ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជា​នេសាទ​ខ្មែរ​​បារម្ភ​ខ្លាំង​ឡើង​ក្រោយ​កិច្ច​ពិគ្រោះ​យោបល់​គម្រោង​ប៉ាក់ បេង​​របស់​ឡាវ​បញ្ចប់​


រូបភាពនៃគម្រោងសាងសង់ទំនប់វារីអគ្គីសនីថ្មីរបស់ឡាវ ឈ្មោះប៉ាក់ បេង(Pak Beng)/រូបថតដោយPak Beng hydropower project (Courtesy Photo)

កិច្ច​ពិគ្រោះ​យោបល់​ជាមុន​ដែល​មាន​រយៈពេល​ប្រាំមួយ​ខែ​ ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ ប៉ាក់​ បេង​ នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត​​ឡាវ​ បាន​បញ្ចប់​ទៅ​កាលពី​ដើម​សប្ដាហ៍​នេះ។

​ខណៈ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​ទាក់​ទិន​គម្រោង​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង (Pak Beng) ​របស់​ឡាវ បាន​បញ្ចប់​ក្រោយ​ពី​ដំណើរការ​អស់​រយៈពេល​ប្រាំមួយ​ខែ​មក​នេះ​ ​រដ្ឋាភិបាល​ឡាវ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បង្កើន​កិច្ច​ខិតខំ​ដោះស្រាយ​ផល​ប៉ះពាល់​ឆ្លង​ដែន​នានា​របស់​គម្រោង​នេះ។​ ក្រុម​អ្នក​ការពារ​បរិស្ថាន​និង​ក្រុម​ប្រជា​នេសាទ​នៅ​កម្ពុជា​ បន្ត​អំពាវនាវ​ឲ្យ​ភាគី​ឡាវ ​បញ្ឈប់​គម្រោង​ដែល​ព្យាយាម​សង់​ទំនប់​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គ។​

កិច្ច​ពិគ្រោះ​យោបល់​ជាមុន​ដែល​មាន​រយៈពេល​ប្រាំមួយ​ខែ​ ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ ប៉ាក់​ បេង​ នៅ​ក្នុង​ប្រទេស​កុម្មុយនិស្តឡាវ​ បាន​បញ្ចប់​ទៅ​កាលពី​ដើម​សប្ដាហ៍​នេះ។​ ​រដ្ឋាភិបាល​ឡាវ ​នឹងបន្ត​សិក្សា​លើ​ផល​ប៉ះពាល់​នៃ​គម្រោង​នេះ​បន្ត​ទៀត។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission) ​ដែល​ ​VOA​ ​ទទួល​បាន​កាលពី​ដើម​សប្ដាហ៍​នេះ។

​ក្រុម​ប្រជា​នេសាទ​កម្ពុជា​រស់​នៅ​ជុំវិញបឹងទន្លេសាប​ដែល​ជា​ផ្នែក​មួយ​នៃ​អាង​ទន្លេ​មេគង្គ​ ​ នៅ​តែ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​ ទម្លាក់​គម្រោង​នេះ​ចោល។ ​ពួកគេ​យល់​ថា​ ទំនប់​ប៉ាក់​ បេង​ក្នុង​ទឹកដី​ឡាវ​ ​នឹង​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​ ​ដល់​ចរន្ត​ទឹកទន្លេ​ និង​ទិន្នផល​ត្រី​ក្នុង​តំបន់។

ក្រុម​យុវជន​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ លើក​បដា​និយាយ​ពី​ការ​ច្រានចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង នៅ​ប្រទេស​ឡាវ។ (ហ៊ុល រស្មី/VOA)
ក្រុម​យុវជន​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ លើក​បដា​និយាយ​ពី​ការ​ច្រានចោល​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង នៅ​ប្រទេស​ឡាវ។ (ហ៊ុល រស្មី/VOA)

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ ហៅ​កាត់​ថា​ MRC ​ចេញផ្សាយ​សាធារណៈ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មាធិការ​រួម​នៃ​គណៈ​កម្មការ​ ​ទន្លេ​មេគង្គ​ បាន​បញ្ចប់​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​មាន​រយៈ​ពេល​ប្រាំមួយ​ខែ។

​គណៈកម្មាធិការ​រួម​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ បង្កើន​កិច្ច​ខិតខំ​ ​ដែល​សម​ហេតុផល​ដើម្បី​ដោះ​ស្រាយ​ផល​ប៉ះពាល់​ឆ្លង​ដែន​មិន​ល្អ​របស់​គម្រោង​ទំនប់​ប៉ាក់ បេង​ ​និង​បាន​ស្នើ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ រៀបចំ​ផែនការ​សកម្មភាព​រួម​ ដើម្បី​បង្ហាញ​នូវ​ចំណុច​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ ក្រោយ​កិច្ច​ពិគ្រោះ​យោបល់​ទុក​ជាមុន​រយៈពេល​ប្រាំមួយ​ខែ​នេះ។

លោក​ ​ឡុង សូចែត្រ​ តំណាង​សហគមន៍​បឹង​ទន្លេសាប​ មិន​ចាប់​អារម្មណ៍​ពី​កិច្ចប្រជុំ​ដែល​បាន​បញ្ចប់​នៅ​ប្រទេស​ឡាវ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​នោះ​ទេ។ លោក​ថា​ ​ក្នុងនាម​លោក​ ជា​តំណាង​ប្រជា​នេសាទ​នៅ​បឹង​ទន្លេសាប​ នឹង​បន្ត​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ ​ទាមទារ​ឲ្យ​ភាគី​ឡាវ​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​ប៉ាក់​ បេង​ មុន​ការ​នឹងគម្រោង​នេះ​ចាប់ផ្ដើម​អនុវត្ត​ជាក់ស្ដែង។

«រឿង​ហ្នឹង​ យើង​នៅ​តែ​បន្ត​ បន្ត​ទាមទារ​ឲ្យ​ខាង​ឡាវ​ហ្នឹង​ ធ្វើការ​សិក្សា​ឲ្យបាន​ច្បាស់​លាស់​ មុននឹង​ដាក់​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​ នៅ ប៉ាក់​ បេង ​ហ្នឹង ព្រោះ​យើង​គិត​ថា​ បើ​សិន​ជា​ឡាវ​ ធ្វើ​នៅ​ប៉ាក់ បេង​ ហ្នឹង​ហើយ​ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ជល​ផល​ ជាពិសេស​ដូច​ពួក​ខ្ញុំ​ រស់​នៅ​បឹង​ទន្លេ​សាប​ហ្នឹង​ អា​ហ្នឹង​ជួប​បញ្ហា​ហើយ»។

ក្រុម​តំណាង​សហគមន៍​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ស្នើ​ក្នុង​សន្និសីទ​ព័ត៌មាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ប៉ាក់​ បេង​ នៅ​ប្រទេស​ឡាវ។ (ហ៊ុល រស្មី/VOA)
ក្រុម​តំណាង​សហគមន៍​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ស្នើ​ក្នុង​សន្និសីទ​ព័ត៌មាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១៤​ ខែ​មិថុនា​ ឆ្នាំ​ ២០១៧​ ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ប៉ាក់​ បេង​ នៅ​ប្រទេស​ឡាវ។ (ហ៊ុល រស្មី/VOA)

​ទំនប់​វារីអគ្គិសនី​ ​ប៉ាក់ បេង​ ​មាន​តម្លៃ​ប្រមាណ​ជាង​២.៣០០​លាន​ដុល្លារ​អាមេរិក​ ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១.៥៤០​ ​គីឡូ​ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ឡាវ។​ ការ​សាងសង់​ទំនប់​នេះ​ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ឡាវ​ទទួល​បន្ទុក​ខាង​ថាមពល​ និង​រ៉ែ។​

​លោក​ សូ ចែត្រ​ បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ បើ​ទោះបី​ជា​ភាគី​ឡាវ​នៅ​តែ​គឃ្លើន​បន្ត​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ ប៉ាក់ បេង របស់​ខ្លួន​ ក្រុម​ប្រជា​នេសាទ​រស់​នៅ​ក្នុង​តំបន់​បឹង​ទន្លេសាប​ នឹង​ឃ្លាំមើល​ ហើយ​កត់​ត្រា​រាល់​ផល​ប៉ះ​ពាល់​ទាំង​អំបាលម៉ានដែល​បង្ក​ពី​ទំនប់​នេះ​ សម្រាប់​ដាក់​ការ​ស្ដីបន្ទោស​លើ​ភាគី​ឡាវ។

«យើង​នៅ​តែ​ដាក់​បន្ទុក​ទៅ​លើឡាវ​អញ្ចឹង​ ព្រោះ​ថ្ងៃ​ក្រោយ​ទៅ​ បើ​សិន​តែ​នៅ​តែ​ធ្វើ​អញ្ចឹង​ បន្ត​អញ្ចឹង​ ហើយ​អា​ផល​ប៉ះពាល់​ហ្នឹង​នឹង​ហុច​ នៅ​ពេល​ដែល​អភិវឌ្ឍន៍​ហើយ​ហ្នឹង​ហើយ​ក៏ដោយ​ យើង​នៅតែ​ធ្វើ​អញ្ចឹង​ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា​ មិនមែន​យើង​មិនបាន​និយាយ​ទេ​ យើង​បាន​លើកឡើង​ហើយ​ថា​ បញ្ហា​អស់​ហ្នឹង​ ត្រូវ​តែ​រង​ផល​ប៉ះពាល់​ តែ​អ្នកឯង​មិន​ស្ដាប់»។

​អ្នកស្រី​ ​ឆេង គឹមហេង​ តំណាង​សហគមន៍​នៅ​ខេត្ត​កំពង់ធំ ក៏​បង្ហាញ​ក្ដី​កង្វល់​របស់​អ្នកស្រី ដូច​លោក ឡុង​ សូចែត្រ​ ដែរ។

អ្នកស្រី​ ឆេង គឹមហេង​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ទំនប់​វារីអគ្គិសនី​ ​ប៉ាក់ បេង​ ដែល​គ្រោង​សង់​នៅ​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គ​ នឹង​អាច​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​កម្ពុជា​ ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ ទៅ​ថ្ងៃ​អនាគត​ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​បឹង​ទន្លេសាប។

អ្នកស្រី​ថា​ ការ​តស៊ូ​មតិ​ នឹង​បន្ត​ទៅមុខ​ទៀត​ ដើម្បី​បញ្ចៀស​សោកនាដកម្ម​ដែល​អាច​កើតឡើង​ក្នុង​អាង​ទន្លេ​មេគង្គ​ ដោយសារតែ​ការ​សាងសង់​មិន​ឈប់ឈរ​នៃ​ទំនប់​វារីអគ្គិសនី​នេះ។​

«យើង​អត់​ឈប់​ទេ​រឿង​ហ្នឹង​ ព្រោះ​កាល​ណា​តែ​យើង​ឈប់​ទៅ​ វាសនា​របស់​ប្រជាពលរដ្ឋ​ជុំវិញ​បឹង​ទន្លេសាប​ វា​អត់​ដឹង​ថា​ពឹង​ផ្អែក​លើ​អី​ ព្រោះ​បច្ចុប្បន្ន​យើង​ឃើញ​ហើយ វា​អត់​មាន​អ្នកណាមួយ​ដែល​គេ​យក​ចិត្ត​ទុកដាក់​ចំពោះ​ វាសនា​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ទេ​ មាន​តែ​ប្រជាពលរដ្ឋ​ខ្លួន​ដែលៗ​ ត្រូវ​ការ​តស៊ូ​រឿង​ហ្នឹង»។

អ្នកស្រី​ ឆេង គឹមហេង​ និយាយ​បន្ត​ថា​ ​ការ​សាង​សង់​ទំនប់​សេសាន​ក្រោម២​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​រួច​ទៅ​ហើយ នូវ​ប្រភព​ទឹក​ហូរ​ចូល​បឹង​ទន្លេសាប​ ដូច្នេះ​ ប្រសិន​បើ​ទំនប់​ ​ប៉ាក់ បេង​ បន្ត​អភិវឌ្ឍន៍​បាន​ដោយ​ជោគជ័យ​ ​នោះ​នឹង​មានការ​បាត់​បង់​ប្រភព​ទឹក​ហូរ​ចូល​ទន្លេ​សាប​តាម​លក្ខណៈ​ធម្មជាតិ។​ ​

អ្នកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល​ឡាវ​ និង​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​គម្រោង​នេះត្រូវ​ចាត់​តំណាង​ខ្លួន​ មក​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​សហគមន៍​នៅ​ជុំវិញ​ទន្លេសាប​នានា​ ដើម្បី​ឲ្យ​ពួកគេ​យល់​ច្បាស់​ពី​ផែន​ការ​នៃ​ការ​សាងសង់​ទំនប់​ថ្មី​នេះ​ និង​យន្ត​ការ​នៃ​ការ​បន្ថយ​ហានិភ័យ​លើ​ជីវិត​រស់​នៅ​របស់​ពួកគេ​និង​បរិស្ថាន។

ខណៈ​គម្រោង​សាងសង់​ទំនប់​ថ្មី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា​គ្នា​នៅឡើយ​នេះ ទំនប់​ពីរ​ផ្សេង​ទៀត​របស់​ឡាវ គឺ​ទំនប់​សាយ៉ាប៊ូរី (Xayaburi) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១.២៦០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​និង​ទំនប់​ដនសាហុង (Don Sahong) ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១,៥គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​ដែរ​នោះ ​កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាស​ និង​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​របស់​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​និង​សហគមន៍​អន្តរជាតិ។​

យ៉ាង​ណា​ក្តី​ រដ្ឋាភិបាល​នៃ​ប្រទេស​កុម្មុយនិស្ត​ឡាវ​ ​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ក្នុង​នោះ​មាន​ការ​លក់​ថាមពល​ទៅ​ឲ្យ​ប្រទេស​ថៃ​ចំនួន ​៩.០០០​មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០២៥​ ប្រទេស​កម្ពុជា​ចំនួន​១.៥០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០២៥ និង​ប្រទេស​វៀតណាម​ចំនួន​៥.០០០​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​២០៣០។​

ការ​កសាង​ទំនប់​វារីអគ្គិសនី​ដើម្បីលក់​ថាមពល​នេះ​ គឺជា​នយោបាយ​អាទិភាព​របស់​ឡាវ​ ដែល​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​ដល់​ ៧,៥ភាគរយ​នៅ​ត្រឹម​ឆ្នាំ​ ២០២០ និង​ប្រឆាំង​ភាព​ក្រីក្រ​ ក៏​ដូច​ជា​ជួយ​ប្រជាជន​ឡាវ​ជាង​៩៥​ភាគរយ​ឲ្យ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ​ ២០២០​ផង​ដែរ។នេះ​បើ​តាម​លោក​ ដាវវង់ ផនកែវ​ (Daovong Phonekeo)​ លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល និង​រ៉ែ​ របស់​រដ្ឋាភិបាល​ឡាវ។​

​ស្រប​គ្នា​នោះ​ដែរ​ ​មន្ត្រី​ទំនាក់​ទំនង​នៃ​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ប្រទេស​ឡាវ​បាន​បញ្ជាក់​កាល​ពី​ថ្មីៗ​នេះ​ថា​ ក្រោយ​ការ​បញ្ចប់​ទៅ​ នៃ​កិច្ច​ពិគ្រោះ​យោបល់​ជាមុន​រយៈពេល​ប្រាំមួយ​ខែ​នេះ​ ផែន​ការ​សកម្មភាព​រួម​មួយ​ ​នឹង​ក្លាយ​ជា​មូលដ្ឋាន​ ​ដើម្បី​កំណត់​តួនាទី និង​សកម្ម​ភាព​ផ្សេងៗ​ ​ព្រមទាំង​ការ​អនុវត្ត​យន្ត​ការ​ជាច្រើន​ ដើម្បី​បោះជំហាន​ទៅមុខ​ទៀត។​ ​ក្រុមការងារ​មួយ​នឹង​ត្រូវ​បាន​ចាត់​តាំង​សម្រាប់​អភិវឌ្ឍន៍​ផែនការ​នេះ។

​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​ប្រទេស​ឡាវ​ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការពិភាក្សា​ស្ដីពី​កិច្ច​ពិគ្រោះ​យោបល់​ជា​មុន​មាន​រយៈពេល​ប្រាំមួយ​ខែ​ អាច​នឹង​ត្រូវ​បាន​ពន្យារពេល​បន្ថែម​ទៀត​ ប្រសិន​បើ​មាន​ការ​ស្នើ​ពី​គណៈកម្មាធិការ​រួម​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។

ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​ក្រុម​អ្នក​ការពារ​បរិស្ថាន​ ​និង​តស៊ូ​មតិ​ប្រឆាំង​គម្រោង​ប៉ាក់ បេង​ នៅ​តែ​បន្ត​ទាម​ទារ​ឲ្យ​មានការ​សិក្សា​ឲ្យបាន​ជាក់​លាក់​អំពី​ផល​ប៉ះពាល់​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​អាង​ទន្លេ​មេគង្គ​ និង​ផល​ប៉ះពាល់​ផ្សេង​ទៀត​ទៅលើ​បរិស្ថាន​ នៅមុន​ពេល​ឡាវ​បន្ត​អនុវត្តន៍​គម្រោង​នេះ។

លោក​ ​តឹក វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ដែល​ធ្វើ​ការ​តស៊ូ​មតិ​ លើ​ការ​ការពារ​បរិស្ថាន​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទំនប់​ ​ប៉ាក់ បេង​ មិនបាន​ភ្ជាប់​ជាមួយ​នូវ​ការសិក្សា​អំពី​ផល​ប៉ះ​ពាល់​ឆ្លងដែន​ទេ​ ដូច្នេះ​ការណ៍​នេះ នាំឲ្យ​មាន​ការពិបាក​ក្នុង​ការវាយតម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​ថា​តើ​មាន​កម្រិត​ច្រើន​ ឬ​តិច​ឬ​យ៉ាង​ណា​នោះ។

លោក​ ​តឹក វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ថ្លែង​ថា៖​

«ត្រង់​ចំណុច​ខ្វះ​ខាត​ហ្នឹង​ ដែល​អង្គការ​សង្គម​ស៊ីវិល​ ស្នើ​ឲ្យ​មាន​ការ​បញ្ឈប់​ទាក់​ទង​ គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី ​ប៉ាក់ បេង​សិន​ និង​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឡើងវិញ​ អំពី​ភាព​ស្មុគ​ស្មាញ​នៃ​ប្រព័ន្ធ​ជីវចម្រុះ​ ប្រព័ន្ធ​អេកូឡូស៊ី​ ហើយ​និង​ប្រព័ន្ធ​ធនធាន​ទឹក​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ ធនធាន​ជល​ផល​ផង​ដែរ​ ហើយ​និង​សង្គម​វប្បធម៌​ ដែល​ប្រជាជន​ពឹង​អាស្រ័យ​រាប់​សតវត្ស​កន្លង​មក​ហើយ​ ឲ្យ​វា​មាន​លក្ខណៈ​ច្បាស់​លាស់​ ចាំ​ធ្វើ​ការ​ពិភាក្សា​ឡើង​វិញ​ ថា​តើ​គួរ​អភិវឌ្ឍន៍​ ឬមួយ​គួរ​បញ្ឈប់»។

លោក​ ​តឹក វណ្ណារ៉ា​ ​បាន​បន្ត​ថា​ ​សំណើ​នានា​ពាក់​ព័ន្ធ​នឹង​ការ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​គម្រោង​ ​ប៉ាក់ បេង​ ត្រូវ​បាន​ដាក់​ជូន​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​ ​ដើម្បី​ឲ្យ​គណៈកម្មាធិការ​នេះ​ លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នានា​ ដែល​និយាយ​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​នេះ។​

VOA ព្យាយាម​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​ លោក​ ​តែ ណាវុធ​ ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ លោក​ ​សូ សុភ័ទ្ទ​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​នេះ​ តែ​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​នា​ថ្ងៃ​សុក្រ​នេះ។​

VOA ​ក៏បានទាក់​ទង​ទៅ​ស្ថាន​ទូត​ឡាវ​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​សុំ​ការ​អធិប្បាយ​ ​ទាក់ទិន​ជំហរ​របស់​រដ្ឋាភិបាល​ឡាវ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សហគមន៍​នៅ​ជុំវិញ​បឹង​ទន្លេសាប​ ដែល​ស្នើ​ឲ្យ​បញ្ឈប់​ការ​វិវត្តន៍​ទៅមុខ​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ប៉ាក់​ បេង​ រហូត​ដល់​ពេល​មាន​លទ្ធផល​បង្ហាញ​ពី​ផល​ប៉ះពាល់​ទៅ​លើ​សង្គម​ និង​បរិស្ថាន​ជាក់​ស្ដែង​ជាមុន​សិន។​ ​ តែ​មន្ត្រី​រដ្ឋបាល​ម្នាក់​បម្រើ​ការ​នៅ​ស្ថាន​ទូត​ឡាវ​ ​និយាយ​ថា​ស្ថានទូត​ពុំ​មាន​ព័ត៌មាន​ ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ទេ។

យ៉ាង​ហោច​ណាស់​ មាន​គម្រោង​និងការ​សាងសង់​សំណង់​ ​ទំនប់​វារីអគ្គិសនី​ជាង​១១​កន្លែង​ លើ​តួ​មេទន្លេ​មេគង្គ​ ​ដែល​ជា​ទន្លេ​ដ៏​វែង​បំផុត​លំដាប់​ទី​១២​របស់​ពិភព​លោក។ នេះ​បើ​យោង​តាម​ស្ថិតិ​ចុង​ក្រោយ​របស់​អង្គការ​ទន្លេ​អន្តរជាតិ (International Rivers)។

​អ្នក​ជំនាញ​បរិស្ថាន​លើកឡើង​ថា ​ទំនប់​វារីអគ្គិសនី​ទាំង​នោះ​ បាន​ស្រូប​យក​ធនធាន​ទឹក​ដ៏​ធំ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​លើ​ដង​ទន្លេ​ដ៏​វែង​របស់​ពិភព​លោក​នេះ។

ពួកគេ​និយាយ​ថា បញ្ហា​ជា​ច្រើន​ ​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​ទន្លេ​មេគង្គ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពល​រដ្ឋ​រាប់​លាន​នាក់​នៅ​ផ្នែក​ខាង​ក្រោម​រួម​ទាំង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

គ្រា​ដែល​គម្រោង​ទំនប់​វារីអគ្គិសនី​ ប៉ាក់​ បេង ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅឡើយ​ ក្រុម​តំណាង​សហគមន៍រស់​ជុំវិញ​ និង​ក្នុង​តំបន់​បឹង​ទន្លេសាប​ នៅតែ​បារម្ភ​ថាគម្រោង​នេះ​នឹង​បន្ត​ដំណើរការ​ទៅ​មុខ​ ដូច​គម្រោង​មុនៗ។ ពួកគេ​និយាយ​ថា​ ប្រសិន​បើទំនប់​ប៉ាក់ បេង​ ដែល​ត្រូវ​សង់​នៅ​លើ​តួ​មេ​នៃ​ទន្លេ​មេគង្គមែន​ នោះ​ទំនប់​ផ្សេង​ទៀត​ នឹង​កើត​មាន​ ហើយ​ប្រភព​ទឹក​ក្នុង​បឹង​ទន្លេ​សាប​ក៏​នឹង​រីក​ហួត​ហែងទៅៗ​ផង​ដែរ៕

XS
SM
MD
LG