ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​​សហគ្រាស​បច្ចេកវិទ្យា​ Startup ថ្មី​​មួយ​សម្លឹង​ឃើញ​សក្តានុពល​ខេត្ត​បាត់​ដំបង​​​លើស​​​ពី​វិស័យ​​កសិកម្ម


លោក​ មៀច សុផានិត អាយុ​២៩​​ឆ្នាំ អ្នក​ដឹកនាំ​គម្រោង​និង​​សហការី នៅ​ការិយាល័យ​​​​នៃ​សហគ្រាស​បង្កើត​ថ្មី (startup) ឈ្មោះ​ The Coder Studio នៅ​ការិយាល័យ​នៃ​ startup នេះ នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ The Coder Studio ដែល​មាន​អាយុ​៨​ខែ​ និង​បុគ្គលិក​៨​នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយ​ដែល​មាន​មូលដ្ឋាន​​ខេត្ត​បាត់ដំបង ដែលជាខេត្តកសិកម្ម។ (សឹង សុផាត/VOA)
លោក​ មៀច សុផានិត អាយុ​២៩​​ឆ្នាំ អ្នក​ដឹកនាំ​គម្រោង​និង​​សហការី នៅ​ការិយាល័យ​​​​នៃ​សហគ្រាស​បង្កើត​ថ្មី (startup) ឈ្មោះ​ The Coder Studio នៅ​ការិយាល័យ​នៃ​ startup នេះ នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាល​​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ The Coder Studio ដែល​មាន​អាយុ​៨​ខែ​ និង​បុគ្គលិក​៨​នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយ​ដែល​មាន​មូលដ្ឋាន​​ខេត្ត​បាត់ដំបង ដែលជាខេត្តកសិកម្ម។ (សឹង សុផាត/VOA)

សហគ្រិន​វ័យ​ក្មេង​ខាង​បច្ចេកវិទ្យា​​​ម្នាក់​​ថ្លែង​ថា ថ្វី​បើ​ទី​តាំង​នៅ​ខេត្ត​បាត់ដំបង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ពី​ខាង​ក្រៅខេត្ត​ក្តី ក៏​ទីតាំង​នៅ​តំបន់​​ជនបទ​នេះ​មិន​បាន​រឹតត្បិត​ការ​ពង្រីក​ក្រុមហ៊ុន ដោយ​សារ​ប្រព័ន្ធ​អ៊ីនធឺណិត​អនុញ្ញាត​ឲ្យ​គេ​អាច​ធ្វើ​ការ​ពី​ទី​ណា​ក៏​បាន។

សហគ្រាស​បង្កើត​ថ្មី Startup ​ឈ្មោះ The Coder Studio​ ជា​ក្រុមហ៊ុនដែល​ទើប​មាន​អាយុ​៨​ខែ​និង​បុគ្គលិក​៨​នាក់ ហើយ​ជា​សហគ្រាស​ startup ដំបូង​គេ​មួយដែលមាន​មូលដ្ឋាន​នៅ​ខេត្ត​ បាត់ដំបង ដែល​ជា​ខេត្ត​កសិកម្ម។ ក្រុមហ៊ុន​អ្នក​សរសេរ​កូដ​នេះផ្តល់សេវាកម្ម​បង្កើតប្រព័ន្ធ​គ្រប់គ្រងកុំព្យូទ័រ​និង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​អាជីវកម្ម​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង។

លោក​ មៀច សុផានិត អាយុ​២៩ឆ្នាំ អ្នក​ដឹកនាំ​គម្រោង​នៃ​សហគ្រាស​ The Coder Studio បាន​ត្រឡប់​មក​ធ្វើ​ការ​នៅ​ខេត្ត​បាត់ដំបង​ដែល​ជា​ស្រុកកំណើត​របស់​លោកវិញ ​ក្រោយ​ពី​លោក​បាន​បម្រើ​ការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​រាជធានី​ភ្នំពេញ​និង​ប្រទេស​ថៃ។ លោក​ថ្លែង​ប្រាប់ VOA ថា លោក​សម្រេច​ចិត្តបង្កើត startup ខាង​បច្ចេកវិទ្យានៅ​ខេត្ត​មួយ​ដែល​គេ​ស្គាល់​ជា​សំខាន់​ថាមាន​សក្កានុពល​សេដ្ឋកិច្ចខាងវិស័យកសិកម្ម​នោះ​ គឺដោយ​សារលោក​សម្គាល់​ឃើញ​ពីសក្តានុពល​ខាង​ធនធាន​មនុស្ស​របស់​ខេត្ត​បាត់ដំបង។

អ្នក​សរសេរ​កូដ​រូប​នេះ​ថ្លែង​ថា៖

«ដោយ​សារខ្ញុំសម្លឹងឃើងសមត្ថភាពយុវជន​យុវតីនៅក្នុងខេត្តបាត់ដំបង ឃើញថាសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់គាត់គឺឃើញថាមានចំណុចមួយដែលគួរឲ្យកត់សម្គាល់។​ អីចឹង​បានជាខ្ញុំមានគំនិតថា យើងនឹងចាប់ផ្តើមដើម្បីចងក្រងយុវជនដែលមានសមត្ថភាពទាំងអស់ហ្នឹងដើម្បីបង្កើតទៅជា team មួយដើម្បីយើង startup និងផ្តល់សេវាកម្មមួយហ្នឹងឲ្យល្អទៅដល់ប្រជាជននៅក្នុងខេត្តហ្នឹង»។

អ្នកសរសេរកូដ​ធ្វើ​ការ​នៅ​ការិយាល័យនៃ​សហគ្រាស​បង្កើត​ថ្មី (startup) ឈ្មោះ​ The Coder Studio នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)
អ្នកសរសេរកូដ​ធ្វើ​ការ​នៅ​ការិយាល័យនៃ​សហគ្រាស​បង្កើត​ថ្មី (startup) ឈ្មោះ​ The Coder Studio នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)

ចុច​ស្តាប់​បទសម្ភាសន៍​ទាំង​ស្រុង៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

​ទោះ​បីក្រុង​បាត់ដំបង ដែល​មាន​ប្រជាជន​ប្រមាណ ១៥០.០០០​នាក់ ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទូទៅ​ថា​ ​ជា​ទី​ក្រុង​ធំ​ទីពីររបស់​ប្រទេស​កម្ពុជា​ក្តី ក៏​សេដ្ឋកិច្ច​ទីក្រុងនេះ​ពឹង​ផ្អែក​ជា​សំខាន់​ទៅ​លើ​វិស័យ​កសិកម្ម​របស់​ខេត្ត​ ជា​ពិសេស​ដំណាំ​ស្រូវ។

អាជ្ញាធរ​ខេត្ត​និង​ក្រុង​បាត់ដំបង​ថ្លែង​ប្រាប់​ VOA ថា ​ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​ក្រុង​ពឹង​ផ្អែក​លើ​វិស័យ​បី​ជា​សំខាន់ គឺ​ កសិកម្ម ទេសចរណ៍ និង​សំណង់ ហើយ​អាជ្ញាធរ​បន្ត​ផ្តល់​អាទិភាព​ដល់​វិស័យ​ទាំង​បី​នេះ។ អាជ្ញាធរខេត្ត​ក៏​មាន​ទិសដៅ​អភិវឌ្ឍ​ទី​ក្រុង​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ខាង​ការ​អប់រំ​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ថ្វី​បើ​ពួក​គេ​មិន​បាន​បញ្ជាក់​ថា​ ​ការណ៍នេះ​អាច​ជួយ​ឲ្យ​ខេត្ត​នេះ​ក្លាយ​ជា​មណ្ឌល​នៃ​បច្ចេកវិទ្យា​ (technology hub) ឬ​យ៉ាង​ណា។

កាល​ពី​ឆ្នាំ​២០១៦ សិស្ស​នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​ជាប់​ជា​សិស្សពូកែ​ទូទាំង​ប្រទេស​ក្នុង​ចំនួន​ច្រើនជាង​ខេត្តផ្សេងៗ

និស្សិត​ជិះ​មូតូតាម​ផ្លូវ​លេខ​១​ជាប់​ស្ទឹង​សង្កែ​ក្នុងក្រុង​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)
និស្សិត​ជិះ​មូតូតាម​ផ្លូវ​លេខ​១​ជាប់​ស្ទឹង​សង្កែ​ក្នុងក្រុង​បាត់ដំបង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)

លោក មៀច សុផានិត ថ្លែង​ថា លោក​យល់​ពី​សារៈសំខាន់​នៃវិស័យ​កសិកម្ម​សម្រាប់​ខេត្ត​នេះ ប៉ុន្តែ​លោក​ស្នើ​ថា ​អាជ្ញាធរ​ខេត្ត​ក៏​គួរ​សម្លឹង​មើល​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើតឧស្សាហកម្មថ្មីៗ​ នៃ​អ្វី​ដែល​គេ​ស្គាល់​ថាអនាគត​សេដ្ឋកិច្ច​ឌីជីថល។

លោក​ពន្យល់​ប្រាប់ VOA ថា៖

«ខេត្តបាត់ដំបង​គឺជាខេត្តដែលគេទទួលស្គាល់ថាមានសក្តានុពលខាងកសិកម្ម ដូចជាដំណាំស្រូវគឺយើងល្បីល្បាញច្រើន។ ប៉ុន្តែមកដល់ក្នុងសម័យនេះ យើងឃើញថា វិស័យមួយដែលពួកគាត់គួរតែយកចិត្តទុកដាក់គឺវិស័យបច្ចេកវិទ្យា ដែលកំពុងតែសាយភាយជុំវិញពិភពលោក។​ ហើយខ្ញុំគិតថា កូនខ្មែរដែលនៅក្នុងខេត្តបាត់ដំបង គឺពួកគាត់មានសមត្ថភាពច្រើន។ ហើយចំណេះដឹងបើប្រៀបធៀបជាមួយប្រទេសផ្សេង ខ្ញុំគិតថាពួកយើងមិនចាញ់គេ។ ប៉ុន្តែពួកយើងត្រូវការមានជំនួយពីខាងពួកគាត់ [រដ្ឋាភិបាល] ទៀត ខ្ញុំគិតថាវិស័យមួយនេះនឹងទៅមុខកាន់តែលឿន»។

សហគ្រិន​វ័យ​ក្មេង​ខាង​បច្ចេកវិទ្យា​រូប​នេះ​ថ្លែង​ថា ថ្វី​បើ​ទី​តាំង​នៅ​ខេត្ត​បាត់ដំបង​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ពី​ខាង​ក្រៅខេត្ត​ក្តី ក៏​ទីតាំង​នៅ​តំបន់ជនបទ​នេះ​មិន​បាន​រឹតត្បិត​ការ​ពង្រីក​ក្រុមហ៊ុន ដោយ​សារ​ប្រព័ន្ធ​អ៊ីនធឺណិត​អនុញ្ញាត​ឲ្យ​គេ​អាច​ធ្វើ​ការ​ពី​ទី​ណា​ក៏​បាន។

និស្សិត​ជំនាញ​កុំព្យូទ័រ​ប្រមូល​ថវិកា​និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រតាម​សួន​ច្បារ​ជាប់​ស្ទឹង​សង្កែ​ក្នុង​ក្រុងបាត់ដំបង​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)
និស្សិត​ជំនាញ​កុំព្យូទ័រ​ប្រមូល​ថវិកា​និង​ចែក​អំណោយ​ដល់​ជន​ក្រីក្រតាម​សួន​ច្បារ​ជាប់​ស្ទឹង​សង្កែ​ក្នុង​ក្រុងបាត់ដំបង​ក្នុង​ឱកាស​ទិវា​នៃ​ក្តី​ស្រឡាញ់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (សឹង សុផាត/VOA)

សហគ្រាស The Coder Studio បាន​ចាប់​ផ្តើម​ដំណើរការ​ដោយទទួលទុន​ពី​ក្រុមគ្រួសារនិង​អ្នក​វិនិយោគ​ក្នុង​ខេត្ត ហើយ​កំពុង​ពង្រីក​ខ្លួនទៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប និង​ថែម​ទាំង​មាន​មហិច្ឆិតា​ចាប់​យក​ទី​ផ្សារ​ក្រៅ​ប្រទេស​ទៀត​ផង។

ប៉ុន្តែ​បើ​ទោះបី​មាន​មហិច្ឆិតា​ធំ​យ៉ាង​នេះ​ក្តី ក៏​លោក មៀច សុផានិត​ ថ្លែង​ថា​ សហគ្រាស​របស់​លោក​នឹង​នៅ​តែ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន​ខេត្តរបស់​លោក។

«ខ្ញុំគិតថាប៉ុន្មានឆ្នាំខាងមុខទៀត ឬ​ក៏​អាច​ឆាប់ៗ​ខាង​មុខ​ហ្នឹង​ទៀត​ នៅ​ពេល​ដែលយើង​សាយភាយ​បច្ចេកវិទ្យា​ទៅ​ដល់​ពួក​គាត់ ពេល​ហ្នឹង​យើង​នឹង​អាច​ងាយ​ស្រួល​ពន្យល់​និង​សហការ​ជាមួយ​ពួក​គាត់​ ដើម្បី​ combine (បញ្ចូល​គ្នា​នូវ) វិស័យ​កសិកម្ម​ជាមួយ​នឹង​បច្ចេកវិទ្យា​ ដើម្បី​ឲ្យ​គាត់​ទៅ​មុខ​កាន់​តែ​លឿន មាន​ន័យ​ថា ប្រើ​បច្ចេកវិទ្យា​ដល់​កសិកម្ម​របស់​គាត់។»​

XS
SM
MD
LG