ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គេហទំព័រ«ខ្មែរឡូត»ក្លាយជា Startup ខ្មែរដំបូងដែល​អាច​ទាក់ទាញ​ការវិនិយោគពីតំបន់បច្ចេកវិទ្យា Silicon Valley


លោក​ អ៊ិន វិចិត្រ ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ខ្មែរឡូត​និងហាងលក់ខោអាវអ៊នឡាញ​ Little Fashion​ អង្គុយក្នុងការិយាល័យរបស់លោក​ក្នុងទីក្រុងភ្នំពេញ​នាថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០១៧។ ​(នៅ វណ្ណារិន/VOA)​
លោក​ អ៊ិន វិចិត្រ ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ខ្មែរឡូត​និងហាងលក់ខោអាវអ៊នឡាញ​ Little Fashion​ អង្គុយក្នុងការិយាល័យរបស់លោក​ក្នុងទីក្រុងភ្នំពេញ​នាថ្ងៃទី២៤​ ខែមីនា ឆ្នាំ២០១៧។ ​(នៅ វណ្ណារិន/VOA)​

ប៉ុន្តែ​ការ​យក​គំរូ​តាម​គេហទំព័រ​ Buzzfeed របស់​អាមេរិក​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដើម្បី​​ទាក់​ទាញ​ការ​ចុច​ click ចូល​ទស្សនា​ច្រើន នៅ​ក្នុង​បរិបទ​ព័ត៌មាន​ប្រទេស​កម្ពុជា​​ដែល​មិន​សូវ​មាន​វិជ្ជាជីវៈ ធ្វើ​ឲ្យ​ក្រុមហ៊ុន ខ្មែរឡូត​ ងាយ​ទទួល​ការ​រិះគន់​។

គេហទំព័រ «ខ្មែរឡូត» (Khmerload.com) ដែល​បាន​បង្កើត​ឡើង​រយៈ​ពេលប្រាំ​ឆ្នាំ​មក​ហើយ និង​ផ្តល់​ព័ត៌មាន​កម្សាន្ត​និង​សង្គម​ដែល​ទាក់ទាញ​អ្នក​មើលច្រើន​ដោយការយក​លំនាំ​តាម​គេហទំព័រ​ Buzzfeed របស់​អាមេរិក បាន​ក្លាយ​ជា​សហគ្រាស​បង្កើត​ថ្មី​ឬ startup ​ខ្មែរ​ដំបូង​ដែល​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់ពី​អ្នក​វិនិយោគ​នៅ​តំបន់​បច្ចេកវិទ្យា Silicon Valley របស់​អាមេរិក។ ការវិវត្ត​នេះ​ទំនង​អាច​ជួយ​ឲ្យ​មាន​ការ​ប្រែ​ក្លាយ​និង​ជំរុញ​វិស័យ​បច្ចេកវិទ្យានិងក្រុមហ៊ុន startup កាន់​តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេសដ៏​ក្រីក្រ​បំផុត​មួយ​នៅ​អាស៊ី។​

លោក អ៊ិន វិចិត្រ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ខ្មែរឡូត ថ្លែង​ថា​ប្រាប់​ VOA នៅ​ក្នុង​បទ​សម្ភាសន៍ផ្តាច់មុខមួយ​នា​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​លោក​ទទួល​បាន​ការ​វិនិយោគ​ចំនួន​២០០.០០០​ដុល្លារសហរដ្ឋ​អាមេរិក​ពី​ក្រុមហ៊ុន 500 Startups ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លំដាប់​សាកល​មួយ​ដែល​វិនិយោគទៅ​លើ​ក្រុមហ៊ុន​ថ្មីថ្មោង​និង​ក្រុមហ៊ុន startup ទូ​ទាំង​ពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Mountain View រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋអាមេរិក ក្នុង​តំបន់​បច្ចេកវិទ្យា​ដ៏​ល្បី​មួយ​ឈ្មោះ​ Silicon Valley។​ ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ក្រៅ​ស្រុក​នេះ​ បើ​ទោះ​បី​ក្នុង​ចំនួន​មិន​ច្រើនក្តី​ ក៏​បង្ហាញ​ពី​លទ្ធភាព​ដំបូង​ដែល​ក្រុមហ៊ុន​ខ្មែរ​មួយ​អាច​ទាក់ទាញការ​វិនិយោគ​ផ្ទាល់​ពី​តំបន់​ Silicon Valley។ ការ​វិនិយោគយក​ចំណែក​ភាគ​ហ៊ុន​នៅក្នុងក្រមហ៊ុន​ខ្មែរឡូដ​នេះ​ ​បានធ្វើ​ឲ្យ​តម្លៃ​ក្រុមហ៊ុន​នេះ​កើន​ដល់​ច្រើនជាង​១​លាន​ដុល្លារ ប៉ុន្តែ​លោក​ វិចិត្រ​ បដិសេធ​មិន​ផ្តល់​តួលេខ​លម្អិត។

ក្រៅ​ពីកត្តា​មាន​ក្រុមនិង​ផលិតផល​ល្អ សហគ្រិនវ័យ​ក្មេង​ខាង​បច្ចេកវិទ្យា​រូប​នេះ​ថ្លែង​ថា កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន ខ្មែរឡូត អាច​ទាក់ទាញ​ការ​វិនិយោគ​នេះ​បាន​ គឺដោយ​សារ​ក្រុមហ៊ុន​នេះ​បាន​បង្ហាញ​ថា គំរូ​ពាណិជ្ជកម្ម (business model) របស់​ខ្លួន​អាច​ពង្រីក​បានទៅ​ទី​ផ្សារ​ផ្សេង​ទៀត។ នេះ​ជា​សូចនាករ​ឬ​ការ​ចង្អុល​បង្ហាញ​ពី​ផល​ចំណេញ​ពី​ការ​វិនិយោគ​នា​ពេល​អនាគត (return on investment)។

លោក អ៊ិន វិចិត្រ បញ្ជាក់​ថា៖

«អញ្ចឹង យើង​បង្ហាញ​គាត់​ទៅ​ថា​ នៅ​ប្រទេស​កម្ពុជា​យើងនៅ​ក្នុង​ចំណោម​គេហទំព័រឈាន​មុខ​គេ​បី។ ហើយ​យើង​ក៏​បាន​ធ្វើ​ការងារ​ហ្នឹង​នៅ​ភូមា​ដែរ គឺ​យើង​ពង្រីក​ខ្លួន​ទៅ​ភូមា។ អញ្ចឹង​គាត់​ឃើញ​ថា​ យើង​បាន​ធ្វើ​ច្រើន ហើយ​វា​មាន​ចំណូល បាន​ន័យ​ថា​ចំណេញ​ស្រាប់​ហើយ។ សម្រាប់​ខាង​ Silicon Valley ក្រុមហ៊ុន​ខ្លះ​ខាត​ក៏​គាត់វិនិយោគ​ដែរ ប៉ុន្តែ​យើង​បាន​ចំណេញ​ទៀត។ អញ្ចឹង​គាត់​ក៏​មើល​ឃើញ​នូវ​សក្តានុពល​ហ្នឹង»។

បុរសម្នាក់បើកគេហទំព័រ ​Khmerload.com​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
បុរសម្នាក់បើកគេហទំព័រ ​Khmerload.com​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក Khailee Ng (ខៃលី អេង) ដៃគូគ្រប់គ្រង​វិនិយោគ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ក្រុមហ៊ុន​វិនិយោគ 500 Startups បាន​បញ្ជាក់​តាមសារ​អេឡិកត្រូនិកឬអ៊ីមែលប្រាប់ VOA ថា ក្រុមហ៊ុន ខ្មែរឡូត ជា​ក្រុមហ៊ុនមានប្រតិបត្តិការ​ដំបូង​នៅ​កម្ពុជា​ដែល​ក្រុមហ៊ុន​វិនិយោគ​មាន​មូលដ្ឋាន​នៅ​តំបន់​បច្ចេវិទ្យា Silicon Valley បាន​វិនិយោគ។ ប៉ុន្តែ​លោកពន្យល់​បន្ថែម​ទៀត​ថា គំរូ​ពាណិជ្ជកម្ម​របស់​គេហទំព័រ ខ្មែរឡូត មាន​សក្តានុពល​ហួស​ពី​ប្រទេស​កំណើត​ខ្លួន​ទៀត ដោយ​លោក​ពន្យល់តាម​អ៊ីមែល​ក្នុង​ខ្លឹមសារ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«ដើម្បី​អាច​ឈាន​ទៅ​ដល់​ឋានៈ​ជា [គេហទំព័រ] ​កំពូល​មួយបន្ទាប់​ពីគេហទំព័រ Facebook និង Google ដោយ​ប្រើប្រាស់​ថវិកាដ៏តិច​តួច​ ​ជា​រឿង​មួយ​ដែល​មិន​មាន​សហគ្រិនច្រើន​ទេ​នៅ​អាស៊ី​អាគ្នេយ៍​ ​អាច​ធ្វើ​បាន។ តាម​ពិត​ទៅ​ខ្ញុំ​មិន​ដែល​ឃើញរឿង​បែប​នេះ​ពី​មុន​មក​ទេ ដែល​អាចចំណេញ​ហើយ ថែម​ទាំង​អាច​បង្កើន​ចំនួន​នៃ​ការ​ចូលមើល​គេហទំព័រ​នេះ​ទៀត។ ដូច្នេះ​ការ​សម្រេចធ្វើ​ការ​វិនិយោគ​នេះ​មិន​លំបាក​ទេ។»

យុទ្ធសាស្ត្រ​អាជីវកម្មរបស់គេហទំព័រ ខ្មែរឡូត ដោយ​ផ្អែក​លើ​ខ្លឹមសារ​និង​ព័តមាន​ដែលធ្វើ​ឲ្យ​ទាក់ទាញ​ខ្លាំង បាន​នាំ​ឲ្យ​គេហទំព័រ​នេះ​អាច​ទាក់ទាញ​បាន​ការ​ទស្សនាចំនួន​ជាង​១៧​លាន​ទំព័រ (pageviews) ក្នុង​មួយ​ខែ​នៅ​កម្ពុជា។ គេហទំព័រ​នេះបាន​ពង្រីក​ខ្លួន​ចូល​ទី​ផ្សារ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៦ ដែល​នៅ​ទី​នោះ​គេហទំព័រ​ខ្មែរឡូត​មាន​ឈ្មោះ​ថា Myanmarload ហើយ​ទទួល​ជោគជ័យ​រួ​ច​ទៅ​ហើយ​ដោយ​មាន​ការ​ទស្សនា​ជាង​២០​លាន​ទំព័រ​ក្នុង​មួយ​ខែ នេះ​បើតាម​អះអាង​របស់​លោក​ អ៊ិន វិចិត្រ។ ក្រុមហ៊ុន​នេះ​ក៏​បាន​សាកល្បងដោយ​ជោគជ័យ​នូវ​គំរូ​ពាណិជ្ជកម្ម​នេះ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បន្ទាប់​ពី​ការ​វិនិយោគ​ពី Silicon Valley ក្រុមហ៊ុន ខ្មែរឡូត បាន​ចុះ​បញ្ជី​នៅ​ប្រទេស​សិង្ហបូរីដោយ​ប្រើ​ឈ្មោះតំបន់​ថា Mediaload។

ប៉ុន្តែ​ការ​យក​គំរូ​តាម​គេហទំព័រ​ Buzzfeed របស់​អាមេរិក​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដើម្បីទាក់​ទាញ​ការ​ចុច​ click ចូល​ទស្សនា​ច្រើន នៅ​ក្នុង​បរិបទ​ព័ត៌មាន​ប្រទេស​កម្ពុជាដែល​មិន​សូវ​មាន​វិជ្ជាជីវៈ ធ្វើ​ឲ្យ​ក្រុមហ៊ុន ខ្មែរឡូត​ ងាយ​ទទួល​ការ​រិះគន់​។ លោក វិចិត្រ ទទួល​ស្គាល់​ថា ដើម្បី​អាច​ក្លាយ​ខ្លួន​ជា​គេហទំព័រដែលមាន​គេ​ចូល​ទស្សនា​ច្រើន​ជាង​គេ​មួយ​នៅ​កម្ពុជា​នោះ ដំបូង​ឡើយ​ក្រុមហ៊ុន​នេះ​ត្រូវ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ខ្លឹមសារព័ត៌មាន​ដែល​មាន​លក្ខណៈ​កម្សាន្ត ព័ត៌មាន​ខ្សឹបខ្សៀវ​អំពី​ជីវិត​តារា​ភាពយន្ត និង​ព័ត៌មាន​ទាន់ហេតុការណ៍​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍ ហើយ​មាន​ការ​ផ្សាយ​ច្រើន​នៅ​តាម​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។

លោក​ អ៊ិន វិចិត្រ​ ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ Khmerload.com​ និង​ ហាង​លក់​សម្លៀក​បំពាក់​ Little Fashion​ ដែល​មាន​ការ​ផ្សព្វផ្សាយ​តាម​អនឡាញ​ (e-commerce) ឈាន​មុខគេ​មួយ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
លោក​ អ៊ិន វិចិត្រ​ ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​ Khmerload.com​ និង​ ហាង​លក់​សម្លៀក​បំពាក់​ Little Fashion​ ដែល​មាន​ការ​ផ្សព្វផ្សាយ​តាម​អនឡាញ​ (e-commerce) ឈាន​មុខគេ​មួយ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១៥​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

យ៉ាង​ណា​ក៏​ដោយ​លោក អ៊ិន វិចិត្រ បាន​អះអាង​ប្រាប់ VOA ថា នៅ​ពេល​គេហទំព័រ ខ្មែរឡូត ​បាន​កើន​ប្រជាប្រិយភាព​រហូត​មាន​អ្នក​ចូល​មើល​រាប់​លាន​អ្នក​ និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ក្នុង​សង្គមនោះ គេហទំព័រ​នេះ​ក៏​បានបង្កើន​ខ្លឹមសារ​ព័ត៌មាន​របស់​ខ្លួនឲ្យ​មាន​ប្រយោជន៍​ជាង​មុន​ ដោយ​រួម​បញ្ចូលប្រធានបទ​ ការ​អប់រំ ចំណេះដឹង​ទូទៅ បច្ចេកវិទ្យា ភាសា​អង់គ្លេស និង​គណិតវិទ្យា​ផង​ដែរ។

បើ​និយាយ​ពី​ខ្លឹមសារ​វិញ លោក វិចិត្រ​ ថ្លែង​ថា នៅ​ក្នុង​សម័យ​ព័ត៌មាន​ក្លែងក្លាយ​ឬ fake news ការ​រក្សា​ឲ្យ​បាន​នូវ​តុល្យភាព​រវាង​ការ​ចុច click និង​ក្រម​សីលធម៌​អ្នកសារព័ត៌មាន​កាន់​តែ​មាន​សារៈសំខាន់ ដោយត្រូវ​ធានា​ឲ្យ​បាន​ល្អ​ជាង​មុន​ក្នុង​ការ​បញ្ជាក់​ប្រភព​ច្បាស់​លាស់​ ​និង​ការ​ជ្រើសរើស​ចំណងជើង​និង​រូបភាព​ដែល​សមស្រប​ជា​ជាងរូបភាព​ទាក់ទាញ។

លោក អ៊ិន វិចិត្រ​ ប្រាប់ VOA ថា៖

«ឥឡូវ​នេះ គឺ​ខាងខ្ញុំ​ព្យាយាម​មែនទែន​ ថា​រូបភាព​យើង​មិន​ត្រូវ​ដាក់​អ្វី​ដែល​ខុស​ក្រម​សីលធម៌ទេ។ ហើយ​យើង​ចៀសវាង​មែនទែន​រឿង​ក្រម​សីលធម៌ ដូច​ថា ដាក់​រូបភាព ដូច​បើ​សិន​ជា​មាន​បញ្ហា​អី​ យើង​ត្រូវ​ដាក់​រូប​ជា​ blurr មិន​ឲ្យ​ច្បាស់​មិន​ឲ្យ​ឃើញ​មុខ យើង​ក៏​ដាក់​ទៅ​តាម​ហ្នឹង។ ខ្ញុំ​មិន​ដឹង​ខាង​គេ​ផ្សេងៗ​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​ខាង​យើង​ព្យាយាម​ណាស់​លើ​រឿង​ហ្នឹង។ សុខ​ចិត្ត​បោះបង់​ចោល​នូវ​ការ​ដែល​គេ​ចុច​មើល​ច្រើន​បើ​សិន​ជា​វា​ប៉ះពាល់​ក្រម​សីលធម៌​ធ្ងន់ធ្ងរ។»

នៅ​ដើម​ឆ្នាំ​២០១៧​នេះ ​សហគ្រាស startup ខាងបច្ចេកវិទ្យានៅ​កម្ពុជា​បាន​កើន​ឡើង​ដល់​ចំនួន​ជាង​១២០​ ដោយ​មាន​ការ​កើន​ឡើង​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា​ដល់​ជាង​១០​កន្លែង​នៅ​ក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប។ នេះបើ​តាម​លោក​លោក ធុល រិទ្ធី​ ស្ថាបនិក​នៃ​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា SmallWorld និង Emerald Hub នៅ​ភ្នំពេញ​ និង​ជា​អ្នក​ជំរុញ​សហគ្រាស​ startup។ លោក​ថ្លែង​ប្រាប់​ VOA ថា​ ក្រុមហ៊ុន​ startup ខ្មែ​រ​ទាំង​នេះកំពុង​ត្រូវ​ការ​ការ​វិនិយោគ ដើម្បី​អាចពង្រីក​សក្តានុពលនិង​ទទួល​បាន​ជោគជ័យ។​

ទិដ្ឋភាព​នៃ​រិយាល័យ​របស់​គេហទំព័រ​ខ្មែរឡូត​ នៃ​ក្រុមហ៊ុន​មេ ​Mediaload​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី​២៤ ​ខែមីនា ​ឆ្នាំ​២០១៧។ (នៅ វណ្ណារិន/VOA)
ទិដ្ឋភាព​នៃ​រិយាល័យ​របស់​គេហទំព័រ​ខ្មែរឡូត​ នៃ​ក្រុមហ៊ុន​មេ ​Mediaload​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី​២៤ ​ខែមីនា ​ឆ្នាំ​២០១៧។ (នៅ វណ្ណារិន/VOA)

ប្រធាន​ក្រុមហ៊ុន ខ្មែរឡូត គឺ​លោក អ៊ិន វិចិត្រ​ ថ្លែង​ថា​ ដោយ​សារគេហទំព័រ ខ្មែរឡូត ជា​ startup ដំបូង​បំផុត​មួយ​នៅ​កម្ពុជា ក្រុមហ៊ុន​នេះ​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​ពង្រីក​ខ្លួន​រហូត​អាច​ទាក់ទាញ​ការ​វិនិយោគ​ពី​ខាង​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ប្រាប់ VOA ទុន​វិនិយោគ​ថ្មី​ពី​ក្រុមហ៊ុន 500 Startups មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុ​មហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក នៅ​ក្នុង​ឆ្នាំ​នេះ អាច​ពង្រឹង​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា រួច​បើក​ការិយាល័យ​ថ្មី​មួយ​នៅ​មីយ៉ាន់ម៉ា។​

ប៉ុន្តែ​សហគ្រិនខ្មែរ​អាយុ​៣៣​ឆ្នាំ​រូប​នេះ ដែល​ធ្លាប់​បាន​ បង្កើតអាជីវកម្ម​លក់​តាម​អ៊ីនធឺណិត​ដ៏​ជោគជ័យដំបូង​នៅ​កម្ពុជា​គឺ​ហាង​លក់​ខោអាវ​ឈ្មោះ លីថល (Little Fashion) ថ្លែង​ថា ក្រៅ​ពី​ផល​ប្រយោជន៍​ភ្លាមៗ​ដែល​ក្រុមហ៊ុន ខ្មែរឡូត​ បាន​ទទួល​ពី​ការ​វិនិយោគ​ថ្មី​នេះ លោក​សង្ឃឹម​ថា​ ការ​វិនិយោគ​ផ្ទាល់មិន​ធ្លាប់​មាន​ពី​មុន​ពី​ក្រុមហ៊ុន​នៅ​តំបន់ Silicon Valley ទៅ​លើកក្រុមហ៊ុនបច្ចេកវិទ្យា​ខ្មែរ​មួយ នឹង​អាច​ជួយ​ក្រុមហ៊ុន startup ខ្មែរ​ផ្សេង​ទៀត​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​នេះ។

លោក​បញ្ជាក់​ថា៖

​«វា​ពិបាក​មែនទែន​សម្រាប់​ប្រជាជន​កម្ពុជា កូន​ខ្មែរ​ទៅ​ប្រាប់​គេ​ថា យើង​ចង់​បាន​វិនិយោគ​ពី​គេ យើង​មាន​គំនិត​ល្អ​អញ្ចឹង។ [ប៉ុន្តែ] គេ​ពិបាក​នឹង​ឲ្យ​លុយ​យើង​ណាស់ ពី​ព្រោះមិនមាន​អ្នក​ណា​ជោគជ័យ​ពី​មុន​ផង​ហ្នឹង។ អញ្ចឹង​ខ្ញុំ​ចង់​បាន​ទុន​ពី​គេ​ហើយ ឥឡូវ​ជំហាន​ទីពីរ​នេះ ធ្វើ​ម៉េច​ឲ្យ​ជោគជ័យ ឲ្យ​គេ​បាន​ទទួល​ផល​ចំណេញ​ច្រើន។ អញ្ចឹង​គេ​នឹង​យក​វិនិយោគ​មក​ដាក់​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យានៅ​ប្រទេស​កម្ពុជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​កូន​ខ្មែរ​ហ្នឹង​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​លើ​បច្ចេកវិទ្យា​ ព្យាយាម​បង្កើត​ថ្មី យើង​ប្រកួត​ប្រជែង​ជាមួយ​គេ​ ហើយ​យើង​ទៅ​ទី​ផ្សារ​ក្រៅ​ស្រុក»។

លោក​ អ៊ិន វិចិត្រ ថ្លែង​ថា គេហទំព័រ ខ្មែរឡូត កំពុងសម្លឹងរកការ​ពង្រីក​ខ្លួននៅ​ក្នុងប្រទេស​វៀតណាមនិង​ឡាវថែម​ទៀត​នៅ​ចុង​ឆ្នាំ​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG