានប្រយោជន៍។
លោក តាំង កេងស្រេង សព្វថ្ងៃនេះធ្វើការជាអ្នកសរសេរកម្មវិធីកុំព្យូទ័រនៅក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសាកលមួយមានមូលដ្ឋាននៅទីក្រុង San Jose។ លោកបានហៅជោគជ័យរបស់លោកនេះថា នេះជាការសម្រេចក្ដីសុបិនមួយ។
«សម្រាប់ខ្ញុំជាអ្នកសរសេរកូដ ខ្ញុំចូលចិត្តខាងហ្នឹង។ អញ្ចឹងកាលខ្ញុំនៅស្រុកខ្មែរ ខ្ញុំឮឧទាហរណ៍ ក្រុមហ៊ុន Apple គាត់ចេញ product [ផលិតផល] ថ្មីៗ យើងនៅដល់យប់មើលទូរទស្សន៍ ហើយយើងចង់ដឹងថាកន្លែងហ្នឹងយ៉ាងម៉េច។ យើងចង់បានមកដល់កន្លែងហ្នឹងផ្ទាល់ ហើយយើងចង់ក្លាយទៅជាផ្នែកមួយនៃហ្នឹងដែរ។ យើងចង់ក្លាយទៅជាអ្នកសរសេរកូដនៅក្នុងហ្នឹងដែរ។ នេះជាអ្វីដែលខ្ញុំចង់បាន»។
តំបន់ Silicon Valley មានភូមិសាស្ត្រស្ថិតនៅតំបន់ទំនាប Santa Clara Valley ដែលស្ថិតនៅចន្លោះទីក្រុង San Jose និងទីក្រុង San Francisco នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
តំបន់ដែលតែងត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលនៃបច្ចេកវិទ្យាថ្មីៗរបស់ពិភពលោកនេះ គឺជាទីតាំងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple, Google និង Facebook ជាដើម។
តំបន់នេះបានផ្លាស់ប្ដូរខ្លាំងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយស្វាគមន៍នូវលំហូរជនអន្តោប្រវេសន៍ជាអ្នកជំនាញមកបម្រើការនៅទីនេះ។
បើតាមតួលេខរបស់ស្ថាប័នជំរឿនរបស់សហរដ្ឋអាមេរិកដែលត្រូវចងក្រងដោយវិទ្យាស្ថាន Silicon Valley សម្រាប់ការសិក្សាតំបន់ បង្ហាញថា នៅឆ្នាំ២០១៤ ដែលជាឆ្នាំលោក តាំង កេងស្រេង បានមករស់នៅតំបន់ Silicon Valley នេះ តំបន់នេះមានអ្នកធ្វើការចំនួន៣៧% ជាជនបរទេស។ ចំនួននេះគឺខ្ពស់ជាងចំនួនមធ្យម១៣%នៃអ្នកធ្វើការជាជនបរទេស ដែលមាននៅតំបន់ផ្សេងទៀតរបស់សហរដ្ឋអាមេរិក។
ដោយមានតម្រូវការច្រើនចំពោះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្ម ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលមានមូលដ្ឋាននៅទីនេះ បានទាក់ទាញជនអន្តោប្រវេសន៍ដែលមានចំណេះដឹងខ្ពស់ជាច្រើនពីទ្វីបអាស៊ី ជាពិសេសជនជាតិចិននិងឥណ្ឌា។
ជនជាតិទាំងនេះខ្លះ ថែមទាំងបានឡើងធ្វើជាអ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនផង ដូចជាក្រុមហ៊ុន Google និង Microsoft ជាដើម។
ប៉ុន្តែសម្រាប់យុវជនខ្មែរដូចលោក កេងស្រេង ក៏ដូចជាយុវជនខ្មែរអាមេរិកាំងដែលធំដឹងក្ដីនៅសហរដ្ឋអាមេរិកដែរ ការបានមកធ្វើការនៅមជ្ឈមណ្ឌលបច្ចេកវិទ្យានេះ ជាសុបិនដែលពួកទើបអាចសម្រេចបានតែក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។
នេះក៏ដោយសារ នៅជំនាន់ឪពុកម្ដាយរបស់ពួកគេ សុបិនបែបនេះមិនអាចទៅរួចទេ ព្រោះពួកគេត្រូវកសាងជីវិតជាថ្មីឡើងវិញនៅប្រទេសកម្ពុជា ក្រោយសម័យសង្គ្រាមនិងប្រល័យពូជសាសន៍ខ្មែរក្រហម នៅទសវត្សឆ្នាំ១៩៧០ ឬត្រូវកសាងជីវិតឡើងវិញនៅដែនដីថ្មីដូចសហរដ្ឋអាមេរិកនេះ។
លោក តាំង កេងស្រេង ថ្លែងប្រាប់ VOA ថា ការដែលអាចមកនៅផ្ទាល់ត្រង់ចំណុចស្នូលនៃតំបន់បច្ចេកវិទ្យាទំនើបនិងការច្នៃប្រឌិតរបស់ពិភពលោកនេះ ធ្វើឲ្យលោកអាចដឹងនិងឃើញផ្ទាល់នូវបច្ចេកវិទ្យាថ្មីៗបំផុតមុនតំបន់ផ្សេងទៀតរបស់ពិភពលោក ដូចជា រថយន្តដែលបើកដោយខ្លួនឯងជាដើម។
យុវជនខ្មែរម្នាក់ទៀតដែលរស់នៅក្នុងតំបន់ Silicon Valley នេះដែរ និងធ្វើការខាងបច្ចេកវិទ្យាដែរនោះ គឺលោក ម៉ក់ សុផល យល់ស្របនឹងទស្សនៈរបស់លោក កេងស្រេង។
លោក សុផល អាយុ៣១ឆ្នាំ ដែលកើតនៅក្រុងភ្នំពេញ បានមករស់នៅទីនេះក្រោយលោក កេងស្រេង។
លោក សុផល បានធ្វើមកធ្វើការនៅផ្នែកក្រុមលក់តាមបណ្ដាញអ៊ីនធឺណិតរបស់ក្រុមហ៊ុនលក់ទំនិញ Target ដែលមានទីតាំងនៅក្រុង Sunnyvale ជិតក្រុង San Jose បន្ទាប់ពី លោក សុផល បានធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតនៅទីក្រុង Salt Lake City រដ្ឋ Utah និងនៅក្រុមហ៊ុន Microsoft នៅទីក្រុង Seattle រដ្ឋ Washington។
លោក ម៉ុក សុផល និយាយថាទោះបីលោកធ្លាប់ធ្វើការនៅកន្លែងផ្សេងក៏ដោយ ក៏គោលដៅចុងក្រោយរបស់លោកគឺប្រាថ្នាមកធ្វើការនៅតំបន់ Silicon Valley នេះ។
លោកពន្យល់ប្រាប់ VOA ថា តំបន់នេះមានលក្ខណៈពិសេសជាងតំបន់បច្ចេកវិទ្យាផ្សេងទៀតនៅសហរដ្ឋអាមេរិក។
«ទីនេះ និយាយទៅ ផ្នែកខាងទាក់ទងបច្ចេកវិទ្យាគឺលេខ១ហើយ គឺកន្លែងសម្រាប់យើងអាចមកអភិវឌ្ឍខ្លួនឯងបាន ហើយនឹងអាចមានឱកាសថ្ងៃក្រោយទៀត ប្រសិនបើយើងចង់ចាប់ផ្ដើមអភិវឌ្ឍខ្លួនឯងឬក៏ចង់ចាប់ផ្ដើមធ្វើជាអ្នកកាន់កាប់ ឬក៏សាកល្បងបើកជាក្រុមហ៊ុនអីមួយខ្លួនឯង គឺកន្លែងនេះជាកន្លែងត្រូវហើយ»។
ប៉ុន្តែសូម្បីនៅដែនដីសុបិនក៏អ្វីៗមិនល្អឥតខ្ចោះដែរ។ ថ្លៃជួលផ្ទះនៅតំបន់នេះមានតម្លៃថ្លៃកប់ពពក ហើយការរស់នៅ មានភាពមមាញឹកខ្លាំង។
លោក សុផល ថ្លែងថានៅទីនេះពិបាកនឹងរកមិត្តភក្តិណាស់ ដោយលោកពន្យល់ថា អ្នកធ្វើការជាមួយលោកសុទ្ធតែជាជនបរទេស។
បើទោះបីជាលោកបានដឹងថាមានជនជាតិខ្មែរមួយចំនួនធ្វើការក្នុងវិស័យបច្ចេកវិទ្យានៅតំបន់ Silicon Valley នេះក្ដី ដូចជាលោក តាំង កេងស្រេង ជាដើមដែលលោកទើបបានស្គាល់ ក៏លោក សុផល ថាយុវជនខ្មែរនៅទីនេះពិបាកជួបគ្នាដោយសារការរវល់រៀងៗខ្លួននិងរស់នៅឆ្ងាយពីគ្នា។
លោក សុផល បន្ថែមថា មូលហេតុនេះហើយធ្វើឲ្យលោកអាចជួបជុំគ្នាជាមួយអ្នកមានវិជ្ជាជីវៈខ្មែរវ័យក្មេងផ្សេងទៀតដូចលោក កេងស្រេង បានត្រឹមតែមួយដងឬពីរដងប៉ុណ្ណោះក្នុងមួយខែ។
«[ជីវិត]នៅទីនេះវាអាចឯកោ ពីព្រោះម្នាក់ៗរវល់ការងារ ធ្វើការ។ ខ្ញុំគិតថានៅទីនេះ រវល់ជាងនៅ state [រដ្ឋ] Utah ដែលខ្ញុំធ្លាប់រស់នៅ។ [រដ្ឋ] វ៉ាស៊ីនតោនរវល់ដែរប៉ុន្តែអត់ដល់ទីនេះ។»
កញ្ញា Maya Gilliss-Chapman ដែលបានធំដឹងក្ដីនៅតំបន់ក្រុង San Francisco ចង់កែប្រែស្ថានភាពនៅដាច់ដោយឡែកពីគ្នារបស់អ្នកជំនាញខ្មែរទាំងនេះ។
កញ្ញា Maya អាយុ២៥ឆ្នាំ ដែលត្រូវបានគ្រួសារអាមេរិកាំងមួយយកមកចិញ្ចឹមតាំងពីតូច បានសម្រេចចិត្តបង្កើតអង្គការ Cambodians in Tech ដែលមានន័យថា«ខ្មែរនៅក្នុងវិស័យបច្ចេកវិទ្យា» កាលពីឆ្នាំ២០១៤ ក្នុងបំណងភ្ជាប់ទំនាក់ទំនងរវាងជនជាតិខ្មែរដែលមានចំនួនតិចតួចប៉ុន្តែដែលចេះតែកើនឡើង ដែលបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យាដ៏លូតលាស់របស់តំបន់ Silicon Valleyនេះ។
កញ្ញា Maya ដែលសព្វថ្ងៃធ្វើការនៅសហគ្រាសបង្កើតថ្មី ឬ startup មួយនៅទីក្រុង Palo Alto កណ្ដាលតំបន់ Silicon Valley ថ្លែងប្រាប់ VOA ថា កញ្ញាចង់ឲ្យជនជាតិខ្មែរដែលធ្វើការខាងបច្ចេកវិទ្យាលេចមុខមាត់ជាងមុនក្នុងតំបន់នេះ និងតំបន់ផ្សេងទៀតក្នុងពិភពលោក។
កញ្ញាថា ថ្វីបើតំបន់ Silicon Valley តែងបង្ហាញទៅពិភពខាងក្រៅថាខ្លួនជាសហគមន៍ចម្រុះជាតិសាសន៍ ប៉ុន្តែតាមបទពិសោធន៍ជាក់ស្តែងរបស់កញ្ញា តំបន់ Silicon Valley មិនសូវឲ្យតម្លៃចំពោះអត្តសញ្ញាណខ្មែររបស់កញ្ញាឡើយ។
«គោលបំណងចម្បងរបស់អង្គការ Cambodians in Tech គឺបង្កើតជាសហគមន៍មួយ ពីព្រោះខ្ញុំមិនចង់ឲ្យខ្មែរណាម្នាក់ឆ្លងកាត់នូវបទពិសោធន៍ដែលខ្ញុំធ្លាប់មាន គឺមានអារម្មណ៍ថាឯកោនៅក្នុងវិស័យនេះ។ ខ្ញុំដឹងថាអ្នកបានសម្ភាសន៍ជនជាតិខ្មែរទាំងពីរនាក់ដែលបានមកធ្វើការនៅទីនេះរយៈពេល៦ខែនិងម្នាក់ទៀត២ឆ្នាំ ប៉ុន្តែកាលពី៣ឆ្នាំមុន មិនទាន់មានពួកគេទេ គឺមិនមានខ្មែរផ្សេងទៀតដែលខ្ញុំស្គាល់ទេ។ ហើយពេលនោះពិបាក។ ដូច្នេះអង្គការខ្ញុំចង់បង្កើតជាសហគមន៍មួយដើម្បីជួយគ្នា ហើយដើម្បីលើកទឹកចិត្តថា ជនជាតិខ្មែរក៏អាចមានសមត្ថភាពធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យាដែរ ទោះបីអ្នកផ្សេងថាយ៉ាងណាក៏ដោយ។ បន្ទាប់ពីនេះទៀត យើងនឹងព្យាយាមជំរុញឲ្យមានជនជាតិខ្មែរកាន់តែច្រើនចូលក្នុងវិស័យបច្ចេកវិទ្យានៅតំបន់ Silicon Valley នេះ និងនៅតំបន់ផ្សេងទៀតក្នុងពិភពលោក»។
ចំពោះលោក កេងស្រង និងលោក សុផល ការដែលត្រូវសម្របខ្លួននឹងរបៀបធ្វើការនិងវប្បធម៌ចម្រុះជាតិសាសន៍របស់តំបន់ Silicon Valley តម្រូវឲ្យយុវជនខ្មែរទាំងពីររូបព្យាយាមជម្នះនូវបញ្ហាភាសាខុសគ្នា ការយល់ច្រឡំដែលអាចកើតមានឡើងក្នុងទំនាក់ទំនង និងការរំពឹងខ្លាំងពីសមត្ថភាពការងារ ជាងនៅកន្លែងផ្សេងទៀត។
«ខ្ញុំគិតថា[កត្តា]ភាសាបន្តិចបន្តួច ហើយ[កត្តា]វប្បធម៌បន្តិចបន្តួចដែរ។ ឧទាហរណ៍ដូចធម្មតា ក្នុងភាសាខ្មែរយើងបើយើងឃើញមិនល្អ យើងមិនថា អើយការងារនេះគួរបោះចោល ដូចសំរាមអញ្ចឹង។ ដូចថាការងារដែលយើងធ្វើមើលទៅវាខុស។ ខ្មែរយើងមិនដែលថាការងារនេះដូចសំរាមគ្រវាត់ចោលហ្មង។ ប៉ុន្តែនៅនេះ អ្នកខ្លះគាត់ប្រើពាក្យនេះ»។
ថ្វីបើអ្នកមានវិជ្ជាជីវៈខ្មែរនិងខ្មែរអាមេរិកាំងវ័យក្មេងទាំងបីរូបត្រូវប្រឈមមុខនឹងបញ្ហាទាំងនេះក្ដី ក៏លោក ប៊ូន សំប៊ុន អាយុ៥៧ឆ្នាំ ដែលបានរស់នៅនិងធ្វើការនៅតំបន់ Silicon Valley រយៈពេលជាង៣០ឆ្នាំ ថាការលំបាកបំផុតដែលពួកគេត្រូវប្រឈមគឺការសម្រេចចិត្តនៅពេលអនាគត។
លោក សំប៊ុន ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង គឺជាជនជាតិខ្មែរដំបូងម្នាក់ដែលធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យានៅតំបន់ Silicon Valley។
លោកនិងក្រុមគ្រួសារលោកបានមករស់នៅក្រុង San Jose នេះដោយចៃដន្យ ក្នុងនាមជាជនភៀសខ្លួនដែលបានគេចពីការកាប់សម្លាប់នៃប្រល័យពូជសាសន៍របស់ខ្មែរក្រហម។
លោកនិយាយថា នៅពេលនោះ តំបន់មួយនេះនៃរដ្ឋ California ស្ទើរតែមិនមានជនជាតិខ្មែរទេ ហើយក្រុមគ្រួសាររបស់លោកត្រូវព្យាយាមកសាងជីវិតថ្មីជាច្រើនឆ្នាំទម្រាំអាចទទួលបានផលប្រយោជន៍ពីវិស័យបច្ចេកវិទ្យាដែលចាប់រីកលូតលាស់ខ្លាំងនៅទូទាំងតំបន់ Silicon Valley នៅប៉ុន្មានទសវត្សក្រោយមក។
លោក សំប៊ុន ថ្លែងថា លោកអាចយល់ពីអារម្មណ៍រំភើបរបស់យុវជនខ្មែរដែលបានមកធ្វើការនិងរស់នៅតំបន់ Silicon Valley នេះ ដោយលោករំឭកឡើងវិញនូវបទពិសោធន៍លោកផ្ទាល់ដែលធ្លាប់ធ្វើការជាវិស្វករអេឡិចត្រូនិកនៅក្រុមហ៊ុនកុំព្យូទ័រ Intel។
ក្រុមហ៊ុននេះត្រូវគេស្គាល់ថាបានផលិតដំបូងគេនូវបន្ទះកុំព្យូទ័រ ឬ silicon chip ដែលជាកត្តាដំបូងជំរុញឲ្យមានបដិវត្តន៍នៃបច្ចេកវិទ្យាកុំព្យូទ័រនិងឌីជីថល និងនាំឲ្យគេហៅតំបន់នេះថា Silicon Valley នោះ។
លោក ប៊ូន សំប៊ុន បានឃើញផ្ទាល់នូវដំណាក់កាលធំៗនៃប្រវត្តិសាស្ត្រតំបន់នេះ រួមទាំងការបង្កើតកុំព្យូទ័រ McIntosh របស់លោក Steve Jobs សម័យរីកចម្រើនដំបូងរបស់អ៊ីនធឺណិតឬហៅថា dot.com boom រហូតដល់សម័យវិបត្តិសេដ្ឋកិច្ចអ៊ីនធឺណិតដែលហៅថា dot.com bust។ លោក។
អ្នកស្រុក Silicon Valley ដែលមានមោទនភាពដោយបានរួមចំណែកខ្លះដែរចំពោះបដិវត្តឌីជីថលនៅពេលបច្ចុប្បន្នរូបនេះថ្លែងថា ពេលនៅពេលលោកនៅក្មេង លោកអាចសម្របខ្លួនបានល្អជាងទៅនឹងជីវិតដ៏មមាញឹកនិងផ្លាស់ប្ដូរខ្លាំងនៅតំបន់ Silicon Valley នេះ។
ប៉ុន្តែនៅពេលមានលោកគ្រួសារនិងត្រូវគិតគូរពីរយៈពេលចូលនិវត្តន៍ តំបន់នេះមិនមែនជាកន្លែងស្រួលរស់នៅទៀតនោះទេ។ លោក សំប៊ុន ពន្យល់ប្រាប់ VOA យ៉ាងដូច្នេះថា៖
«មូលហេតុមួយដែលពិបាកដែរ ដោយកន្លែងនេះវាលឿនពេក។ ដូច្នេះយើងនៅក្នុង Silicon Valley ត្រូវតែ keep up [តាមឲ្យទាន់] ដូចថា យើងមិនអាចថាយើងចេះអ្វីមួយហើយ យើងនៅស្ងៀម គឺស្អីៗ វាធ្វើការរហូតដល់យើងចាស់ ដល់ពេលយើងចូលនិវត្តន៍។ ដូច្នេះយើងត្រូវបើកភ្នែកមើល ទៅតាមការវិវត្តរបស់ technology [បច្ចេកវិទ្យា]។ ដូច្នេះយើងត្រូវរៀនរហូត។
លោក ប៊ូន សំប៊ុន ថ្លែងថា ដើម្បីនៅអាចរក្សាឋានៈជាមជ្ឈមណ្ឌលនៃបច្ចេកវិទ្យាពិភពលោកបាន តំបន់ Silicon Valley ទាំងមូលត្រូវវិវត្តយ៉ាងរហ័សដើម្បីប្រកួតប្រជែងនឹងតំបន់បច្ចេកវិទ្យាធំៗផ្សេងដែលលេចរូបរាងឡើងដូចជានៅក្នុងប្រទេសចិនជាដើម។
លោកថាប្រសិនបើកចាញ់តំបន់ផ្សេង អ្នករស់នៅទីនេះជាច្រើននឹងត្រូវបាត់បង់ការងារធ្វើ។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែររូបនេះ ថ្លែងថា ក្រៅពីការផ្លាស់ប្ដូរខាងបច្ចេកវិទ្យា តំបន់ Silicon Valley នេះក៏ឆ្លងកាត់ការផ្លាស់ប្ដូរខាងប្រជាសាស្ត្រយ៉ាងខ្លាំងដោយបច្ចុប្បន្ននេះមានលក្ខណៈពហុសាសន៍ជាងពេលដែលលោកមករស់នៅកាលពីប៉ុន្មានទសវត្សមុន។
លោករីករាយចំពោះការប្រែប្រួលនេះ ដែលបានផ្ដល់ឱកាសដល់អ្នកចំណូលថ្មីដូចជាយុវជន ម៉ក់ សុផល និង តាំង កេងស្រេង ពីប្រទេសកម្ពុជា មកធ្វើការនៅទីនេះ។
ថ្វីបើ ជនជាតិខ្មែរទាំងបួនរូបដែលធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យា មានប្រវត្តិមកដល់តំបន់ Silicon Valley ខុសៗគ្នា ទាំងដោយចៃដន្យ និងមិនចៃដន្យក្ដី ក៏អ្នកត្រួសត្រាយផ្លូវជាជនជាតិខ្មែរទាំងបួនរូប ដឹងគុណចំពោះវាសនាដែលពួកគេមាននេះនៅពេលនេះ។
ពួកគេម្នាក់ៗ សុទ្ធតែមានគោលដៅចែករំលែកបទពិសោធន៍នេះដល់សង្គមកម្ពុជាវិញ។
ជាក់ស្ដែង កញ្ញា Maya Gilliss-Chapma និងសហការីនៃអង្គការ Cambodians in Tech កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាក្នុងសប្ដាហ៍មុន ដើម្បីរៀបចំកម្មវិធីថ្មីមួយដែលមានបំណងភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងតំបន់ Silicon Valley ជាមួយនឹងវិស័យបច្ចេកវិទ្យាដែលកំពុងលូតលាស់នៅក្នុងរាជធានីភ្នំពេញ។
កញ្ញាសង្ឃឹមថា ទៅអនាគតអង្គការរបស់កញ្ញានឹងអាចនាំយុវជនខ្មែរជំនាន់ថ្មីជាច្រើនទៀត ដែលស្រឡាញ់បច្ចេកវិទ្យា ឲ្យមកដកពិសោធន៍វិជ្ជាជីវៈនៅតំបន់ Silicon Valley ដូចលោក កេងស្រេង និងសុផលដែរ។
លោក កេងស្រង ក៏ប្រាថ្នាយ៉ាងដូច្នេះដែរ។
ទោះបីការរស់នៅជាច្រើនឆ្នាំ ជាជនបរទេសធ្វើឲ្យលោកជួបប្រទះនឹងការលំបាកខ្លះៗក៏ដោយ ហើយជីវិតនៅដែនដីសុបិនមិនអស្ចារ្យដូចមុនក្ដី ក៏លោកលើកទឹកចិត្តដល់យុវជនខ្មែរឲ្យហ៊ានមានមហិច្ឆតាខ្ពស់និងព្យាយាមស្វែងរកឱកាសមកដកពិសោធន៍នៅតំបន់ Silicon Valley នេះ។
«ប្រសិនបើយើងធ្វើនៅទីនេះផ្ទាល់ គឺយើងអាចដឹងថាតើក្រុមហ៊ុនលំដាប់អន្តរជាតិគឺយ៉ាងម៉េច។ គេធ្វើយ៉ាងម៉េចនៅក្នុងក្រុមហ៊ុនគេ។ នេះជាបទពិសោធន៍មួយដែលយើងពិបាកនឹងរកបាននៅក្នុងស្រុកយើង»៕